ការដោះស្រាយនឹងការណ៍អាសគ្រាម ៖ ការពារ ឆ្លើយតប & ព្យាបាល
ដកស្រង់ពីសន្ទុរកថានៅក្នុងការប្រជុំដែលបានថ្លែងនៅសន្និសីទស្តីពីការរួបរួមគ្នាប្រឆាំងនឹងការណ៍អាសគ្រាមរដ្ឋយូថាហ៍ឆ្នាំ ២០១៨ នៅទីក្រុង សលត៍ លេក រដ្ឋយូថាហ៍ ។
ការអនុវត្តសេចក្តីស្រឡាញ់បីយ៉ាងនេះអាចជួយកូនៗរបស់យើង ក្នុងការប្រឈមមុខនឹងការណ៍អាសគ្រាមដែលពួកគេអាចជួបប្រទះ ។
ខ្ញុំបានដឹងយ៉ាងឈឺចាប់ពីឥទ្ធិពលនៃការណ៍អាសគ្រាមទៅលើកុមារនៅក្នុងសង្គមយើង—គឺកូនៗរបស់យើង ។ ជាសមាមាត្រដ៏ធំមួយនៃបញ្ហា នោះការណ៍អាសគ្រាមអាចបណ្តាលឲ្យមានក្តីអាម៉ាស់ ការបោកប្រាស់ ខូចចិត្ត បាត់បង់ការគ្រប់គ្រងខ្លួនឯង ញៀនខ្លាំង ហើយខាតបង់ពេលវេលា គំនិត និងថាមពល ។ យើងទាំងអស់គ្នាមានតម្រូវការមួយយ៉ាងខ្លាំង—ឪពុកម្ដាយ គ្រូបង្រៀន ថ្នាក់ដឹកនាំ—ដើម្បីមើល ផ្តល់តម្លៃ និងការពារកុមារ និងយុវវ័យយើងពិតប្រាកដ ។
សេចក្តីស្រឡាញ់គឺជាអំណោយទានដ៏មហិមាបំផុតរបស់ព្រះ ។ ការស្រឡាញ់ព្រះ និងការស្រឡាញ់អ្នកជិតខាងយើងគឺជាបទបញ្ញត្តិធំពីរដែលព្រះយេស៊ូវគ្រីស្ទផ្ទាល់បានប្រទានដល់យើង ។ ខ្ញុំជឿថា សេចក្តីស្រឡាញ់ក៏ជាអាវុធដ៏ខ្លាំងបំផុតរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងការណ៍អាសគ្រាម ។
ប្រាកដណាស់ ដូចឃ្លាដ៏ល្បីមួយថ្លែងថា « ការណ៍អាសគ្រាមសម្លាប់សេចក្តីស្រឡាញ់ » ប៉ុន្តែចូរចាំថា សេចក្តីស្រឡាញ់ក៏អាចសម្លាប់ការណ៍អាសគ្រាមវិញបានដែរ ។ វាពុំមែនមានន័យថា សេចក្ដីស្រឡាញ់របស់យើងចំពោះបុគ្គលម្នាក់ទៀតអាចផ្លាស់ប្តូរលក្ខខណ្ឌ ឬសូម្បីតែឥរិយាបថរបស់ពួកគេនោះទេ ។ ប៉ុន្តែសេចក្តីស្រឡាញ់អាចជំរុញចិត្តយើង—របៀបយើងរៀបចំ របៀបយើងឆ្លើយតប របៀបយើងស្តាប់—ជាពិសេសកូនៗរបស់យើង ។ ប្រសិនបើយើងចង់បានសេចក្តីសង្ឃឹមក្នុងការកម្ចាត់បញ្ហានេះពីពិភពលោក នោះសេចក្តីស្រឡាញ់ត្រូវតែជាត្រីមុខផង និងជាគ្រឹះផងនៃកិច្ចខិតខំរបស់យើងទាំងអស់គ្នា ។
ខ្ញុំចង់ផ្តល់យោបល់នូវការអនុវត្តចំនួនបីអំពីសេចក្តីស្រឡាញ់ ដែលខ្ញុំសង្ឃឹមថា យើងនឹងផ្តោតយកចិត្តទុកដាក់ ឱបក្រសោបយក និងអនុមតិ ។ ការអនុវត្តសេចក្តីស្រឡាញ់បីយ៉ាងនេះនឹងភ្ជាប់ទៅនឹងឃ្លាបីនៃការប្រឈមមុខនឹងការណ៍អាសគ្រាម ដែលកូនៗរបស់យើងអាចជួបប្រទះ ។
ដំបូងយើងនិយាយថា « ខ្ញុំស្រឡាញ់អ្នក » ដោយការការពារពិតប្រាកដដល់ពួកគេ ។ ទីពីរ យើងនិយាយថា « ខ្ញុំនៅតែស្រឡាញ់អ្នក » តាមរបៀបដែលយើងឆ្លើយតបចំពោះការមើលការណ៍អាសគ្រាមរបស់ពួកគេ ទោះដោយចេតនា ឬអចេតនាក្តី ។ ហើយទីបី យើងនិយាយថា « ខ្ញុំនឹងស្រឡាញ់អ្នកជានិច្ច » ដោយការផ្តល់ការជួយជ្រោមជ្រែងប្រកបដោយសេចក្តីស្រឡាញ់ដល់ពួកគេ ពេលពួកគេខិតខំដើម្បីព្យាបាលខ្លួន ប្រសិនបើពួកគេបានជួបនឹងការប្រើប្រាស់ ឬញៀនដែលអត់ពុំបាន ។ នៅក្នុងដំណាក់កាលនីមួយៗ សេចក្ដីស្រឡាញ់គឺជាគន្លឹះ ។
១. ការការពារ ៖ « ខ្ញុំស្រឡាញ់អ្នក »
សូមគិតក្នុងចិត្តអ្នកពីកូនម្នាក់ដែលអ្នកស្រឡាញ់ ។ ពេលអ្នកប្រាប់កូននោះថា ‹ ខ្ញុំស្រឡាញ់អ្នក › តើវាមានន័យយ៉ាងណា ? ជាមូលដ្ឋានគោល យើងផ្តល់ការការពារ ដើម្បីយើងអាចជួយអ្នកដែលយើងស្រឡាញ់ ដើម្បីឲ្យពួកគេក្លាយជាមនុស្សល្អបំផុត ហើយប្រឈមមុខនឹងឧបសគ្គក្នុងជីវិតបានល្អបំផុត ។ ផ្នែកនៃការការពារនោះគឺការបង្កើតទំនាក់ទំនងរឹងមាំ គួរឲ្យទុកចិត្តដ៏ខ្ជាប់ខ្ជួន ។ ទំនាក់ទំនងបែបនេះជួយទាញកូនៗយើងឲ្យមានភាពស្និទ្ធស្នាល ។ ពេលយើងបង្កើតទំនាក់ទំនងរឹងមាំនៃការជឿទុកចិត្ត ហើយការពារកូនៗ និងចៅៗរបស់យើង—ឬកុមារផ្សេងទៀត—យើងផ្តល់កន្លែងដ៏មានសុវត្ថិភាពមួយដល់ពួកគេដើម្បីពួកគេងាកទៅរក ។ ការការពារនេះជួយយើងយល់ពីពួកគេ ហើយជួយពួកគេដឹងពីទំនាក់ទំនងរបស់ពួកគេជាមួយព្រះ ។ អារម្មណ៍ដែលដឹងថា គេផ្តល់តម្លៃឲ្យ និងមានគេស្រឡាញ់ជួយកុមារឲ្យគិតឃើញ និងពឹងផ្អែកលើព្រះវរបិតាសួគ៌ដែលមើលថែ ជាអង្គដែលផ្តល់ការណែនាំសម្រាប់សុភមង្គលរបស់ពួកគេ ។
ខ្ញុំមានកង្វល់ថា ឪពុកម្ដាយជាច្រើនពុំទាន់ដឹងពិតប្រាកដពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនៃការណ៍អាសគ្រាមនៅឡើយ ឬអាចគិតថា វាគ្រាន់តែជាបញ្ហារបស់ក្មេងនៅជិតខាងប៉ុណ្ណោះ ។ ភាពពិតនោះគឺថា បញ្ហានេះគឺជះឥទ្ធិពលដល់កូនប្រុសស្រីរបស់យើង ហើយយើងពុំអាចនិយាយវាអស់នោះទេ ។
អស់ជាច្រើនឆ្នាំមកហើយ ស្វាមីខ្ញុំ និងខ្ញុំបានឮរឿងមួយដ៏មានអត្ថន័យ ហើយយើងបាននិយាយឡើងវិញជារឿយៗប្រាប់កូនរបស់យើង ។ រឿងនោះគឺស្តីពីសត្វពស់កណ្តឹងចាស់មួយដែលបានសូមក្មេងប្រុសម្នាក់ដែលដើរកាត់នោះ ឲ្យយកវាទៅលើកំពូលភ្នំ ដើម្បីមើលព្រះអាទិត្យលិចជាលើកចុងក្រោយមុននឹងសត្វពស់នោះងាប់ ។ ក្មេងប្រុសនោះមានចិត្តស្ទាក់ស្ទើរ ប៉ុន្តែសត្វពស់នោះបានសន្យាថា មិនចឹកក្មេងប្រុសនោះទេដែលជាថ្នូរនឹងការយកវាឡើងទៅលើភ្នំនោះ ។ បន្ទាប់ពីនិយាយគ្នារួច ក្មេងប្រុសនោះបានចាប់ពស់នោះយកទៅលើកំពូលភ្នំ ជាកន្លែងដែលពួកគេមើលថ្ងៃលិចជាមួយគ្នា ។
បន្ទាប់ពីបានយកពស់នោះចុះមកជ្រលងភ្នំវិញ ក្មេងប្រុសនោះបានចម្អិនអាហារសម្រាប់ខ្លួនឯង និងរៀបចំគ្រែដេកសម្រាប់យប់នោះ ។ នៅពេលព្រឹក សត្វពស់នោះបានសូមថា « ក្មេងតូចអើយ តើអ្នកអាចយកខ្ញុំត្រឡប់ទៅសំបុកខ្ញុំវិញដែលឬទេ ? ឥឡូវវាដល់ពេលដែលខ្ញុំត្រូវលាចាកពីពិភពលោកនេះហើយ ហើយខ្ញុំចង់ត្រឡប់ទៅរកសំបុករបស់ខ្ញុំវិញ » ។ ក្មេងប្រុសនោះមានអារម្មណ៍ថា គាត់មានសុវត្ថិភាព ហើយពស់នោះបានរក្សាពាក្យរបស់ខ្លួន ដូច្នេះគាត់បានសម្រេចចិត្តថា គាត់នឹងយកពស់នោះទៅសំបុកវាវិញដូចការស្នើសុំ ។
គាត់បានលើកពស់នោះយ៉ាងប្រុងប្រយ័ត្ន ដាក់វានៅជិតនឹងទ្រូងគាត់ ហើយបីវាត្រឡប់ទៅកាន់វាលដែលជាសំបុកវា ដើម្បីរង់ចាំសេចក្តីស្លាប់ ។ ពីមុនគាត់បានដាក់សត្វពស់នោះចុះ ពស់នោះបានងាកមក ហើយចឹកទ្រូងរបស់គាត់ ។ ក្មេងប្រុសតូចនោះបានស្រែកយំ ហើយបោះពស់នោះទៅលើដី ។ « សត្វពស់អើយ ហេតុអ្វីឯងធ្វើដូច្នោះ ? ឥឡូវនេះខ្ញុំប្រាកដជាស្លាប់ជាមិនខានទេ ! » ពស់នោះបានងើយមើលទៅគាត់ ហើយនិយាយថា ៖ « អ្នកបានស្គាល់ខ្ញុំហើយ តាំងតែពីពេលអ្នកលើកខ្ញុំឡើងម៉្លេះ » ។
នៅក្នុងពិភពលោកបច្ចុប្បន្ននេះ ខ្ញុំឃើញឪពុកម្តាយជាច្រើនបានហុចសត្វពស់ទៅឲ្យកូនៗរបស់ពួកគេ ។ ខ្ញុំកំពុងនិយាយអំពីទូរសព្ទទំនើប ។ យើងពុំអាចដាក់ទូរសព្ទទំនើបដែលភ្ជាប់អ៊ិនធើរណែតរួចនៅក្នុងដៃក្មេងតូចៗ ដែលពុំទាន់គ្រប់អាយុទទួលការបង្រៀន ជាអាយុដែលពុំទាន់មានហេតុផល និងគ្មានសមត្ថភាពធ្វើការសម្រេចចិត្តចាំបាច់ ហើយជាអ្នកដែលគ្មានការគ្រប់គ្រងពីឪពុកម្តាយ និងឧបករណ៍ដទៃទៀត ដើម្បីជួយការពារពួកគេនោះទេ ។ ជេសុន ស៊ី ខារ៉ូល សាស្ត្រាចារ្យស្តីពីជីវិតគ្រួសារនៅសាកលវិទ្យាល័យ ព្រិកហាំ យ៉ង់ បានថ្លែងថា ៖ « យើងការពារកូនៗរបស់យើងរហូតដល់គ្រាមួយដែលពួកគេអាចការពារខ្លួនពួកគេបាន » ។ ផ្នែកតូចនៃខួរក្បាលដែលផ្ទុកនូវមជ្ឈមណ្ឌលនៃភាពរីករាយនៃខួរក្បាលអភិវឌ្ឍមុនគេ ។ ក្រោយមកទៀតទើបសមត្ថភាពនៃការមានហេតុផល និងការសម្រេចចិត្តអភិវឌ្ឍពេញលេញនៅក្នុងផ្នែក frontal cortex នៃខួរក្បាល ។ « ដូច្នេះក្មេងអាចមានអារម្មណ៍ និងស្វែងរកការសប្បាយ តែពុំអាចគ្រប់គ្រងសកម្មភាពពួកគេបានទេ » ។១
គ្រប់ទូរសព្ទទំនើបគួរតែមានកម្មវិធីការពារ ទាំងទូរសព្ទទំនើបរបស់មនុស្សវ័យជំទង់ផងដែរ ។ ការទូន្មាននេះក៏ល្អចំពោះមនុស្សពេញវ័យផងដែរ ។ គ្មាននរណាម្នាក់គេចរួចពីឥទ្ធិពលអាក្រក់បានទេ ។ ឪពុកម្ដាយមួយចំនួនជ្រើសរើសឲ្យទូរសព្ទបត់ទៅកូនៗរបស់ពួកគេ ដើម្បីកំណត់ការប្រើប្រាស់ក្នុងការទូរសព្ទ និងផ្ញើសារ ។
ក្រៅពីទូរសព្ទទំនើប មានឧបករណ៍រាប់មិនអស់ផ្សេងទៀតដែលអាចចូលមើលប្រព័ន្ធផ្សព្វផ្សាយដែលគួរឲ្យប្រាថ្នាចង់មើល តាមរយៈអ៊ិនធើរណែត ។ ការសិក្សាថ្មីមួយបានបង្ហាញថា ៧៩ ភាគរយនៃការមើលការណ៍អាសគ្រាមដោយអចេតនាបានកើតឡើងនៅក្នុងផ្ទះ ។2 កុមារអាចឃើញការណ៍អាសគ្រាមនៅលើឧបករណ៍ tablets ទូរសព្ទទំនើប ទូហ្គេម ម៉ាស៊ីនចាក់ DVD ចល័ត និងស្មាតធីវី និងឧបករណ៍មួយចំនួនទៀត ។ ខ្ញុំស្គាល់ក្រុមគ្រួសារដែលបានបង្កើតកន្លែងមួយក្នុងផ្ទះរបស់ពួកគេ ដែលមានមនុស្សដើរកាត់ជារឿយៗ ដើម្បីប្រើឧបករណ៍អេឡិចត្រូនិច ។ ក្រុមគ្រួសារទាំងនេះហៅកន្លែងនោះថា « បន្ទប់ប្រព័ន្ធផ្សព្វផ្សាយ » ហើយឧបករណ៍ចល័តរបស់ពួកគេបានទុកនៅកន្លែងដែលគេមើលឃើញ នៅកន្លែងភ្លឺ ។ គ្មាននរណាម្នាក់នៅតែឯងក្នុងបន្ទប់មើលឧបករណ៍ប្រព័ន្ធផ្សព្វផ្សាយឡើយ ។
ក្រុមគ្រួសារផ្សេងទៀតបានដាក់ច្បាប់ថា ហាមប្រើប្រាស់ទូរសព្ទនៅក្នុងបន្ទប់គេង ឬបន្ទប់ទឹក ។ គ្រួសារខ្លះទៀតនិយាយយ៉ាងសាមញ្ញថា « ហាមប្រើទូរសព្ទពេលនៅតែឯង » ។ មានគ្រួសារផ្សេងទៀតបន្ថែមការចូលមើលតាមកម្មវិធីទូរសព្ទរបស់កូនៗពួកគេដោយសន្សឹមៗ ជាមួយនឹងកម្មវិធីដែលអនុញ្ញាតឲ្យទូរសព្ទរបស់ក្មេងៗដែលត្រូវបានរៀបចំដោយឪពុកម្តាយ ។ តាមរបៀបនេះពួកគេបង្រៀនថា ការទុកចិត្តគឺអាចរកបាន ហើយសុវត្ថិភាពផ្នែកទូរសព្ទគឺសំខាន់ ។
ទោះបីតម្រូវការសម្រាប់គ្រួសានីមួយៗជាអ្វីក្តី សូមបង្រៀនគ្រួសារនីមួយៗឲ្យប្រើប្រាស់បច្ចេកវិទ្យាដោយឈ្លាសវៃ ហើយដោយភាពវិជ្ជមានចាប់តាំងពីដំបូង—ដើម្បីអភិវឌ្ឍផ្នត់គំនិតសីលធម៌ ។ សូមអប់រំកុមារក្នុងរបៀបមួយវិជ្ជមានដើម្បីប្រើប្រាស់បច្ចេកវិទ្យាសម្រាប់សេចក្តីល្អ ។ យើងអាចបង្រៀនពួកគេឲ្យវាយតម្លៃ តាមរយៈការសួរពួកគេថា « តើការប្រើប្រាស់ឧបករណ៍នេះបម្រើក្នុងគោលបំណងល្អឬទេ ? » ជម្រើសរបស់យើងតាមរបៀបដែលយើងបង្រៀនគ្រួសារយើងក្នុងពេលនេះ នឹងជះឥទ្ធិពលដល់ជំនាន់បន្ទាប់ ។
ក្នុងនាមជាឪពុកម្តាយ ខ្ញុំសង្ឃឹមថា យើងនឹងពិចារណាពីសារៈសំខាន់នៃទំនាក់ទំនងយើងជាមួយកូនៗ និងការខិតខំជាពិសេស ដែលយើងកំពុងធ្វើដើម្បីការពារពួកគេ ។ ពេលយើងពង្រឹងទំនាក់ទំនងនៃសេចក្តីស្រឡាញ់ទាំងនេះ នោះកុមារនឹងយល់កាន់តែច្បាស់ពីមូលហេតុដែលព្រះព្រមានទាស់នឹងអំពើអាក្រក់នៃការណ៍អាសគ្រាម ពួកគេនឹងដឹងពីរបៀបចៀសវាងពីវា ហើយពួកគេនឹងត្រៀមខ្លួនបើពួកគេឃើញវា ។
២. ការឆ្លើយតប ៖ « ខ្ញុំនៅតែស្រឡាញ់អ្នក »
ការបង្កើតការស្វាគមន៍ ការបើកចំហរ ការអញ្ជើញឲ្យមានការសន្ទនាដែលលើកទឹកចិត្តកុមារឲ្យចែកចាយគំនិត បទពិសោធន៍ និងសំណួររបស់ពួកគេជាមួយឪពុកម្តាយពួកគេគឺមិនងាយស្រួលទេ ។ យើងអាចអញ្ជើញកុមារគ្រប់អាយុឲ្យនិយាយ ឬពេលពួកគេអភិវឌ្ឍកម្រិតណាមួយលើបញ្ហាការណ៍អាសគ្រាម—តាំងពីដំបូងទី ប្រហែសប្រើប្រាស់យូរៗម្តង មានចេតនាប្រើ និងប្រើទាំងបង្ខំចិត្ត ។ ការពិភាក្សាឲ្យបានឆាប់គឺកាន់តែប្រសើរ ហើយកុមារនឹងមកនិយាយជាមួយយើងកាន់តែច្រើន ពេលពួកគេដឹងថា ពួកគេត្រូវបានស្រឡាញ់ ហើយអ្វីដែលពួកគេនិយាយ ឬធ្វើពុំអាចផ្លាស់ប្តូរសេចក្តីស្រឡាញ់នោះបានឡើយ ។
ប៉ុន្តែវាកម្រណាស់ដែលកុមារមកនិយាយជាមួយយើងដោយស្ម័គ្រចិត្តនោះ ។ ជាទូទៅវាកើតឡើង ពេលឪពុកម្តាយដែលចេះសង្កេត សួរកុមារថា « តើកូនមានរឿងអ្វីឬ ? » ឬ « កូនដូចជាមានបញ្ហាអី » ។ កាលណាកុមារទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់កាន់តែច្រើន នោះវាកាន់តែងាយស្រួលឲ្យពួកគេបើកដួងចិត្ត ។
ការបញ្ជាក់នៃសេចក្តីស្រឡាញ់នេះគឺបានកើតមានឡើងក្នុងចិត្តពួកគេ មកពីបទពិសោធន៍តិចតួចដែលកើតមានម្តងហើយម្តងទៀត ។ ការនិយាយអំពីបញ្ហាតូចៗក្នុងលក្ខណៈនៃក្តីស្រឡាញ់ បង្កើតជាគ្រឹះមួយនៃការឆ្លើយតបដ៏ល្អ ដូច្នេះពេលបញ្ហាធំៗកើតឡើង នោះទំនាក់ទំនងគឺនៅតែបន្តមាន ។ សំខាន់បំផុត កុមារដឹងថា ចម្លើយរបស់អ្នកនោះគឺ « ខ្ញុំនៅតែស្រឡាញ់អ្នក ។ ខ្ញុំពុំឈប់ស្រឡាញ់អ្នកដោយសារតែរឿងដែលបានកើតឡើងទេ ។ ខ្ញុំនៅតែស្រឡាញ់អ្នក » ។
សម្រាប់ហេតុផលមួយចំនួន យើងពុំនិយាយច្រើនចំពោះយុវវ័យ និងកុមារអំពីការជំរុញចិត្តដ៏ខ្លាំងមួយ និងការល្បួងដ៏ធំដែលយើងនឹងជួបប្រទះនោះទេ ។ ការស្ទាក់ស្ទើរចិត្តរបស់យើងរៀបចំពួកគេដើម្បីទទួលការបង្រៀនជាចម្បងពីអ៊ិនធើរណែត កុមារ ឬក្មេងជំទង់ផ្សេងទៀត ឬពីប្រព័ន្ធផ្សព្វផ្សាយដែលមានប្រជាប្រិយភាព ។ ពួកយើងខ្លះប្រហែលជាស្ទាក់ស្ទើរចិត្តក្នុងការប្រើពាក្យ ការណ៍អាសគ្រាម ជាមួយកុមារក្នុងការខិតខំដើម្បីការពារដល់ភាពពុំដឹងរបស់ពួកគេ ។ វាជាអារម្មណ៍ចម្លែកណាស់ ។ ប្រហែលជាឪពុកម្តាយយើងពុំធ្លាប់និយាយរឿងនោះបើកចំហរជាមួយយើងទេ ។ ចុះមានអ្វីកើតឡើង ប្រសិនបើការសន្ទនារបស់យើងនាំទៅរកការចង់ដឹង ឬចង់ឃើញនោះ ? ចុះមានអ្វីកើតឡើង ប្រសិនបើពួកគេចង់ដឹងបន្ថែមទៀតនោះ ? តើយើងអាចរំពឹងថា កូនៗរបស់យើងនិយាយអំពីការណ៍អាសគ្រាមជាមួយយើងតាមរបៀបណា ប្រសិនបើយើងមិនធ្លាប់និយាយរឿងនោះជាមួយពួកគេសោះ ?
ឪពុកម្តាយអើយ យើងត្រូវចាប់ផ្តើមសន្ទនា ហើយកុំរង់ចាំរហូតទាល់តែកូនមកនិយាយជាមួយយើងឡើយ ។ ខ្ញុំចូលចិត្តយោបល់ឲ្យមានការសន្ទនាទៀងទាត់ ញឹកញាប់ ដោយសម្រួល ជំនួសឲ្យការនិយាយរឿងនោះតែម្តងប៉ុណ្ណោះ ។ ប្រយោជន៍នៃការសន្ទនាដោយយកចិត្តទុកដាក់នោះគឺថា ឪពុកម្ដាយ និងថ្នាក់ដឹកនាំដែលទុកចិត្តគឺជាអ្នកជំនាញ ពុំមែន Google ទេ ការនិយាយនេះអាចកើតមានក្នុងបរិស្ថានសុវត្ថិភាព ហើយនិយាយដើម្បីបង្កើនការទុកចិត្តពីកូន ។ យើងចង់ឲ្យកូនៗទទួលអារម្មណ៍ថា បានត្រៀមខ្លួន និងទទួលអំណាច ពុំមែនភ័យខ្លាចទេ ។ យើងចង់និយាយជាមួយពួកគេ ពុំមែននិយាយប្រាប់គេនោះទេ ។
ក្នុងនាមជាឪពុកម្តាយ និងគ្រូបង្រៀន នោះយើងពុំអាចជួយកុមារបានទេ ប្រសិនបើយើងពុំបានរៀនខ្លួនយើងនោះ ។ ការបង្រៀនពី រឿងនោះ និង មូលហេតុរបស់វា គឺចាំបាច់ណាស់ ។ យើងអាចរៀនដោយខ្លួនយើង ហើយជួយកុមារឲ្យយល់ពីមូលហេតុដែលការណ៍អាសគ្រាមគឺជារឿងខុស មូលហេតុដែលវាគ្រោះថ្នាក់ មូលហេតុដែលយើងពុំចង់ឲ្យពួកគេឈឺចាប់ដោយសារវា និងអ្វីដែលត្រូវធ្វើ ប្រសិនបើពួកគេឃើញវា ។
តើយើងកំពុងប្រាប់កូនយើងបានគ្រប់គ្រាន់ពី មូលហេតុ នៃរឿងនោះតាមអាយុសមរម្យដែរឬទេ ? ប្រសិនបើហេតុផលតែមួយដែលយើងផ្តល់ឲ្យពួកគេ គឺគ្រាន់តែដើម្បីចៀសវាងពីការណ៍អាសគ្រាមនោះគឺ « វាអាក្រក់ណាស់ » ដែលអាចបញ្ចប់ដោយហេតុផលដែលមិនគ្រប់គ្រាន់ ។ ផ្ទុយទៅវិញ យើងត្រូវបង្ហាញមូលហេតុឲ្យបានច្រើន ដោយសារយើងអាចបង្កើតច្បាប់សីលធម៌ដែលជំរុញចិត្តយើងសម្រាប់យុវវ័យយើង ។
មានហេតុផលជាច្រើនដើម្បីចៀសវាងពីការណ៍អាសគ្រាម ប៉ុន្តែនេះគឺជាហេតុផលមួយចំនួនដែលជំរុញចិត្តយើងមកពីអង្គការ Fight the New Drug ( ប្រឆាំងនិងថ្នាំញៀនថ្មី ) ដែលយុវ័យរបស់យើងអាចចាប់អារម្មណ៍ ៖
-
ការណ៍អាសគ្រាមអាចផ្លាស់ប្តូរ និងចងខួរក្បាលអ្នក ហើយមានការសិក្សាដែលបង្ហាញថា វាអាចធ្វើឲ្យខួរក្បាលរបស់អ្នកតូចជាងមុន ហើយពុំសូវសកម្មទេ ។
-
ការណ៍អាសគ្រាមអាចធ្វើឲ្យញៀន ។
-
ការណ៍អាសគ្រាមនឹងបំផ្លាញការមានទំនុកចិត្តលើខ្លួនឯង ។
-
ការណ៍អាសគ្រាមអាចធ្វើឲ្យអ្នកឯកោ ។
-
ការណ៍អាសគ្រាមអាចធ្វើឲ្យមនុស្សដែលអ្នកស្រឡាញ់ឈឺចាប់ ។
-
ការណ៍អាសគ្រាមអាចបំផ្លាញសុខភាពផ្លូវភេទ ។
-
ការណ៍អាសគ្រាមពាក់ព័ន្ធនឹងអំពើហិង្សា ។
-
ការណ៍អាសគ្រាមបណ្តាលឲ្យមនុស្សប្រែជាមិនទៀងត្រង់ ។
-
ការណ៍អាសគ្រាមនឹងប្លន់យកពេលវេលា និងថាមពលរបស់អ្នក ។
-
ការណ៍អាសគ្រាមបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត ការថប់បារម្ភ និងក្តីអាម៉ាស់ ។
ខ្ញុំចង់បន្ថែមថា ការណ៍អាសគ្រាមគឺប្រឆាំងនឹងបទបញ្ញត្តិរបស់ព្រះ ។ ជាមួយនឹងហេតុផលទាំងនេះ និងហេតុផលផ្សេងមួយចំនួនទៀត យើងកំពុងបង្កើតករណីមួយទាស់នឹងការណ៍អាសគ្រាម ប៉ុន្តែចំណេះដឹងដែលគ្មានការអនុវត្តនាំទៅរកភាពស្មុគស្មាញ ។ យើងត្រូវកំណត់ព្រំដែន ដែនកំណត់ និងការរំពឹងទុកដែលមានហេតុផល និងមានប្រយោជន៍ ។ ការជួយកុមារឲ្យបង្កើតហេតុផលក្នុងចិត្តពួកគេផ្ទាល់សម្រាប់ការចង់នៅឲ្យឆ្ងាយពីការណ៍អាសគ្រាមគឺចាំបាច់ណាស់ ។ ប្រសិនបើកូនម្នាក់ពុំសម្រេចចិត្តដោយខ្លួនឯងពីជម្រើសដែលត្រូវធ្វើស្តីពីបញ្ហានេះ ពួកគេទំនងជាក្លាយជាផ្នែកនៃស្ថិតិបច្ចុប្បន្នដ៏ច្រើនលើសលុបនេះ ។
៣. ការព្យាបាល ៖ « ខ្ញុំនឹងស្រឡាញ់អ្នកជានិច្ច »
ពេលកុមារបានឃើញការណ៍អាសគ្រាម ហើយជាប់អន្ទាក់វា នោះពួកគេពិបាកនឹងប្រតិកម្ម ជាសះស្បើយ និងព្យាបាល ។ ការជួយគាំទ្រដោយស្មោះអស់ពីចិត្ត ដោយចិត្តស្មោះសរ ជាប់លាប់ រឹងប៉ឹង និងអត់ធ្មត់គឺជាតម្រូវការចាំបាច់ ដោយសារកុមារគិតពីការទទួលខុសត្រូវចំពោះការជាសះស្បើយផ្ទាល់របស់ពួកគេ ហើយបន្តដំណើរទៅមុខទៀត ។ គ្មាននរណាម្នាក់អាចផ្តល់ការជួយជ្រោមជ្រែងបែបនេះដូចឪពុកម្តាយបានទេ ។ បន្ទាប់ពីយើងត្រូវបានបង្រៀនដោយយកចិត្តទុកចិត្តដាក់ និងផ្ទាល់ខ្លួននូវសេចក្តីពិតនេះរួច បន្ទាប់ពីយើងបានបង្កើតទំនុកចិត្តដោយរម្យទម ហើយមានការសន្ទនាដែលលើកទឹកចិត្តរួច នោះកុមារត្រូវការដឹងថា ទោះជាពួកគេធ្វើខុស និងជ្រើសរើសខុសក្តី នោះការអះអាងរបស់យើងគឺថា « ខ្ញុំនៅតែស្រឡាញ់អ្នក ទោះបីមានរឿងអ្វីកើតឡើងក្តី » ។
ខ្ញុំចាំពីរឿងសាមញ្ញមួយដែលបានកើតឡើងនៅក្នុងគ្រួសារយើងជាច្រើនឆ្នាំកន្លងទៅ ។ ស្វាមីខ្ញុំ និងខ្ញុំមិននៅផ្ទះទេ ហើយកូនប្រុសច្បងរបស់យើងនៅមើលកូនៗផ្សេងទៀតរបស់យើង ។ អ្នកជិតខាងនៅកាច់ជ្រុងផ្ទះយើងបានទូរសព្ទមកប្រាប់យើងថា មានឡានទឹកបានមកផ្ទះរបស់យើង ។ យើងបានប្រញាប់ត្រឡប់មកផ្ទះវិញ ហើយបានដឹងថា កូនប្រុសអាយុ ១០ ឆ្នាំរបស់យើងបានលេងនៅវាលខាងក្រោយផ្ទះនៅជាប់នឹងវាលស្មៅខ្ពស់ៗ និងស្ងួតទំហំពីរហិចតាកន្លះ ។ គាត់បានព្យាយាមចង់ដឹងថា តើគាត់អាចដុតភ្លើងដោយប្រើផ្កាភ្លើងបានដែរឬទេ ។
ប្រាកដណាស់ គាត់បានដុតវាមែន ! ពេលយើងទៅដល់ អ្នកពន្លត់អគ្គិភ័យបានពន្លត់ភ្លើងឆេះបន្តិចបន្តួចនោះ អ្នកពន្លត់អគ្គិភ័យបានបង្រៀនកូនប្រុសយើង ហើយអ្នកជិតខាងយើងបានចាប់ផ្តើមបែកផ្លូវគ្នារៀងៗខ្លួន ។ កូនប្រុសយើងមានការអៀនខ្មាស ភ័យខ្លាច យំ ហើយដឹងថា គាត់ពិតជាមានបញ្ហាហើយ ។
យើងទាំងអស់គ្នាបានចូលទៅក្នុងផ្ទះ ។ កូនប្រុសរបស់យើងភ័យយ៉ាងខ្លាំងថា ទោះបីស្ថានភាពនោះវាធ្ងន់ធ្ងរក្តី អ្វីទាំងអស់ដែលយើងអាចធ្វើគឺឱបកូនប្រុសដ៏គួរឲ្យស្រឡាញ់នោះ ហើយបញ្ជាក់ដល់គាត់អំពីសេចក្តីស្រឡាញ់របស់យើង និងជំនឿរបស់យើងថា គាត់មិនឈឺចាប់ទេ ។
ពេលកុមារបានឃើញការណ៍អាសគ្រាម ហើយជាពិសេសពេលពួកគេបានជាប់នឹងសំណាញ់របស់វា នោះពួកគេនឹងខ្មាសអៀន ភ័យខ្លាច ហើយយំផងដែរ ។ វាពិបាកដើម្បីយកអ្វីមួយដែលធ្លាប់នៅក្នុងភាពងងឹត ហើយដាក់បង្ហាញវានៅក្នុងពន្លឺ ។ វាជាអារម្មណ៍ខ្មាសអៀន និងឈឺចាប់ ។ ពួកគេអាចបរាជ័យ និងមានឧបសគ្គនៅបន្តទៀត ពេលពួកគេជាសះស្បើយ និងបានព្យាបាលរួច ។ តម្រូវការរបស់ពួកគេដើម្បីឲ្យមានសេចក្តីស្រឡាញ់ខ្ជាប់ខ្ជួនគឺជារឿងសំខាន់ណាស់ ។ ទោះជាយ៉ាងណាក៏ដោយ ឪពុកម្ដាយត្រូវដឹងថា សេចក្ដីស្រឡាញ់របស់ពួកគេនឹងជួយក្នុងរឿងនេះបានជានិច្ច ប៉ុន្តែការដឹងរឿងនេះ វាមិនគ្រាន់តែចាំបាច់ប៉ុណ្ណោះទេ ។
នៅក្នុងការព្យាបាល អ្នកត្រូវភ្ជាប់សេចក្តីស្រឡាញ់ដែលអ្នកមានចំពោះកូនរបស់អ្នកទៅនឹងការរកធនធានត្រឹមត្រូវដើម្បីជួយ ។ សេចក្ដីស្រឡាញ់របស់អ្នកគឺជាគ្រឹះសម្រាប់អ្វីដែលចាំបាច់ដែលកើតឡើង ប៉ុន្តែប្រសិនបើនរណាម្នាក់ដែលអ្នកស្រឡាញ់ត្រូវបានជាប់អន្ទាក់ នោះអ្នកទំនងជាត្រូវស្វែងរកអ្នកមានវិជ្ជាជីវៈ ដែលអាចជួយមនុស្សជាទីស្រឡាញ់របស់អ្នក ហើយក៏នឹងជួយអ្នកផងដែរ ។
ពេលអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នកស្វែងរកការព្យាបាល ខ្ញុំសង្ឃឹមថា អ្នកនឹងរកឃើញកម្លាំងនៅក្នុងព្រះមួយអង្គដែលមានព្រះចេស្តាដើម្បីព្យាបាលគ្រប់របួសទាំងអស់ ផ្សារភ្ជាប់មនុស្សឲ្យរួបរួមគ្នា ហើយបង្កើតទំនាក់ទំនងមួយហួសពីសមត្ថភាពបច្ចុប្បន្នដែលយើងនឹងស្មានមិនដល់ ។ ព្រះអង្គសង្គ្រោះយើងជាអង្គព្យាបាលដ៏ទន់ភ្លន់ មានព្រះចេស្តាដើម្បីសង្គ្រោះ ។ យើងអាចក្លាយជាឪពុកម្តាយរបស់កូនៗយើង ហើយចង្អុលបង្ហាញពួកគេទៅរកទ្រង់ ប៉ុន្តែទ្រង់តែអង្គឯងអាចធ្វើជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។ ហើយរឿងដ៏អស្ចារ្យនោះគឺថា ទ្រង់ស្រឡាញ់កូនយើងខ្លាំងជាងយើងស្រឡាញ់ពួកគេទៅទៀត—ទោះជាមានរឿងអ្វីក៏ដោយ ។