២០១៩
ខ្ញុំ​ធ្លាប់​បាន​តស៊ូ​យក​ឈ្នះ​ការណ៍​អាស​គ្រាម ។ ហេតុអ្វី​គាត់​មិន​អាច​ធ្វើបាន ?
ខែ តុលា ឆ្នាំ ២០១៩


សម្រាប់​តែ​ឌីជីថល​ប៉ុណ្ណោះ ៖ យុវមជ្ឈិមវ័យ

ខ្ញុំ​ធ្លាប់​បាន​តស៊ូ​យក​ឈ្នះ​ការណ៍​អាស​គ្រាម ។ ហេតុអ្វី​គាត់​មិន​អាច​ធ្វើបាន ?

នៅពេល​ខ្ញុំ​ដឹង​ថា មិត្ត​ប្រុស​របស់​ខ្ញុំ​មាន​បញ្ហា​នឹង​ការណ៍​អាស​គ្រាម នោះ​ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ជួយ​គាត់​ឲ្យ​ងាក​ទៅរក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ ។

អ្នក​និពន្ធ​រស់​នៅ​ប្រទេស​ហ្គាតេម៉ាឡា ។

ខ្ញុំ​បាន​ដើរ​លេង​ជាគូ​នឹង​យុវជន​ម្នាក់​ដែលខ្ញុំ​បាន​ស្រឡាញ់​យ៉ាង​ខ្លាំង​ប្រមាណ​ជា​មួយ​ឆ្នាំ ។ ខ្ញុំ​ពិត​ជា​បាន​គិត​ថា ខ្ញុំ​នឹង​រៀបការ​ជាមួយ​នឹង​គាត់ ! ប៉ុន្តែ​ខ្ញុំ​ពុំ​ធ្លាប់​គិត​ថា ការ​ដើរ​លេង​ជាគូ​នឹង​គាត់​នឹង​នាំ​ខ្ញុំឲ្យ​ជួប​បញ្ហា​មួយ​ដែល​ខ្ញុំ​ធ្លាប់​ពិបាក​យក​ឈ្នះដោយ​ប្រើ​រាល់​កម្លាំង​របស់​ខ្ញុំ​ដោយ​ផ្ទាល់​នោះ​ឡើយ ។

នៅពេល​ខ្ញុំ​បាន​កំពុង​តែ​រៀបចំ​ខ្លួន​ចេញ​បេសកកម្ម ខ្ញុំ​ត្រូវ​ទៅ​ជួប​ប៊ីស្សព ហើយ​សារភាព​ថា ខ្ញុំ​ធ្លាប់​មាន​បញ្ហា​នឹង​ការណ៍​អាសគ្រាម​កាល​ពី​មុន ។ បន្ទាប់​ពី​ខ្ញុំ​បាន​ប្រែចិត្ត ហើយ​បាន​ដក​យក​បន្ទុក​នោះ​ចេញ​ពី​អារម្មណ៍​របស់​ខ្ញុំ ខ្ញុំ​ពុំ​ធ្លាប់​គិត​ថា ការណ៍​អាសគ្រាម​នឹង​ជះឥទ្ធិពល​ដល់​ជីវិត​របស់​ខ្ញុំ​ម្ដង​ទៀត​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​បាន​គិត​ខុស​ហើយ ។

នៅពេល​ខ្ញុំ​បាន​ដឹង​ថា បុរស​ម្នាក់​នេះដែល​ខ្ញុំ​មាន​គម្រោង​រៀបការ​ជាមួយ​កំពុង​មាន​បញ្ហា​នឹង​ការណ៍​អាស​គ្រាម ខ្ញុំ​អន្ទះសារ​ចង់ជួយ​គាត់ ហើយ​គាំទ្រ​គាត់​ឲ្យ​យក​ឈ្នះ​វា ។ ខ្ញុំ​ធ្លាប់​ឆ្លងកាត់​ដំណើរ​ការ​ប្រែចិត្ត និង​ការប្រឹងប្រែង​ក្នុង​ការយកឈ្នះ​ការណ៍​អាសគ្រាម​ពីមុន ហើយ​ខ្ញុំ​បាន​ដឹង​ពី​អ្វី​ដែល​ព្រះអម្ចាស់​អាច​ធ្វើ​សម្រាប់​គាត់ ។ ប៉ុន្តែ​វា​ហាក់​ដូចជា​រាល់​ពេល​ដែល​ខ្ញុំ​បាន​ព្យាយាម​ណែនាំ​គាត់​ឲ្យ​ទៅ​រក​ជំនួយ​ដែល​គាត់​ត្រូវការ ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​របស់​គាត់ នោះ​មាន​រឿង​មិន​ល្អ​តែង​កើត​ឡើង​ជានិច្ច ។ គាត់​ហាក់​ដូចជា​មិនចង់​បាន​ជំនួយ​ទេ ។ បន្ទាប់​ពី​មួយ​រយៈ​មក ខ្ញុំ​បាន​ដឹង​ថា យើង​ពុំ​មាន​គំនិត​ដូចគ្នា​ទៅ​លើ​ការណ៍​អាសគ្រាម​ឡើយ ។ ពិតណាស់ យើង​ទាំងពីរ​នាក់​គឺជា​សមាជិក​ក្នុង​សាសនាចក្រ ប៉ុន្តែ​ការ​បង្រៀន​របស់​ដំណឹងល្អ​ហាក់​ដូច​ជា​ពុំ​មាន​ន័យ​ដូចគ្នា​សម្រាប់​យើង​ទាំង​ពីរ​នាក់​ឡើយ ។

ខ្ញុំ​ខកចិត្ត​យ៉ាង​ខ្លាំង ។ ខ្ញុំ​ស្រឡាញ់​គាត់ ហើយ​ខ្ញុំ​ជឿ​ថា ដោយ​មាន​ជំនួយ គាត់​អាច​យក​ឈ្នះ​បញ្ហា​នេះ​បាន ។ ខ្ញុំ​ក៏​មាន​អារម្មណ៍​ឈឺចាប់ផង​ដែរ ដោយសារ​ខ្ញុំ​ធ្លាប់​ជួប​បញ្ហា​ដូចគ្នា ដែល​ខ្ញុំ​បាន​ខិតខំ​យ៉ាង​ខ្លាំង​ដើម្បី​យក​ឈ្នះ​វា​កាល​ពី​មុន ។ នៅ​យប់​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើម្បី​អធិស្ឋាន​ទូល​សូម​ប្រាជ្ញា​ពី​ព្រះវរបិតា​សួគ៌​ពី​របៀប​ដើម្បី​បន្ត​ឆ្ពោះ​ទៅ​មុខ ដោយសារ​ខ្ញុំ​ត្រូវការ​អំណាច​ដើម្បី​តតាំង​នឹង​ការ​ល្បួង ហើយ​ខ្ញុំ​ក៏​ចង់​ដឹង​ពី​របៀប​គាំទ្រ​បុគ្គល​ដែល​ខ្ញុំ​មាន​គម្រោង​រួម​ជីវិត​របស់​ខ្ញុំ​នឹង​គាត់​ផង​ដែរ ។

នៅ​ទី​បំផុត​ចម្លើយ​បាន​មាន​ចំពោះ​ខ្ញុំ ខ្ញុំ​មាន​សេចក្ដី​សុខសាន្ត ហើយ​បាន​ដឹង​ថា ខ្ញុំ​ត្រូវ​និយាយ​នឹង​បុរស​ដែល​ខ្ញុំ​កំពុង​ដើរ​លេង​ជាគូ​ជាមួយ​នោះ ដោយ​មាន​គោលបំណង​មួយ​ក្នុង​គំនិត ។ ខ្ញុំ​ចង់​ឲ្យ​គាត់​ដឹង​ពីអ្វី​ដែល​ខ្ញុំ​រំពឹង​ចង់​បាន​ពី​ការ​ដើរ​លេង​ជាគូ​ជាមួយ​នឹង​បុរស​ម្នាក់ គឺ​ជា​ការ​រៀបការ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​ការ​មាន​កូនចៅ ។ ខ្ញុំ​ចង់​ដឹង​ថាតើ​អនាគត​របស់​យើង​ដើរ​ស្រប​គ្នា​ដែរ​ឬទេ ហើយ​ថាតើ​គាត់​កំពុង​ដើរ​ឆ្ពោះ​ទៅ​រក​ព្រះអង្គ​សង្គ្រោះ​ដែរ​ឬទេ ។ ខ្ញុំ​ចង់​ដឹង​ថាតើ​យើង​គួរ​បន្ត​ទំនាក់​ទំនង​របស់​យើង​ទៀត​ដែរ​ឬ​ទេ ។ ខ្ញុំ​មាន​សង្ឃឹម​យ៉ាង​ខ្លាំង​សម្រាប់​ការណ៍​នោះ ហើយ​ជឿ​ថា បន្ទាប់​ពី​យើង​បាន​និយាយ​គ្នា អ្វីគ្រប់​យ៉ាង​នឹង​ដំណើរ​ការ​ល្អ ។

វា​ជា​​ពេល​រសៀល​​មួយ កាល​ខ្ញុំ​បាន​ចែក​ចាយ​ក្ដី​សុបិន​ និង​គោលដៅ​របស់​ខ្ញុំ​ជាមួយ​នឹង​គាត់​​អំពី​គ្រួសារ​នា​ពេល​អនាគត​របស់​ខ្ញុំ និង​ការ​ចិញ្ចឹម​បីបាច់​កូន​របស់​ខ្ញុំ​ក្នុង​ដំណឹងល្អ ។ បន្ទាប់​ពី​បាន​ស្ដាប់​ខ្ញុំ​ហើយ គាត់បាន​ខឹង​នឹង​ខ្ញុំ វា​ជា​ការ​ភ្ញាក់​ផ្អើល​ណាស់​សម្រាប់​ខ្ញុំ ។ ខ្ញុំ​បា​នដឹង​ថា យើង​មាន​គំនិត​ខុស​គ្នា​ខ្លាំងណាស់​អំពី​អនាគត ។ ខ្ញុំ​រន្ធត់​ចិត្ត​ជាខ្លាំង ប៉ុន្តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ខ្ញុំ​បែរ​ជា​មាន​សេចក្ដី​សុខសាន្ត​ទៅ​វិញ ហើយ​ខ្ញុំ​បាន​ដឹង​ថា ចម្លើយ​របស់​ខ្ញុំ​គឺ​ត្រូវ​បញ្ចប់​ទំនាក់​ទំនង​នោះ ។ គាត់​ពុំ​បាន​នៅ​ក្នុង​ទីកន្លែង​មួយ ដែល​គាត់​មាន​ចិត្ត​ចង់​ព្យាយាម​ដើម្បី​យក​ឈ្នះ​បញ្ហា​របស់​គាត់​ជាមួយ​នឹង​ការណ៍​អាសគ្រាម ឬ​បែរ​ទៅ​រក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ​នោះ​ទេ ហើយ​ខ្ញុំ​ពុំ​អាច​ជួយ​គាត់​បាន​ឡើយ​ប្រសិនបើ​គាត់​ពុំ​ចង់​បាន​ជំនួយ​នោះ ។

អស់​មួយ​រយៈ ខ្ញុំ​បាន​ងឿង​ឆ្ងល់​ថាហេតុអ្វី​បន្ទាប់​ពី​ការ​ធ្វើ​រឿង​ត្រឹមត្រូវ និង​ការ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​អាច​ធ្វើ​ដើម្បី​ជួយ​គាត់ ដួង​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​ខ្ទេច​ខ្ទាំ​ទៅ​ជា​រាប់​លាន​ចំណែក​អញ្ចឹង ។ ប៉ុន្តែ​នៅ​ទីបំផុត ខ្ញុំ​បាន​បង្ហូរ​ទឹក​ភ្នែក​ចុង​ក្រោយ​របស់​ខ្ញុំសម្រាប់​គាត់ ហើយ​បាន​ផ្ដោត​លើ​សេចក្ដី​សុខសាន្ត​ដែល​ខ្ញុំមាន នៅពេល​ខ្ញុំ​បាន​បញ្ចប់​ទំនាក់ទំនង​នោះ ។ ខ្ញុំ​បាន​ដឹង​ថា ចម្លើយនោះ​បាន​មក​ពី​ស្ថានសួគ៌ ។

វា​បាន​កន្លង​ទៅ​ពីរ​បី​ឆ្នាំ​ហើយ ចាប់​តាំង​ពី​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​នឹង​បុរស​នោះ​ត្រូវ​បាន​បញ្ចប់ ។ ហើយ​ខ្ញុំ​នៅ​តែ​មើល​ឃើញ​គាត់​ជា​បុរស​ដ៏​ល្អដូច​កាល​ពី​មុន​ជានិច្ច ។ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា គាត់​ត្រូវតែ​ជា​មនុស្ស​ម្នាក់​ដែល​ទៅ​រក​ជំនួយ​ពី​ព្រះអង្គ​សង្គ្រោះ—ខ្ញុំ​ពុំ​អាច​បង្ខំ​គាត់​បាន​ទេ ។ គាត់​មាន​សិទ្ធិ​ជ្រើស​រើស ហើយ​ខ្ញុំ​ក៏​មាន​ដែរ ។ ចាប់​តាំង​ពី​ជួប​បទពិសោធន៍​នោះ​មក ខ្ញុំ​បាន​ព្យាយាម​ធ្វើ​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដោយ​គ្មាន​ភាព​ស្ទាក់​ស្ទើរ​ឡើយ ។ ខ្ញុំ​ដឹង​ថា ព្រះ​វរ​បិតា​សួគ៌​មាន​ផែនការ​សម្រាប់​យើង​គ្រប់គ្នា ហើយ​យើង​អាច​ទុក​ចិត្ត​ថា ពេល​យើង​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ការបំផុស​ពី​ព្រះវិញ្ញាណ នោះ​ទ្រង់​នឹង​ពុំ​ដែល​ដឹកនាំ​យើង​ឲ្យ​វង្វេង​ឡើយ ។ ទ្រង់​តែង​តែ​រៀបចំ​យើង​សម្រាប់​រឿង​ល្អៗ​នៅ​ពេល​ខាង​មុខ​ជានិច្ច ។