សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ពីរទំព័រពោរពេញដោយអំណរគុណ
អេលីសេ ដាលែន រដ្ឋយូថាហ៍ ស.រ.អា.
ឪពុកខ្ញុំបានរងទុក្ខពេញមួយជីវិតគាត់ពីការពុំផ្តល់តម្លៃឲ្យខ្លួនឯង និងការមានអារម្មណ៍ថាខ្លួនគ្មានតម្លៃ ។ គាត់ត្រូវបានចិញ្ចឹមដោយឪពុកប្រមឹកម្នាក់ ដែលជារឿយៗបានប្រាប់គាត់ពីភាពគ្មានតម្លៃនៃខ្លួនគាត់ ។ ដោយអំណរគុណ ឪពុកខ្ញុំពុំបានក្លាយជាមនុស្សប្រមឹកទេ ប៉ុន្តែគាត់ពុំបានប្រាប់ខ្ញុំ និងបងប្អូនខ្ញុំថា គាត់មានមោទនភាពចំពោះពួកយើង ឬបានសរសើរយើងចំពោះកិច្ចការដែលយើងបានធ្វើយ៉ាងល្អនោះទេ ។ ពេលធំឡើង ខ្ញុំបានព្យាយាមផ្គាប់ចិត្តគាត់ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំផ្គាប់ចិត្តគាត់ពុំត្រូវទេ ។ ការណ៍នេះបានបណ្តាលឲ្យយើងមានទំនាក់ទំនងពុំសូវល្អទេ ។
មានឆ្នាំមួយនោះ ខ្ញុំបាននិយាយរឿងនេះប្រាប់ប៊ីស្សពដ៏ឈ្លាសវៃរបស់ខ្ញុំ ។ គាត់បានផ្តល់យោបល់ឲ្យខ្ញុំសរសេរសំបុត្រទៅឪពុកខ្ញុំ ហើយប្រាប់គាត់នូវហេតុផលទាំងអស់ដែលខ្ញុំមានអំណរគុណចំពោះគាត់ ។ រឿងនេះមិនងាយស្រួលធ្វើទេសម្រាប់ខ្ញុំ ។ ដំបៅផ្លូវចិត្តខ្ញុំមានទំហំធំណាស់ ហើយខ្ញុំពុំចង់ឲ្យសំបុត្រនៃអំណរគុណរបស់ខ្ញុំក្លាយជាការថ្នាំងថ្នាក់ចិត្តនោះទេ ។ ដូច្នោះខ្ញុំបានអធិស្ឋាន ។ ដោយមានព្រះវិញ្ញាណបានដឹកនាំខ្ញុំ នោះហេតុផលនានាដែលខ្ញុំមានអំណរគុណចំពោះឪពុកខ្ញុំបានចាប់ផ្តើមផុសឡើងមក ។ វាបានចំណាយពេលច្រើន ប៉ុន្តែពេលខ្ញុំបានបញ្ចប់ការសរសេរសំបុត្រខ្ញុំរួច ខ្ញុំសរសេរសំបុត្របានពីរទំព័រពេញ ។
ខ្ញុំបានផ្ញើសំបុត្រនោះទៅឪពុកខ្ញុំ ដោយពុំដឹងថា គាត់នឹងតបមកវិញយ៉ាងណានោះទេ ។ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំពុំអាចជ្រើសរើសចម្លើយរបស់គាត់ទេ ។ ខ្ញុំគ្រាន់តែមើលទៅចិត្តខ្លួនឯង ហើយចាំពីមូលហេតុដែលខ្ញុំបានសរសេរសំបុត្រនោះ ។
នៅព្រឹកបន្ទាប់ ខ្ញុំបានទទួលទូរសព្ទពីម្តាយចុងរបស់ខ្ញុំ ។ គាត់បានយំ ។ គាត់បានប្រាប់ខ្ញុំថា ឪពុកខ្ញុំបានអានសំបុត្រខ្ញុំនោះសារចុះសារឡើង ។ ម្តាយចុងខ្ញុំបាននិយាយថា គាត់ពុំអាចនិយាយជាមួយខ្ញុំបានទេដោយសារគាត់ក៏កំពុងយំយ៉ាងខ្លាំងផងដែរ ។
ម្តាយចុងខ្ញុំបាននិយាយថា « អរគុណ ! » ។ ឪពុករបស់កូនត្រូវការសំបុត្រនេះ » ។
ក្រោយមកនៅថ្ងៃដដែលនោះ ឪពុកខ្ញុំបានទូរសព្ទមកអរគុណខ្ញុំ ។ គាត់បានទូរសព្ទមកខ្ញុំរៀងរាល់ថ្ងៃអស់រយៈពេលបីបួនថ្ងៃ ដើម្បីបង្ហាញពីអត្ថន័យដ៏អស្ចារ្យនៃសំបុត្រនោះមានចំពោះគាត់ ។
ខ្ញុំប្រាថ្នាថា ខ្ញុំអាចនិយាយថា ទំនាក់ទំនងយើងត្រូវបានព្យាបាលប្រកបដោយអព្ភូតហេតុ ប៉ុន្តែយើងនៅតែមានកិច្ចការជាច្រើនដែលត្រូវធ្វើ ។ យូរៗទៅ ចិត្តខ្ញុំចាប់ផ្តើមជាសះស្បើយ ហើយទំនាក់ទំនងយើងបានប្រសើរឡើង ។ ទីបំផុតខ្ញុំអាចអភ័យទោសឲ្យគាត់បាន ។
ពីរបីឆ្នាំក្រោយមក បន្ទាប់ពីការតស៊ូយ៉ាងខ្លាំងក្លានឹងជំងឺមហារីក នោះឪពុកខ្ញុំបានស្លាប់ ។ ខ្ញុំដឹងយ៉ាងប្រាកដថា ឥឡូវនេះគាត់កំពុងមានអំណរយ៉ាងខ្លាំង ពេលព្រះអង្គសង្គ្រោះជួយគាត់ឲ្យជាសះស្បើយពីការធ្វើទុក្ខទោសអស់ជាច្រើនឆ្នាំ ។ ខ្ញុំដឹងថា ខ្ញុំមានបទពិសោធន៍នៃការព្យាបាលតាមរយៈអំណាចនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ព្រះអង្គសង្គ្រោះយល់ពីតម្រូវការយើង ហើយអាចជួយយើងដកចេញនូវជាតិពុលនៃការឈឺចាប់ និងការថ្នាំងថ្នាក់ចិត្តចេញពីព្រលឹងរបស់យើង ។ ខ្ញុំដឹងថា អំណរគុណ ការអភ័យទោស និងសេចក្តីស្រឡាញ់គឺជាការព្យាបាលដ៏មានឥទ្ធិពល ។