អ្វីដែលយើងជឿ
យើងជឿថាដំណឹងល្អនឹងមានពាសពេញផ្ទៃផែនដី
មានសមាជិកតែប្រាំមួយនាក់គត់ កាលសាសនាចក្រនេះបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៣០ នៅក្នុងទីក្រុងតូចមួយនៅរដ្ឋ នូវ យ៉ោក ស.រ.អា. ។ ចាប់តាំងពីនោះមក សាសនាចក្របានកើនសមាជិកជាង ១៥.៥ លាននាក់ ដែលមានវួដ និង សាខានៅក្នុងបណ្ដាប្រទេសជាង ១៥០ ។ វឌ្ឍនភាពនេះបានបំពេញការព្យាករក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលថាសាសនាចក្រនេះនឹងត្រូវបន្តរីកចម្រើនរហូតដល់បានពេញផែនដីទាំងមូល ( សូមមើល ដានីយ៉ែល ២:៣១–៤៥ ) ។ សាសនាចក្រនេះ—ដែលជានគរព្រះនៅលើផែនដី—ត្រូវបានពិពណ៌នាថាជាថ្ម « ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើឡើយ » ( ដានីយ៉ែល ២:៤៥ ) បង្ហាញថាវាជាកិច្ចការរបស់ព្រះមិនមែនជាកិច្ចការរបស់មនុស្សឡើយ ។
ទោះបីជាឥទ្ធិពលរបស់សាសនាចក្រមានពាសពេញផ្ទៃផែនដីក្តី សមាជិកសាសនាចក្រនឹងនៅតែមានតិចតួចនៅឡើយ ។ នីហ្វៃបានឃើញជាមុនអំពីរឿងនេះ ហើយបានសរសេរពីជំនាន់របស់យើងថា « ខ្ញុំបានឃើញសាសនាចក្រនៃកូនចៀមនៃព្រះ ហើយសមាជិកនៃសាសនាចក្រមានចំនួនតិចណាស់ » ពីព្រោះមកពីសេចក្ដីទុច្ចរិត ( នីហ្វៃទី១ ១៤:១២ ) ។ នៅគ្រានៃការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទខិតកាន់តែជិត នោះពិភពលោកនឹងប្រែកាន់តែទុច្ចរិត ហើយ « មនុស្សនឹងកាន់តែចាប់អារម្មណ៍តិចទៅៗក្នុងការធ្វើជាពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។១
ប៉ុន្តែនីហ្វៃក៏បានឃើញជាមុនផងដែរ « ថាសាសនាចក្រនៃកូនចៀម ដែលជាពួកបរិសុទ្ធរបស់ព្រះ ក៏មាននៅពាសពេញលើផ្ទៃផែនដីដែរ » ( នីហ្វៃទី១ ១៤:១២ ) ។ វួដ និង សាខាអាចមាននៅទូទាំងពិភពលោក សន្និសីទទូទៅត្រូវបានបកប្រែជាង ៩០ ភាសា ហើយមានអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងជិត ៧៥,០០០ នាក់ ដែលកំពុងចែកចាយដំណឹងល្អនៅក្នុងបេសកកម្មចំនួន ៤១៨ ។ ដំណឹងល្អក៏កំពុងត្រូវបានចែកចាយទូទាំងពិភពលោកតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម និង គេហទំព័រដូចជា Mormon.org និង LDS.org ។
កិច្ចខិតខំទាំងនេះមានសារៈសំខាន់ និង ពង្រីកឲ្យច្រើនឡើង ប៉ុន្តែជារឿយៗពុំសូវទទួលបានការចាប់អារម្មណ៍ឡើយ ។ « កិច្ចការរបស់ព្រះអម្ចាស់គឺជាកិច្ចការដ៏ធំមហិមា និង អស្ចារ្យ ប៉ុន្តែកិច្ចការនេះបន្តឆ្ពោះទៅមុខ ជាពិសេសគ្មានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំនយោបាយរបស់មនុស្សជាតិ វប្បធម៌ និង ថ្នាក់ដឹកនាំផ្នែកអប់រំឡើយ ។ កិច្ចការនេះរីកចម្រើនឡើងពីក្នុងចិត្តរបស់មនុស្សម្នាក់ៗទៅមនុស្សម្នាក់ទៀត និង ពីគ្រួសារមួយទៅគ្រួសារមួយទៀត ដោយស្ងាត់ៗ និង សន្សឹមៗ ហើយសារលិខិតដ៏ពិសិដ្ឋនេះប្រទានពរដល់មនុស្សនៅគ្រប់ទីកន្លែង » ។២
ថ្មដែលបានព្យាករតាំងពីយូរយារមកហើយនោះ ពិតជាកំពុងរមៀលចេញទៅ ហើយនៅពេលយើងធ្វើផ្នែករបស់យើង នោះដំណឹងល្អនឹងបន្តផ្សព្វផ្សាយ ហើយមានពាសពេញផ្ទៃផែនដីទាំងមូល ( សូមមើល ដានីយ៉ែល ២:៣១–៤៥ ) ។
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីជួយឲ្យដំណឹងល្អត្រូវបានផ្សព្វផ្សាយឆ្ពោះទៅមុខនោះ ?
-
ការគោរពបទបញ្ញត្តិ និង ការពង្រឹងទីបន្ទាល់របស់យើងផ្តល់ជាគ្រឹះដល់យើង ដើម្បីជួយផ្សព្វផ្សាយដំណឹងល្អ ។
-
ការបង្រៀនដំណឹងល្អដល់គ្រួសាររបស់យើង ពង្រឹងពួកគេឲ្យរស់នៅដោយស្មោះត្រង់នៅក្នុងពិភពលោកដែលបង្រៀនផ្ទុយពីនោះ ។
-
ការបំពេញការហៅបម្រើរបស់យើងជួយពង្រឹងសាសនាចក្រនៅក្នុងតំបន់ក្នុងមូលដ្ឋានរបស់យើង ។
-
យើងអាចជួយផ្សព្វផ្សាយដំណឹងល្អតាមរយៈ ការនិយាយយ៉ាងសាមញ្ញៗអំពីដំណឹងល្អជាមួយមនុស្សទូទៅ ។
-
នៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចធ្វើពិធីបរិសុទ្ធសម្រាប់មនុស្សដែលបានស្លាប់ទៅដោយពុំបានទទួលដំណឹងល្អនៅក្នុងជីវិតនេះ ។
ជោគវាសនានៃសាសនាចក្រនេះ
« នៅយប់នេះ អ្នកឃើញមានបព្វជិតភាពតែបន្ដិចទេ ប៉ុន្តែសាសនាចក្រនេះនឹងមានពេញនៅអាមេរិកខាងជើង និង ខាងត្បូង—វានឹងមានពេញផែនដីទាំងមូល » ។
ព្យាការីយ៉ូសែប ស្ម៊ីធ ( ឆ្នាំ ១៨០៥–៤៤ ) នៅក្នុងការប្រជុំបព្វជិតភាពក្នុងឆ្នាំ ១៨៣៤ នៅក្នុង Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ១៣៧ ។