ឆ្នាំ​២០១៧
ការអធិស្ឋាន​របស់​គ្រូ​ក្រុម​កាយរិទ្ធិ
January 2017


សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ការអធិស្ឋាន​របស់​គ្រូ​ក្រុម​កាយរិទ្ធិ

Scoutmaster praying

រចនា​រូបភាព​ដោយ អេលែន ហ្គានស៍

ខ្ញុំ​គឺ​ជា​គ្រូ​ក្រុម​កាយរិទ្ធិ​ដែល​បាន​នាំ​យុវជន ២០ នាក់ និង អ្នក​ដឹកនាំ​ពីរ​នាក់​ក្នុង​សកម្មភាព​ធ្វើ​ដំណើរ​មួយ​នៅក្នុង​រដ្ឋ យូថាហ៍ ភាគ​ខាង​ត្បូង ស.រ.អា. ។

នៅពេល​រថយន្ត​របស់​យើង​មក​ដល់​ផ្លូវ​មួយ ដែល​នឹង​នាំ​យើង​ទៅ​កន្លែង​បោះជំរំ នោះ​ខ្ញុំ​បាន​ឈប់ ហើយ​ខ្ញុំ​បាន​មើល​វាល​ខ្សាច់​ដែល​នៅ​ពី​មុខ​ខ្ញុំ​នោះ ។ យើង​បាន​ធ្វើ​ដំណើរ​បែប​នេះ​ច្រើន​ដង​ហើយ ប៉ុន្តែ​ដោយសារ​ហេតុផល​មួយ​ចំនួន វា​ធ្វើ​ឲ្យ​ខ្ញុំ​មើល​មិន​ឃើញ​ផ្លូវ​ដែល​ខ្ញុំ​បាន​ស្គាល់​ឡើយ ។ ខ្ញុំ​បាន​មើល​ឆ្វេងស្តាំ​ដោយ​ប្រុងប្រយ័ត្ន ដោយ​រក​មើល​ផ្លូវ​ដែល​ខ្ញុំ​ស្គាល់ ។

មិន​ថា​ផ្លូវ​ណា​ដែល​ខ្ញុំ​បាន​បត់​ទៅ​ឡើយ ផ្លូវ​ទាំង​នោះ​គឺ​ជា​ផ្លូវ​ទាល់ ។

មេឃ​ចាប់ផ្តើម​ងងឹត​ហើយ ។ ទីបំផុត​ខ្ញុំ​បាន​ឈប់​ឡាន ហើយ​ប្រាប់​ឲ្យ​ពួកគេ​ទាំងអស់​គ្នា​បន្ត​ជិះ​នៅ​លើ​ឡាន ។ ខ្ញុំ​បាន​ចាប់​យក​ពិល ហើយ​ប្រាប់​ពួកគេ​ថា ខ្ញុំ​នឹង​ដើរ​ទៅ​រក​ផ្លូវ ហើយ​ផ្តល់​សញ្ញា​ឲ្យ​ពួកគេ នៅពេល​ខ្ញុំ​រក​ឃើញ​ផ្លូវ ។

អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​គឺ​លុត​ជង្គង់​ចុះ ហើយ​បាន​ទូល​អង្វរ​ដល់​ព្រះវរបិតាសួគ៌ ឲ្យ​ជួយ​ពួកយើង​ចេញ​ផុត​ពី​ស្ថានភាព​ដ៏​តានតឹង​នោះ ។ ខ្ញុំ​បាន​ថ្វាយ​ដួង​ចិត្ត​ខ្ញុំ​ដល់​ទ្រង់ ដោយ​ទូល​ទ្រង់​ពី​ការរៀបចំ សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​ចំពោះ​ក្មេងៗ​ទាំង​នោះ អំណរគុណ​របស់​ខ្ញុំ​ចំពោះ​ឪពុក​របស់​ពួកគេ​ដែល​បាន​មក​ជាមួយ​ពួកយើង និង សេចក្តីជំនឿ​ដ៏​ស៊ប់​របស់​ខ្ញុំ​ថា ទ្រង់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ​ឲ្យ​បាន​លឿន ។ ខ្ញុំ​បាន​បញ្ចប់​ការអធិស្ឋាន ហើយ​ក្រោក​ឈរ​ឡើង ។ ខ្ញុំ​បាន​សង្ឃឹម​ថា ពេល​ខ្ញុំ​ក្រោក​ឡើង បញ្ចាំង​ពិល​ទៅ​ក្នុង​ទី​ងងឹត​នោះ នឹង​ឃើញ​ពន្លឺ​ចាំង​មក​ភ្លាម​លើ​ផ្លូវ​ត្រូវ ។

ប៉ុន្តែ​គ្មាន​អ្វី​បាន​កើត​ឡើង​ឡើយ ។

ខ្ញុំ​បាន​សម្លឹង​មើល​ទៅ​មុខ​ដោយ​ស្ងប់ស្ងាត់ ដោយ​បញ្ចាំង​ពន្លឺ​ពិល​ទៅ​យ៉ាង​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​បាន ។

នៅ​តែ​គ្មាន​ឃើញ​អ្វី​សោះ ។

ខ្ញុំ​មិន​អាច​ជឿ​ឡើយ ។ ខ្ញុំ បាន​ដឹង ថា នៅពេល​ដែល​ខ្ញុំ​ក្រោក​ឡើង នោះ​ខ្ញុំ​នឹង​ឃើញ​ផ្លូវ ។ ខ្ញុំ បាន​ដឹង ថា​ព្រះអម្ចាស់​នឹង​មិន​បំបាក់​ទឹកចិត្ត​ខ្ញុំ​ឡើយ ជាពិសេស​ដោយសារ​មាន​មនុស្ស​ជាច្រើន​ដែល​ពឹងផ្អែក​លើ​រូប​ខ្ញុំ ។

ឥឡូវ​នេះ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​វិញ ហើយ​និយាយ​ជាមួយ​ឪពុក​ពីរ​រូប​ដែល​មាន​អារម្មណ៍​ស្មុគស្មាញ ហើយ​ឡាន​របស់​ពួកគាត់​មាន​សុទ្ធ​តែ​យុវជន​ដែល​ឆុងឆាំង អន្ទះសា ដែល​ពួកគេ​គ្រប់​គ្នា​បាន​សួរ​ថា « តើ​ពួកយើង​មក​ដល់​ហើយ​ឬ​នៅ ? »

ខ្ញុំ​បាន​សូមទោស ហើយ​អះអាង​ប្រាប់​ពួកគេ​ថា ខ្ញុំ​បាន​ធ្វើ​ដំណើរ​បែប​នេះ ២០ ដង​ហើយ​ក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​ថា​ខ្ញុំ​បាន​ស្គាល់​ផ្លូវ​គឺ​នៅ​ទីនោះ​ឯង ។ តែ​ខ្ញុំ​មិន​ឃើញ​ផ្លូវ​នោះ​ឡើយ ។

ទីបំផុត​យើង​បាន​សម្រេច​ចិត្ត​បើក​ឡាន​ចូល​ទៅ​ទីក្រុង ហើយ​ជួល​សណ្ឋាគារ​ពីរ​បន្ទប់ ។ យើង​នឹង​ចាប់ផ្តើម​ដោយ​ស្រស់ស្រាយ​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ។

ដោយសារ​យើង​ពុំ​អាច​បង្កាត់​ភ្លើង​ជា​ភ្លើង​ក្នុង​ជំរំ ដើម្បី​ចម្អិន​អាហារ​ពេលល្ងាច​ដែល​យើង​យក​មក​ជាមួយ​បាន នោះ​យើង​បាន​ទៅ​កន្លែង​លក់​នំ​ភីស្សា​ក្នុង​មូលដ្ឋាន ដែល​យើង​បាន​ឃើញ​វា​នៅ​ចុង​ភូមិ​នោះ ។

ភីស្សា​នោះ​មាន​រសជាតិ​ឆ្ងុយឆ្ងាញ់ ហើយ​ក្មេងទាំង​នោះ​មាន​ចិត្ត​រីករាយ ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ខ្មាសអៀន ដែល​យើង​ត្រូវបង់​ប្រាក់​សម្រាប់​ថ្លៃ​សណ្ឋាគារ និង អាហារ​ពេល​ល្ងាច​នោះ ។

នៅពេល​យើង​បរិភោគ​អាហារ​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​ព្រះវរបិតាសួគ៌​មិន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​ខ្ញុំ ស្រាប់​តែ​ខ្ញុំ​បាន​ឮ​សំឡេង​ខ្ទរ​យ៉ាង​ខ្លាំង ។

ខ្ញុំ​បាន​ក្រោក​ឡើង ហើយ​បើក​ទ្វារ​ហាង​ភីស្សា​នោះ​មើល ហើយ​បាន​ឃើញ​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​ពី​មុន​ឡើយ ។ មាន​រន្ទះបាញ់​ឆ្វេចឆ្វាច​ទៅ​ភាគ​ទិស​ពាយព្យ—គឺ​នៅ​ចំ​កន្លែង​ដែល​ខ្ញុំ​បាន​អធិស្ឋាន​ទូល​សូម​ចម្លើយ កាល​ពី​មួយ​ម៉ោង​មុន​នោះ ។ នៅ​គ្រា​នោះ ព្រះវិញ្ញាណ​បាន​សន្ធប់​លើ​រូប​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​ព្រះអម្ចាស់ បាន ឆ្លើយតប​ការអធិស្ឋាន​របស់​ខ្ញុំ !

នៅ​ព្រឹក​បន្ទាប់ ផ្ទៃ​មេឃ​ស្រឡះ​ល្អ ហើយ​នៅពេល​យើង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​តាម​ផ្លូវ​ដីហុយ​ដែល​យើង​បាន​វង្វេង​នោះ ខ្ញុំ​បាន​បើក​ឡាន​ទៅ​ឈប់​ត្រង់​កន្លែង​ដែល​ខ្ញុំ​បាន​ឈប់​រក​ផ្លូវ​នា​យប់​មុន​នោះ ។ ឥឡូវ​នេះ​ខ្ញុំ​ដឹង​ហើយ​ថា ជួនកាល​ចម្លើយ​នៃ​ការអធិស្ឋាន​គឺ​ឆ្លើយ​ថា​ទេ ប៉ុន្តែ​ការអធិស្ឋាន​ទាំង​នោះ តែងតែ បាន​ឆ្លើយតប​ជានិច្ច ។