សំណួរសំណួរចំនួនប្រាំ ដែលត្រូវសួរ នៅពេលទទួលអារម្មណ៍ថាការអធិស្ឋានពុំបានទទួលចម្លើយ
អ្នកនិពន្ធរស់នៅរដ្ឋនូវ យ៉ោក ស.រ.អា. ។
តើអ្នកធ្លាប់អធិស្ឋាន ហើយរង់ចាំចម្លើយដែលទំនងជាមិនទទួលបានចម្លើយនោះដែរឬទេ ? អ្នកមិននៅតែឯងនោះទេ—ប៉ុន្តែអ្នកអាចប្រាកដថា ព្រះវរបិតាសួគ៌ពិតជាព្រះសណ្តាប់ការអធិស្ឋានរបស់អ្នក ។ វាសំខាន់ដើម្បីចាំថា ចម្លើយពុំអាចកើតឡើង នៅពេល ឬ តាមរបៀប ដែលអ្នកចង់បាននោះឡើយ ហើយថាព្រះវរបិតារបស់យើងដែលគង់នៅស្ថានសួគ៌ទ្រង់តែងតែជ្រាបដឹងច្បាស់បំផុត ។
នេះគឺជាសំណួរមួយចំនួនដែលអ្នកអាចសួរខ្លួនអ្នក នៅពេលអ្នកមានការលំបាកក្នុងការទទួលចម្លើយចំពោះការអធិស្ឋាន ៖
១. តើខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បអនុវត្តតាមចម្លើយនោះហើយឬនៅ ?
ការអធិស្ឋានដោយសេចក្តីជំនឿមានន័យថា ជាការត្រៀមខ្លួនរួចជាស្រេច ដើម្បីអនុវត្តតាមចម្លើយដែលអ្នកទទួល—ទោះបីចម្លើយនោះជាចម្លើយដែលអ្នករំពឹងចង់បាន ឬ មិនចង់បានក្តី ។ មានគ្រាមួយ ព្យាការី យ៉ូសែប ស៊្មីធ បានទទួលការណែនាំដូចនេះ ៖ « ចូរត្រៀមចិត្តដើម្បីទទួល ហើយគោរពតាមការបង្គាប់ទាំងឡាយ ដែលយើងកំពុងតែនឹងប្រាប់ដល់អ្នកចំពោះអស់អ្នកណាដែលក្រឹត្យវិន័យនេះបានបើកសម្ដែងដល់ពួកគេ នោះត្រូវគោរពតាមក្រឹត្យវិន័យនេះដូចគ្នា » ( គ. និង ស. ១៣២:៣ ) ។ ប្រសិនបើអ្នកអធិស្ឋានថា តើអ្នកគួរតែចូលរួម ឬ មិនចូលរួមពិធីជប់លៀង តើអ្នកនឹងធ្វើតាមដែរឬទេ បើទោះបីជាចម្លើយនោះ ( ឆ្លើយថាអត់ក្តី ) ?
២. តើខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំដែរឬទេ ?
ឥឡូវនេះឧបមាថា អ្នកពុំបានសិក្សាសម្រាប់ការប្រឡងថ្នាក់វិទ្យាសាស្ត្ររបស់អ្នកឡើយ ដោយសារអ្នកទៅដើរលេងជាមួយមិត្តភក្តិអ្នកទៅវិញ ។ តើព្រះវរបិតាសួគ៌នឹងជួយអ្នកប្រឡងជាប់ដែរឬទេ ប្រសិនបើអ្នកគ្រាន់តែទូលសូមជំនួយពីទ្រង់នោះ ?
យើងត្រូវធ្វើនូវចំណែករបស់យើង ដើម្បីទទួលបានពរជ័យ ។ ដូច្នេះនៅពេលសិក្សាសម្រាប់ការប្រឡង អ្នកអាចអធិស្ឋានសូមកម្លាំងដើម្បីធ្វើកិច្ចការនេះឲ្យបានល្អ ស្របតាមការរៀបចំរបស់អ្នក ។
សូមពិចារណាអំពីគំរូរបស់បុត្រាម៉ូសាយ ដែលមានជោគជ័យក្នុងកិច្ចការផ្សព្វផ្សាយសាសនារបស់ពួកគេ នៅពេលពួកគេបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការខ្លួន ៖ « ពួកគេបានប្រគល់ខ្លួនទៅក្នុងការអធិស្ឋាន និង ការតមអាហារជាច្រើន ហេតុដូច្នេះហើយ ពួកគេប្រកបដោយវិញ្ញាណនៃការព្យាករណ៍ និង វិញ្ញាណនៃវិវរណៈ ហើយកាលណាគេបង្រៀន គឺគេបង្រៀនដោយអានុភាព និង សិទ្ធិអំណាចពីព្រះ » ( អាលម៉ា ១៧:៣ ) ។
៣. តើខ្ញុំបានអើពើនឹងចម្លើយនោះឬ ?
ព្រះវរបិតាសួគ៌ព្រះសណ្តាប់អ្នកជានិច្ច ដូច្នេះវាអាចទៅរួចដែលទ្រង់បានឆ្លើយតបចំពោះការអធិស្ឋានរបស់អ្នកហើយ ។ ដូចមានចែងនៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៦:១៤ « ដរាបណាអ្នកសូមជាញឹកញាប់ នោះអ្នកបានទទួលការបង្គាប់ពីព្រះវិញ្ញាណរបស់យើង » ។ អ្នកអាចអធិស្ឋានទូលសូមកែវភ្នែកខាងវិញ្ញាណ ដើម្បីទទួលស្គាល់ចម្លើយ ដោយសារជួនកាលការអធិស្ឋានបានឆ្លើយតបតាមរបៀបជំនួស ឬ មិនដោយផ្ទាល់ឡើយ—ដូចជាតាមរយៈទង្វើពីមនុស្សដទៃជាដើម ។
ហើយសូមកុំភ្លេចឆ្លៀតពេលស្តាប់ផងដែរ ។ អែលឌើរ រីឆាដ ជី ស្កត ( ឆ្នាំ ១៩២៨-២០១៥ ) ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានពន្យល់ដូចនេះ ៖ « ចម្លើយ [ របស់ព្រះវរបិតាសួគ៌ ] កម្រនឹងកើតឡើងណាស់ ខណៈដែលអ្នកកំពុងតែលុតជង្គង់អធិស្ឋាននោះ ។ …តែទ្រង់នឹងបំផុសគំនិតអ្នកនៅក្នុងគ្រាដ៏ស្ងប់ស្ងាត់នានា ពេលដែលព្រះវិញ្ញាណអាចរំជួលដល់គំនិត និង ដួងចិត្តអ្នកយ៉ាងមានប្រសិទ្ធិភាពបំផុត » ( « Using the Supernal Gift of Prayer » Liahona ខែ ឧសភា ឆ្នាំ ២០០៧ ទំព័រ ៩ ) ។
៤. តើបំណងប្រាថ្នារបស់ខ្ញុំសុចរិតដែរឬទេ ?
ប្រសិនបើអ្នកទូលសូមអ្វីមួយដែលអ្នកមិនចាប់អារម្មណ៍ខ្លាំង វាទំនងថាការស្នើសុំរបស់អ្នកមិនត្រូវបានផ្តល់ឲ្យឡើយ ។ ព្រះអង្គសង្គ្រោះបានបង្រៀនយើងថា « ត្រូវអធិស្ឋានដល់ព្រះវរបិតាដោយនូវនាមនៃ [ ព្រះយេស៊ូវគ្រីស្ទ ] ជានិច្ច » ( នីហ្វៃទី៣ ១៨:១៩ ) ដែលបានផ្តល់យោបល់ថា យើងសូមអ្វីដែលត្រឹមត្រូវ ប្រយោជន៍ឲ្យយើងបានទទួល ។ សូមសួរខ្លួនឯងថា « តើព្រះអង្គសង្គ្រោះមានព្រះទ័យបែបណាចំពោះការចង់បានរបស់ខ្ញុំ » ? ប្រសិនបើបំណងប្រាថ្នារបស់អ្នកផ្តោតខ្លាំងលើភាពអាត្មានិយម ឬ កិច្ចការផ្សេងៗដែលទុច្ចរិត នោះសូមអធិស្ឋានឲ្យមានការផ្លាស់ប្តូរចិត្ត ហើយឲ្យដឹងពីអ្វីដែលព្រះអង្គសង្គ្រោះមានព្រះទ័យចំពោះអ្នក ។
៥. តើវាជាពេលវេលាត្រឹមត្រូវដែរឬទេ ?
អ្វីដែលយើងទូលសូមអាចជារឿងត្រឹមត្រូវ ប៉ុន្តែពេលវេលាមិនទាន់ដល់ពេលនៅឡើយ ។ ព្រះវរបិតាសួគ៌មានផែនការមួយដ៏មហិមាសម្រាប់យើង ប៉ុន្តែជួនកាលកាលវិភាគរបស់យើងខុសផ្សេងពីទ្រង់បន្តិច ។ « ព្រះបន្ទូលទាំងឡាយរបស់យើងពិត ហើយនឹងមិនខាតបង់ឡើយ ។ … ប៉ុន្តែគ្រប់ទាំងអស់ត្រូវតែកើតឡើង តាមពេលរបស់វា » ( គ. និង ស. ៦៤:៣១–៣២ ) ។ វាអាចមានន័យថាជាការរង់ចាំបន្តិចទៀត សម្រាប់ឲ្យរបួសនោះបានជា ឬ សត្វចិញ្ចឹមដែលបាត់នោះអាចរកឃើញវិញ ហើយជួលកាលពេលវេលារបស់ព្រះអម្ចាស់រួមមានដល់ទៅជីវិតបន្ទាប់នេះផងដែរ—ប៉ុន្តែអ្នកអាចដឹងប្រាកដថា ទ្រង់នឹងស្តាប់ ហើយជួយអ្នកជារៀងតទៅ ។
វាអាចពិបាកដើម្បីអត់ធ្មត់ ជាពិសេសនៅពេលចម្លើយចំពោះការអធិស្ឋានរបស់អ្នកមិនបង្ហាញជាក់ច្បាស់នោះ ។ ប៉ុន្តែនៅពេលអ្នកស្រាវជ្រាវ នោះអ្នកអាចមានចិត្តក្លាហានក្នុងការដឹងថា អ្នកនឹងរកឃើញចម្លើយដែលអ្នកត្រូវការជានិច្ច ប្រសិនបើអ្នកស្វែងរកវាដោយស្មោះអស់ពីចិត្ត ៖ « ឯងរាល់គ្នានឹងស្វែងរកយើង ហើយនឹងឃើញផង គឺកាលណាឯងស្វែងរកយើងឲ្យអស់អំពីចិត្ត » ( យេរេមា ២៩:១៣ ) ។