ហេតុអ្វីការមិនអភ័យទោសជា អំពើបាបធ្ងន់ធ្ងរជាង ការប្រព្រឹត្ត អាក្រក់ ដាក់អ្នកដទៃទៅទៀត ?
ព្រះអម្ចាស់បានបង្រៀនថា ៖ « អ្នកត្រូវអត់ទោសដល់គ្នាទៅវិញទៅមក ដ្បិតអ្នកណាដែលមិនអត់ទោសដល់បងប្អូនរបស់ខ្លួន ចំពោះការរំលងរបស់គេទេ នោះជាប់ទោសនៅចំពោះព្រះអម្ចាស់ ព្រោះនៅជាប់នឹងអ្នកនោះ គឺជាបាបដ៏ធំជាង ។
« យើងជាព្រះអម្ចាស់នឹងអត់ទោសដល់អ្នកណាដែលយើងនឹងអត់ទោស ប៉ុន្តែរីឯអ្នកវិញ គឺតម្រូវឲ្យអត់ទោសដល់មនុស្សទាំងអស់ » ( គ. និង ស. ៦៤:៩–១០ ) ។
នៅពេលយើងមិនព្រមអភ័យទោស នោះយើងកំពុងដាក់ការវិនិច្ឆ័យដែលមានដែនកំណត់របស់យើងនៅលើការវិនិច្ឆ័យដ៏ល្អខ្ចោះរបស់ព្រះអម្ចាស់ ។ ទ្រង់មានទស្សនៈយ៉ាងល្អឥតខ្ចោះអំពីដួងចិត្តមនុស្ស និង កាលៈទេសៈនានា ហើយការវិនិច្ឆ័យគឺជារបស់ផងទ្រង់តែមួយអង្គឯងគត់ ។ ទីបំផុតទ្រង់នឹងដោះស្រាយឲ្យមានសេចក្តីយុត្តិធម៌ និង សេចក្តីមេត្តាករុណាយ៉ាងល្អឥតខ្ចោះសម្រាប់មនុស្សទាំងអស់—ទាំងអ្នកដែលធ្វើបាបអ្នកដទៃ និង អ្នកដែលត្រូវគេធ្វើបាប ។
ក្រៅពីនេះ ដោយតម្រូវឲ្យយើងអភ័យទោស នោះព្រះអម្ចាស់កំពុងជួយពួកយើងឲ្យជ្រើសយកសុភមង្គល មិនមែនទុក្ខសោកឡើយ ឲ្យបោះបង់ គំនុំគុំកួន និង ការថ្នាំងថ្នាក់ចិត្តរបស់យើង ហើយទទួលការព្យាបាលតាមរយៈព្រះគុណរបស់ទ្រង់ ។ បន្ទាប់មកយើងឃើញថា ដូចដែលអែលឌើរ ខេវីន អ័រ ដាន់ខិនក្នុងពួកចិតសិបនាក់បានរំឭកយើងថា « ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះមិនមែនសម្រាប់តែអ្នកដែលត្រូវប្រែចិត្តឡើយ វាក៏សម្រាប់អស់អ្នកដែលត្រូវអភ័យទោសឲ្យផងដែរ » ( « The Healing Ointment of Forgiveness » Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៣៥ ) ។