កំពុងដែលខំព្យាយាមឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបាន យោបល់ផង
ដកស្រង់ពីសុន្ទរកថាការប្រជុំធម្មនិដ្ឋាន មួយ « Lean Not unto Thine Own Understanding » បានថ្លែងនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ នៅថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៥ ។ ដើម្បីទទួលបានសុន្ទរកថាទាំងស្រុង ជាភាសាអង់គ្លេស សូមចូលទៅ speeches.byu.edu ។
យោបល់ពិតប្រាកដនឹងកើតមានចំពោះអ្នក នៅពេលអ្នកទទួលស្គាល់ទំនាក់ទំនងនៃការសិក្សា និង ការអធិស្ឋាន នៅពេលអ្នករក្សាការតាំងចិត្តបម្រើអំឡុងពេលរៀន និង ធ្វើការរកប្រាក់ចំណូល ព្រមទាំងនៅពេលអ្នកទុកចិត្ត ហើយ ពឹងផ្អែកលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។
រចនារូបថតដោយ រ៉ូប៊ើត ហាន់
ខ្ញុំបានចំណាយពេលយ៉ាងច្រើន រៀននៅក្នុងបណ្ណាល័យកាលខ្ញុំជានិស្សិតមហាវិទ្យាល័យ ។ គ្រប់ពេលខ្ញុំបានចូលក្នុងបណ្ណាល័យ នោះមានសញ្ញាមួយដាក់សម្រាប់ស្វាគមន៍នៅលើច្រកចូលដែលសរសេរថា « កំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង » ( សុភាសិត ៤:៧ ) ។
យើងទាំងអស់គ្នាដឹងថា ការធ្វើច្រំដែលៗធ្វើឲ្យមានការចងចាំ ។ ហេតុដូច្នោះហើយ ខ្ញុំបានឆ្លាក់ខគម្ពីរដែលដកស្រង់ពីគម្ពីរសុភាសិតនេះក្នុងចិត្តរបស់ខ្ញុំជានិច្ច ដោយអានវាគ្រប់ពេលដែលខ្ញុំចូលទៅក្នុងបណ្ណាល័យ អំឡុងពេលបួនឆ្នាំនៃការសិក្សានៅមហាវិទ្យាល័យ ។
ខ្ញុំសូមផ្តល់ការទូន្មានដូចគ្នានេះចំពោះអ្នករាល់គ្នា ៖ « កំពុងដែលខំឲ្យបានរបស់ផ្សេងៗនោះ ចូរខំឲ្យបានយោបល់ផង » ។ ខ្ញុំក៏សំណូមពរឲ្យ អ្នកគិតពីអត្ថន័យនៃខគម្ពីរនេះ និង របៀបដែលខគម្ពីរនេះផ្តល់ប្រយោជន៍ដល់អ្នក ។ ខ្ញុំបានធ្វើដូច្នោះហើយ ។ ខ្ញុំបានពិចារណាអំពីខគម្ពីរនេះក្នុងចិត្តខ្ញុំម្តងហើយម្តងទៀត ហើយការបកស្រាយរបស់ខ្ញុំអំពីអត្ថន័យនៃខគម្ពីរនេះបានផ្លាស់ប្តូរជាច្រើន ។ ប្រហែលជាអ្នកអាចទទួលបានប្រយោជន៍ពីការសង្កេតរបស់ខ្ញុំ ។
ដួងចិត្តដែលមានយោបល់
កាលជាអ្នកផ្សព្វផ្សាយសាសនាវ័យក្មេងនៅប្រទេសជប៉ុន ដោយពុះពាររៀនភាសាដ៏លំបាក នោះខ្ញុំបានស្តាប់ឮវាក្យសព្ទមួយចំនួនយ៉ាងលឿន និង ញាប់ ។ ពាក្យស្វាគមន៍ដូចជាពាក្យទាំងពីរនេះ ohayo gozaimasu ( អរុណសួស្តី ) ឬ konnichiwa ( សាយ័ណ្ហសួស្តី ) ។ ពាក្យមួយទៀតគឺ wakarimasen, ដែលមានន័យថា « ខ្ញុំមិនយល់ទេ » ។ ពេលនិយាយពាក្យនេះគេចាប់ដៃគ្នាទៅវិញទៅមក ហាក់បីដូចជាការឆ្លើយតបយ៉ាងពេញចិត្តមួយពីសំណាក់ប្រជាជនជប៉ុនទៅដល់អ្នកផ្សព្វផ្សាយសាសនាវ័យក្មេង នៅពេលពួកគេព្យាយាមសន្ទនាជាមួយប្រជាជននោះ ។
ដំបូង នៅពេលខ្ញុំបានគិតអំពីអត្ថន័យនៃឃ្លា « កំពុងដែលខំឲ្យបានរបស់ផ្សេងៗនោះ ចូរខំឲ្យបានយោបល់ផង » ខ្ញុំបានគិតអំពីពាក្យ យោបល់ ទាក់ទងនឹងពាក្យការយល់ដឹងច្រើនជាង ៖ គឺជាអ្វីដែលខ្ញុំអាចស្តាប់ឮដោយត្រចៀកខ្ញុំ និង យល់ក្នុងចិត្តខ្ញុំ ។ ខ្ញុំបានគិតដល់ពាក្យរបស់ភាសាជប៉ុនដែលនិយាយថា wakarimasen ។ តើខ្ញុំយល់ ឬ មិនយល់ ?
នៅពេលខ្ញុំបានសិក្សា និង សង្កេតមើលការប្រើពាក្យ យោបល់ នៅក្នុងព្រះគម្ពីរ និង ប្រសាសន៍មកពីព្យាការីដែលនៅរស់ នោះខ្ញុំបានយល់ពីអត្ថន័យដ៏ជ្រាលជ្រៅរបស់វា ។ សូមពិចារណាអំពីប្រសាសន៍នេះមកពីអែលឌើរ រ៉ូបឺត ឌី ហែល ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ កាលលោកជាប៊ីស្សពជាអធិបតីនៃសាសនាចក្រ ៖
« ដំបូងយើងចាប់ផ្តើមដោយបញ្ញា ជាបញ្ញាដែលយើងមានមកតាំងពីកំណើត ។ នៅពេលយើងស្រាវជ្រាវរកចម្លើយ សិក្សា ហើយ អប់រំខ្លួនយើង មានន័យថា យើងបន្ថែមចំណេះដឹងទៅលើបញ្ញាដែលមានមកជាមួយយើងនោះ ។ យើងបន្ថែមបទពិសោធន៍ទៅលើចំណេះដឹងរបស់យើង ដែលនាំយើងទៅរកកម្រិតមួយនៃប្រាជ្ញា ។ ក្រៅពីប្រាជ្ញារបស់យើង យើងបន្ថែមជំនួយពីព្រះវិញ្ញាណបរិសុទ្ធតាមរយៈការអធិស្ឋានដោយសេចក្តីជំនឿរបស់យើង ទូលសូមការណែនាំខាងវិញ្ញាណ និង កម្លាំង ។ លំដាប់នោះ យើងឈានដល់ យោបល់ មួយនៅក្នុងចិត្តរបស់យើង—ដែលជំរុញយើងឲ្យ ‹ ធ្វើអ្វីដែលត្រឹមត្រូវ ចូរឲ្យផលមកតាមក្រោយ › ( ទំនុកតម្កើង ឆ្នាំ ១៩៨៥ លេខ ១៤៧ ។ អារម្មណ៍នៃដួងចិត្តដែលមាន យោបល់ ផ្តល់ស្មារតីនៃការធានាអះអាងដ៏ជឿជាក់ដល់យើង គឺមិនត្រឹមតែដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើអ្វីដែលត្រឹមត្រូវ ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក្តី ។ យោបល់ នៅក្នុងដួងចិត្តរបស់យើងកើតឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងការសិក្សា និង ការអធិស្ឋាន » ។១
ឥឡូវនេះចូរពិចារណាម្តងទៀត ៖ « កំពុងដែលខំឲ្យបានរបស់ផ្សេងៗនោះ ចូរខំឲ្យបានយោបល់ផង » ។ យោបល់នៅក្នុងបរិបទនេះកើតមកពីបញ្ញា ចំណេះដឹង បទពិសោធន៍ ប្រាជ្ញា និង ការបំផុសគំនិតមកពីព្រះវិញ្ញាណបរិសុទ្ធ—ដែលទាំងអស់នេះដឹកនាំយើងឲ្យស្គាល់ ហើយ ធ្វើអ្វីដែលត្រឹមត្រូវ ។
ភាគច្រើនអ្នកទាំងអស់គ្នាកំពុងឆ្ពោះទៅ ឬ បានចូលដល់ដំណាក់កាលនៃការសម្រេចចិត្តដ៏សំខាន់ក្នុងជីវិតរបស់អ្នក ។ អ្នកប្រែកាន់តែមានភាពឯករាជ្យពីមួយឆ្នាំទៅមួយឆ្នាំ ហើយអ្នកកំពុងធ្វើដំណើរឆ្ពោះទៅ « ខំឲ្យបានរបស់ផ្សេងៗ » នៅក្នុងដំណាក់កាលនៃជីវិតរបស់អ្នក ។ តើអ្នកកំពុងតែខំឲ្យបានអ្វីខ្លះ ? អ្នកប្រហែលជាខំឲ្យបានស្វាមី ឬ ភរិយា មានគ្រួសារផ្ទាល់ខ្លួន និង ការងារជាដើម ។
ដើម្បីរៀបចំកិច្ចការសំខាន់ៗទាំងនេះ ដែលយើង « ខំឲ្យបាន » នោះយើងក៏ត្រូវទទួល « យោបល់ » ដូចខគម្ពីរបង្រៀនដែរ ។ យោបល់នេះកើតឡើងតាមរយៈការពឹងផ្អែកទាំងលើការសិក្សា និង ការអធិស្ឋាន ។ និយាយម្យ៉ាងទៀត យើងត្រូវទុកចិត្ត ហើយពឹងផ្អែកលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ។ អាលម៉ាពិពណ៌នាការណ៍នេះ នៅពេលលោកប្រដូចព្រះបន្ទូលទៅនឹងគ្រាប់ពូជមួយគ្រាប់ ។ ដូចលោកបានថ្លែងថា « វាចាប់ផ្តើមបំភ្លឺ យោបល់ របស់ខ្ញុំ មែនហើយវាចាប់ផ្តើមមានរសជាតិឆ្ងាញ់ចំពោះខ្ញុំ » ( អាលម៉ា ៣២:២៨ ការគូសបញ្ជាក់បានបន្ថែម ) ។
ជារឿយៗប្រធាន ថូម៉ាស អេស ម៉នសុន ដកស្រង់ខគម្ពីរមកពីគម្ពីរសុភាសិតដែលជួយបន្ថែមឲ្យយល់ពីការណ៍នេះ ៖ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត និង កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ » ( សុភាសិត ៣:៥ ) ។២
នៅពេលយើងទុកចិត្ត ហើយពឹងផ្អែកលើព្រះអម្ចាស់ នោះទំហំនៃយោបល់កើតឡើងពីទ្រង់ចូលទៅក្នុងដួងចិត្តរបស់យើង ។
« ព្រះហស្តរបស់ព្រះអម្ចាស់នៅលើពួកយើង »
ខ្ញុំសូមផ្តល់ឧទាហរណ៍មួយអំពីស្ត្រីដ៏មានឥទ្ធិពលម្នាក់ ដែលបានដើរតួយ៉ាងសំខាន់នៅក្នុងការស្តារឡើងវិញ ដែលបានទុកចិត្តលើព្រះអម្ចាស់ ហើយពុំបានពឹងផ្អែកលើយោបល់របស់ខ្លួនគាត់ឡើយ ។
មិនយូរប៉ុន្មានបន្ទាប់ពីសាសនាចក្របានបង្កើតឡើងនៅក្នុងទីក្រុង ប៉ាលម៉ៃរ៉ា រដ្ឋ នូវ យ៉ោក ម្តាយរបស់យ៉ូសែប លូស៊ី ម៉ាក ស្ម៊ីធ បានបន្តនៅទីក្រុង វ៉តធើរលូ រដ្ឋ នូវ យ៉ោក ជាមួយពួកបរិសុទ្ធមួយក្រុមធំ អំឡុងពេលដែលស្វាមីរបស់គាត់ យ៉ូសែប ស៊ីញ័រ និង កូនប្រុសមួយចំនួនរបស់ពួកគេ រួមមានទាំង យ៉ូសែប ជុញ្ញ័រ បានចាកចេញមុនគាត់ទៅទីក្រុង ខឺតឡង់ រដ្ឋ អូហៃអូ ។ ការទទួលខុសត្រូវរបស់គាត់គឺត្រូវនាំពួកបរិសុទ្ធក្រុមនេះទៅរដ្ឋ អូហៃអូ នៅពេលគាត់បានទទួលសារលិខិតពីកូនប្រុសរបស់គាត់ ដែលជាព្យាការី ។
សារលិខិតនោះបានមកដល់គាត់នៅដើមរដូវផ្ការីកឆ្នាំ ១៨៣១ ។ ដោយមានជំនួយមកពីបងប្អូនប្រុសមួយចំនួន លូស៊ី បានចាប់ផ្តើមនាំក្រុមនោះទៅទីក្រុង បាសហ្វាឡូ រដ្ឋ នូវ យ៉ោក ដោយមានបំណងធ្វើដំណើរទៅរដ្ឋ អូហៃអូ ដោយជិះទូកកាត់ព្រែកអេរី ។ គាត់បាននិយាយដូចនេះ ៖ « នៅពេលបងប្អូនប្រុសបានគិតថា រដូវផ្ការីកគឺជាពេលសមល្មម ដើម្បីធ្វើដំណើរតាមជើងទឹក យើងទាំងអស់គ្នាបានចាប់ផ្តើមរៀបចំ ដើម្បីចេញដំណើរទៅទីក្រុង ខឺតឡង់ ។ យើងបានជួលទូកមួយ… ហើយ… ពួកយើងមានគ្នាចំនួនប៉ែតសិបនាក់ » ។
ក្រោយមក នៅពេលពួកគេបានជិះទូកទៅដល់ ព្រែកអេរី ហើយបានឆ្ពោះទៅទីក្រុង បាហ្វាឡូ នោះគាត់និយាយដូចនេះ ៖ « ខ្ញុំបានហៅបងប្អូនប្រុសស្រីឲ្យជុំគ្នា ហើយរំឭកពួកគេថា យើងធ្វើដំណើរដោយសារតែសេចក្ដីត្រាស់បង្គាប់របស់ព្រះអម្ចាស់ គឺដូចជាលោកឪពុកលីហៃ កាលលោកបានចាកចោលទីក្រុងយេរូសាឡិម ហើយដោយភក្ដីភាព នោះ យើងមានហេតុផលនឹងរំពឹងបានពរជ័យដូចគ្នានោះដែរមកពីព្រះ ។ ក្រោយមកខ្ញុំបានសូមពួកគេឲ្យមានចិត្តរឹងប៉ឹង ហើយតម្រង់ចិត្តរបស់ពួកគេឡើងចំពោះព្រះជាបន្តបន្ទាប់នៅក្នុងការអធិស្ឋាន ប្រយោជន៍ឲ្យយើងអាចចម្រើនឡើង » ។
នៅប្រហែលជាពាក់កណ្តាលផ្លូវទៅទីក្រុង បាហ្វាឡូ ដែលចេញពីវ៉តធើរលូ គឺការធ្វើដំណើរតាមព្រែកជីកនោះបានប្រែជាពុំអាចធ្វើដំណើរបាន ។ ស្ថានភាពសម្រាប់ពួកបរិសុទ្ធ ៨០ នាក់គ្មានភាពងាយស្រួលឡើយ ហើយការរអ៊ូរទាំបានចាប់ផ្តើមឡើងភ្លាម ។ លូស៊ីបានបង្រួបបង្រួមសេចក្តីជំនឿរបស់ពួកគេដោយពឹងផ្អែកលើព្រះអម្ចាស់ ។ គាត់ប្រាប់ពួកគេដូចនេះ ៖ « ទេ ទេ … បងប្អូនមិនស្រែកឃ្លានឡើយ ទោះជាបងប្អូនប្រុស ឬ នរណាផ្សេងទៀតក្តី សូមមានចិត្តអត់ធ្មត់ ហើយឈប់រអ៊ូរទាំ ។ ខ្ញុំគ្មានចិត្តសង្ស័យឡើយ ហើយព្រះហស្តរបស់ព្រះអម្ចាស់នៅលើពួកយើង » ។
នៅពេលពួកគេបានទៅដល់ទីក្រុង បាហ្វាឡូនៅថ្ងៃទី ៥បន្ទាប់ពីចេញពីវ៉តធើរលូ កំពង់ផែដែលត្រូវនាំទៅដល់ព្រែកអេរីនោះបានកក ។ ពួកគេបានធ្វើដំណើរលើទូកជាមួយមេបញ្ជាការ ប្លេក ជាបុរសម្នាក់ដែលបានស្គាល់ លូស៊ី ស៊្មីធ និង គ្រួសាររបស់គាត់ ។
ពីរបីថ្ងៃក្រោយមក ទោះបីជាស្ថានភាពនៅលើទូកនោះមិនអំណោយផលដល់ពួកគេទាំងអស់គ្នាឲ្យបន្តស្នាក់នៅ អំឡុងពេលរង់ចាំការប្រាប់ឲ្យចេញដំណើរក្តី លូស៊ី បានរៀបរាប់ថា « ចាប់តាំងពីពេលនោះមកមេបញ្ជាការ ប្លេក បានស្នើសុំឲ្យអ្នកធ្វើដំណើរបន្តជិះនៅលើទូកនោះទៀត ដោយសារគាត់ចង់ត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមគ្រានៃការប្រុងប្រយ័ត្ន ក្នុងពេលដំណាលគ្នានោះដែរ គាត់បានបញ្ជូនមនុស្សម្នាក់ឲ្យទៅវាស់វែងមើលជម្រៅនៃទឹកកក ហើយនៅពេលបុរសនោះត្រឡប់មកវិញបានរាយការណ៍ថា ទឹកកកនោះកករឹងកម្ពស់ ៦ ម៉ែត្រ ហើយថាតាមគំនិតរបស់គាត់ នោះយើងនឹងបន្តនៅលើកំពង់ផែនេះ យ៉ាងហោចណាស់ពីរសប្តាហ៍ទៀត » ។
ព័ត៌មាននេះធ្វើឲ្យមនុស្សនៅក្នុងក្រុមមានការភ័យរន្ធត់ជាខ្លាំង ។ គ្រឿងបរិក្ខារប្រើប្រាស់បានអស់ ហើយស្ថានភាពមានការលំបាក ។ លូស៊ី ម៉ាក ស្ម៊ីធ បានរៀបរាប់បន្ថែមទៀតអំពីការក្រើនរំឭកដល់ពួកបរិសុទ្ធដូច្នេះ ៖ « បងប្អូននិយាយថា បងប្អូនដាក់ទីទុកចិត្តរបស់ខ្លួនលើព្រះ ដូច្នេះតើបងប្អូនអាចមានអារម្មណ៍រអ៊ូរទាំ និង ស្តីបន្ទោសដូចបងប្អូនបានធ្វើនេះយ៉ាងដូចម្តេច ! បងប្អូនកាន់តែគ្មានហេតុផលជាងពួកកូនចៅសាសន៍អ៊ីស្រាអែលទៅទៀត ដ្បិតបងប្អូនស្រីក្នុងសាសនាចក្ររបស់ខ្ញុំចង់បានកៅអីដ៏សុខស្រួលរបស់ពួកគេ ហើយបងប្អូនប្រុសដែលខ្ញុំរំពឹងថាជាអ្នកដែលរឹងប៉ឹង និង មានកម្លាំងប្រកាសថាពួកគេជឿយ៉ាងប្រាកដថា ពួកគេនឹងឃ្លានដាច់ពោះស្លាប់ ពីមុនពួកគេទៅដល់គោលដៅនៃដំណើររបស់ពួកគេ ។ ហើយហេតុអ្វីវាប្រែជាបែបនេះ ? តើមាននរណាម្នាក់គ្មានអាហារគ្រប់គ្រាន់ឬ ? … តើសេចក្ដីជំនឿរបស់បងប្អូននៅឯណា ? តើការទុកចិត្តរបស់បងប្អូនទៅលើព្រះនៅត្រង់ណា ? តើបងប្អូនមិនដឹងទេឬថា អ្វីៗទាំងអស់គឺទ្រង់ជាអង្គដែលធ្វើកិច្ចការទាំងនេះ ហើយថាទ្រង់គ្រប់គ្រងលើកិច្ចការទាំងនេះដោយព្រះហស្តរបស់ទ្រង់ផ្ទាល់ ? ហើយគិតថា ពួកបរិសុទ្ធទាំងអស់នៅទីនេះគួរតែតម្រង់ចិត្តរបស់ខ្លួនឡើង ដោយការអធិស្ឋានទៅកាន់ព្រះថា នឹងមានផ្លូវអាចបើកបាននៅចំពោះមុខយើង នោះវាពិតជាងាយណាស់សម្រាប់ទ្រង់ ដើម្បីបំបែកទឹកកកនោះ ប្រយោជន៍ឲ្យយើងអាចបន្តដំណើររបស់យើងទៅមុខទៀត ! »
ឥឡូវនេះ សូមអង្កេតពីសេចក្តីជំនឿដ៏អស្ចារ្យរបស់អ្នកម្តាយស្ម៊ីធ—ថាតើគាត់បានជ្រើសរើសទុកចិត្តលើព្រះអម្ចាស់ខ្លាំងប៉ុណ្ណា ហើយថាគាត់បានសូមឲ្យពួកបរិសុទ្ធដែលនៅជាមួយគាត់ កុំឲ្យពឹងផ្អែកលើយោបល់របស់ពួកគេខ្លាំងប៉ុណ្ណា ៖
« ‹ ឥឡូវនេះ ឱបងប្អូនប្រុសស្រីទាំងឡាយអើយ ប្រសិនបើបងប្អូនទាំងអស់គ្នានឹងអំពាវនាវទៅដល់ស្ថានសួគ៌ អំពីបំណងប្រាថ្នារបស់បងប្អូន ដើម្បីឲ្យដុំទឹកកកនេះអាចនឹងបែក ហើយដើម្បីឲ្យយើងអាចបន្តដំណើរទៅមុខបាន ដរាបណាព្រះអម្ចាស់មានព្រះជន្មរស់ នោះវានឹងសម្រេចបានយ៉ាងដូច្នោះ › ។ រំពេចនោះ មានសំឡេងមួយបន្លឺឡើងដូចជាផ្គរលាន់ ។ មេបញ្ជាការបានស្រែកថា ‹ អ្នកគ្រប់គ្នា ចូរទៅកាន់កន្លែងរៀងខ្លួន › ។ ដុំទឹកកកបានបែកប្រេះចេញ ដោយទុកច្រកតូចមួយសម្រាប់ទូក ហើយនៅពេលទូកបានឆ្លងកាត់តាមផ្លូវតូចចង្អៀតនោះ ស្លាបចាក់របស់ម៉ាស៊ីនទូកបានបាក់ដោយសារការប៉ះទង្គិចជាមួយទឹកកក ទាំងសំឡេងស្រែកបញ្ជាពីមេបញ្ជាការ រួមនឹងសំឡេងស្រែកយ៉ាងពេញទំហឹងរបស់អ្នកបើកក្ដោងទូក និង សំឡេងទឹកកក ព្រមទាំងសំឡេងស្រែករបស់អ្នកមើលពីលើដីគោក បានបង្ហាញពីឈុតឆាកដែលគួរឲ្យរន្ធត់ខ្លាំងបំផុត ។ យើងបានឆ្លងផុតតែបន្ដិចតាមផ្លូវដែលទឹកកកនោះបានប្រេះចេញពីគ្នា ពីមុនពេលដែលទឹកកកភ្ជិតជាប់គ្នាវិញម្ដងទៀត ហើយបងប្អូនប្រុសនៅទីក្រុងខូលស្វិល ត្រូវបានទុកឲ្យនៅទីក្រុងបាហ្វាឡូ ដោយពុំមកតាមយើងឡើយ ។
« នៅពេលយើងចាកចេញពីកំពង់ផែ មានមនុស្សម្នាក់ដែលមើលពីលើដីគោកបានស្រែកឡើងថា ‹ នោះន៎ក្រុមអ្នកដំណើរ « មរមន » ! ទូកនោះបានលិចចុះទៅក្នុងទឹកជ្រៅជាងមុន២៣សង់ទីម៉ែត្រ ហើយឃើញថា ទូកនោះនឹងលិច—វាប្រាកដជាលិច › ។ ប្រាកដណាស់ ពួកគេប្រាកដក្នុងចិត្តថាដូច្នោះ ទើបពួកគេបានដើរសំដៅទៅរកការិយាល័យ [ សារព័ត៌មាន ] ហើយឲ្យគេចុះផ្សាយអំពីរឿងនោះថា ពួកយើងបានលិចទូក ដូច្នោះនៅពេលពួកយើងបានទៅដល់ហ្វែផត នោះយើងអានព័ត៌មានអំពីការស្លាប់របស់យើងផ្ទាល់ » ។៣
« កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ »
« កំពុងដែលខំឲ្យបានរបស់ផ្សេងៗ នោះចូរខំឲ្យបានយោបល់ផង » ឬ និយាយម្យ៉ាងទៀតថា « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត និង កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ » ( សុភាសិត ៣:៥ ) ។
ខ្ញុំបានសង្កេតមើលផ្ទាល់អំពីទុក្ខព្រួយ និង ការបំផ្លិចបំផ្លាញផ្ទាល់ ធ្លាក់ទៅលើអស់អ្នកដែលផ្តោតចិត្តលើ « ការខំឲ្យបាន » របស់ខាងលោកិយ ដោយមិនផ្តោតលើ « យោបល់ » របស់ព្រះអម្ចាស់ ។ វាហាក់បីដូចជាអស់អ្នកដែលពឹងផ្អែកលើយោបល់របស់ខ្លួន ឬ ដាក់ទីទុកចិត្តរបស់ខ្លួនទៅលើដៃនៃមនុស្ស ទំនងជាបង្កើតវិសមាមាត្រនៃការផ្តោតចិត្តទុកដាក់ ឬ ការលោភចង់បានវត្ថុនានា កិត្យានុភាព អំណាច និង មុខនាទី ។ ប៉ុន្តែការបន្ត « ខំឲ្យបាន » ដែលស្របជាមួយនឹងការណែនាំពីខគម្ពីរអំពី « យោបល់ » នឹងគ្រប់គ្រងចំណង់ចង់បានខាងលោកិយរបស់អ្នក ។ វានឹងធ្វើឲ្យមានបរិបទត្រឹមត្រូវសម្រាប់សកម្មភាពរបស់អ្នក ថាជាសមាជិកដែលមានប្រយោជន៍ចំពោះសង្គម និង នគររបស់ព្រះអម្ចាស់ ។
កាលជានិស្សិតវ័យក្មេង ដែលពោរពេញដោយមហិច្ឆិតា ខ្ញុំចាំពីការស្តាប់តាមអ្នកប្រឹក្សាដែលគួរឲ្យគោរព និង មានជោគជ័យ ដែលផ្តល់យោបល់ថា យើងចាត់ចែងមហិច្ឆិតាឲ្យបានត្រឹមត្រូវ តាមរយៈការធ្វើតាមរបៀបរបបមួយនៃ « ការរៀន, ការរកប្រាក់ចំណូល, ការបម្រើ » ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ ១៩១០–២០០៨ ) បានបង្រៀនគំរូមួយ ដែលនាំឲ្យមានទីទុកចិត្តលើព្រះអម្ចាស់ និង ពឹងផ្អែកលើទ្រង់ជាងពឹងលើខ្លួនយើង ។ លោកមានប្រសាសន៍ដូចនេះ ៖ « យើងម្នាក់ៗមានការទទួលខុសត្រូវបួនយ៉ាង ។ ទីមួយ យើងមានការទទួលខុសត្រូវចំពោះគ្រួសារយើង ។ ទីពីរ យើងមានការទទួលខុសត្រូវចំពោះនិយោជកយើង ។ ទីបី យើងមានការទទួលខុសត្រូវចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។ ទីបួន យើងមានការទទួលខុសត្រូវចំពោះខ្លួនយើង » ។
យើងត្រូវចេះថ្លឹងថ្លែងវា ។ ប្រធាន ហ៊ិងគ្លី បានផ្តល់យោបល់ថា យើងបំពេញការទទួលខុសត្រូវទាំងបួននេះ តាមរយៈការអធិស្ឋានជាគ្រួសារ រាត្រីជួបជុំក្រុមគ្រួសារ ការសិក្សាព្រះគម្ពីរជាគ្រួសារ ភាពទៀងត្រង់ និង ភាពស្មោះត្រង់ចំពោះនិយោជករបស់យើង បំពេញការទទួលខុសត្រូវរបស់យើងចំពោះសាសនាចក្រ ការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួន ការសម្រាក ការកម្សាន្ត និង ការហាត់ប្រាណ ។៤
អ្នកប្រាជ្ញទស្សនវិជ្ជាអាមេរិក និង កវីនិពន្ធ រ៉ាលហ្វ វ៉លដូ អែមើសុន បាននិយាយដូចនេះ « គ្រានេះ ក៏ដូចជាគ្រាណាៗដែរ វាគឺជាគ្រាមួយដ៏ល្អបំផុត ប្រសិនបើយើងដឹងថា យើងត្រូវធ្វើអ្វីខ្លះនៅគ្រានោះ » ។៥
សំណាងល្អណាស់ ពួកបរិសុទ្ធថ្ងៃចុងក្រោយដឹងថាត្រូវធ្វើអ្វីជានិច្ច ។ ដោយការចេះដឹងរបស់អ្នកអំពីព្រះវរបិតាសួគ៌ដែលពោរពេញដោយក្តីស្រឡាញ់ និង ផែនការនៃសុភមង្គលដ៏មហិមា នោះអ្នកដឹងអំពីអ្វីដែលត្រូវធ្វើ ។ ឥឡូវនេះ សូមប្រឹងប្រែងឲ្យកាន់តែខ្លាំងឡើង ឲ្យអស់ពីសមត្ថភាពរបស់អ្នក ។
នៅក្នុងសុន្ទរកថាសន្និសីទទូទៅ ប្រធាន ម៉នសុនបានដកស្រង់ពីគម្ពីរសុភាសិត ដែលលោកធ្លាប់បានដកស្រង់ពីមុន ៖ « ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ » ។ « ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវអ្នកចុះ នោះទ្រង់នឹងតម្រង់អស់ទាំងផ្លូវច្រករបស់អ្នក » ។ បន្ទាប់មកលោកមានប្រសាសន៍ថា « នោះគឺជាអ្វីដែលខ្ញុំបានធ្វើក្នុងជីវិតរបស់ខ្ញុំ » ។៦ ឱ នោះគឺជាជីវិតមួយដែលគួរតែយកធ្វើជាគំរូណាស់ ។
ខ្ញុំមានក្តីសង្ឃឹមដ៏ធំធេងពីអ្នករាល់គ្នា ហើយព្រះវរបិតា និង ព្រះរាជបុត្រាក៏មានក្តីសង្ឃឹមបែបនោះដែរ ។ ខ្ញុំសូមបញ្ចប់នៅត្រង់ចំណុចដែលខ្ញុំបានចាប់ផ្តើម—ជាមួយនឹងការដាស់តឿន ដែលមាននៅក្នុងគម្ពីរសុភាសិត ៖ « កំពុងដែលខំឲ្យបានរបស់ផ្សេងៗនោះ ចូរខំឲ្យបានយោបល់ផង » ។
ចូរខំឲ្យបានយោបល់ពិតប្រាកដ ។ យោបល់ពិតប្រាកដនឹងកើតមានចំពោះអ្នក នៅពេលអ្នកទទួលស្គាល់ទំនាក់ទំនងនៃការសិក្សា និង ការអធិស្ឋាន នៅពេលអ្នករក្សាការតាំងចិត្តដើម្បីបម្រើអំឡុងពេលរៀន និង ធ្វើការរកប្រាក់ចំណូល ព្រមទាំងនៅពេលអ្នកមិនពឹងផ្អែកលើខ្លួនឯង ប៉ុន្តែពឹងផ្អែកលើព្រះអម្ចាស់វិញនោះ ។