បាវចនាម៉្ញូតឆលឆ្នាំ ២០១៧
ចូរសូម
« តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូម ដល់ព្រះដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ ដោយសទ្ធា ឥតបន្ទោសផង នោះទ្រង់នឹងប្រទានឲ្យ ។
តែត្រូវឲ្យអ្នកនោះ សូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ ។ ដ្បិតអ្នកណាដែលសង្ស័យ នោះប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង » ។
ហេតុអ្វីជ្រើសយកបាវចនានេះ ហើយវាមានន័យយ៉ាងណាចំពោះអ្នក ? បងប្រុស ស្ទេផាន ដ័បុលយូ អូវើសិន ប្រធានយុវជនទូទៅ និង ស៊ីស្ទើរ បូនី អិល អូស្កាសុន ប្រធានយុវនារីទូទៅចែកចាយយោបល់របស់ពួកគាត់ ។
ហេតុអ្វីជ្រើសយកខគម្ពីរនេះ ?
ស៊ីស្ទើរ អូស្កាសុន ៖ ព្រះអម្ចាស់ជ្រាបដឹងពីសារលិខិតដែលប្អូនៗត្រូវការ ហើយវាអស្ចារ្យណាស់ បញ្ហាមួយចំនួនដែលបានកើតឡើងអំឡុងឆ្នាំនេះត្រូវបានដោះស្រាយតាមរយៈបាវចនានេះ ហើយវាពិតជាត្រូវនឹងអ្វីដែលកំពុងកើតឡើងក្នុងជីវិតរបស់ប្អូន ។
នៅពេលយើងបានពិភាក្សាខគម្ពីរ យ៉ាកុប ១:៥–៦ ដែលជាបាវចនាសម្រាប់ឆ្នាំនេះ ព្រះវិញ្ញាណបានមានវត្តមានពេញក្នុងបន្ទប់នេះ ។ ហើយយើងទាំងអស់គ្នាយល់ស្របថា វាគឺជាខគម្ពីរដ៏អស្ចារ្យសម្រាប់យុវវ័យរបស់យើង ដោយសារវាមានទំនាក់ទំនងមួយចំនួន ។ វាទាក់ទងនឹងប្រវត្តិសាសនាចក្រ—វាជាខគម្ពីរដែលយ៉ូសែប ស្ម៊ីធបានអាន ហើយបានបំផុសគំនិតលោកឲ្យទៅព្រៃពិសិដ្ឋ ហើយអធិស្ឋាន ។ ហើយទំនាក់ទំនងទីពីរដ៏អស្ចារ្យនោះគឺថា ខគម្ពីរនេះមានទីបន្ទាល់អំពីបេសកកម្មដ៏ទេវភាពរបស់យ៉ូសែប ស្ម៊ីធ ជាអ្វីមួយដែលយើងត្រូវការក្នុងគ្រាមួយ ដែលពិភពលោកនេះកំពុងបន្តចោទសួរអំពីកិត្តិនាមរបស់លោក និង ប្រវត្តិសាសនាចក្រ ។ វាក៏ជាសារលិខិតអំពីរបៀបដែលយើងទទួលវិវរណៈផ្ទាល់ខ្លួនក្នុងជីវិតរបស់យើង ដែលមនុស្សគ្រប់គ្នាត្រូវតែដឹង ។
បងប្រុស អូវីន ៖ មានរឿងរ៉ាវជាច្រើនកំពុងកើតឡើងនៅក្នុងជីវិតរបស់ប្អូនសព្វថ្ងៃនេះ ហើយប្អូនមានសំណួរជាច្រើន ។ ជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់ និង គេហទំព័ររុករកដែលយើងមាន មានប្រភពជាច្រើនដែលប្អូនអាចងាកទៅរកចម្លើយចំពោះសំណួររបស់ប្អូនអំពីសេចក្តីជំនឿ ។ ខគម្ពីរសំខាន់នេះបង្ហាញពីដំណើរការនៃវិវរណៈរបស់យ៉ូសែប ស្ម៊ីធ ដែលជាគំរូមួយដែលយើងអាចធ្វើតាមបាន ។
តើយុវវ័យអាចយកខគម្ពីរ យ៉ាកុប ១:៥–៦ មកអនុវត្ត និង ប្រើចំពោះខ្លួនពួកគេយ៉ាងដូចម្តេច ?
ស៊ីស្ទើរ អូស្កាសុន ៖ ខគម្ពីរនេះមានសារលិខិតដ៏អស្ចារ្យ ។ ខគម្ពីរនោះចែងថា « សូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ » ( យ៉ាកុប ១:៦ ) ។ ការណ៍នេះបណ្តាលឲ្យមានអារម្មណ៍រំជួលចិត្ត ។ ប្អូនត្រូវសូមដោយចិត្តជឿ មិនមែនចិត្តសង្ស័យឡើយ ។
បងប្រុស អូវីន ៖ ហើយការសូមដោយចិត្តជឿមានន័យថា ការសូមដោយចិត្តស្មោះសរ ។ នៅពេលយ៉ូសែប ស៊្មីធ បានទទួលចម្លើយថាត្រូវចូលរួមសាសនាចក្រណាមួយ លោកពុំបានមានប្រសាសន៍ថា « នោះជារឿងល្អដែលគួរដឹងនោះទេ ប៉ុន្តែ … » លោកបានឈានទៅមុខដោយសេចក្តីជំនឿ ។
ស៊ីស្ទើរ អូស្កាសុន ៖ ចូរចាំថា នោះគឺជាការអធិស្ឋានដ៏សុចរិតមួយ គឺមិនមែនជាការអធិស្ឋានទូលសូមអ្វីដែលយើងចង់បានឡើយ ប៉ុន្តែជាការអធិស្ឋានស្វែងរកអ្វីដែលព្រះមានព្រះទ័យសម្រាប់យើង ។
តើមានការទូន្មានអ្វីខ្លះ ដែលអ្នកផ្តល់ឲ្យយុវវ័យក្នុងការប្រើការអធិស្ឋានបែបនេះនៅក្នុងជីវិតរបស់ពួកគេ ?
ស៊ីស្ទើរ អូស្កាសុន ៖ សូមធ្វើឲ្យការអធិស្ឋាននេះក្លាយជាទម្លាប់ ។ ប្អូនៗពុំអាចភ្លេចវាឡើយ ។ ប្អូនៗមិនអាចព្រងើយកន្តើយនឹងវាឡើយ ។ បងប្រុសរបស់យ៉ារេឌបានផ្តល់គំរូមួយអំពីរឿងនេះ ( សូមមើល អេធើរ ២:១៤ ) ។
បងប្រុស អូវីន ៖ ការភ្លេចអធិស្ឋានជារឿយៗគឺជារឿងមួយ ប៉ុន្តែអ្វីមួយដែលកាន់តែមានបញ្ហាជាងនេះនោះគឺការបែរចេញពីព្រះអម្ចាស់ ហើយពុំចង់អធិស្ឋាន ។ នៅពេលប្អូនៗមានអារម្មណ៍ថាប្អូនមិនគួរអធិស្ឋាន នោះគឺជាពេលដែលប្អូនត្រូវការអធិស្ឋានជាខ្លាំង ។ ហើយប្រសិនបើប្អូនអធិស្ឋាន ហើយអានព្រះគម្ពីរ នោះប្អូននឹងធ្វើស្របតាមព្រះវិញ្ញាណ ។ ហើយប្រសិនបើប្អូនពុំធ្វើបែបនេះទេ នោះប្អូនកំពុងដកខ្លួនរបស់ប្អូនថយចេញហើយ ។
ស៊ីស្ទើរ អូស្កាសុន ៖ យើងអាចទូលផ្ទាល់ជាមួយព្រះ ។ ទ្រង់ពុំបានកំណត់ពេលវេលាឡើយ ។ នោះគឺជាអំណោយទានមួយដ៏អស្ចារ្យអ្វីម៉្លេះ ដែលយើងដឹងថា យើងអាចធ្វើបែបនោះបាន ហើយថាទ្រង់គង់នៅទីនោះជានិច្ច ។
តើអ្នកបានរៀនអធិស្ឋានប្រកបដោយអត្ថន័យយ៉ាងដូចម្ដេច ?
ស៊ីស្ទើរ អូស្កាសុន ៖ ខ្ញុំគិតមិនឃើញពីបទពិសោធន៍មួយណាឡើយ វាគឺជាកម្រិតដ៏ខ្ពស់បំផុតក្នុងពេលវេលានៃជីវិតនេះ ។ ការអធិស្ឋានបានក្លាយជាផ្នែកមួយប្រកបដោយអត្ថន័យបំផុតចំពោះខ្ញុំ ដោយសារខ្ញុំបានប្រឹងប្រែងអធិស្ឋានជាប្រចាំ ។ ខ្ញុំកាន់តែពូកែស្តាប់ និង ទទួលចម្លើយបានប្រសើរឡើង ។ យើងបានរៀន ហើយយើងបានទទួលវាកាន់តែប្រសើរឡើង ដរាបណាយើងចុះប្រឡូកក្នុងដំណើរការនេះ ។ វាគឺជាការអធិស្ឋានជាប្រចាំរៀងរាល់ថ្ងៃ ធ្វើឲ្យប្រាកដថា ខ្ញុំពុំបានខកខាននូវឱកាសទូលជាមួយព្រះវរបិតាសួគ៌របស់ខ្ញុំឡើយ ។ ដរាបណាយើងកាន់តែអធិស្ឋាន ដរាបនោះយើងកាន់តែពូកែស្តាប់រកចម្លើយទាំងនោះ ។
បងប្រុស អូវីន ៖ កាលខ្ញុំនៅយុវវ័យ នៅពេលខ្ញុំត្រូវការដឹងរឿងអ្វីមួយ ខ្ញុំបានចាំអំពីការនិមិត្តដំបូង ហើយគិតថា « យ៉ូសែប ស៊្មីធ បានធ្វើរឿងនេះ ។ ខ្ញុំពុំត្រូវការ ការបើកសម្ដែងដ៏ធំអស្ចារ្យអ្វីឡើយ ប៉ុន្តែខ្ញុំត្រូវការចម្លើយ » ។ ដូច្នោះខ្ញុំបានធ្វើតាមលំនាំនោះដោយសេចក្តីជំនឿ ។ ខ្ញុំចាំពីការលុតជង្គង់ ហើយឱនក្បាលរបស់ខ្ញុំចុះ ព្រមទាំងពោលពាក្យអធិស្ឋានឮៗ ។ ការបន្តធ្វើតាមលំនាំនោះ បានប្រទានពរដល់ជីវិតរបស់ខ្ញុំជាច្រើនលើកច្រើនគ្រា ដើម្បីទទួលវិវរណៈផ្ទាល់ខ្លួន ។
តើចំណុចសំខាន់បំផុតណាខ្លះ ដែលយុវវ័យអាចរៀនអំពីខគម្ពីរនេះ ?
បងប្រុស អូវីន ៖ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីអំពីលំនាំនៃការអធិស្ឋានដែលយ៉ូសែប ស្ម៊ីធបានធ្វើ ។ កាលអាយុ ១៤ ឆ្នាំ លោកបានច្របូកច្របល់ ដូច្នោះលោកបានអានព្រះគម្ពីររបស់លោក ។ ការនិមិត្តដំបូងពុំមែនជាពេលវេលាខ្លី ដែលកើតឡើងដោយសារយ៉ូសែបលុតជង្គង់ចុះអធិស្ឋាននោះឡើយ ។ មានរឿងជាច្រើនដែលត្រូវធ្វើពីមុននោះ ។ លោកបានសញ្ជឹងគិតពីសំណួររបស់លោកម្ដងហើយម្ដងទៀត ។ នៅពេលលោកឃើញ យ៉ាកុប ១:៥–៦ លោកបានមានប្រសាសន៍ថា « ពុំដែលមានបទគម្ពីរណាមួយដែលមានប្រសិទ្ធភាពទៅលើចិត្តមនុស្សដូចជាបទគម្ពីរនេះ មានប្រសិទ្ធភាពមកលើចិត្តខ្ញុំឡើយ » ( យ៉ូសែប ស្ម៊ីធ–ប្រវត្តិ ១:១២ ) ។ ខគម្ពីរនោះបានចាក់ចូលទៅក្នុងដួងចិត្តរបស់លោកយ៉ាងខ្លាំង ហើយក្រោយមកលោកបានអនុវត្តតាមខគម្ពីរនោះប្រាប់ ។ លោកបានអធិស្ឋានដោយស្មោះអស់ពីចិត្ត ហើយបន្តឆ្ពោះទៅមុខដោយសេចក្ដីជំនឿ ។ ហើយនោះគឺជាអ្វីដែលពួកយើងសង្ឃឹមថា ប្អូនៗនឹងអាចទទួលអារម្មណ៍នេះពីខគម្ពីរនេះក្នុងឆ្នាំ ២០១៧ទាំងមូល។