២០១៩
ការដើរ​ឆ្ពោះ​ទៅមុខ ក្រោយ​ដឹង​ពី​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​គូដណ្ដឹង​ខ្ញុំ
ខែ តុលា ឆ្នាំ ២០១៩


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ ពួក​យុវមជ្ឈិមវ័យ

ការដើរ​ឆ្ពោះ​ទៅមុខ ក្រោយ​ដឹង​ពី​ការប្រើប្រាស់​ការណ៍​អាសគ្រាម​របស់​គូដណ្ដឹង​ខ្ញុំ

នៅ​ទីបំផុត គូដណ្ដឹង​របស់​ខ្ញុំ​បាន​សារភាព​ថា គាត់​មាន​បញ្ហា​ជាមួយ​នឹង​ការណ៍​អាសគ្រាម ។ តើ​ខ្ញុំ​អាច​នៅ​តែ​ព្រម​រៀបការ​នឹង​គាត់​ដែរ​ឬទេ ?

អ្នក​និពន្ធ​រស់នៅ​បារាំង ប៉ូលីណេស៊ី ។

ខ្ញុំ​បាន​ជួប​ស្វាមី​របស់​ខ្ញុំ កាល​យើង​ទាំងពីរ​នាក់​ជា​ទីប្រឹក្សា​ក្នុង​កម្មវិធី​ពិសេស​សម្រាប់​យុវវ័យ ។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​លើ​ទីបន្ទាល់​ដ៏​រឹង​មាំ​របស់​គាត់ ព្រមទាំង​របៀប​ដែល​គាត់​បង្រៀន ហើយ​ប្រាស្រ័យ​ទាក់ទង​នឹង​យុវវ័យ ។​

នៅពេល​យើង​បាន​ចាប់ផ្ដើម​ដើរ​លេង​ជាគូ យើង​មាន​អារម្មណ៍ដូចជា​ព្រះអម្ចាស់​រំពឹង​ចង់​បាន​អ្វីមួយ​មក​ពី​ទំនាក់ទំនង​របស់​យើង ។ ប៉ុន្តែ ពេល ដែល​ទំនាក់ទំនង​របស់​យើង​ចេះ​តែ​ដំណើរ​ការ​ទៅ​មុខ គាត់​កាន់តែ​រឹង​រូស​នៅ​ក្នុង​របៀប​ដែលគាត់​បង្ហាញ​មនោសញ្ចេតនា​របស់​គាត់ ។ ខ្ញុំ​បាន​ចាប់ផ្ដើម​សង្ស័យ​ថា គាត់​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម ប៉ុន្តែ​នៅ​ពេល​យើង​និយាយ​អំពី​រឿង​នេះ គាត់​បាន​បដិសេធ​ថា គាត់​គ្មាន បញ្ហា​ជាមួយ​នឹង​រឿង​ហ្នឹង​នោះ​ទេ ។

យើង​បាន​ចាប់ផ្ដើម ដាក់​ច្បាប់​ដ៏​តឹងតែង​ដើម្បី​ការពារ​ខ្លួន​យើង ។ នៅពេល​គាត់​បាន​សុំ​ខ្ញុំ​រៀបការ ខ្ញុំ​បានយល់ព្រម ហើយ​រឿង​ទាំងឡាយ​បាន​ប្រសើរ​ឡើង—រហូត​ដល់​ថ្ងៃ​មួយ កាល​គាត់​បាន​ចាប់ផ្ដើម​រំអុក​ក្នុង​ការ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដល់​ខ្ញុំ​តាម​របៀប​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពុំ​ស្រណុក​ក្នុង​ចិត្ត​ជាថ្មី​ម្ដង​ទៀត ។

ខ្ញុំ​នៅ​តែ​សង្ស័យ​អំពី​ការ​ប្រើ​ប្រាស់​ការណ៍​អាសគ្រាម​របស់​គាត់ ដូច្នេះ​ថ្ងៃ​មួយ​ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ដៃ​គូ​ម្នាក់​ក្នុង​បេសកកម្ម​របស់​ខ្ញុំ ដែល​មាន​បញ្ហា​នឹង​ការណ៍​អាស​គ្រាម​ពីមុន​បេសកកម្ម​របស់​នាង ។ ខ្ញុំ​បាន​ព្យាយាម​យល់ចិត្ត ផ្ដល់​សេចក្ដី​ស្រឡាញ់ និង​ពុំ​កាត់​សេចក្ដី ដោយសារ​នាង​ពិត​ជា​មនុស្ស​ដ៏​ល្អ​ម្នាក់ ។ បន្ទាប់មក ខ្ញុំ​បាន​សួរ​គាត់​ម្ដង​ទៀត​ថា តើ​គាត់​មាន​ការ​ញៀន​នឹង​ការណ៍​អាសគ្រាម​ដែរ​ឬទេ ហើយ​នៅ​ទីបំផុត គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​មាន​មែន ។

ការ​ឈឺចាប់ និង​ការ​ព្យាបាល

ដំបូង​ឡើយ ខ្ញុំ​ពិបាក​នឹង​និយាយ​ជាមួយ​គាត់ ហើយ​មើល​មុខ​គាត់​ឲ្យ​ចំ​ខ្លាំង​ណាស់ ។ ខ្ញុំ​ស្ទើរ​តែ​ទប់​អារម្មណ៍​ពុំ​បាន ដោយសារ​ខ្ញុំ​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​ប្រាប់​ខ្ញុំ​ថា បុរស​ម្នាក់​នេះអាច​ក្លាយ​ជា​ដៃ​គូ​ដ៏​អស់កល្ប​របស់​ខ្ញុំ ។ ប៉ុន្តែ​ទោះ​ជា​ខ្ញុំ​មាន​ការ​ឈឺចាប់​ក្ដី ក៏​ខ្ញុំ​បាន​ដឹង​ផង​ដែរថា ខ្ញុំ​ត្រូវ​ខិតខំ​ដើម្បី​អភ័យទោស​ដល់​គាត់ ហើយ​ខ្ញុំ​មាន​ការ​បំផុស​គំនិត​ថា កុំ​ឲ្យ​បោះបង់​ទំនាក់ទំនង​របស់​យើង ។

ខ្ញុំ​បាន​អធិស្ឋាន​យ៉ាង​ខ្លាំង ហើយ​បាន​សិក្សា​សុន្ទរកថា​អំពី​ការ​អភ័យទោស និង​ការ​ប្រើ​ប្រាស់​ការណ៍​អាសគ្រាម ។ ខ្ញុំ​បាន​អាន​អត្ថបទ និង​ទីបន្ទាល់​យ៉ាង​ច្រើនអំពី​បុគ្គល​ដែល​បាន​រៀបការ ហើយ​មាន​ភរិយា ឬ​ស្វាមី​មាន​បញ្ហា​នឹង​រឿង​នេះ ។ កាល​ខ្ញុំ​បាន​អាន ខ្ញុំ​ទទួល​បាន​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ខ្ញុំ និង​គូដណ្ដឹង​របស់​ខ្ញុំ ហើយ​បាន​ទទួល​ការបញ្ជាក់​​មួយ​ទៀត​ថា បុរស​ម្នាក់​នេះ​គឺ​ពិត​ជា​ដៃ​គូ​ដ៏​អស់​កល្ប​របស់​ខ្ញុំ ។ ខ្ញុំ​ក៏​បាន​រៀន​ពី​កត្តា​ខុស​គ្នា​មួយ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ផង​ដែរ—ជា​របៀប​ដែល​ទ្រង់​អាច​ព្យាបាល​ព្រលឹង​មួយ​ដែល​ប្រែចិត្ត ( គូដណ្ដឹង​របស់​ខ្ញុំ ) និង​ដួង​ចិត្ត​ដ៏​មាន​របួស ( របស់​ខ្ញុំ ) ។

កត្តា​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​របស់​យើង​គឺ​ការ​ទៅ​ជួប​នឹង​ប៊ីស្សព​របស់​គូដណ្ដឹងខ្ញុំ ។ ការណែនាំ​របស់​គាត់​បាន​ជួយ​ព្យាបាល​យើង ហើយ​កាន់តែ​មាន​ភាព​ស្និទ្ធស្នាល​ក្នុង​នាម​ជា​ស្វាមី និង​ភរិយា ។ គាត់​មាន​ការ​អត់ធ្មត់​ជាខ្លាំង​កាល​ស្វាមី​ខ្ញុំ​បាន​ធ្វើ​វា​ម្ដងទៀត ហើយ​គំរូ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ​របស់​គាត់​បំផុស​គំនិត ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​អភ័យទោស ហើយ​ខិតខំ​យកឈ្នះ​បញ្ហា​នេះ​ជាមួយ​គូដណ្ដឹង​របស់​ខ្ញុំ ។

អស់​ពេល​មួយ​រយៈ គូដណ្ដឹង​របស់​ខ្ញុំ​ពិបាក​នឹង​មើល​ខ្ញុំ​រងទុក្ខ ដោយសារ​តែ​ការ​ជ្រើសរើស​របស់​គាត់​រហូត​ដល់​គាត់​ស្ទើរតែ​ពុំ​ចង់​រៀបការ​នឹង​ខ្ញុំ​ទៀត​ឡើយ ! ប៉ុន្តែ​បន្ទាប់​ពីបាន​ខិតខំ​ជាមួយ​គ្នា​ដើម្បី​ជួយ​គាត់​ឲ្យ​បាន​ស្អាតស្អំ​អស់​រយៈពេល​ជាច្រើន​ខែ​មក នៅទីបំផុត​គាត់​មាន​អារម្មណ៍​ថា ព្រះអម្ចាស់ និង​ខ្ញុំបាន​អភ័យទោស​ឲ្យ​គាត់​យ៉ាង​ស្មោះអស់​ពី​ចិត្ត ។

នៅទីបំផុត យើង​បាន​រៀបការ ហើយ​ឥឡូវ​នេះ​ទំនាក់ទំនង​របស់​យើង​កាន់​តែ​រឹង​មាំជាង​មុន ។ បទពិសោធន៍​នេះ​បាន​ជួយ​យើង​កុំ​ឲ្យ​ខ្មាស់​អៀន​ក្នុង​ការ​និយាយ​ប្រាប់​គ្នា​ពី​បញ្ហា​របស់​យើង ។ ហើយ​ទោះ​ជា​គាត់​លែង​ពាក់​ព័ន្ធ​នឹង​ការណ៍​អាស​គ្រាម​ទៀត​ក្ដី ក៏​យើង​នៅ​តែ​បន្តយក​ចិត្ត​ទុក​ដាក់ ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​គ្នា​ទៅវិញ​ទៅ​មកដែរ ។

ទំនាក់ទំនង​របស់​អ្នក​អាច​ដំណើរ​ការ​បាន

ប្រសិន​បើ​ទំនាក់ទំនង​របស់​អ្នក​ត្រូវ​បាន​បំផ្លាញ​ដោយ​ឥទ្ធិពល​នៃ​ការណ៍​អាសគ្រាម សូម​ដឹង​ថា ការ​អភ័យទោស​អាច​ធ្វើ​ទៅ​បាន ។ វា​អាច​ធ្វើ​ទៅបាន ដើម្បី​បន្ត​ស្រឡាញ់​គ្នា ហើយ​ខិតខំ​រួមគ្នា​ស្វែង​រក​ដំណោះស្រាយ ហើយ​យក​ឈ្នះ​វា​រួមគ្នា ។ យើង​គ្រប់​គ្នាមាន​សិទ្ធិ​ទទួល​បាន​ការព្យាបាល​ពី​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។ យើង​ត្រូវ​ទទួល​ស្គាល់​ថា យើង​ឈឺចាប់ ហើយ​ថា​មាន​តែ​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ ទើប​យើង​អាច​ជា​សះស្បើយ​យ៉ាង​ពេញ​លេញ ។

ដំណើរ​រឿង​របស់​មនុស្ស​គ្រប់​រូប និង​រាល់​ទំនាក់ទំនង​គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា ។ សម្រាប់​មនុស្ស​ខ្លះ ការ​បញ្ចប់​ទំនាក់ទំនង​នោះ​ប្រហែល​ជា​រឿង​ត្រឹមត្រូវ​ដើម្បី​ធ្វើ ។ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ដំណើររឿង​របស់​យើង​អាច​ជួយ​ដល់​មនុស្ស​ដទៃ​ដែល​មាន​ស្ថានភាព​ស្រដៀង​គ្នា​នេះ ។ ដោយ​សារ​ខ្ញុំ​បាន​ទទួល​ការ​បញ្ជាក់​នោះ​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ដោយ​មាន​ជំនួយ​របស់​ព្រះអង្គ​សង្គ្រោះ និង​ដង្វាយធួន​របស់​ទ្រង់ ខ្ញុំ​អាច​អភ័យទោស​ដល់​គូដណ្ដឹង​របស់​ខ្ញុំ ហើយ​បន្ត​ទំនាក់ទំនង​របស់​យើង ។ ខ្ញុំដឹង​ថា វា​គឺជា​ការ​ជ្រើស​រើស​ដ៏ត្រឹមត្រូវ​សម្រាប់​ខ្ញុំ ។

ប្រសិន​បើ​អ្នក​កំពុង​ប្រឈម​នឹង​ស្ថានភាព​ដូចគ្នា​នេះ សូម​ពិចារណា​ប្រកបដោយ​ការ​អធិស្ឋាន​ពី​ស្ថានភាព​បច្ចុប្បន្ន​របស់​អ្នក និង​អនាគត​ដែល​អាច​កើត​មាន ។ ប្រសិនបើ​អ្នក​ទទួល​ការ​បញ្ជាក់​មក​ពី​ព្រះវិញ្ញាណ​ថា ការ​បន្ត​ទំនាក់​ទំនង​របស់​អ្នក​គឺជា​រឿង​ត្រឹមត្រូវ​ដើម្បី​ធ្វើ ហើយ​អ្នក​មាន​ភាពជឿជាក់ សូម​ដឹង​ថា ដោយ​មាន​ការ​ខិតខំ​ពី​អ្នក​ទាំងពីរ ហើយ​ពឹង​ផ្អែក​លើ​ព្រះវរបិតា​សួគ៌ នោះ​ទំនាក់ទំនង​របស់​អ្នក​អាច​ដំណើរ​ការ​បាន ។

ស្វាមី​របស់​ខ្ញុំ​គឺជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​ខ្ញុំ​ស្រឡាញ់​គាត់​ខ្លាំង​បំផុត ! ខ្ញុំ​មាន​អំណរ​គុណ​ជាខ្លាំង​ចំពោះ​ព្រះអម្ចាស់ ដែល​បាន​ជួយព្យាបាល​យើង ហើយ​ធ្វើ​ឲ្យ​យើង​អាច​រៀបការ​បាន ។ ព្រះអម្ចាស់​បាន​ជួយ​យើង​ឲ្យ​រីកចម្រើន​រួម​គ្នា​ ក្នុង​នាម​ជា​ស្វាមី និង​ភរិយា ដែល​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ប្រឈម​នឹង​អ្វីៗដែល​ទ្រង់​បាន​រៀបចំ​សម្រាប់​ជីវិត​របស់​យើង​រួម​គ្នា ។