លុះត្រាជួបទៀត
រឿងក្តីសម្រាប់ព្យាការីនៅរស់
នៅក្នុងឆ្នាំ ១៩៣៩ ពីមុនផ្ទុះសង្គ្រាមលោកលើកទី ២ ឡើង បងប្រុសប្រោន ត្រូវបានអញ្ជើញដោយសមាជិកម្នាក់នៃសភាជាន់ទាបប្រទេសអង់គ្លេស ឲ្យធ្វើការវែកញែកស្របច្បាប់មួយអំពីការប្រកាសរបស់បងប្រុសប្រោនដែលថា យ៉ូសែប ស៊្មីធ គឺជាព្យាការី ។ នៅក្នុងសុន្ទរកថាដែលបានថ្លែងនៅក្នុងសាកលវិទ្យាល័យនៅថ្ងៃទី ៤ ខែ តុលា ឆ្នាំ ១៩៥៥ ដែលមានចំណងជើងថា « The Profile of a Prophet » ប្រធានប្រោនបានពិពណ៌នាអំពីការសន្ទនារបស់ពួកលោក ( សូមមើលគេហទំព័រ speeches.byu.edu ) ។
ខ្ញុំបានចាប់ផ្តើម… « លោកនិយាយថាជំនឿដែលខ្ញុំជឿថា ព្រះបានមានបន្ទូលមកកាន់មនុស្សនៅក្នុងជំនាន់នេះគឺជារឿងចម្លែក និង ដែលមិនគួរឲ្យជឿឬ ? »
« ចំពោះខ្ញុំគឺវាបែបនេះមែន » ។
« តើលោកជឿថាព្រះ ធ្លាប់បានមានបន្ទូលមកនរណាម្នាក់ដែរឬទេ ? »
« ប្រាកដណាស់ តាមរយៈព្រះគម្ពីរបរិសុទ្ធ យើងមានភស្តុតាងអំពីរឿងនោះ » ។
« តើទ្រង់បានមានបន្ទូលទៅអ័ដាមដែរឬទេ ? »
« បាទមាន » ។
« ចុះទ្រង់មានបន្ទូលទៅព្យាការី ហេណុក អូណេ អ័ប្រាហាំ ម៉ូសេ យ៉ាកុប យ៉ូសែប និង ព្យាការីផ្សេងទៀតដែរឬទេ ? »
« ខ្ញុំជឿថាទ្រង់បានមានបន្ទូលទៅកាន់ពួកលោក » ។
« តើលោកជឿថា ទំនាក់ទំនងរវាងព្រះ និង មនុស្សបានឈប់ឬ នៅពេលព្រះយេស៊ូវបានបង្ហាញព្រះកាយទ្រង់នៅលើផែនដីនោះ ? »
« ទេ ទំនាក់ទំនងបែបនោះវាឈានដល់ចំណុចខ្ពស់បំផុតរបស់វា នាគ្រានោះ » ។
« តើលោកជឿទេថា បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ មានអ្នកច្បាប់ម្នាក់—ដែលយើងស្គាល់ផងដែរថា ជាសុលអ្នកស្រុកតើសុស ជាអ្នកធ្វើត្រសាល—នៅពេលលោកកំពុងធ្វើដំណើរទៅស្រុកដាម៉ាស បាននិយាយជាមួយព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ដែលត្រូវបានគេឆ្កាង ដែលបានមានព្រះជន្មរស់ឡើងវិញ ហើយបានយាងឡើងទៅស្ថានសួគ៌វិញដែរទេឬ ?
« ខ្ញុំជឿ » ។
« តើសុលបានឮសំឡេងនរណា ? »
« នោះជាសំឡេងរបស់ព្រះយេស៊ូវគ្រីស្ទ ដ្បិតទ្រង់បានណែនាំព្រះអង្គទ្រង់ » ។
« នោះខ្ញុំសូមប្រាប់លោកដោយម៉ឺងម៉ាត់ថា វាគឺជាដំណើរការដូចគ្នានៅក្នុងជំនាន់ព្រះគម្ពីរប៊ីប ដែលព្រះមានបន្ទូលមកកាន់មនុស្ស » ។
« ខ្ញុំគិតថា ខ្ញុំនឹងទទួលស្គាល់រឿងនោះ ប៉ុន្តែវាបានឈប់ទៅវិញយ៉ាងលឿន បន្ទាប់ពីសតវត្សរ៍ទីមួយនៃយុគសម័យពួកគ្រិស្តសាសនិក » ។
« តើលោកគិតថា ហេតុអ្វីបានជាវាឈប់ ? »
« ខ្ញុំពុំអាចនិយាយវាបានទេ » ។
« តើលោកគិតថាព្រះ គ្មានបន្ទូលតាំងពីពេលនោះមកឬ ? »
« ខ្ញុំដឹងច្បាស់ថា ទ្រង់ពុំបានមានបន្ទូលឡើយ ? »
« ច្បាស់ជាមានហេតុផលមួយ ។ តើលោកអាចប្រាប់ខ្ញុំពីហេតុផលនោះបានទេ ? »
« ខ្ញុំមិនដឹងទេ » ។
« ខ្ញុំសូមផ្តល់យោបល់សមហេតុផលមួយចំនួនបានទេ ? ប្រហែលជាព្រះពុំមានបន្ទូលទៅកាន់មនុស្សទៀតឡើយ ដោយសារទ្រង់មិនអាចមានព្រះបន្ទូលឡើយ ។ ទ្រង់បានបាត់បង់ព្រះចេស្តានោះ » ។
គាត់បាននិយាយថា « មែនហើយនោះអាចជាពាក្យប្រមាថ » ។
« អញ្ចឹង ប្រសិនបើលោកពុំទទួលស្គាល់រឿងនោះ ប្រហែលជាទ្រង់ពុំមានបន្ទូលទៅកាន់មនុស្សឡើយ ដោយសារទ្រង់ពុំស្រឡាញ់ពួកយើងទៀតឡើយ ហើយទ្រង់ពុំចាប់អារម្មណ៍នឹងកិច្ចការរបស់មនុស្សលោកទៀតទេ » ។
គាត់និយាយថា « អត់ទេ ព្រះស្រឡាញ់មនុស្សទាំងអស់ ហើយទ្រង់ពុំរើសមុខនរណាឡើយ » ។
« ដូច្នោះប្រសិនបើទ្រង់មានព្រះបន្ទូល ហើយប្រសិនបើទ្រង់ស្រឡាញ់ពួកយើង នោះតាមខ្ញុំយល់ចម្លើយផ្សេងទៀតដែលសមហេតុផលនោះគឺថា យើងពុំចាំបាច់ត្រូវការទ្រង់ឡើយ ។ យើងបានរីកចម្រើនយ៉ាងលឿនបែបនេះនៅក្នុងផ្នែកវិទ្យាសាស្ត្រ ហើយយើងត្រូវបានអប់រំបានយ៉ាងល្អថា យើងពុំត្រូវការព្រះទៀតឡើយ » ។
ក្រោយមកគាត់បាននិយាយថា—ហើយសំឡេងរបស់គាត់ញ័រនៅពេលគាត់បានគិតអំពីសង្គ្រាមដែលនឹងកើតឡើង—« លោក ប្រោន គ្មានគ្រាណាមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក ដែលត្រូវការសំឡេងរបស់ព្រះជាងគ្រាបច្ចុប្បន្ននេះឡើយ ។ ប្រហែលលោកអាចប្រាប់ខ្ញុំពីមូលហេតុដែលទ្រង់ពុំមានព្រះបន្ទូល » ។
ចម្លើយរបស់ខ្ញុំគឺ ៖ « ទ្រង់ ពិតជា មានព្រះបន្ទូល ទ្រង់បានមានព្រះបន្ទូល ប៉ុន្តែមនុស្សត្រូវតែមានជំនឿដើម្បីស្តាប់ទ្រង់ » ។