សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ការគោរពស្ត្រី—ដោយមិនគិតពីអាយុឡើយ
ខ្ញុំត្រូវបានហៅឲ្យបង្រៀនថ្នាក់បព្វជិតភាពអើរ៉ុននៅក្នុងសាខារបស់ខ្ញុំ ហើយនៅថ្ងៃអាទិត្យមួយខ្ញុំត្រូវបង្រៀនប្រធានបទអំពីការគោរពដល់ស្ត្រីភេទ ។ អំឡុងពេលបង្រៀនយើងបានពិភាក្សាថា ការគោរពនោះគប្បីបង្ហាញចំពោះស្ត្រីគ្រប់រូប តាំងពីកូនក្មេងរហូតដល់មនុស្សពេញវ័យ ដូចដែលបានចែងនៅក្នុងសៀវភៅសិក្សាបព្វជិតភាពអើរ៉ុន ។
ហ្គាព្រីយ៉ែល ( ឈ្មោះត្រូវបានប្តូរ ) ជាយុវជនម្នាក់នៅក្នុងថ្នាក់ បាននិយាយថា ចំពោះរូបគាត់ ស្ត្រីគឺជាមនុស្សស្រីដែលមានអាយុចាស់ល្មម ដែលស្មើនឹងម្តាយរបស់គាត់ ហើយមនុស្សស្រីដែលក្មេងជាងនោះ គប្បីគោរពដល់គាត់ដោយសារគាត់គឺជាបុរស ។ គ្មាននរណាម្នាក់នៅក្នុងថ្នាក់នោះយល់ស្របជាមួយគាត់ឡើយ ដែលធ្វើឲ្យគាត់នឹកស្មានមិនដល់ ។
យើងបានបន្តពិភាក្សាអំពីរបៀបនានា ដើម្បីបង្ហាញការគោរពដល់ស្ត្រីភេទ ហើយខ្ញុំបានប្រាប់ពួកគេថា កិច្ចការមួយដែលខ្ញុំធ្វើនោះគឺ ខ្ញុំសុខចិត្តឲ្យកៅអីរបស់ខ្ញុំនៅលើឡានដឹកអ្នកដំណើរសាធារណៈ នៅពេលមានស្ត្រីឡើងជិះលើឡាននោះ ទោះបីជាខ្ញុំត្រូវឈររហូតដល់ទៅ ៣០-៤០នាទី ពីមុនដល់គោលដៅដែលខ្ញុំត្រូវចុះក្តី ។ ខ្ញុំបានប្រាប់ពួកគេថា បុរសៗគួរតែឈរ ហើយឲ្យស្ត្រីអង្គុយវិញ ។ ហ្គាព្រីយ៉ែលនៅតែគ្មានអារម្មណ៍ពេញចិត្តនឹងមេរៀននោះ ។
ពីរថ្ងៃក្រោយមក ខ្ញុំបានជិះឡានក្រុង ហើយអង្គុយនៅកៅអីមុខ ។ គ្មានកៅអីទំនេរឡើយ ពេលបុរសម្នាក់ និង កូនស្រីរបស់គាត់បានឡើងជិះឡាននោះ ហើយបានដើរទៅជួរក្រោយ ។ មិនយូរប៉ុន្មានក្រោយមក មានស្ត្រីចំណាស់ម្នាក់បានឡើងឡានក្រុងនោះ ហើយខ្ញុំបានក្រោកឈរឡើង ហើយឲ្យកៅអីទៅគាត់អង្គុយ ។
បុរសម្នាក់នៅអង្គុយពីក្រោយខ្ញុំបានគោះស្មាខ្ញុំ ដោយចង្អុលទៅខាងក្រោយនោះ ហើយបានប្រាប់ខ្ញុំថា មានយុវជនម្នាក់បានសូមឲ្យគាត់ឃ្លាំមើលពីសកម្មភាពរបស់ខ្ញុំ ។ ខ្ញុំបានដើរទៅខាងក្រោយ ដើម្បីមើលថាតើយុវជននោះជានរណា ។ អ្នកនៅក្បែរនោះបានញញឹម ដោយសារយុវជននោះបានឲ្យកៅអីរបស់ខ្លួនទៅបុរសដែលមានកូនស្រីអាយុបួនឆ្នាំនោះអង្គុយ ដែលពួកគេទើបតែបានឡើងជិះឡានមុននោះបន្តិច ។ យុវជននោះគឺជា ហ្គាព្រីយ៉ែល ដែលជាយុវជននៅក្នុងថ្នាក់បព្វជិតភាពរបស់ខ្ញុំ ដែលមិនសូវពេញចិត្តនឹងប្រធានបទអំពីការគោរពដល់ស្ត្រីភេទនោះ ។
គាត់បាននិយាយមកកាន់ខ្ញុំថា « ខ្ញុំបានអង្គុយមើល ថាតើអ្នកនឹងក្រោកឈរឲ្យស្ត្រីដែលឡើងជិះឡាននោះអង្គុយដែរឬទេ ។ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំង នៅពេលខ្ញុំឃើញថាអ្នកបានធ្វើដូច្នោះមែន ហើយខ្ញុំចាំពីមេរៀនរបស់យើងកាលពីថ្ងៃអាទិត្យ ហើយខ្ញុំបានក្រោកឈរឡើងទុកកៅអីឲ្យក្មេងស្រីតូច និង ឪពុករបស់នាងអង្គុយវិញ » ។
ខ្ញុំរីករាយយ៉ាងខ្លាំង ដោយខ្ញុំបានឃើញថាយុវជនរបស់យើង រស់នៅតាមអ្វីដែលពួកគេបានរៀននៅក្នុងសាសនាចក្រ ។ គាត់ធ្លាប់គិតថា ការគោរពនោះគឺសម្រាប់តែស្ត្រីវ័យចំណាស់ប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីយើងបានរៀនមេរៀននៅថ្ងៃអាទិត្យនោះមក គាត់បានជ្រើសយកការបង្ហាញការគោរពដល់ក្មេងស្រីអាយុបួនឆ្នាំ ។
ខ្ញុំក៏រីករាយផងដែរ ដែលខ្ញុំបានជ្រើស ដើម្បីរស់នៅតាមអ្វីដែលខ្ញុំបង្រៀន ដោយជួយគាត់ឲ្យរៀនបង្ហាញការគោរពដល់ស្ត្រីគ្រប់វ័យទាំងអស់ ។ ខ្ញុំបានឆ្ងល់ថា តើគាត់មានអារម្មណ៍បែបណា ប្រសិនបើខ្ញុំពុំបានក្រោកឈរឡើង ហើយឲ្យកៅអីទៅស្ត្រីនៅក្នុងឡាននោះអង្គុយ ។ ខគម្ពីរមួយបានផុសឡើងក្នុងចិត្តខ្ញុំ ៖ « បើអ្នករាល់គ្នាដឹងសេចក្តីទាំងនេះ ហើយប្រព្រឹត្តតាម នោះមានពរហើយ » (យ៉ូហាន ១៣:១៧) ។