ឆ្នាំ​២០១៧
គ្រា​នៃ​សេឡេស្ទាល
January 2017


គ្រា​នៃសេឡេស្ទាល

អ្នក​និពន្ធ​រស់នៅ​ក្នុង​រដ្ឋ ឡាណាស្សៀរ​ភាគ​ខាង​ជើង​ប្រទេស​ស្កតឡង់ ។

ជួនកាល​ខ្ញុំ​មាន​អារម្មណ៍​មួយ​ថា ស្ថានសួគ៌​នៅ​មិន​ឆ្ងាយ​ឡើយ ។

នា​ថ្ងៃ​មួយ អ្នក​ដឹកនាំ​ថ្នាក់​យុវនារី​របស់​ខ្ញុំ​បាន​បង្រៀន​ពួកយើង​អំពី​គ្រា​អស្ចារ្យ​នានា ដែល​អ្នក​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ហើយ​មាន​អារម្មណ៍​ថា​នៅ​ក្បែរ​ព្រះ ។ ពួកគេ​ហៅ​វា​ថា « គ្រា​នៃ​សេឡេស្ទាល » ជា​ឃ្លា​សាមញ្ញ​មួយ​ដែល​ងាយ​ចងចាំ ។ សម្រាប់​ខ្ញុំ ខ្ញុំ​បាន​ដឹង​រួច​ទៅ​ហើយ​ថា « គ្រា​នៃ​សេឡេស្ទាល » គឺ​ជា​អ្វី​នោះ ដ្បិត​ខ្ញុំ​ធ្លាប់​ទទួល​អារម្មណ៍​នេះ​កាល​ពីមុន គឺ​ដូចជា​ពេល​ដែល​អ្នក​មាន​អារម្មណ៍​តិចតួច ឬ ភ្លក់​រសជាតិ​នៃ​ជីវិត​នៅ​នគរ​សេឡេស្ទាល​ដូច្នោះ​ដែរ ។ ខ្ញុំ​មាន​គ្រា​ទាំង​នេះ​ជា​ច្រើន ។

បន្ទាប់​ពី​ពួក​អ្នក​ដឹកនាំ​បាន​ណែនាំ​អំពី​គំនិត​នេះ យើង​បាន​នាំ​គ្នា​ចេញ​ទៅ​ក្រៅ​ថ្នាក់ ។ ព្រះ​អាទិត្យ​កំពុង​រះ​ចាំង​ទៅលើ​ដើមឈើ ។ យើង​បាន​បិទ​ភ្នែក ។ ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអាទិត្យ​ដែល​ចាំង​ពន្លឺ​មក​លើ​មុខ​ខ្ញុំ​នោះ​ដូច​ជា​ខ្យល់​ជំនោរ​បក់​មក​យ៉ាង​កក់ក្តៅ ។ សត្វ​បក្សាបក្សី​ស្រែក​ច្រៀង ហើយ​ដើម​ឈើ​បក់​យោលយោគ​ទៅតាម​ខ្យល់​បក់ ខណៈ​ដែល​យើង​រីករាយ​នឹង​ការបង្កបង្កើត​របស់​ព្រះ ។ នោះ​ហើយ​គឺ​ជា​គ្រា​នៃ​សេឡេស្ទាល ។

ពេល​មួយ​ទៀត​ដែល​ខ្ញុំ​មាន​អំពី​គ្រា​នៃ​សេឡេស្ទាល​នោះ​គឺ​បន្ទាប់​ពី​មិត្តភក្តិ​របស់​ខ្ញុំ​បាន​ជ្រមុជទឹក​រួច ។ នៅពេល​យើង​បាន​ដើរ​ត្រឡប់​ចូល​ទៅក្នុង​រោង​ថ្វាយ​បង្គំ​វិញ រហូត​ដល់​កម្មវិធី​នោះ​ចប់ នាង​បាន​ចាប់​ដៃ​របស់​ខ្ញុំ ហើយ​និយាយ​អំពី​ភាពអស្ចារ្យ​ដែល​ពួកយើង​បាន​ក្លាយ​ជា​មិត្ត​នឹង​គ្នា ហើយ​នឹង​បន្ត​រហូត​តទៅ—គឺ​រហូត​ដល់​អស់កល្ប​ជានិច្ច ។ ខ្ញុំ​នឹង​មិន​ភ្លេច​គ្រា​នោះ​ឡើយ ។ ខ្ញុំ​មាន​ចិត្ត​រំភើប និង រីករាយ ព្រមទាំង​មាន​អំណរគុណ !

មួយ​ឆ្នាំ​ក្រោយ​មក យើង​ទាំង​ពីរ​នាក់ មាន​អំណរ​ដដែល​នោះ​ជា​ថ្មី​ម្តង​ទៀត នៅពេល​យើង​ឈរ​នៅ​អាង​ជ្រមុជទឹក ហើយ​មើល​ម្តាយ​របស់​នាង​ចូល​ទៅ​ក្នុង​ទឹក​នៃ​បុណ្យ​ជ្រមុជ ។ ពិតជា​មាន​លម្អ​នៅ​ព័ទ្ធ​ជុំវិញ​មែន ។

ប្រហែល​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​មាន​បទពិសោធន៍​នេះ​គឺ​មាន​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ ។ គ្រា​ដំបូង​ដែល​ខ្ញុំ​បាន​ចូល​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ខ្ញុំ​មាន​ពរ​ដែល​បាន​ចូល​ទៅ​ទីនោះ​ជាមួយ​ឪពុកម្តាយ និង ប្អូនស្រី​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ជ្រមុជទឹក​ឲ្យ​ជីដូន​ទួត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អារម្មណ៍ថា​គាត់​មាន​ក្តីរីករាយ ។

គ្រា​នៃ​សេឡេស្ទាល​អាច​កើត​មាន​ឡើង​នៅ​គ្រប់​ទីកន្លែង និង គ្រប់​ពេលវេលា—អំឡុង​ពេល​ស្តាប់​តន្ត្រី ឬ អំឡុង​ពេល​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ឬ ពេល​នៅ​សាលា​រៀន ។ ខ្ញុំ​ចាំ​ពី​រាត្រី​ជួបជុំ​ក្រុមគ្រួសារ​មួយ នៅពេល​បងប្អូន​ទាំងអស់​គ្នា​បាន​សើច​រហូត ! នោះ​គឺ​ជា​គ្រា​មួយ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត ។

គ្រា​នៃ​សេឡេស្ទាល​ទាំង​នេះ​បាន​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​មាន​ស្មារតី​មួយ​កាន់តែ​មាន​អំណរគុណ​ថែម​ទៀត ។ គ្រា​ទាំង​នោះ​បាន​បង្រៀន​ខ្ញុំ​នូវ​មេរៀន​ដ៏​អស្ចារ្យ​ជា​ច្រើន ។ លើស​ពី​នេះ​ទៀត គ្រា​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ និង រំភើប​ចិត្ត​អំពី​ដំណឹង​ល្អ ! ខ្ញុំ​ដឹង​ថា ប្រសិនបើ​ខ្ញុំ​បន្ត​រស់នៅ​តាម​ដំណឹង​ល្អ នោះ​លម្អ​ទាំងអស់ សុភមង្គល ភាពសុខសាន្ត និង សេចក្តីស្រឡាញ់​ដែល​ខ្ញុំ​មាន​នៅក្នុង​គ្រា​នៃ​សេឡេស្ទាល​នីមួយៗ នឹង​ក្លាយ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​អាច​ទទួល​អារម្មណ៍​អំពី​វា​ជានិច្ច—ក្នុង​កម្រិត​មួយ​យ៉ាង​ខ្លាំង—នៅក្នុង​នគរ​សេឡេស្ទាល ។