សូមកុំភ្លេចអធិស្ឋានឲ្យអ៊ីរីក
អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ណាវ៉ាដា ស.រ.អា. ។
« ចូរដឹងថាគ្រប់គ្នា មានសេរីក្នុងការរើសជីវិតខ្លួនចង់បាន » ( ទំនុកតម្កើង លេខ ១៤៩ ) ។
គ្រួសាររបស់ខារីបានលុតជង្គង់នៅក្បែរសាឡុងដើម្បីអធិស្ឋានជាគ្រួសារ ។ អ្នកទាំងអស់គ្នាឱបដៃរបស់ខ្លួនដោយមានគារវភាព ។ លោកប៉ាបានសូមឲ្យ លីវ ជាប្អូនស្រីរបស់ខារីអធិស្ឋាន ។
លោកប៉ាបានរំឭកនាងថា « សូមកុំភ្លេចថ្លែងអំណរគុណព្រះវរបិតាសួគ៌សម្រាប់ពរជ័យ ជាច្រើន របស់យើងផងដែរ » ។
ម៉ាក់បានបន្ថែមថា « សូមកុំភ្លេចអធិស្ឋានឲ្យអ៊ីរីកផង » ។ ម៉ាក់តែងរំឭកពួកគេឲ្យអធិស្ឋានសម្រាប់អ៊ីរីកជានិច្ច ។
អ៊ីរីកគឺជាបងប្រុសរបស់ខារី ។ ពីមុនគាត់បានចេញទៅរៀនមហាវិទ្យាល័យ គាត់ និង ខារីគឺជាកល្យាណមិត្តនឹងគ្នា ។ នាងពិតជានឹករឿងរ៉ាវសប្បាយនានា ដែលពួកគេធ្លាប់លេងជាមួយគ្នា ។
ប៉ុន្មានខែក្រោយមក អ៊ីរីកបានប្រាប់ម៉ាក់ និង ប៉ាថា គាត់មិនចង់ក្លាយជាសមាជិកសាសនាចក្រតទៅទៀតឡើយ ។ ខារី និង គ្រួសារនាងមានការភ្ញាក់ផ្អើល ហើយកើតទុក្ខ ។ ពួកគេបានចាប់ផ្តើមអធិស្ឋានឲ្យអ៊ីរីករៀងរាល់យប់ ។ ជួនកាលពួកគេបានអធិស្ឋានសូមឲ្យគាត់នឹងទទួលអារម្មណ៍ពីព្រះវិញ្ញាណបរិសុទ្ធ ហើយចង់ត្រឡប់មកកាន់ព្រះវិហារវិញ ។ ប៉ាបានអធិស្ឋានថា សូមឲ្យដួងចិត្តរបស់អ៊ីរីកមានភាពជ្រះស្រឡះដើម្បីសម្រេចចិត្តឲ្យបានល្អ ។ ជារឿយៗ ម៉ាក់បានអធិស្ឋានថា សូមឲ្យមាននរណាម្នាក់ដែលអ៊ីរីកទុកចិត្ត អាចជួយគាត់រកផ្លូវត្រឹមត្រូវ ។ ក្រៅពីការអធិស្ឋានរបស់ពួកគេ ខារីអត់ទ្រាំខឹងមិនបានឡើយ ។ ហេតុអ្វីព្រះវរបិតាសួគ៌ពុំនាំអ៊ីរីកត្រឡប់មកព្រះវិហារវិញ ?
ទីបំផុតនៅពេល លីវ បានបើកមាត់គាត់អធិស្ឋាន ខារីអត់ទ្រាំនឹងទប់ពាក្យសម្តីរបស់នាងពុំបានទៀតឡើយ ។ នាងបានរបូតមាត់និយាយថា « ហេតុអ្វីព្រះវរបិតាសួគ៌ពុំឆ្លើយតបការអធិស្ឋានរបស់យើង ? » អ្នកគ្រប់គ្នាបានមើលមុខខារីដោយក្តីភ្ញាក់ផ្អើល ប៉ុន្តែនាងអន់ចិត្តយ៉ាងខ្លាំងដោយការខ្វល់ខ្វាយពីរឿងនោះ ។ គ្មាននរណានិយាយអ្វីឡើយអស់មួយសន្ទុះ ។
ប៉ាបាននិយាយថា « ខារី ពេលកូនមកពីសាលារៀនថ្ងៃនេះ តើកូនបានទុកកាបូបស្ពាយរបស់កូនត្រឹមត្រូវឬទេ ? »
« ប៉ាថាម៉េច ? » ខារីបានសួរដោយងឿងឆ្ងល់ ។ តើកាបូបស្ពាយរបស់នាងពាក់ព័ន្ធអ្វីដែរនឹងរឿងនេះ ? នាងបានក្រឡេកមើលទៅទ្វារមុខ ហើយបានឃើញកាបូបស្ពាយរបស់ខ្លួន ទម្លាក់ចោលក្បែរជញ្ជាំង ដោយមិនព្យួរជាប់ជញ្ជាំងក្បែរកាបូបរបស់លីវឡើយ ។ « អត់ទេ … កូនសូមទោស » ។
« តើម៉ាក់ពុំបានរំឭកកូនឲ្យព្យួរវាទេឬអី ? »
ខារីបានឆ្លើយ « ចា៎ស » ។ នាងបានឈ្ងោកមុខចុះ ។
« តើជារឿយៗ ម៉ាក់ពុំបានរំឭកកូនឲ្យព្យួរកាបូបស្ពាយរបស់កូនទេឬអី ? »
ខារីបានឆ្លើយខ្សាវៗថា « ចា៎ស » ។ នាងនៅតែពុំដឹងថាតើរឿងនេះវាពាក់ព័ន្ធនឹងរឿងផ្សេងទៀតដោយរបៀបណានោះទេ ។ តើប៉ាពុំបានចាត់ទុកសំណួររបស់នាងជាសំណួរសំខាន់ទេឬអី ?
« ប៉ាដឹងថានៅពេលយើងអធិស្ឋានឲ្យអ៊ីរីក ព្រះវរបិតាសួគ៌ ពិតជា ឆ្លើយតបការអធិស្ឋានរបស់យើង—គ្រប់ពេល ។ បញ្ហានោះគឺថា អ៊ីរីកអាចពុំស្តាប់នរណាឡើយនៅពេលនេះ ។ អ៊ីរីកត្រូវរើសថាតើគាត់ស្តាប់តាមព្រះវិញ្ញាណបរិសុទ្ធដែរឬអត់ គឺដូចជាកូនជ្រើសរើសស្តាប់ម្តាយកូនឲ្យព្យួរកាបូបស្ពាយរបស់កូនឬក៏មិនស្តាប់ដូច្នោះដែរ ។ ប៉ុន្តែតើកូនគិតថា កូននឹងអើពើជាមួយម៉ាក់កូន ជានិច្ច ឬ ពេលគាត់ សូមឲ្យកូនព្យួរកាបូបស្ពាយរបស់កូននោះ ? »
ខារីបានតបថា « កូនគិតថាអត់ទេ » ។
« ថ្ងៃណាមួយនាងនឹងស្តាប់តាម ! » ម៉ាក់បាននិយាយដោយមិចភ្នែកដាក់ខារី ។ ខារីបានញញឹម ។
ខារីបានបន្ថែមថា « ដូច្នោះថ្ងៃណាមួយអ៊ីរីកនឹងមានចិត្តស្តាប់ផងដែរ »
ម៉ាក់បាននិយាយថា « ប្រាកដណាស់ » ។ « ការស្តាប់ព្រះវិញ្ញាណបរិសុទ្ធ គឺជាជំនាញមួយដែលកូនត្រូវអភិវឌ្ឍ ។ ប្រហែលជាអ៊ីរីកមិនបានរៀនពីជំនាញនោះនៅឡើយទេ » ។ ខារីចាប់ផ្ដើមមានអារម្មណ៍ធូរស្បើយបន្តិច ។
ពួកគេបានឱនក្បាល ខណៈដែលលីវបានអធិស្ឋាន ។ នាងបានអធិស្ឋានសូមឲ្យ អ៊ីរីកនឹងរៀនស្ដាប់ព្រះវិញ្ញាណបរិសុទ្ធ ។ អំឡុងពេលដែលលីវកំពុងអធិស្ឋាន ខារីមានអារម្មណ៍សុខសាន្ត ហើយកក់ក្តៅ ។ នាងបានដឹងថា ព្រះវរបិតាសួគ៌ទ្រង់កំពុងព្រះសណ្តាប់ការអធិស្ឋានរបស់ពួកគេ ។ នៅពេលលីវបានថ្លែងអំពីពរជ័យមួយចំនួនដែលគ្រួសាររបស់ពួកគេបានទទួល ខារីបានគិតអំពីពរជ័យមួយទៀតបន្ថែមពីលើនោះ—ឥឡូវនេះនាងបានយល់កាន់តែប្រសើរឡើងអំពីការអធិស្ឋានហើយ !
នៅពេលចប់ការអធិស្ឋាន ខារី បានដឹងថា ព្រះវរបិតាសួគ៌ពុំបំភ្លេចអ៊ីរីកឡើយ ។ នាងក៏បានដឹងដែរថា ទ្រង់នឹងមិនភ្លេចនាងឡើយ !