តម្លៃរបស់ មិន ជុន
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ខូឡូរ៉ាដូ ស.រ.អា. ។
« ព្រះយេស៊ូវជាសម្លាញ់យើង ។ … កុមារគួរស្រឡាញ់ » ( សៀវភៅចម្រៀងកុមារ ទំព័រ ៣៧ ) ។
មិន ជុនបានមើលពពកនៅខាងក្រៅបង្អួច ។ គាត់និយាយថា « វាមើលទៅទំនងជាមានភ្លៀងនៅថ្ងៃស្អែក » ។
លោកតាបានងាកមុខចេញពីការអានកាសែត ហើយសំឡឹងមើលទៅលើមេឃ ហើយងក់ក្បាល ។ វាគឺជាចុងរដូវក្តៅនៅក្នុងទីក្រុង សេអ៊ូល ប្រទេស កូរ៉េ ហើយរដូវវស្សាបានចាប់ផ្តើម ។
មិន ជុន បានរៀបចំឆត្រដាក់នៅក្បែរសម្លៀកបំពាក់សម្រាប់ពាក់ថ្ងៃអាទិត្យ ។ « ចៅគិតថា ថ្ងៃស្អែកពួកយើងគួរតែចេញដំណើរពីព្រលឹម » ។
លោកតាបានញញឹម ។ « គំនិតល្អ ។ យើងនឹងត្រូវដើរផ្លូវឆ្ងាយ ប្រសិនបើផ្លូវដែលទាបៗនោះលិចទឹក » ។
« តើលោកតាគិតថាអគារសាសនាចក្រនឹងគ្មានបញ្ហាអ្វីទេមែនទេ ? » មិន ជុន បានសួរ ។ ឆ្នាំមុននៅបន្ទប់ក្រោមដី បានលិចទឹកអំឡុងរដូវវស្សា ។
លោកតាបាននិយាយថា « មែនហើយ » ។ « ប៉ុន្តែវាមិនពិបាកឡើយដើម្បីអធិស្ឋាននោះ » ។
« ដូច្នោះចៅនឹងអធិស្ឋានសម្រាប់ព្រះវិហារនារាត្រីនេះ ។ ហើយយើងនឹងអាចធ្វើដំណើរទៅព្រះវិហារដោយសុវត្ថិភាព ។ ចាល យ៉ា យ៉ូ ( រាត្រីសួស្តី ) » ។ មិន ជុន បានឱនក្បាល ហើយចូលដេក ។
នៅពេលព្រឹកឡើង ពួកគេបានចេញពីផ្ទះពីព្រឹកព្រលឹម ។ មិន ជុន បានងើយមើលទៅពពកខ្មៅដែលគ្របដណ្តប់ពេញផ្ទៃមេឃ ។
លោកតាបាននិយាយថា « ចូរមានសេចក្តីជំនឿចុះ » ។
មិន ជុន បានដើរតាមលោកតាតាមជណ្តើរតូចដែលមានបង្កាន់ដៃនៅលើកូនភ្នំក្បែរផ្ទះរបស់ពួកគេ ។ ពួកគេបានឈប់សម្រាកនៅលើកំពូលនោះដើម្បីយកកម្លាំង ។ សំណើមដ៏ច្រើននៅក្នុងបរិយាកាសបានធ្វើឲ្យអាវ-សរបស់ពួកគេសើម ។
លោកតាបានលាដៃប៉ះតំណក់ទឹកភ្លៀងដំបូង ។ « តើចៅមានប៉ះទឹកភ្លៀងទេ ? ភ្លៀងចាប់ផ្តើមធ្លាក់ហើយ » ។
ពួកគេបានបាំងឆត្រ ។ នៅពេលពួកគេបានឡើងទៅដល់ជណ្តើរបន្ទាប់ ភ្លៀងបានធ្លាក់កាន់តែខ្លាំង ។ មិន ជុនបានមើលគ្រប់ជំហានដែលដើរកាត់ភ្លៀង ។ « អូ៎យ ! » គាត់បានស្រែក នៅពេលគាត់រអិលដួល ហើយជង្គង់គាត់ដួលប៉ះដី ។
« តើចៅឈឺឬទេ ? » លោកតាបានសួរ ។ គាត់បានឈ្ងោកមើលស្នាមរហែកនៅលើខោរបស់មិន ជុន ។
មិន ជុន បាននិយាយដោយសំឡេងញ័រៗថា « វាគ្រាន់តែជាស្នាមរលាត់ទេ » ។
លោកតាបាននិយាយថា « យើងអាចដេរខោនេះនៅព្រះវិហារបាន » ។
មិន ជុន និង លោកតាបានបន្តឡើងជណ្តើរ ហើយបត់ទៅតាមផ្លូវខាងលើ ។
លោកតាបាននិយាយដោយបិតឆត្រវិញថា « ខ្យល់បក់ខ្លាំងណាស់នៅខាងលើនេះ » ។ មិន ជុន ក៏ពិបាកនឹងកាន់ឆត្ររបស់គាត់ដែរ ។ រំពេចនោះ ខ្យល់បានបក់យ៉ាងខ្លាំង ហើយបានធ្វើឲ្យឆត្ររលាត់ឡើង រហែកតាមថ្នេររបស់វា ។ មិន ជុន បានទម្លាក់ស្មាចុះដោយអស់សង្ឃឹម ។
លោកតាបានកាន់ឆត្រឲ្យគាត់ ។ « ចូលមកជ្រកជាមួយតាមក ។ យើងជិតដល់ព្រះវិហារហើយ » ។
មិន ជុន និង លោកតាបានជ្រកក្រោមឆត្រជាមួយគ្នា ប៉ុន្តែពួកគេនៅតែទទឹកភ្លៀងដែលបន្តធ្លាក់ឥតឈប់នោះ ។ នៅពេលពួកគេបានដើរជិតដល់ព្រះវិហារ មិន ជុន បានឮសំឡេងតន្ត្រី ។
« ពួកគេបានចាប់ផ្តើមប្រជុំហើយ ! » មិន ជុនបានរត់ទៅទ្វារមុខ ។ ក្រោយមកគាត់បានឃើញស្រមោលរបស់គាត់នៅក្នុងកញ្ចក់ ។ សក់គាត់ប្រែជាកន្ទ្រើង ស្រក់ទឹកតក់ៗ ខោរបស់គាត់បានរហែក ហើយស្បែកជើងគាត់ប្រឡាក់ភក់ ។ គាត់បានថយចេញពីទ្វារ ហើយដើរចុះជណ្តើរវិញ ។
មិន ជុន និយាយដោយស្ទាក់ស្ទើរថា « ចៅ … ចៅមិនអាចចូលទៅបានទេ » ។
លោកតាបាននិយាយថា « ចូលទៅមិនអីទេចៅ » ។
« ប៉ុន្តែចៅកខ្វក់ ហើយសើមខ្លួនជោគ ! »
លោកតាបានមើលមុខ មិន ជុន ក្រោយមកបានមើលទៅឧបករណ៍វាស់ទឹកភ្លៀងដែលដាក់ព្យួរជាប់នឹងរបង ។
« វាងាយស្រួលដើម្បីវាស់កម្រិតទឹកភ្លៀង មិន ជុន ប៉ុន្តែតើយើងវាស់វែងខ្លួនរបស់យើងដោយរបៀបណា ? »
មិន ជុន បានព្រិចភ្នែកដាក់លោកតា ។
លោកតាបាននិយាយថា « ចៅឃើញថាស្បែកជើងចៅប្រឡាក់ភក់ ជង្គង់ចៅដួលដាច់រលាត់ សក់ចៅកន្ទ្រីងកន្ទ្រើង ហើយចៅគិតថា ចៅគ្មានតម្លៃសោះឬ » ។ « ប៉ុន្តែព្រះយេស៊ូវគ្រីស្ទមានរបៀបដ៏ប្រសើរដើម្បីផ្តល់តម្លៃឲ្យមនុស្ស ។ ទ្រង់ជ្រាបដឹងពីដួងចិត្តចៅ ហើយដឹងថាអ្វីដែលចៅកំពុងធ្វើគឺត្រឹមត្រូវ ។ ប្រសិនបើចៅផ្តល់តម្លៃខ្លួនឯងតាមរបៀបរបស់ទ្រង់នោះ ចៅនឹងឃើញពីតម្លៃដ៏ច្រើនលើសលុប » ។
មិន ជុនបានមើលឧបករណ៍វាស់ទឹកភ្លៀង ។ វាបន្តឡើងទៅៗនៅពេលភ្លៀងបន្តធ្លាក់ ។ គាត់បានគិតពីក្តីលំបាកយ៉ាងខ្លាំង ដែលគាត់បានពុះពារធ្វើដំណើរមកព្រះវិហារ និង ភាពកក់ក្តៅ ព្រមទាំងចិត្តរីករាយដែលគាត់បានមាននៅពេលគាត់បានមកដល់ព្រះវិហារ ។ គាត់បានគិតអំពីក្ដីស្រឡាញ់ដ៏ធំធេងរបស់គាត់ចំពោះព្រះអង្គសង្គ្រោះ និង ក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះអង្គសង្គ្រោះមានចំពោះគាត់ ។
មិន ជុន បានឱបលោកតា ហើយពួកគេទាំងពីរនាក់បានដើរចូលទៅក្នុងព្រះវិហារ ។