ចូរក្លាហាន ក្នុងទីបន្ទាល់របស់យើងអំពីព្រះអង្គសង្គ្រោះ
ដកស្រង់ចេញពីសុន្ទរកថាមួយ ដែលមានចំណងជើងថា « Being Valiant » ដែលបានថ្លែងនៅមហាវិទ្យាល័យពាណិជ្ជកម្ម អិល.ឌី.អេស. កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៤ ។ ដើម្បីទទួលបានសុន្ទរកថាទាំងស្រុង ជាភាសាអង់គ្លេស សូមចូលទៅគេហទំព័រ ldsbc.edu ។
យើងម្នាក់ៗនឹងត្រូវបានហៅឲ្យធ្វើកិច្ចការក្នុងគ្រាលំបាក ហើយដែលនឹងលុតដំពួកយើង ។ គ្រាទាំងនេះនឹងកំណត់អំពីខ្លួនយើង និង អ្វីដែលយើងនឹងប្រែក្លាយ ។
ជាយូរឆ្នាំមកហើយ កាលខ្ញុំនៅក្មេង ខ្ញុំត្រូវបានបង្ខំឲ្យ—ឬហៅម្យ៉ាងទៀតថា « កេណ្ឌទ័ព » —ធ្វើជាទាហាននៅអាហ្វ្រិកភាគខាងត្បូង ។ ខ្ញុំត្រូវបានចាត់ឲ្យចូលក្រុមជាមួយទាហាន ដែលជាមនុស្សល្អ ប៉ុន្តែនិយាយ និង មានឫកពាបាតផ្សារ ហើយជួនកាលរឿងនេះវាបង្ហាញឡើងដោយបុរសដែលបម្រើក្នុងជួរកងទ័ព ។
ខ្ញុំបានឃើញថា វាមិនងាយស្រួលឡើយដើម្បីរស់នៅតាមបទដ្ឋានដំណឹងល្អ ក្នុងស្ថានភាពបែបនេះ ។ ប៉ុន្តែតាំងពីគ្រាចាប់ផ្តើមការបម្រើជាកងទ័ពមក ខ្ញុំរីករាយឈរយ៉ាងរឹងប៉ឹងចំពោះជំនឿរបស់ខ្ញុំ ។ ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ថា ខ្ញុំនឹងមិនពាក់ព័ន្ធក្នុងសកម្មភាពដែលខ្ញុំដឹងថាខុសឆ្គងឡើយ ។ ខ្ញុំសប្បាយចិត្តនឹងនិយាយថា បុរសៗដែលនៅក្នុងក្រុមរបស់ខ្ញុំ—មានមួយចំនួនដែលមិនពេញចិត្តនឹងខ្ញុំនៅគ្រាដំបូងនោះ—បែរជាមានការគោរពចំពោះបទដ្ឋានរបស់ខ្ញុំវិញ ។
មានគ្រាមួយនោះ នៅបន្ទាយបំពាក់បំប៉នទាហាន ក្រុមរបស់យើងបានឈរនៅជុំវិញភ្នក់ភ្លើងជំរំនៅក្នុងរាត្រីដ៏ស្រស់ស្អាត នារាត្រីដ៏ងងឹត ដែលមានមេឃស្រឡះ ជារាត្រីដែលពេញដោយពន្លឺផ្កាយ ។ បុរសមួយចំនួននៅក្នុងក្រុមរបស់ខ្ញុំ ផឹកស្រាបៀរ ប៉ុន្តែខ្ញុំផឹកទឹកក្រូច ។ ការពិភាក្សាបានប្រកបដោយក្តីរីករាយ គ្មានការនិយាយមិនសមរម្យឡើយ ។
អំឡុងពេលទស្សនកិច្ចរបស់យើង បុរសពីរបីនាក់មកពីអង្គភាពផ្សេងបានដើរចូលមកក្រុមដ៏រីករាយរបស់យើង ។ បុរសម្នាក់ក្នុងចំណោមនោះបានងាកមើលខ្ញុំ ដោយឃើញខ្ញុំកាន់ទឹកក្រូច បានសើចចំអកឲ្យខ្ញុំ ដែលពុំព្រមចូលរួមផឹកស្រាបៀរជាមួយបុរសទាំងនោះ ។ ពីមុនខ្ញុំឆ្លើយតប ខ្ញុំមានចិត្តរំភើប ដោយសារមានមិត្តភក្តិខ្ញុំម្នាក់បានស្តីបន្ទោសឲ្យបុរសម្នាក់នោះ ។
គាត់បាននិយាយថា « យើងសូមឲ្យលោកចេញទៅឥឡូវនេះ ។ យើងនឹងមិនឲ្យនរណាម្នាក់និយាយបែបនេះដាក់គ្រីសឡើយ ! ប្រាកដណាស់គាត់ជាមនុស្សតែម្នាក់គត់ក្នុងចំណោមពួកយើងដែលរស់នៅដូចជាពួកគ្រិស្តសាសនិកពិតប្រាកដ » ។
បន្ទាប់ពីមិត្តរបស់ខ្ញុំនិយាយដូច្នោះហើយ បុរសនោះបានដើរចេញទៅវិញដោយក្តីខ្មាសអៀន ។ នៅគ្រានោះ ទោះបីមានការខ្មាសអៀនបន្តិចដោយការសរសើរដែលខ្ញុំពុំបានរពឹងទុក ខ្ញុំមានអំណរគុណក្នុងចិត្ត ដែលខ្ញុំបានជ្រើសរើសធ្វើតាមការទូន្មានរបស់ប៉ុលឲ្យធ្វើជា « គំរូដល់ពួកអ្នកជឿ » ( ធីម៉ូថេទី ១ ៤:១២ ) ។
អ្នកទាំងអស់គ្នាក៏ប្រឈមមុខនឹងការជ្រើសរើសនានា ជាពិសេសក្នុងគ្រានេះនៃជីវិតរបស់អ្នក នៅពេលស្មារតីរបស់អ្នកត្រូវផ្តោតចិត្តទុកដាក់ជាពិសេស និង ការទទួលយកឱកាសដ៏អស្ចារ្យនានាដែលរង់ចាំអ្នក ។ សំណួរនោះគឺថា តើអ្នកនឹងចង់សរសេរអ្វីអំពីខ្លួនអ្នកក្នុងរយៈពេល ៥, ១០—ឬ ២០ ឆ្នាំខាងមុខទៀតនោះ ឬ រហូតដល់ពេលអ្នកស្លាប់ ?
តើការមានចិត្តក្លាហានមានន័យដូចម្តេច ?
នៅក្នុងការនិមិត្តដ៏អស្ចារ្យបំផុតមួយដែលបានកត់ត្រានៅក្នុងព្រះគម្ពីរដ៏បរិសុទ្ធ ព្យាការី យ៉ូសែប ស៊្មីធ បានពិពណ៌នាអំពីលក្ខខណ្ឌរបស់អស់អ្នកដែលនឹងគ្រងនគរសេឡេស្ទាលទុកជាមរតក បន្ទាប់ពួកគេបានរស់ឡើងវិញ និង បន្ទាប់ពីការជំនុំជម្រះ ។ កណ្ឌដដែលនេះនៅក្នុងគម្ពីរគោលលទ្ធិ និង សេចក្តីសញ្ញា ( កណ្ឌ ៧៦ ) ក៏បើកសម្តែងពីលក្ខខណ្ឌ និង កាលៈទេសៈនៃអស់អ្នកដែលពុំសមនឹងទទួលនគរសេឡេស្ទាល ប៉ុន្តែជាអស់អ្នកដែលនឹងទទួលនគរទេរេស្ទ្រាល និងនគរទេឡេស្ទាលជំនួសវិញ ។
ក្នុងការថ្លែងពីអស់អ្នកដែលនឹងគ្រងនគរទេរេសស្ទ្រាលទុកជាមរតកនោះ វិវរណៈនេះបង្រៀនយើងថាពួកគេ « [ ជា ] មនុស្សមានកិត្តិយសនៅលើផែនដី ដែលខ្វាក់ដោយសារឧបាយកលនៃមនុស្ស… [ និង ] ដែលទទួលសិរីល្អ [ របស់ព្រះ ] ប៉ុន្តែពុំមែនភាពពោរពេញរបស់ទ្រង់ឡើយ » ( គ. និង ស. ៧៦:៧៥–៧៦ ) ។ បន្ទាប់មកយើងរៀនពីគោលការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ៖ « ពួកគេនេះហើយដែល ពុំក្លាហានក្នុងទីបន្ទាល់ពីព្រះយេស៊ូវ ហេតុដូច្នោះហើយ ពួកគេពុំបានមកុដលើនគរនៃព្រះរបស់យើងឡើយ » ( គ. និង ស. ៧៦:៧៩ ការគូសបញ្ជាក់បានបន្ថែម ) ។
សូមគិតពីរឿងនោះបន្តិច ។ តើយើងនឹងបាត់បង់សិរីល្អនៃនគរសេឡេស្ទាល រួមទាំងពរជ័យដ៏មហិមា និង អស់កល្បជានិច្ចរបស់នគរនេះ ដោយសារតែយើងពុំក្លាហានក្នុងការថ្លែងទីបន្ទាល់អំពីព្រះយេស៊ូវ នៅលើផែនដីនេះនៅក្នុងសេចក្តីជំនឿ ជីវិតរមែងស្លាប់ ស្ថានភាពសាកល្បងរបស់យើងឬ ?
តើភាពក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវមានន័យដូចម្តេច ? សាវកមួយរូបនាសម័យទំនើបរបស់ព្រះអម្ចាស់បានប្រកាសដូចនេះ ៖
« វាតម្រូវឲ្យមានភាពអង់អាច និង មោះមុត ដើម្បីប្រើភាពខ្លាំង ថាមពល និង សមត្ថភាពរបស់យើងនៅក្នុងចម្បាំងជាមួយលោកិយ ដើម្បីច្បាំងសម្រាប់សេចក្ដីល្អនៃសេចក្ដីជំនឿ ។ … មូលដ្ឋានគ្រឹះដ៏ធំនៃភាពក្លាហាននៅក្នុងបុព្វហេតុនៃសុចរិតភាព គឺជាការគោរពប្រតិបត្តិចំពោះក្រឹត្យវិន័យទាំងអស់នៃដំណឹងល្អទាំងស្រុង ។
ក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគឺ ‹ មករកព្រះគ្រីស្ទ ហើយឲ្យបានល្អឥតខ្ចោះនៅក្នុងទ្រង់ › ដ្បិតយើងត្រូវលះបង់ចោលនូវ ‹ អស់ទាំងអំពើដ៏ឥតបរិសុទ្ធ › ហើយ ‹ ស្រឡាញ់ព្រះ › ឲ្យអស់ពី ‹ សមត្ថភាព អស់ពីគំនិត និងអស់ពីកម្លាំង › របស់យើង ( មរ៉ូណៃ ១០:៣២ ) ។
« ក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគឺ ត្រូវជឿលើព្រះគ្រីស្ទ និង ដំណឹងល្អរបស់ទ្រង់ជាមួយនឹងជំនឿឥតងាករេ ។ ត្រូវដឹងពីសេចក្ដីពិត និង ទេវភាពនៃកិច្ចការរបស់ព្រះអម្ចាស់នៅលើផែនដី ។ …
ក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគឺត្រូវ ‹ ឈានទៅមុខដោយខ្ជាប់ខ្ជួននៅក្នុងព្រះគ្រីស្ទ ដោយមានការភ្លឺថ្លានៃសេចក្ដីសង្ឃឹមដ៏ឥតខ្ចោះ ហើយដោយមានចិត្តស្រឡាញ់ព្រះ និងមនុស្សគ្រប់រូប › ។ ត្រូវ ‹ កាន់ខ្ជាប់ដរាបដល់ចុងបំផុត › ( នីហ្វៃទី ២ ៣១:២០ ) ។ ត្រូវរស់នៅតាមជំនឿរបស់យើង អនុវត្តអ្វីដែលយើងបង្រៀន រក្សាបទបញ្ញត្តិទាំងឡាយ ។ ត្រូវបង្ហាញអំពី ‹ សាសនាដែលបរិសុទ្ធ › នៅក្នុងជីវិតមនុស្ស ត្រូវទៅសួរសុខទុក្ខ ‹ ពួកកំព្រា និង ពួកមេម៉ាយក្នុងកាលដែលគេមានសេចក្តីវេទនា › ហើយឲ្យរក្សាខ្លួនរបស់យើង ‹ មិនឲ្យប្រឡាក់ដោយលោកិយនេះឡើយ › ( យ៉ាកុប ១:២៧ ) ។
« ក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគឺត្រូវទប់អស់ទាំងតណ្ហារបស់យើង គ្រប់គ្រងតម្រេករបស់យើង ហើយយកឈ្នះលើរឿងកាមគុណ និង អំពើអាក្រក់ទាំងឡាយ ។ ត្រូវយកឈ្នះលោកិយនេះ ដូចដែលទ្រង់បានធ្វើជាគំរូដ៏ល្អឥតខ្ចោះ ហើយបង្ហាញអង្គទ្រង់ថាជាអ្នកដែលក្លាហានបំផុតក្នុងចំណោមកូនចៅរបស់ព្រះវរបិតារបស់យើង ។ ត្រូវមានក្រមសីលធម៌ស្អាតស្អំ ត្រូវថ្វាយដង្វាយមួយភាគក្នុងដប់ និង ដង្វាយផ្សេងៗ ត្រូវគោរពថ្ងៃឈប់សម្រាក ត្រូវអធិស្ឋានដោយស្មោះអស់ពីចិត្ត ត្រូវលះបង់អ្វីៗទាំងអស់ដែលជារបស់យើងលើអាសនា ប្រសិនបើយើងត្រូវបានសូមឲ្យធ្វើបែបនោះ ។
« ក្លាហានក្នុងទីបន្ទាល់អំពីព្រះយេស៊ូវគឺត្រូវ នៅខាងព្រះអម្ចាស់គ្រប់រឿងទាំងអស់ ។ ត្រូវជ្រើសរើសដូចទ្រង់បានជ្រើសរើស ។ ត្រូវគិតដូចទ្រង់ព្រះតម្រិះ ជឿអ្វីដែលទ្រង់ជឿ និយាយអ្វីដែលទ្រង់បានមានបន្ទូល ហើយធ្វើអ្វីដែលទ្រង់បានធ្វើនៅក្នុងស្ថានភាពដូចគ្នានេះ ។ ត្រូវស្គាល់គំនិតរបស់ព្រះគ្រីស្ទ ហើយរួបរួមនឹងទ្រង់ ដូចជាទ្រង់រួបរួមនឹងព្រះវរបិតាទ្រង់ដែរ » ។១
ឥឡូវខ្ញុំសូមបន្ថែមអ្វីមួយដែលព្រះអង្គសង្គ្រោះរបស់យើង គឺព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ បានបង្រៀនអំឡុងពេលទ្រង់គង់នៅលើផែនដីក្នុង ការបម្រើក្នុងជីវិតរមែងស្លាប់របស់ទ្រង់ ៖
« កុំឲ្យស្មានថា ខ្ញុំមកនឹងតាំងឲ្យមានសេចក្តីមេត្រីនៅផែនដីឡើយ ខ្ញុំមិនមែនមកដើម្បីតាំងឲ្យមានសេចក្តីមេត្រីទេ គឺឲ្យមានដាវវិញ ។
ដ្បិតខ្ញុំបានមក ដើម្បីនឹងនាំឲ្យគេទាស់នឹងឪពុកខ្លួន ឲ្យកូនស្រីទាស់នឹងម្ដាយ ហើយកូនប្រសាស្រីទាស់នឹងម្ដាយក្មេក ។
ឯពួកសត្រូវរបស់អ្នកណា នោះគឺជាពួកអ្នកនៅផ្ទះជាមួយនឹងខ្លួននោះឯង ។
អ្នកណាដែលស្រឡាញ់ឪពុក ឬម្ដាយជាជាងខ្ញុំ នោះមិនគួរនឹងខ្ញុំទេ ហើយអ្នកណាដែលស្រឡាញ់កូនប្រុស ឬកូនស្រី ជាជាងខ្ញុំនោះក៏មិនគួរនឹងខ្ញុំដែរ ។
អ្នកណាដែលមិនយកឈើឆ្កាងខ្លួនមកតាមខ្ញុំ អ្នកនោះមិនគួរនឹងខ្ញុំឡើយ ។
អ្នកណាដែលរកបានជីវិតខ្លួន នោះនឹងត្រូវបាត់ជីវិតទៅតែអ្នកណា ដែលបាត់ជីវិតដោយយល់ដល់ខ្ញុំ អ្នកនោះនឹងបានជីវិតវិញ » ( ម៉ាថាយ ១០:៣៤–៣៩ ) ។
គោលបំណងរបស់យើងនៅក្នុងជីវិតរមែងស្លាប់នេះ គឺគ្មានអ្វីក្រៅពីការរៀបចំខ្លួនដើម្បីរស់នៅម្តងទៀត ក្នុងវត្តមានរបស់ព្រះវរបិតាសួគ៌ដែលពោរពេញដោយក្តីស្រឡាញ់របស់យើង ក្នុងនាមជាអ្នកគ្រងមរតកស្មើនឹងព្រះយេស៊ូវគ្រីស្ទ ។ សិរីរុងរឿងនេះមាននៅក្នុងក្រុមគ្រួសារអស់កល្បជានិច្ច នៅជាមួយភរិយា ឬ ស្វាមី និង កូនៗ ព្រមទាំងពូជពង្សរបស់យើង គឺមានដល់មនុស្សគ្រប់គ្នា ទោះជាមនុស្សមួយចំនួននឹងទទួលពរជ័យនៃការបង្កើតក្រុមគ្រួសារតែនៅបន្ទាប់ពីជីវិតរមែងស្លាប់នេះប៉ុណ្ណោះក្តី ។
ពរជ័យបែបនោះតម្រូវឲ្យយើងលីឈើឆ្កាង ហើយបន្តក្លាហានរហូតដល់ទីបំផុតក្នុងទីបន្ទាល់ ហើយបម្រើព្រះអម្ចាស់ដែលជាព្រះអង្គសង្គ្រោះរបស់យើង ។
រៀបចំខ្លួនដើម្បីប្រព្រឹត្តតាម
ផ្លូវដែលយើងម្នាក់ៗតម្រូវឲ្យដើរតាមនោះមានឱកាស និង ឧបសគ្គជាច្រើន ។ យើងតម្រូវឲ្យធ្វើការសម្រេចចិត្តជាច្រើនរៀងរាល់ថ្ងៃ—ការសម្រេចចិត្តមួយចំនួនវាតួចតាច និង ទំនងដូចជាមិនសូវសំខាន់ រីឯការសម្រេចចិត្តមួយចំនួនទៀតសំខាន់ និង មានលទ្ធផលយូរអង្វែង ។
វាគឺជារឿងពិតដែលយើងម្នាក់ៗនឹងត្រូវបានហៅឲ្យធ្វើកិច្ចការក្នុងគ្រាលំបាក ហើយដែលនឹងលុតដំពួកយើង ។ គ្រាទាំងនេះនឹងកំណត់អំពីខ្លួនយើង និង អ្វីដែលយើងនឹងប្រែក្លាយ ។ ជារឿយៗគ្រាទាំងនោះកើតឡើង នៅពេលវាមិនសមស្រប ហើយមិនទូលំទូលាយដើម្បីប្រព្រឹត្តវាដោយសុចរិត និង ដោយចិត្តក្លាហាន ។ អ្នកនឹងជួបរឿងបែបនេះ នៅពេលអ្នកសរសេរពីរឿងរ៉ាវក្នុងជីវិតរបស់អ្នក ជាគ្រាដែលលុតដំអ្នកខ្លាំងបំផុត ដែលអ្នកធ្លាប់ជួប នៅពេលអ្នកឈរយ៉ាងរឹងប៉ឹងតែម្នាក់ឯងនោះ ។
ឥឡូវនេះខ្ញុំនិយាយពីរឿងមួយនៃការឈរយ៉ាងរឹងប៉ឹងតែឯងនៅក្នុងចំណោមការប្រឆាំងដ៏ធំធេង ។ មានគ្រាមួយអំឡុងខែ វិច្ឆិកា ឆ្នាំ ១៨៣៨ ព្យាការី យ៉ូសែប ស៊្មីធ និង អ្នកផ្សេងទៀត រួមទាំង អែលឌើរ ប៉ាលី ភី ប្រាត្ត ( ឆ្នាំ ១៨០៧–៥៧ ) ត្រូវបានជាប់ច្រវ៉ាក់ ហើយដាក់គុកនៅក្នុងទីក្រុង រិចម៉ន្ត រដ្ឋ មិសសួរី ស.រ.អា. ។
អែលឌើរ ប្រាត្ត កត់ត្រាអំពីហេតុការណ៍ដូចតទៅនេះអំឡុងពេលពួកលោកជាប់គុក ៖
« នៅយប់ដ៏អាប់អួមួយនោះ យើងបានទម្រេតខ្លួន ដូចជាដេកលក់ រហូតដល់យប់ជ្រៅ តែត្រចៀក និងដួងចិត្តយើងឈឺចាប់ ពេលយើងស្ដាប់ឮរាប់ម៉ោងនូវការចំអក ពាក្យជេរអាក្រក់ៗ ការប្រមាថគួរឲ្យខ្លាច និងភាសាស្មោកគ្រោករបស់ពួកអ្នកយាម ដែលមេក្លោងរបស់ពួកគេគឺវរសេនីយឯក ប្រាយ ហើយពួកគេនិយាយរៀបរាប់ប្រាប់គ្នាអំពីទង្វើឆក់ប្លន់ កាប់សម្លាប់ ការលួច ជាដើម ដែលពួកគេបានធ្វើចំពោះ ‹ ពួកមរមន › និង ពួកអ្នកជិតខាង អំឡុងពេលនៅ ហ្វារវែស្ទ [ រដ្ឋមិសសួរី ] ។ ពួកគេថែមទាំងបានអួតអាងអំពីការបង្ខូចព្រហ្មចារី ដោយការចាប់រំលោភភរិយា កូនស្រី និង ស្រីព្រហ្មចារិយ និង ការបាញ់សម្លាប់ ឬ វាយបំបែកក្បាលរបស់បុរស ស្ត្រី និង ក្មេងៗ ។
ខ្ញុំបានស្ដាប់ឮរហូតដល់ខ្ញុំខ្ពើមឆ្អើមជាខ្លាំង តក់ស្លុត និង ពេញដោយកំហឹងដែលវាពិបាកសម្រាប់ខ្ញុំ ដើម្បីអត់ទ្រាំពុំបាននឹងឈរឡើង ហើយស្ដីបន្ទោសដល់ពួកអ្នកយាមនោះ ប៉ុន្តែខ្ញុំពុំនិយាយអ្វីទាំងអស់ទៅយ៉ូសែប ឬ អ្នកផ្សេងទៀតទោះបីខ្ញុំដេកនៅជិតនឹងលោក ហើយបានដឹងថាលោកពុំទាន់ដេកក្ដី ។ រំពេចនោះ លោកបានក្រោកឈរឡើង ហើយនិយាយដូចជាសំឡេងផ្គរលាន់ ឬដូចជាតោគ្រហឹម និយាយយ៉ាងច្បាស់ដែលខ្ញុំអាចនៅចាំបានថា
« ‹ ស្ងាត់ទៅ ! មនុស្សអាក្រក់ក្នុងរណ្ដៅដ៏អប្រិយអើយ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ខ្ញុំស្ដីបន្ទោសដល់អ្នក ហើយបញ្ជាឲ្យអ្នកស្ងាត់ភ្លាម ដ្បិតខ្ញុំនឹងមិនរស់នៅមួយនាទីទៀត ហើយស្ដាប់ឮភាសាដូច្នេះឡើយ ។ ឈប់និយាយភ្លាម បើមិនដូច្នោះអ្នក ឬខ្ញុំនឹងស្លាប់ឥឡូវនេះ ! ›
« លោកបានឈប់វាចា ។ លោកបានឈរយ៉ាងមុតមាំនៅក្នុងមហិទ្ធានុភាពខ្លាំងណាស់ ។ ដោយជាប់ច្រវ៉ាក់ និងគ្មានអាវុធផងនោះលោកស្ងប់ស្ងាត់ មិនក្រញេងក្រញាង ហើយថ្លៃថ្នូរប្រៀបដូចជាទេវតាមួយអង្គ នោះលោកបានមើលទៅអ្នកយាម ដែលដាក់អាវុធចុះ ឬ ទម្លាក់វាទៅលើដី ឱបជង្គង់រួញខ្លាចនៅគៀនជញ្ជាំង ឬក្រាបចុះនឹងជើងលោក បានសុំទោសដល់លោក ហើយនៅស្ងៀមរហូតដល់វេនផ្លាស់ប្ដូរអ្នកយាម » ។២
ភាពក្លាហានដែលព្យាការី យ៉ូសែប ស៊្មីធ បានបង្ហាញពុំបានត្រៀមទុកសម្រាប់ព្យាការី ឬ សមាជិកសាសនាចក្រពីមុនឡើយ ។ មានឧបទ្ទវហេតុមួយនៅក្នុងជីវិតរបស់ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ ( ឆ្នាំ ១៨៣៨–១៩១៨ ) មាននូវភាពក្លាហាននេះ ។ នៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ១៨៥៧ កាលលោកមានអាយុ ១៩ ឆ្នាំ យ៉ូសែប អេហ្វ បានត្រឡប់មកពីបេសកកម្មដែលលោកបានបម្រើនៅ ហាវ៉ៃ ស.រ.អា. នោះលោកបានចូលរួមនឹងក្រុមរទេះសេះនៅក្នុងរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។ វាគឺជាគ្រាដ៏មានគ្រោះថ្នាក់បំផុតសម្រាប់ពួកបរិសុទ្ធ ។ ទាហានរបស់ ចនស្តុនកំពុងធ្វើព្យុហយាត្រាតម្រង់ទៅរដ្ឋ យូថាហ៍ ហើយមនុស្សជាច្រើនមានអារម្មណ៍មិនល្អចំពោះសាសនាចក្រ ។
ល្ងាចមួយ ពួកទុច្ចរិតមួយចំនួនបានជិះសេះចូលមកក្នុងជំរំក្រុមរទេះសេះ ដោយជេរផ្តាសារ ហើយគំរាមកំហែងធ្វើបាបពួកមរមនគ្រប់រូបដែលពួកគេជួប ។ មនុស្សភាគច្រើនដែលនៅក្នុងក្រុមរទេះសេះនោះបានលាក់ខ្លួនក្នុងគុម្ពោតព្រៃ ប៉ុន្តែ យ៉ូសែប អេហ្វ បានគិតក្នុងចិត្តលោកដូចនេះ ៖ « តើខ្ញុំនឹងរត់ចេញពីបងប្អូនទាំងនេះឬ ? ហេតុអ្វីខ្ញុំគួរតែខ្លាចពួកគេ ? »
ដោយគិតបែបនោះ លោកបានដើរសំដៅទៅរកម្នាក់ដែលឈ្លានពានចូលមកនោះ ដោយមានកាន់កាំភ្លើងខ្លីនៅក្នុងដៃ ដែលស្រែកសួរថា « តើឯងជាពួកមរមនឬ ? »
យ៉ូសែប អេហ្វ បានឆ្លើយតបថា « បាទលោក ខ្ញុំគឺជាអ្នកជឿស៊ប់ មិនងាករេ ជឿទាំងស្រុង » ។
នៅពេលនោះ មនុស្សទុច្ចរិតនោះបានចាប់ដៃរបស់លោក ហើយនិយាយថា « ឯងជា ——— ——— មនុស្សដែលគួរឲ្យចូលចិត្តបំផុតដែលខ្ញុំធ្លាប់ជួបពីមុនមក ! ល្អណាស់ អ្នកកម្លោះអើយ យើងសប្បាយចិត្តដោយជួបមនុស្សម្នាក់ ដែលឈរយ៉ាងរឹងប៉ឹងចំពោះជំនឿស៊ប់របស់ខ្លួនបែបនេះ » ។៣
ឥឡូវនេះអ្នកធ្លាប់ជួបនូវគ្រាសំខាន់មួយចំនួននៅក្នុងជីវិតរបស់អ្នក ! ឥឡូវនេះអ្នកកំពុងសរសេរ ឬ នឹងសរសេរពីមួយគ្រាទៅមួយគ្រា នូវប្រវត្តិផ្ទាល់ខ្លួនរបស់អ្នក ។ អ្នកនឹងមានគ្រាដែលត្រូវតែប្រព្រឹត្ត ទោះជាមានគ្រាផ្សេងទៀត ដែលអ្នកមិនប្រព្រឹត្តដោយវាងវៃក្ដី ។ មានឱកាស ការសម្រេចចិត្តជាច្រើនដែលនឹងត្រូវធ្វើ ហើយឧបសគ្គនានាដែលនឹងកើតមានឡើងនៅចំពោះមុខ ។
នៅក្នុងផែនការដ៏មហិមារបស់ព្រះវរបិតាសួគ៌យើង ចូរចងចាំថាយើងមិននៅតែឯងឡើយ ! មនុស្សជាច្រើននៅក្នុងជីវិតនេះ និង មនុស្សជាច្រើនដែលនៅជ្រុងម្ខាងទៀតនៃជីវិតរមែងស្លាប់ ជារៀងរាល់ថ្ងៃកំពុងអង្វរជំនួសអ្នករាល់គ្នានៅចំពោះព្រះអម្ចាស់ ។ អំណាចដ៏មហិមាបានប្រទានដល់អ្នក តាមរយៈពិធីបរិសុទ្ធដែលអ្នកបានទទួល និង សេចក្ដីសញ្ញាដែលអ្នកបានចុះ ។ លើសពីអ្វីទាំងអស់នោះ ព្រះវរបិតាសួគ៌ និង ព្រះរាជបុត្រាទ្រង់ដែលពេញដោយក្តីស្រឡាញ់—គឺព្រះអង្គសង្គ្រោះព្រះយេស៊ូវគ្រីស្ទ ជាអង្គគាំទ្ររបស់យើង—កំពុងមានវត្តមានជួយអ្នកឲ្យហែលឆ្លងកាត់ក្នុងជីវិតនេះ ។ នៅក្នុងការបង្រៀនដ៏មានឥទ្ធិពលមួយ អំឡុងពេលនៃការបម្រើក្នុងជីវិតរមែងស្លាប់របស់ព្រះអង្គសង្គ្រោះ ទ្រង់បានប្រទានការអញ្ជើញដល់មនុស្សគ្រប់រូប ហើយក៏អញ្ជើញដល់ពួកយើងម្នាក់ៗផងដែរ ៖
« អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សម្រាក ។
ចូរទទួលនឹមខ្ញុំ ហើយរៀននឹងខ្ញុំចុះ ដ្បិតខ្ញុំស្លូត ហើយមានចិត្តសុភាពនោះអ្នករាល់គ្នានឹងបានសម្រាកដល់ព្រលឹង ។
ពីព្រោះនឹមខ្ញុំងាយទេ ហើយបន្ទុកខ្ញុំក៏ស្រាល » ( ម៉ាថាយ ១១: ២៨–៣០ ) ។
ខ្ញុំសូមថ្លែងទីបន្ទាល់យ៉ាងមុតមាំអំពីព្រះជន្មដ៏ពិតប្រាកដរបស់ព្រះជាព្រះវរបិតាដ៏អស់កល្បជានិច្ច និងព្រះរាជបុត្រារបស់ទ្រង់ជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ ខ្ញុំក៏សូមថ្លែងទីបន្ទាល់ផងដែរថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ គឺពិតជាសាសនាចក្រដែលបានស្តារឡើងវិញរបស់ព្រះអម្ចាស់ និងជានគរព្រះនៅលើផែនដីនេះ ។
សូមឲ្យខ្ញុំ—និង អស់អ្នកដែលចែកចាយទីបន្ទាល់នេះ—បន្តមានចិត្តក្លាហានចំពោះបុព្វហេតុដ៏អស្ចារ្យនេះ ។