ឆ្នាំ​២០១៧
ការយល់ដឹង​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា​មក​ពី​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា
January 2017


ការយល់ដឹង​អំពី ព្រះវរបិតា និង​ព្រះរាជបុត្រាមក​ពី​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា

ព្រះគម្ពីរ​នៃ​វិវរណៈ​នេះ​បើក​សម្តែង​សេចក្តីពិត​ដែល​បាន​បាត់បង់អំពី​ក្រុមព្រះ និង របៀប​ដែល​យើង​អាច​រស់នៅ​ជាមួយ​ព្រះអង្គសង្គ្រោះ និង ព្រះវរបិតាសួគ៌​ម្តង​ទៀត ។

First Vision

ការនិមិត្ត​ដំបូង ដោយ វលធើរ រេន ផ្ទៃ​ខាង​ក្រោយ © iStock/Thinkstock

ការស្តារឡើង​វិញ​នៃ​ដំណឹងល្អ បាន​ប្រទាន​ចំណេះដឹង​ដ៏​ច្រើន​ឥត​គណនា​ដល់​ពិភពលោក​នេះ អំពី​និស្ស័យ​របស់​ក្រុម​ព្រះ និង ព្រះរាជបំណង​របស់​ពួកទ្រង់ ។ ជាមួយ​នឹង​ចំណេះ​ដឹង​នេះ សេចក្តីជំនឿ​របស់​យើង​លើ​ទ្រង់​រីកចម្រើន ហើយ​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​គោរព​តាម​បទបញ្ញត្តិ​ទ្រង់​ក៏​កើន​ឡើង ។

ជាពិសេស ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ជួយ​យើង​រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ដោយសារ​គម្ពីរ​នេះ​បង្រៀន​សេចក្តីពិត​ដ៏​មាន​ឥទ្ធិពល​ទាក់ទង​នឹង « ទេវភាព​របស់​ទ្រង់ ឫទ្ធានុភាព​របស់​ទ្រង់ ភាព​ល្អ​ឥត​ខ្ចោះ​របស់​ទ្រង់ សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ និង​ព្រះ​ចេស្ដា​ដ៏​ប្រកប​ដោយ​សេចក្ដី​ប្រោស​លោះ​របស់​ទ្រង់ » ( បុព្វកថា​ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ) ។ ព្រះគម្ពីរ​នៃ​វិវរណៈ​ទំនើប​នេះ​រួម​មាន​នូវ​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ថា « ចូរ​រៀន​អំពី​យើង ហើយ​ស្ដាប់​តាម​ព្រះ​បន្ទូល​ទាំង​ឡាយ​របស់​យើង​ចុះ » ( គ. និង ស. ១៩:២៣ ) ។ ព្រះគម្ពីរ​នេះ​អាច​ធ្វើ​ឲ្យ​យើង​យល់​ដឹង​កាន់តែ​ជ្រាលជ្រៅ​អំពី​ទ្រង់ ទំនាក់ទំនង​របស់​យើង​ជាមួយ​ទ្រង់ អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​សេចក្តីប្រោសលោះ​របស់​យើង និង អ្វី​ដែល​ទ្រង់​មាន​ព្រះទ័យ​រំពឹង​ចង់​បាន​ពី​ពួកយើង ។

នៅ​ក្នុង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​យើង​អាច​ស្តាប់​ឮ​សំឡេង​របស់​ព្រះយេស៊ូវគ្រីស្ទ ។

Joseph Smith

យ៉ូសែប ស្ម៊ីធ បាន​ទទួល​វិវរណៈជាច្រើន​ពី​ព្រះអង្គសង្គ្រោះ ។

Joseph Smith Jr. Receiving Revelation ដោយ ដាណីយ៉ែល អេ ល្វីស

ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ពុំ​មែន​ជា​គម្ពីរ​បុរាណ​នោះ​ទេ ប៉ុន្តែ​គម្ពីរ​នេះ​មាន​វិវរណៈ​ដែល​បាន​ប្រទាន​ដល់​ព្យាការី​យ៉ូសែប ស្ម៊ីធ និង អ្នក​ស្នង​តំណែង​របស់​លោក​នៅក្នុង​សម័យ​ទំនើប​របស់​យើង​នេះ ។ សំឡេង​ដ៏​ទេវភាព​របស់​ព្រះយេស៊ូវគ្រីស្ទ​គឺ​កំពុង​បាន​ស្តាប់​ឮ​ថា​តំណាង​ឲ្យ​ព្រះវរបិតា ។ សំឡេង​ដំបូង​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​បាន​កត់ត្រា​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា ច្រើន​ជាង​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី ព្រះគម្ពីរ​មរមន និង មុក្តា​ដ៏​មាន​តម្លៃ​មហិមា​ដែល​រួម​បញ្ចូល​គ្នា ។

  • គ. និង ស. ១៨:៣៣–៣៥ « យើង​គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​របស់​អ្នក និង ជា​ព្រះ​របស់​អ្នក​បាន​មាន​បន្ទូល​ថា​ដូច្នោះ ។ ព្រះ​បន្ទូល​ទាំង​នេះ ពុំ​មែន​ជា​ពាក្យ​នៃ​មនុស្ស​លោក … ប៉ុន្តែ​ជា​ព្រះ​បន្ទូល​របស់​យើង … ដ្បិត​ជា​សំឡេង​របស់​យើង​នេះ​ហើយ ដែល​មាន​បន្ទូល​មក​កាន់​អ្នក » ។

ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​មាន​ដំណើរ​រឿង​អំពី​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ ។

Joseph and Oliver

យ៉ូសែប ស៊្មីធ និង អូលីវើរ ខៅឌើរី បាន​ឃើញ​ព្រះយេស៊ូវគ្រីស្ទ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខឺតឡង់ ។

ព្រះអម្ចាស់​បង្ហាញ​ព្រះកាយ​ទ្រង់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ខឺតឡង់ ដោយ ឌេល ផាសិន

ជា​លទ្ធផល​មក​ពី​ការនិមិត្ត​ដំបូង​នៅក្នុង​ឆ្នាំ ១៨២០ ក្មេងប្រុស​យ៉ូសែប ស្ម៊ីធ​បាន​ទទួល​ចំណេះដឹង​មុន​គេ​អំពី​អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា​ដែល​មាន​ព្រះជន្ម​រស់ ។ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​កត់ត្រា​គំរូ​បន្ថែម​ទៀត នៅពេល​ព្យាការី និង មនុស្ស​ដទៃ​ទៀត​បាន​ឃើញ​ព្រះវរបិតា និង ព្រះរាជបុត្រា​នៅ​ក្នុង​ការនិមិត្ត ឬ ជួប​ដោយ​ផ្ទាល់ ។ ដំណើរ​រឿង​ទាំង​នេះ​ដើរ​តួ​ជា​សាក្សី​សម័យ​ទំនើប​សម្រាប់​ពួកយើង​ថា ពួកទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា​ពួកទ្រង់​បាន​ដឹកនាំ​ការ​ស្ដារឡើងវិញ​នៃ​ដំណឹងល្អ ។

  • គ. និង ស. ៧៦:១៩–២៣ បាន​ឃើញ​ព្រះវរបិតា និង ព្រះរាជបុត្រា​នៅក្នុង​ការនិមិត្ត​ខែ កុម្ភៈ ឆ្នាំ ១៨៣២ ។

  • គ. និង ស. ១៣៧:១–៣ បាន​ឃើញ​ព្រះវរបិតា និង ព្រះរាជបុត្រា​នៅក្នុង​ការនិមិត្ត​ខែ មករា ឆ្នាំ ១៨៣៦ ។

  • គ. និង ស. ១១០:២–៤ ព្រះ​យេហូវ៉ា​ដ៏​មហិមា​គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​ព្រះកាយ​នៅក្នុង​ខែ មេសា ឆ្នាំ ១៨៣៦ ។

ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ជួយ​យើង​រៀន​អំពី​ព្រះ​ជា​ព្រះវរបិតា

Stephen being stoned

អំឡុងពេល​ត្រូវ​គេ​ចោល​ដុំ​ថ្ម​រហូត​ដល់​ស្លាប់ នោះ​ស្ទេផាន​បាន​ឃើញ​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

រូបភាព​មក​ពី ខ្ញុំ​ឃើញ​កូន​មនុស្ស​ឈរ​នៅ​ខាង​ព្រះហស្ត​ស្តាំ​នៃ​ព្រះ ដោយ វលធើរ រេន

ព្យាការី​យ៉ូសែប ស្ម៊ីធ​បាន​បង្រៀន​ដូច​នេះ ៖ « នៅពេល​យើង​យល់​ពី​លក្ខណៈ​របស់​ព្រះ ហើយ​ស្គាល់​ពី​របៀប​មក​រក​ទ្រង់ នោះ​ទ្រង់​ចាប់ផ្តើម​បើក​បង្ហាញ​ស្ថានសួគ៌​ដល់​យើង… នៅពេល​យើង​ត្រៀម​ខ្លួន​រួច​ជាស្រេច​មក​កាន់​ទ្រង់ នោះ​ទ្រង់​ត្រៀម​​ជា​ស្រេច​យាង​មក​កាន់​យើង » ។ ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ជួយ​យើង​ឲ្យ​ខិតកាន់តែ​ជិត​ព្រះវរបិតាសួគ៌ តាមរយៈ​ការបង្រៀន​អំពី​និស្ស័យ លក្ខណៈ និង ព្រះរាជបំណង​របស់​ទ្រង់ ។

  • គ. និង ស. ២០:១២, ១៧–១៨ ព្រះ​ជា​ព្រះវរបិតា​គង់​នៅ​ជា​និរន្តរ៍ និង ជា​ព្រះ​ដដែល​ឥត​ប្រែប្រួល ។

  • គ. និង ស. ៧៦:២០, ២៣ ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​ជា​តួ​អង្គ​ផ្សេង និង​ដាច់​ដោយ​ឡែក​ពី​គ្នា ។

  • គ. និង ស. ៩៣:៣–៥ ព្រះវរបិតា និង ព្រះរាជបុត្រា​គឺ​តែ​មួយ ។

  • គ. និង ស. ១៣០:២២ ព្រះ​វរបិតា និង ព្រះ​រាជបុត្រា​មាន​រូប​កាយ​ជា​សាច់ និង​ឆ្អឹង ។

  • គ. និង ស. ១៣៨:៣–៤ ព្រះវរបិតាសួគ៌​មាន​ព្រះទ័យ​ស្រឡាញ់​កូនចៅ​របស់​ទ្រង់​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជបុត្រា​ទ្រង់ ដើម្បី​សង្គ្រោះ​មនុស្ស​លោក ។

ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ជួយ​យើង​រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ

Moses sees Jehovah

ព្រះយេហូវ៉ា ( ព្រះយេស៊ូវ​គ្រីស្ទ ) បាន​មាន​ព្រះបន្ទូល​ទៅ​កាន់​ម៉ូសេ​ដោយផ្ទាល់ ។

រូបភាព​ដកស្រង់​មកពី ម៉ូសេ​ឃើញ​ព្រះយេហូវ៉ា ដោយ យ៉ូសែប ប្រ៊ីកឃី

ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​កូន​ច្បង​នៃ​កូន​ចៅ​ខាង​វិញ្ញាណ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌ ។ នៅក្នុង​ជីវិត​មុន​ឆាក​ជីវិត​នេះ ព្រះយេស៊ូវ​បាន​ទទួល​គ្រប់​ទាំង​ចំណេះ​ដឹង ហើយ​មាន​ព្រះចេស្តា ព្រមទាំង​តំណាង​ឲ្យ​ព្រះវរបិតា ដោយ​ធ្វើ​ជា​អង្គ​បង្កបង្កើត​ពិភពលោក​ជាច្រើន ។ តាមរយៈ​ព្រះចេស្តា​នៃ​ភាព​ជាព្រះ​របស់​ទ្រង់ ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​គឺ​ជា​ប្រភព​នៃ​ពន្លឺ និង​ជីវិត​សម្រាប់​ការបង្កបង្កើត​ទាំងអស់​របស់​ទ្រង់ ។ ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​តួនាទី​ជាច្រើន​របស់​ទ្រង់​នៅក្នុង​ផែនការ​របស់​ព្រះវរបិតា ។

  • គ. និង ស. ៩៣:២១ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​កូន​ច្បង​នៃ​កូន​ចៅ​ខាង​វិញ្ញាណ​ទាំងអស់​របស់​ព្រះ ។

  • គ. និង ស. ៣៨:១–៣ ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​គ្រប់​ទាំង​ចំណេះ​ដឹង ហើយ​មាន​ព្រះចេស្តា​ពីមុន​ពិភពលោក​នេះ​បាន​បង្កើត ។

  • គ. និង ស. ៧៦:២៤ ព្រះយេស៊ូវគ្រីស្ទ​បាន​តំណាង​ឲ្យ​ព្រះវរបិតា​ដោយ​ធ្វើ​ជា​អង្គ​បង្កបង្កើត​នៃ​ពិភពលោក​ជាច្រើន ។

  • គ. និង ស. ៨៨:៦–១៣ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ប្រភព​នៃ​ពន្លឺ និង​ជីវិត​សម្រាប់​ការបង្កបង្កើត​ទាំងអស់​របស់​ទ្រង់ ។

  • គ. និង ស. ៤៥:១១; ១៣៦:២១, ២២ ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះយេហូវ៉ា​ដ៏​មហិមា​នៅក្នុង​ព្រះគម្ពី​សញ្ញា​ចាស់ ។

  • គ. និង ស. ៤៣:៣៤ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក ។

  • គ. និង ស. ១៨:១១–១៣; ២០:២១–២៥ ព្រះយេស៊ូវគ្រីស្ទ​បាន​រងទុក្ខ ត្រូវ​គេ​ឆ្កាង សុគត ហើយ​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ​ម្តង​ទៀត ។

  • គ. និង ស. ២៩:១០–១២ ព្រះយេស៊ូវគ្រីស្ទ​បាន​សន្យា​ថា​យាង​មក​កាន់​ផែនដី​ដោយ​ព្រះចេស្តា និង សិរីល្អ ។

ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ជួយ​យើង​រៀន​អំពី​អ្វី​ដែល​ព្រះវរបិតា និង ព្រះរាជបុត្រា​ទ្រង់​មាន​ព្រះទ័យ​រំពឹង​ចង់​បាន​ពី​ពួកយើង

Family reading scriptures

តាមរយៈ​វិវរណៈ​សម័យ​ទំនើប​នេះ យើង​អាច​រៀន​ពី​របៀប​ប្រែក្លាយ​ដូច​ជា​ព្រះវរបិតា និង ព្រះ​រាជបុត្រា ។

ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា​បាន​ពន្យល់​យ៉ាង​ច្បាស់​ជាង​គម្ពីរ​ដទៃ​ផ្សេង​ទៀត អំពី​ជីវិត​អស់កល្ប​ជានិច្ច ៖ ត្រឡប់​ទៅរស់​នៅ​ជាមួយ​ព្រះវរបិតា និង ព្រះរាជបុត្រា ទទួល​អ្វីៗ​ទាំងអស់​ដែល​ព្រះវរបិតា​មាន ហើយ​ប្រែក្លាយ​ដូច​ជា​ពួកទ្រង់ ។ ព្រះគម្ពីរ​នេះ​ក៏​ប្រាប់​ពួកយើង​អំពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ អាច​ធ្វើ​បាន​តាម​រយៈដង្វាយធួន​របស់​ទ្រង់ និង អ្វី​ដែល​ពួកយើង​ចាំបាច់​ត្រូវ​ធ្វើ​ដើម្បី​បំពេញ​តម្រូវការ​ដែល​ទ្រង់​បាន​កំណត់ ។ ក្រៅពីនោះ​ទៀត យើង​រៀន​នៅក្នុង​គម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​អំពី​អត្ថន័យ​នៃ​ការធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវគ្រីស្ទ ដូចជា​ពួកយើង​ដែរ ដំបូង​ឡើយ​ព្រះយេស៊ូវគ្រីស្ទ​គ្មាន​ភាពពេញលេញ​ទេព ប៉ុន្តែ​ដោយ​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ រហូត​ដល់​ទ្រង់​មាន​គ្រប់​អស់​ទាំង​ព្រះចេស្តា និង សិរីល្អ​ទាំងអស់ ។

  • គ. និង ស. ១:៣២; ១៩:១៦–១៩; ៥៨:៤២–៤៣; ៩៥:១–២ ព្រះអង្គសង្គ្រោះ​ប្រទាន​ការអភ័យទោស​ដល់​អស់​អ្នក​ដែល​ប្រែចិត្ត ។

  • គ. និង ស. ២០:៣៧, ៤១, ៧២–៧៤ សូមមើល​ផងដែរ ៣៣:១១ ក្រុមព្រះ​អញ្ជើញ​អស់​អ្នក​ដែល​ជឿ​ឲ្យ​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ។

  • គ. និង ស. ៨៤:១៩–២១ តាមរយៈ​ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​បព្វជិតភាព​មិលគីស្សាដែក នោះ​អំណាច​នៃ​ព្រះ​ត្រូវបាន​បង្ហាញ ។

  • គ. និង ស. ៩៣:១២–១៤, ១៦–១៧ ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​ព្រះគុណ​ថែម​លើ​ព្រះគុណ​រហូត​ដល់​ទ្រង់​ទទួលបានភាព​ពេញលេញ ។

  • គ. និង ស. ២០:៣០–៣១ ព្រះអង្គសង្គ្រោះ​បាន​ប្រទាន​ព្រះគុណ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់ ហើយ​បម្រើ​ទ្រង់ ។

  • គ. និង ស. ៣៥:២; ៥០:៤០–៤៣ យើង​អាច​ក្លាយ​ជា​តែ​មួយ​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា ។

  • គ. និង ស. ៩៣:១៩–២០ យើង​អាច​ទទួល​សិរីល្អ និង ភាពពោរពេញ​របស់​ព្រះវរបិតា ។

ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា​ផ្តល់​គំរូ​សម្រាប់​ការទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ

Women praying

ការសិក្សា និង ការអធិស្ឋាន​អាច​បើក​ទ្វារ​នៃ​ចំណេះ​ដឹង​ខាង​វិញ្ញាណ ។

ក្រៅ​ពី​ការបង្រៀន និង ការថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង ព្រះរាជបុត្រា ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តីសញ្ញា​ផ្តល់​គំរូ​ដើម្បី​ទទួល​បាន​ចំណេះដឹង​ខាង​វិញ្ញាណ អំពី​អ្វីៗ​ទាំងអស់​របស់​សមាជិក​ក្រុមព្រះ តាមរយៈ​ជំនួយ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ៖ សិក្សា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ សូម​ការយល់​ដឹង​ពី​ព្រះវរបិតា ហើយ​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះគ្រីស្ទ តាមរយៈ​ការគោរព​តាម​បទបញ្ញាត្តិ​របស់​ទ្រង់ ។

ពន្លឺ និង សេចក្តីពិត​ត្រូវបាន​សន្យា​ដល់​អស់​អ្នកដែល​រស់នៅ​តាម​អស់ទាំង​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ។ វា​សំខាន់​ដើម្បី​រៀន​លម្អិត​អំពី​និស្ស័យ​របស់​ក្រុម​ព្រះ និង ព្រះរាជបំណង​របស់​ពួកទ្រង់ ។ ចំណេះ​ដឹង​នេះ​នាំ​ឲ្យ​មនុស្ស​ធ្វើ​ការស្រាវជ្រាវ ដោយ​ព្យាយាម​រក​ការយល់​ដឹង​ខាង​វិញ្ញាណ និង ជំនឿស៊ប់​លើ​សេចក្តីពិត ។ ចំណេះ​ដឹង​នេះ​បញ្ជាក់​ដល់​យើង​ថា ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​ស្គាល់​ពួកយើង​ម្នាក់ៗ ថា​ពួកទ្រង់​ស្រឡាញ់​យើង ហើយ​ថា ពួកទ្រង់​មាន​ព្រះទ័យចង់​ប្រទាន​ជីវិត​អស់​កល្ប​ជានិច្ច​ដល់​ពួកយើង ។

  • គ. និង ស. ៦:៥; ៧៦:៥–១០, ១១៤–១១៨ ព្រះវរបិតាសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទូល​សូម​ចំណេះ​ដឹង ហើយ​សន្យា​ថា​ចែកចាយ​វា ។

  • គ. និង ស. ៨៤:៤៣–៤៨ ព្រះវរបិតា​បង្រៀន​យើង​នៅពេល​យើង​ស្តាប់​តាម​ព្រះបន្ទូល​ទ្រង់​ដោយ​ឧស្សាហ៍​ព្យាយាម ។

  • គ. និង ស. ៨៨:១១៨ ស្វែង​រក​ការ​រៀន​សូត្រ​ដោយ​ការសិក្សា និង​ដោយ​សេចក្តី​ជំនឿ ។

សេចក្ដីបញ្ចប់

Joseph Smith preaching

យ៉ូសែប ស៊្មីធ បាន​បើក​សម្តែង​បុគ្គលិក​លក្ខណៈ និង ព្រះរាជបំណង​របស់​ព្រះវរបិតា និង ព្រះរាជបុត្រា ។

រូបភាព​ដកស្រង់​មក​ពី ការផ្សព្វផ្សាយ​របស់​យ៉ូសែប ស៊្មីធ ដោយ ស៊ែម ឡឡឺរ៍

ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្ដី​សញ្ញា​ជួយ​យើង​ឲ្យ​ខិតកាន់តែ​ជិត​ព្រះវរបិតាសួគ៌ និង ព្រះរាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ តាមរយៈ​ការបើក​សម្តែង​បុគ្គលិក​លក្ខណៈ និង ព្រះរាជបំណង​របស់​ពួក​ទ្រង់ ។ ព្យាការី​យ៉ូសែប ស្ម៊ីធ បាន​សង្ខេប​ពី​មូលហេតុ​ដែល​យើង​អាច​ទុកចិត្ត និង ពឹងផ្អែក​លើ​ព្រះ​ដូចនេះ ៖ « ព្រះរាជបំណង​នៃ​ព្រះ​របស់​យើង​ធំ​ណាស់​ន៎ សេចក្តីស្រឡាញ់​របស់​ទ្រង់​មាន​ទំហំ​ធំធេង​ដែល​មិន​អាច​វាស់​បាន ព្រះប្រាជ្ញា​របស់​ទ្រង់​គ្មាន​ទីបញ្ចប់ ហើយ​ព្រះចេស្តា​របស់​ទ្រង់​គ្មាន​ដែន​កំណត់ ហេតុដូច្នោះហើយ​ពួកបរិសុទ្ធ​មាន​ហេតុ ដើម្បី​សប្បាយ ហើយ​អររីករាយ​ដោយ​ដឹង​ថា ‹ ព្រះ​នេះ​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​នៅ​អស់កល្ប​ជានិច្ច ›​ ( ទំនុកដំកើង ៤៨:១៤ ) » ។

កំណត់​ចំណាំ

  1. ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ ( ឆ្នាំ ១៨៧៦–១៩៧២ ) បាន​ពន្យល់​ដូចនេះ ៖ « វិវរណៈ​ទាំងអស់ តាំងពី​ការធ្លាក់​មក​បាន​សម្រេច​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជា​ព្រះយេហូវ៉ា​នៃ​ព្រះ​គម្ពីរ​សញ្ញា​ចាស់ ។ នៅក្នុង​គ្រប់​ខគម្ពីរ​ទាំង​អស់ កន្លែង​ដែល​និយាយ​អំពី​ព្រះ និង ការបង្ហាញ​ព្រះកាយ​របស់​ព្រះ​គឺ​សំដៅ​លើ​ព្រះយេហូវ៉ា ។ … ព្រះវរបិតា​មិន​ធ្លាប់​ទាក់ទង​នឹង​មនុស្ស​លោក​ដោយ​អង្គ​ទ្រង់​ផ្ទាល់​នោះទេ តាំងពី​ការធ្លាក់​មក ហើយ​ទ្រង់​មិន​ដែល​បាន​បង្ហាញព្រះកាយ​ឡើយ លើកលែង​តែ​ដើម្បី​បង្ហាញ និង​ថ្លែង​ទីបន្ទាល់​អំពី​ព្រះរាជបុត្រា » ( Doctrines of Salvation ចងក្រង​ដោយ Bruce R. McConkie វ៉ុលទី ៣ [ ១៩៥៤–៥៦ ] ១:២៧ ) ។

  2. សូមមើល Gordon B. Holbrook « The Voice of Jesus Christ in the Doctrine and Covenants » Ensign ខែ កញ្ញា ឆ្នាំ ២០១៣ ទំព័រ ៤០, ៤៥ ( កំណត់ចំណាំ ២ ) ។

  3. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ៤០–៤១ ។

  4. Teachings: Joseph Smith ទំព័រ ៣៩ ។