មិត្ត ដែល បានចែកចាយ ពន្លឺ របស់ពួកគេជាមួយខ្ញុំ
អ្នកនិពន្ធរស់នៅទីក្រុងបាហាកាលីហ្វូញ៉ា ប្រទេសម៉ិស៊ិក ។
ខ្ញុំមានអារម្មណ៍ភ័យខ្លាច និងឯកោ ។ ក្រោយមក ខ្ញុំបានប្តូរទៅរស់នៅប្រទេសផ្សេងទៀត ហើយបានទៅព្រះវិហារជាលើកដំបូងក្នុងរយៈពេលជាយូរមក ។
ខ្ញុំកំពុងរស់នៅជាមួយម្តាយខ្ញុំនៅទីក្រុងតូចមួយក្នុងប្រទេសម៉ិកស៊ិក ជាកន្លែងដែលមនុស្សគ្រប់គ្នាស្គាល់គ្នាទៅវិញទៅមក ។ ខ្ញុំដឹងខុសនឹងត្រូវ ប៉ុន្តែខ្ញុំមានការភាន់ច្រឡំ ហើយជាយុវនារីសកម្មម្នាក់ក្នុងទីក្រុងទាំងមូលរបស់ខ្ញុំ ។
ខ្ញុំចង់ចុះចំណោមនឹងគេ ដូច្នេះខ្ញុំបានធ្វើរឿងមួយដែលសមហេតុផលនៅគ្រានោះគឺ ៖ មានមិត្តប្រុស ។ នេះគឺជាកំហុសដំបូងគេតែមួយគត់ដែលខ្ញុំបានចាប់ផ្តើមធ្វើវា ។ ខ្ញុំបានចាប់ផ្តើមធ្លាក់ចូលក្នុងសម្ពាធពីមិត្តភក្តិ ហើយជឿថា ខ្ញុំមានអាយុច្រើនល្មមដើម្បីគិតដោយខ្លួនខ្ញុំ ដែលមានន័យថា ក្លាយជាយុវនារីអសកម្មដែលរស់នៅក្រោមឥទ្ធិពលងងឹត ។
ខ្ញុំបានរស់នៅក្នុងសភាពបែបនេះអស់រយៈពេលមួយឆ្នាំ ជាមួយនឹងសភាពអាក្រក់នោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ។ ការសម្រេចចិត្តមិនល្អរបស់ខ្ញុំបាននាំទៅរកការឈ្លោះប្រកែកគ្នាជាមួយគ្រួសារខ្ញុំ ហើយខ្ញុំបានដឹងថា ខ្ញុំពុំអាចបន្តរស់នៅបែបនោះជាមួយពួកគេទៀតទេ ។ ប៉ុន្តែវាមិនដូច្នេះឡើយរហូតដល់មរណភាពនៃមិត្តជិតស្និទ្ធរបស់ខ្ញុំម្នាក់ដែលជាសមាជិកនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ទើបខ្ញុំបានដឹងថា ខ្ញុំខ្វះអ្វីមួយ ។ ជាអកុសល ខ្ញុំបានបន្ទោសព្រះ និងដំណឹងល្អ ។ ខ្ញុំឈប់ជឿថា ពរជ័យកើតមកពីការគោរពប្រតិបត្តិទៀតហើយ ។ ខ្ញុំបានដឹងថា ប្រសិនបើខ្ញុំពុំបានសម្រេចចិត្តចាប់ផ្តើមរស់នៅតាមដំណឹងល្អ នោះខ្ញុំនឹងបន្តព្រងើយកន្តើយនឹងទំនាក់ទំនងរបស់ខ្ញុំជាមួយសាសនាចក្រ ហើយបន្តរស់នៅតាមបែបលោកិយទៀត ។
ខ្ញុំកំពុងអង្គុយនៅលើគ្រែរបស់ខ្ញុំក្នុងបន្ទប់ងងឹត ទាំងយំ និងមានអារម្មណ៍សោកស្តាយចំពោះខ្លួនខ្ញុំ ពេលខ្ញុំបានដឹងថា ខ្ញុំភ័យខ្លាច—ភ័យថា ខ្ញុំនៅឯកោគ្មាននរណានិយាយជាមួយ ភ័យថា ពុំអាចជួសជុលកំហុសទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត ភ័យថា គ្មាននរណាម្នាក់នឹងអភ័យទោសខ្ញុំឡើយ ជាពិសេសព្រះ ។
ទីបំផុត ខ្ញុំបានប្តូរទៅរស់នៅរដ្ឋ មីនីសូតា ស.រ.អា. ជាមួយយាយតាខ្ញុំ ដែលពុំមិនមែនជាសមាជិកសាសនចក្រទេ ។ ឪពុកចុងរបស់ខ្ញុំបានធ្វើដំណើរតាមយន្តហោះទៅជាមួយខ្ញុំ ហើយថ្ងៃអាទិត្យដំបូងរបស់ខ្ញុំនៅទីនោះ យើងបានទៅព្រះវិហារ ប៉ុន្តែបានទៅតែម៉ោងសាក្រាម៉ង់ទេ ។ នៅចុងបញ្ចប់នៃការប្រជុំ ខ្ញុំបានសម្រេចចិត្តរួចហើយថា ចាកចេញពីព្រះវិហារ ប៉ុន្តែដោយក្តីភ្ញាក់ផ្អើល ពេលយើងដើរទៅរកឡានរបស់យើង នោះយើងបានឃើញប៊ីស្សពរត់មករកពួកយើង ។ គាត់បានយើងពីរបីសំណួរ ហើយអញ្ជើញយើងឲ្យត្រឡប់មកវិញទៀតនៅសប្តាហ៍ក្រោយ—ហើយយើងបានត្រឡប់មកមែន ។
នៅសប្តាហ៍បន្ទាប់ ពេលពិធីសាក្រាម៉ង់ចប់ ពីមុនខ្ញុំក្រោកឈរឡើង មានយុវនារីជាច្រើនក្នុងវួដបានជួបខ្ញុំ—គឺពួកយុវនារីដែលនឹងជួយខ្ញុំឲ្យផ្លាស់ប្តូរជីវិតខ្ញុំ ។
រំពិចនោះ ខ្ញុំបានចូលទៅក្នុងពិភពមួយថ្មីទាំងស្រុង ៖ ជាពិភពមួយដែលមានប៊ីស្សព និងប្រធានយុវនារី ដែលមើលថែខ្ញុំ ហើយយុវនារីស្ទើរតែទាំងអស់ដែលបានព្យាយាមរស់នៅតាមដំណឹងល្អជាប្រចាំ ដែលបានព្យាយាមរស់នៅតាមបទដ្ឋានដ៏ខ្ពស់ ហើយការពារភាពត្រឹមត្រូវ ។ ពួកគេបានបំភ្លឺពន្លឺជាខ្លាំងដែលពួកគេអាចបំភ្លឺផ្លូវនៅចំពោះមុខខ្ញុំ ។
នោះគឺជាពេលដែលខ្ញុំបានដឹងអ្វីដែលខ្ញុំត្រូវធ្វើ ៖ « ចូរឲ្យពន្លឺ [ របស់ខ្ញុំ ] បានភ្លឺទៅមុខមនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អដែល [ ខ្ញុំ ] ប្រព្រឹត្តរួចសរសើរតម្កើងដល់ព្រះវរបិតានៃ [ ខ្ញុំ ] ដែលគង់នៅស្ថានសួគ៌ » ( សូមមើល ម៉ាថាយ ៥:១៦ ) ។ ដូច្នេះហើយ ខ្ញុំបានចាប់ផ្តើមទៅព្រះវិហារ និងកម្មវិធីម៉្ញូតឆលរៀងរាល់សប្តាហ៍ អានព្រះគម្ពីរមរមន ហើយអធិស្ឋានរៀងរាល់ថ្ងៃ ស្លៀកពាក់សមរម្យ ប្រើពាក្យសម្តីពិរោះពិសារ ទៅព្រះវិហារបរិសុទ្ធ ហើយរៀបចំខ្លួនខ្ញុំដើម្បីទទួលពររបស់លោកអយ្យកោ ។
ខ្ញុំបានផ្លាស់ប្តូរទាំងស្រុង ប៉ុន្តែខ្ញុំពុំបានដឹងអំពីការផ្លាស់ប្តូរនេះឡើយរហូតដល់ពេលកម្មវិធីបោះជំរំក្រុមយុវនារី ពេលខ្ញុំបានទទួលអារម្មណ៍ពីព្រះវិញ្ញាណ ហើយបានដឹងថា ខ្ញុំមានទីបន្ទាល់—គឺជាទីបន្ទាល់ដែលរំឭកខ្ញុំថា ព្រះស្រឡាញ់ខ្ញុំ ថាទ្រង់មានផែនការសម្រាប់ខ្ញុំ ហើយថាទ្រង់ពុំចង់ឲ្យខ្ញុំនៅឯកោ ។ ជាទីបន្ទាល់ដែលអស្ចារ្យ និងរឹងប៉ឹងដែលវាបានផ្លាស់ប្តូរខ្ញុំ ។ ជាទីបន្ទាល់ដើម្បីចែកចាយ និងបំភ្លឺ មិនមែនតែផ្លូវខ្ញុំប៉ុណ្ណោះទេ គឺបំភ្លឺផ្លូវរបស់មនុស្សដទៃផងដែរ ។ ជាទីបន្ទាល់ដែលមិនខ្លាចនឹងបំភ្លឺនៅក្នុងទីងងឹត ។