២០១៩
គឺ​ជា ឬ​ធ្លាប់​ជា ៖ នោះ​គឺ​ជា​សំណួរ
ខែ តុលា ឆ្នាំ ២០១៩


គឺ​ជា ឬ ធ្លាប់​ជា ៖នោះ​គឺ​ជា​សំណួរ

យើង​ត្រូវបានរំពឹង​ឲ្យ​វិនិច្ឆ័យ ។ យើង​ត្រូវតែ​វិនិច្ឆ័យ ។ ប៉ុន្តែ​យើង ពុំ ត្រូវ​វិនិច្ឆ័យ​ដោយ​ការស្មាន ឬ​លាបពណ៌​នរណា​ម្នាក់នោះ​ទេ ។

variety of different people

រចនា​រូបភាព​ដោយ ដេវីឌ ហ្គ្រីន

កាល​ពី​បីបួន​ឆ្នាំ​មុន ភរិយារបស់ខ្ញុំ និងខ្ញុំ បាន​ទៅ​ទស្សនា​ប្រាសាទ ក្រុនប៉ក នៅ​ទីក្រុង​ហែល​សិនហ្គ័រ ប្រទេស​ដាណាម៉ាក ។ ប្រាសាទ​នេះ​បាន​មាន​ភាព​ល្បីល្បាញ​ដោយសារ​ឆាកល្ខោន​មួយ​មាន​ចំណង​ជើង​ថា Hamlet ដែល​និពន្ធ​ដោយ វីល្លាម ស្សៀកស្ពៀ ។ ពេល​យើងទៅលេង​ប្រាសាទ​នោះ ចិត្តរបស់​យើង​បាន​ពោរពេញ​ដោយ​ឈុតឆាក និង​ការសន្ទនា​នៅក្នុង​ល្ខោន​នោះ ជាពិសេស​សំណួរ​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ល្ខោន Hamlet ដែល​បាន​សួរ​ថា « គឺ​ជា ឬមិន​ធ្លាប់ជា ៖ នោះ​គឺ​ជា​សំណួរ » ។

ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​បាន​គិត​ពី​សំណួរ​មួយ​ដែល​ទាក់ទង​គ្នា​យ៉ាង​ខ្លាំង​ដើម្បី​សួរ​ខ្លួន​យើង​ថា ៖​ « គឺ​ជា ឬ ធ្លាប់​ជា នោះ​គឺ​ជា​សំណួរ » ។

អនុញ្ញាត​ឲ្យ​មាន​ការ​កែលម្អ

ជា​អកុសល នៅពេល​យើង​និយាយ​ពី​មនុស្ស​ដទៃ ជារឿយៗ​យើង​ច្រើន​តែ​លាប​ពណ៌​ឲ្យអ្នកនោះ ។ ឧទាហរណ៍ យើង​អាច​និយាយ​ពាក្យ​ដូច​ជា ៖

  • « អែលឌើរ​ប្រោន​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ខ្ជិលច្រអូស » ។ ផ្ទុយទៅវិញ យើង​គួរ​និយាយ​ថា « អែលឌើរ​ប្រោន​ពុំ​បាន​ខំ​ធ្វើ​ការ​ទេ​មួយ​រយៈ​នេះ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា គាត់​អាច​កែលម្អ​ខ្លួន​បាន » ។

  • « ម៉ារី​ពុំ​មែន​ជា​មនុស្ស​ជឿ​លើ​សាសនា​ទេ » ។ ផ្ទុយ​ទៅ​វិញ យើង​អាច​និយាយ​ថា « ម៉ារី​ពុំ​ចាប់អារម្មណ៍​នឹង​សាសនា​ទេ ប៉ុន្តែ​គាត់​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ប្រសិន​បើ​ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ប្រាប់​គាត់ » ។

ពេល​យើង​និយាយ​ថា នរណា​ម្នាក់ គឺជា អ្វី​មួយ នោះ​យើង​អាច​កំពុង​តែ​លាប​ពណ៌ ឬ​វិនិច្ឆ័យ​គេ​ដោយ​ការស្មាន វិនិច្ឆ័យ​ដោយ​គ្មាន​ទុក​ចន្លោះ​សម្រាប់​លទ្ធភាព​ដើម្បី​ផ្លាស់ប្តូរ និង​កែលម្អ​ឡើយ ។ ប៉ុន្តែ​ពេល​យើង​និយាយ​ថា ធ្លាប់​ជា នោះ​យើង​បង្ហាញ​ថា យើង​ជឿ​ថា អាច​មាន​ការលូតលាស់ និង​ការរីកចម្រើន ។

តើវា​ខុស​ទេ​ដើម្បី​វិនិច្ឆ័យ​នោះ ?

ការបកប្រែ​ព្រះគម្ពីរ​ប៊ីប​ភាគ​ច្រើន​ផ្តល់​កំណែ​ដូច​តទៅ​នេះ​អំពី​ការបង្រៀន​មក​ពី​ព្រះអង្គសង្គ្រោះ ៖ « កុំ​ឲ្យ​ថ្កោល​ទោស​គេ​ឡើយ ដើម្បី​មិន​ឲ្យ​មាន​គេ​ថ្កោល​អ្នក​វិញ » ( ម៉ាថាយ ៧:១ ) ។ ប៉ុន្តែ​ការបកប្រែ​របស់​យ៉ូសែប ស្ម៊ីធ ផ្តល់​ភាព​ច្បាស់លាស់​ថា ៖ « ចូរ​កុំ​ថ្កោលទោស ដោយ​មិន​សុចរិត​ឡើ យ​…​ ប៉ុន្តែ​ចូរ​ថ្កោលទោស​ដោយ​ការ​ថ្កោល​ទោស​ដ៏​សុចរិត​ចុះ » ( នៅក្នុង ម៉ាថាយ ៧:១ លេខ​យោង  ការ​គូស​បញ្ជាក់​បាន​បន្ថែម ) ។

វា​ពិតជា​អាចទទួល​យក​បាន—ហើយ​ថែម​ទាំង​រពឹងទុកជាមុន​ទៀត​ផង—ថា យើង​អនុវត្ត​ការវិនិច្ឆ័យ ពេល​យើង​ស្ទង់​មើល វាយ​តម្លៃ ហើយ​ញែក​ដឹង​ពី​ស្ថានភាព និង​ធ្វើ​ការសម្រេច​ចិត្ត ។ ហើយ​វា​រិត​តែ​សំខាន់​ថា យើង​អនុវត្ត​ការវិនិច្ឆ័យ​សុចរិត ពេល​យើង​ទាក់ទង​ជាមួយ​មនុស្ស ។

ឧទាហរណ៍ យើង​គួរតែ​វាយ​តម្លៃ​ដោយ​ប្រុងប្រយ័ត្ន​ពី​បុគ្គល​ដែល​យើង​នឹង​រៀបការ​ជាមួយ ប្រើ​ការញែក​ដឹង​ដើម្បី​យល់​ពី​បំណង​ចិត្ត​របស់​នរណា​ម្នាក់ ឬ​ស្ទង់​មើល​សមត្ថភាព​របស់​នរណា​ម្នាក់ ដើម្បី​បំពេញ​ការចាត់តាំង​ប្រកប​ដោយ​វិជ្ជាជីវៈ​មួយ ។

យើង​គួរ​តែ​វាយ​តម្លៃ​ពីទង្វើ ឬ​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​តាម​បទដ្ឋាន​របស់​ព្រះអម្ចាស់​ជានិច្ច ដូច​មាននៅក្នុង​ព្រះគម្ពីរ​ដ៏​បរិសុទ្ធ និង​ប្រសាសន៍​របស់​ពួកព្យាការី ។ លើស​ពីនោះ យើង​គួរ​តែ​ប្រាកដ​ថា ការវិនិច្ឆ័យ​របស់​យើង​ពុំ​ព្យាយាមរុករក​ភាព​អសប្បុរស រហ័ស​វិនិច្ឆ័យ​ដោយ​ការស្មាន ឬ​លាប​ពណ៌​នរណា​ម្នាក់​ដោយ​អយុត្តិធម៌​ឡើយ ។

អាច​ផ្លាស់ប្តូរ​បាន

យើង​អនុវត្ត​ការវិនិច្ឆ័យ​មិន​សុចរិត ពេល​យើង​ពិពណ៌នា​មិន​ត្រឹមត្រូវ​ពី​មនុស្ស​ដទៃ ជាពិសេស​បើ​យើង​ធ្វើ​បែប​នោះ យើង​ថ្លែង​បញ្ជាក់​ថា ពួកគេ​ពុំ​អាច​ផ្លាស់ប្តូរ​បាន​ឡើយ ។ នៅក្នុង​គ្រប់​ទំនាក់ទំនង​របស់​យើង​ជាមួយមនុស្ស​ដទៃ យើង​គួរតែ​ចងចាំ​ថា ដោយសារ​ពលិកម្មធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​ម្នាក់ៗ​មាន​សមត្ថភាព​ដើម្បី​កែ​លម្អ​ខ្លួន ។ សូម​ពិចារណា​ពី​គំរូ​ទាំង​នេះ​មក​ពី​ព្រះអង្គសង្គ្រោះ ៖

  • ទ្រង់​បានមាន​បន្ទូល​ទៅ​កាន់​ស្ត្រី​ម្នាក់​ដែល​គេទាន់​នៅដំណេក​ថា « អញ្ជើញ​ទៅ​ចុះ តែ​កុំ​ធ្វើ​បាប​ទៀត​ឡើយ » ( យ៉ូហាន ៨:១១ ) ។

  • ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​បុរស​ម្នាក់​ដែល​ត្រូវបាន​ឆ្កាង​នៅ​ក្បែរ​ទ្រង់​ថា « ថ្ងៃនេះអ្នកនឹងនៅក្នុង​ស្ថានបរមសុខជាមួយ​នឹង​ខ្ញុំ​ដែរ » ( លូកា ២៣:៤៣ ) ។

  • ជា​អង្គ​ដែល​បាន​មាន​ព្រះជន្មរស់​ឡើង​វិញ ទ្រង់​បាន​បន្ត​ឃើញ​សក្តានុពល​របស់​ពេត្រុស ហើយ​ណែនាំ​លោក ទោះបី​ជា​ពេត្រុស​បាន​បដិសេធ​ទ្រង់​បី​ដង​ក្តី ( សូមមើល ម៉ាថាយ ២៦:៣៤ និង យ៉ូហាន ២១:១៥–១៧ ) ។

  • ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​សូល​ ដែល​បាន​បៀតបៀន​ដល់​ពួកបរិសុទ្ធ​ឲ្យ​ប្រែចិត្ត ។ សូល​ដែល​បាន​ក្លាយ​ជា ប៉ុល បាន​គោរព​តាម ហើយ​ក្លាយ​ជា​មនុស្ស​សុចរិត ។ ( សូម​មើល កិច្ចការ ៩:៣–៦ ) ។

ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​គឺជាអង្គ​ដែល​ជួយ​ជ្រោមជ្រែង​យ៉ាង​ខ្លាំង​សម្រាប់​ឱកាស​ទី​ពីរ—និង​ទី​បី និង​ទីបួន​ផងដែរ ។ ទ្រង់​បាន​បង្រៀន​យើង​ឲ្យ​អភ័យទោស « ប្រាំពីរ​ចិតសិប​ដង » ( ម៉ាថាយ ១៨:២២ ) ។ ទ្រង់​គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​ដែល​បាន​រស់នៅក្នុង​ជីវិត​ដ៏​ល្អ​ឥត​ខ្ចោះ​នៅលើ​ផែនដី​នេះ ប៉ុន្តែ​ដោយសារ​ព្រះជន្ម​របស់​ទ្រង់ ការបង្រៀន​របស់​ទ្រង់ ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ និង​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់ និង​តាមរយៈ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អរបស់​ទ្រង់ នោះ​យើង​ក៏​អាច​ប្រែ​ជា​ល្អ​ឥតខ្ចោះ​នៅ​ថ្ងៃ​ខាង​មុខ​ផងដែរ ។ ការ​ហៅ​បងប្អូន​ប្រុស​ស្រី​របស់​យើង​ក្នុង​របៀប​មួយ​ដែល​ផ្តល់​ការឥតជំនឿ​នៅក្នុង​សមត្ថភាព​ពួកគេ​ដើម្បី​ផ្លាស់ប្តូរ នោះ​វា​ក៏​នឹង​ផ្តល់​ការឥតជំនឿ​ដល់​អំណាច​នៃ​ព្រះអង្គសង្គ្រោះ និង​ដង្វាយ​ធួន​របស់​ទ្រង់​ផងដែរ ។

ខាង​ក្រៅ និង​ខាង​ក្នុង

វា​ជា​រឿង​ពិត​ក្នុង​ជីវិត​ដែល​យើង​តែងតែ​វិនិច្ឆ័យ ( ហើយ​ត្រូវបាន​គេ​វិនិច្ឆ័យ ) តាមរយៈ​អការៈ​​ខាង​ក្រៅ ។ យើង​ស្ថិត​នៅក្នុងភាព​គ្រោះថ្នាក់​នៃ​ការវិនិច្ឆ័យ​ឥត​សុចរិត ប្រសិន​បើ​យើង​វិនិច្ឆ័យ​ដោយ​ផ្អែក​តែ​ទៅលើ​អការៈ​ខាងក្រៅ ហើយ​មិន​វាយ​តម្លៃ​បុគ្គលិកលក្ខណៈ​ពិត​របស់​បុគ្គលម្នាក់ ។

« ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ( សាំយូអែល​ទី១ ១៦:៧ ) ។ ព្រះយេស៊ូវ​ហៅ​ពួក​មនុស្ស​លាក់ពុត​នៅ​ជំនាន់​ទ្រង់​ថាជា « ​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ…សេចក្តី​ស្មោកគ្រោក​គ្រប់​មុខ​វិញ » ( ម៉ាថាយ ២៣:២៧ ) ។

ព្រះអង្គ​សង្គ្រោះ​ពុំ​បាន​បង្រៀន​ថា អការៈ​ខាងក្រៅ​ដែល​វិជ្ជមាន និង​ល្អ​គន់​ពុំ​មែន​ជា​រឿង​ល្អ​នោះ​ទេ ប៉ុន្តែ​បុគ្គលិកលក្ខណៈ​ខាង​ក្នុង​របស់​បុរស ឬ​ស្ត្រី​នោះ​ទេ ( លក្ខខណ្ឌ​ផ្នែក​សីលធម៌ និង​ខាង​វិញ្ញាណ ) ដែល​កាន់តែ​សំខាន់ខ្លាំង​នោះ ។ សូម​គិត​ពី​ព្រះវិហារ​បរិសុទ្ធ​ដ៏​មាន​រិទ្ធិ​របស់​យើង បរិវេណ​ខាង​ក្រៅ​គឺ​មាន​ភាព​ស្រស់ស្អាត​ណាស់ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​សំខាន់ខ្លាំង​នោះ​គឺពិធីបរិសុទ្ធ​ដែល​ធ្វើ​ឡើង​នៅក្នុង​នោះ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ក៏​ត្រូវ​តម្រូវ​ឲ្យ​ស្លៀកពាក់ និង​តុបតែង​កាយ​តាម​បទដ្ឋាន​ផងដែរ ។ តាមរយៈ​ភាព​ស្អាតបាត ការស្លៀកពាក់​រម្យទម និង​ការប្រើ​ពាក្យ​សម្តី​សមរម្យ នោះ​ពួកគេ​ធ្វើ​ជា​គំរូ​ល្អ​ដល់​អ្នក​ដែល​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ស្គាល់​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ នឹង​ទទួល​បាន​អ្វី​ដែល​ពួកគេ​ឃើញ និង​ស្តាប់​ឮ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ការអនុវត្ត​ការញែកដឹង

ពេល​យើង​សាកល្បង​ធ្វើការវិនិច្ឆ័យ​សុចរិត វា​ចាំបាច់​ត្រូវ​ប្រើ​ការញែកដឹង ។ សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ​ថ្លែង​ពី​ការញែកដឹង​ថា « គឺ​ដើម្បី​ឲ្យ​យល់ ហើយ​ដឹង​នូវ​អ្វីៗ តាម​រយៈ​ព្រះ​ចេស្ដា​នៃ​ព្រះ​វិញ្ញាណ ។ … គឺ​មាន​ទាំង​ការ​ស្គាល់​យ៉ាង​ជ្រាលជ្រៅ​ពិតអំពី​ចរិត​នៃ​មនុស្ស និង​ប្រភព និង​ន័យ​នៃ​សេចក្ដី​សម្ដែង​ខាង​វិញ្ញាណ​ផង » ( « ការញែក​ដឹង, អំណោយទាន​នៃ » ) ។

ជួន​កាល​មនុស្ស​ដែល​មាន​ចិត្ត​អាក្រក់​ប្រើ​អការៈ​ខាង​ក្រៅ​នៃ​លោកិយ ដើម្បី​បោកបញ្ឆោត​យើង​ឲ្យ​គិត​ថា ពួកគេ​ស័ក្តិសម​ដើម្បី​ធ្វើ​តាម ។ ពួកគេ « មាន​ប្រាជ្ញា ហើយ​ស្មាន​ថា​ខ្លួន​គេ​មាន​គំនិត​ស្រួច » ( អេសាយ ៥:២១; នីហ្វៃ​ទី២ ១៥:២១ ) ។ ព្រះអង្គ​សង្គ្រោះ​អាច​ទត​មើល​ឃើញ​ថា ទស្សនៈ​នេះ​មិន​ត្រឹមត្រូវ​ទេ ហើយ​ទ្រង់​អាច​ញែក​ឲ្យ​ដឹង​ពី​ភាព​ខ្លាំង​ខាង​ចរិតលក្ខណៈ និង​បំណង​ចិត្ត​ទៀងត្រង់​ នៅក្នុង​ចំណោម​មនុស្ស​ដ៏​រាបទាប និង​មនុស្សដែល​គេសង្កត់សង្កិន​ខ្លាំង​បំផុត ។

អាលម៉ា​បាន​អនុវត្ត​ការញែក​ដឹង​នេះ ពេល​លោក​បាន​ថ្លែង​ទៅ​កាន់អ្នក​ដែល « អស់​ទាំង​មនុស្ស​ស្អប់​គេ ដោយ​ព្រោះ​សេចក្ដី​កម្សត់​របស់​គេ » ប៉ុន្តែ​មាន​ពរ​ដោយសារ​ពួកគេ​បន្ទាប​ខ្លួន និង « ចិត្ត​រាបសា » ( សូមមើល អាលម៉ា ៣២:៥–៨ ) ។

យើង​គួរតែ​ចងចាំ​ថា « ​សេចក្តី​ខាង​ឯ​ព្រះវិញ្ញាណនៃ​ព្រះ …ត្រូវ​ពិចារណា​យល់​ខាង​វិញ្ញាណ​វិញ » ( កូរិនថូសទី១ ២:១៤ ) ។ ពេល​យើង​មើល​ទៅ​មនុស្ស​ដទៃ​ដូច​ព្រះវរបិតាគង់នៅ​ស្ថានសួគ៌​ទ្រង់​ទត​មើល​ពួកគេ នោះ​ការញែកដឹង​អនុញ្ញាត​ឲ្យ​យើង​អនុវត្ត​ការវិនិច្ឆ័យ​សុចរិត ។

វិនិច្ឆ័យ​សុចរិត

រៀងរាល់ថ្ងៃ​ក្នុង​ជីវិត​យើង យើង​វិនិច្ឆ័យ​តាមរយៈ​ការស្ទង់មើល ការវាយ​តម្លៃ និង​ការញែក​ដឹង ។ ប៉ុន្តែ ព្រះអម្ចាស់​រំពឹង​ឲ្យ​យើង​ធ្វើ​វា​ដោយ​សុចរិត ។ ក្នុងនាមជាសិស្សនៃព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ពាក្យ​សម្តី និង​ទង្វើ​របស់​យើង​គួរតែ​បង្ហាញ​ថា យើង​មាន​សេចក្តីមេត្តាករុណា មាន​សេចក្តីស្រឡាញ់ និង​មាន​ឆន្ទៈ​ដើម្បី​ជួយ ។

នៅពេល​វិនិច្ឆ័យ​ដោយ​សុចរិត នោះ​យើង​ត្រូវ​ប្រាកដ​ថា យើង​បាន​ផ្តោត​ចិត្ត​ទុកដាក់​បាន​ច្រើន​លើ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស ជាជាង​អការៈ​ខាងក្រៅ​របស់​ពួកគេ ។ នៅ​ពេលតំណាល​គ្នា​នោះ យើង​គួរតែ​ចងចាំ​ថា រៀងរាល់​ថ្ងៃ យើង​បង្កើត​ចំណាប់​អារម្មណ៍​ដំបូង តាមរយៈ​អការៈ​ខាងក្រៅ​របស់យើង និង​ពាក្យ​សម្តី​ដែល​យើង​និយាយ ។​ មនុស្ស​ភាគច្រើន​នឹង​ព្យាយាម​ស្វែង​យល់​ពី​បុគ្គលិក​លក្ខណៈ​របស់​យើង និង​សារលិខិត​នៃ​ដំណឹងល្អ​បន្ថែម​ទៀត ប្រសិនបើ​អការៈ​ខាង​ក្រៅ​របស់​យើង​ឆ្លុះ​បញ្ចាំង​ពី​គុណតម្លៃ​ដ៏ខ្ពស់​នៃ​សារលិខិត​របស់យើង ។

ព្រះអម្ចាស់ និង​លោក​ចៅហ្វាយ​យើង​គឺ​ព្រះយេស៊ូវគ្រីស្ទ បាន​បង្ហាញ​គំរូ​ដ៏​ល្អ​ឥតខ្ចោះ​ដល់​យើង​ឲ្យ​យើង​ធ្វើ​តាម ពេល​យើង​ព្យាយាម​វិនិច្ឆ័យ​ដោយ​សុចរិត ។ យើង​គួរតែ​ធ្វើ—ដូច​ទ្រង់​ធ្វើ—ធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​អ្វី​ដែល​យើង​មើល​ឃើញ​នៅអាការៈ​ខាង​ក្រៅ ជាមួយ​នឹង​អ្វី​ដែល​មាន​នៅក្នុង​បុគ្គល​ម្នាក់ៗ ។