ពីអ្នកសម្លុតគំរាមទៅទទួលបុណ្យជ្រមុជទឹក
មិត្តភាព និងគំរូសុចរិតរបស់អ្នកនឹងផ្តល់ពរដល់មិត្តភក្តិរបស់អ្នក និងជំនាន់ក្រោយៗទៀត ។
កាលខ្ញុំអាយុ ១៧ ឆ្នាំ ខ្ញុំបានជួបនឹងសម្ពាធដ៏ធ្ងន់ធ្ងរពីមិត្តភក្តិនៅវិទ្យាល័យខ្ញុំ ។ ជាមិត្តភក្ដិដែលពុំទទួលយកតម្លៃដូចខ្ញុំទេ ។ មិត្តភក្ដិខ្ញុំ និងខ្ញុំបានចូលរួមក្នុងសកម្មភាពសមរម្យជាច្រើនជាមួយគ្នា ដូចជាលេងបាល់បោះ ឬបាល់ឱប ។ ប៉ុន្តែពួកគេក៏ផឹកស្រា និងជក់បារីផងដែរ—ជាសកម្មភាពពីរដែលខ្ញុំមិនធ្វើជាមួយពួកគេ ។
ថ្ងៃមួយ ពួកយើងមួយក្រុមបាននៅក្រៅសាលារៀនដើម្បីសិក្សាសម្រាប់ការប្រឡងមួយ ដែលយើងនឹងប្រឡងនៅពេលក្រោយទៀតនៅថ្ងៃដដែលនោះ ។ នៅជាមួយមានមិត្តភក្តិជិតស្និទ្ធខ្ញុំពីរនាក់ឈ្មោះហួន និងហ្វ្រាន់ស៊ីស្កូ ( ឈ្មោះត្រូវបានប្តូរ ) ។ នៅគ្រានោះ មានពួកគេម្នាក់មានដែកកេះ និងបារី ។ ខ្ញុំបានគិតថា មិត្តភក្ដិខ្ញុំបានធុញនឹងការសិក្សា ហើយបានភ្លេចថា ខ្ញុំកំពុងនៅជាមួយពួកគេ ។ ខ្ញុំបានដឹងថា ខ្ញុំបានយល់ខុស ពេលពួកគេបានងាកមករកខ្ញុំ ហើយនិយាយថា « ឥឡូវនេះដល់ពេលដែលហ៊ូហ្គូត្រូវរៀនជក់បារីហើយ » ។
ពីមុនពេលដែលខ្ញុំមានឱកាសដើម្បីតបវិញ ហួន និងហ្វ្រាន់ស៊ីស្កូ បានលោតមករកខ្ញុំ ហើយចាប់ដៃខ្ញុំម្ខាងម្នាក់ ។ ពួកគេបានទាញដៃខ្ញុំចុះក្រោម ពេលម្នាក់ទៀតបានញ៉ុកបារីចូលក្នុងមាត់ខ្ញុំ ។ រំពិចនោះ ខ្លួនប្រាណរបស់ខ្ញុំបានមានប្រតិកម្មនឹងវា ហើយខ្ញុំបានស្តោះបារីនោះទៅលើដីឆ្ងាយពីខ្ញុំ ។ មិនយូរប៉ុន្មានក្រោយមក គេបានច្របាច់មាត់ខ្ញុំម្តងទៀត ។ ពួកគេគំរាមខ្ញុំដោយនិយាយថា « យើងនឹងអុចបារីម្តងទៀត ហើយឯងត្រូវតែរៀនជក់បារីនេះ ។ កុំខ្ជាក់វាចោលទៅលើដីទៀត ។ បើឯងខ្ជាក់វាចោលទៀត ឯងនឹងមានរឿងហើយ » ។
នៅគ្រានោះ ខ្ញុំបានដឹងថា ខ្ញុំកំពុងមានបញ្ហាហើយ ។ ខ្ញុំបានបិទភ្នែក ហើយអធិស្ឋានខ្លីមួយទូលសូមជំនួយពីព្រះ ។ ពេលខ្ញុំបញ្ចប់ការអធិស្ឋានភ្លាម ឡានគ្រូបង្រៀនរបស់យើងបានចេញមក ហើយចតនៅក្បែរយើង ។ គ្រូបង្រៀនរបស់យើងបានដើរចេញមកពីឡាន ហើយសួរថា តើយើងកំពុងធ្វើអ្វី ។ មិត្តរបស់ខ្ញុំបានលែងខ្ញុំ ។ ពួកគេបានឆ្លើយថា « យើងកំពុងរៀនដើម្បីត្រៀមប្រឡង » ។ យើងបានទៅក្នុងសាលា ហើយប្រឡង ហើយព្រឹត្តិការណ៍នោះបានបញ្ចប់ទៅ ។
ទោះបីជាមានបទពិសោធន៍ពិបាកយ៉ាងណាក្តី ខ្ញុំបានអភ័យទោសដល់មិត្តខ្ញុំចំពោះអ្វីដែលពួកគេបានធ្វើ ។ ខ្ញុំបានដឹងថា ពួកគេពុំយល់ពីបទដ្ឋាន និងការសម្រេចចិត្តរបស់ខ្ញុំ ដើម្បីរស់នៅតាមពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ដូច្នេះខ្ញុំបានអភ័យទោសពួកគេ ហើយជ្រើសមិនមានអារម្មណ៍មិនល្អលើពួកគេឡើយ ។ ពេលយើងរៀនចប់ ខ្ញុំបានចេញបម្រើបេសកកម្ម ប៉ុន្តែបានបន្តទាក់ទងហួន និងហ្វ្រាន់ស៊ីស្កូ ។ ខ្ញុំបានសរសេរសំបុត្រទៅពួកគេជារឿយៗ ដោយចែកចាយជាមួយពួកគេអំពីដំណឹងល្អ និងទីបន្ទាល់របស់ខ្ញុំអំពីព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបានអញ្ជើញពួកគេឲ្យប្រែចិត្ត ហើយចូលរួមសាសនាចក្រ ។ គួរឲ្យភ្ញាក់ផ្អើលណាស់ មានម្នាក់ក្នុងចំណោមពួកគេបានទៅព្រះវិហារ ។
ខ្ញុំបានអញ្ជើញមិត្តខ្ញុំទៅការប្រជុំនៅថ្ងៃអាទិត្យជាច្រើនលើកពីមុនមក ប៉ុន្តែគ្មាននរណាម្នាក់ទទួលយកការអញ្ជើញឡើយរហូតមកដល់ពេលនេះ ។ ទោះបីជាខ្ញុំពុំអាចចូលរួមព្រះវិហារជាមួយហួនក្តី បងប្រុស និងឪពុកខ្ញុំបាននៅទីនោះដើម្បីជួយគាត់ ហើយស្វាគមន៍គាត់ ។ គ្រួសារខ្ញុំបានទទួលគាត់ ហើយហួនមានអារម្មណ៍ផាសុកភាពនៅព្រះវិហារ ។ គាត់បានចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ រហូតដល់គាត់បានសម្រេចចិត្តទទួលបុណ្យជ្រមុជទឹក ។ ខ្ញុំរំភើបចិត្តណាស់ចំពោះគាត់ ហើយកាន់តែរំភើបចិត្តថែមទៀត ពេលគាត់បានប្រាប់ខ្ញុំថា គាត់បានរៀនស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ដោយសារសំបុត្ររបស់ខ្ញុំ ។ ពេលខ្ញុំត្រឡប់ពីបេសកកម្មវិញ ខ្ញុំក៏បានបន្តទាក់ទងជិតស្និទ្ធជាមួយហ្វ្រាន់ស៊ីស្កូដែរ ហើយពេលក្រោយមក គាត់ និងភរិយាគាត់ក៏បានជ្រមុជទឹកផងដែរ ។ បច្ចុប្បន្ននេះ ហួន និងហ្វ្រាន់ស៊ីស្កូ គឺនៅតែជាមិត្តពីរនាក់ដ៏ជិតស្និទ្ធនឹងខ្ញុំ ។
ព្រឹត្តិការណ៍នេះបានដក់ជាប់ក្នុងជីវិតខ្ញុំ ។ ខ្ញុំបានរៀនថា របៀបដ៏ល្អបំផុតដើម្បីជះឥទ្ធិពលដល់មនុស្សដទៃនោះគឺ រស់នៅដោយសុចរិត ស្រឡាញ់មនុស្សដទៃ ហើយឈោងទៅជួយពួកគេ ។ សៀវភៅ ដើម្បីកម្លាំងនៃយុវជន ចែងថា « ដើម្បីមានមិត្តភក្តិល្អ ចូរធ្វើជាមិត្តល្អ ។ ចូរបង្ហាញពីចំណាប់អារម្មណ៍ដ៏ពិតប្រាកដទៅដល់អ្នកដទៃទៀត ចូរញញឹម និងធ្វើឲ្យពួកគេដឹងថាអ្នកខ្វល់ខ្វាយពីពួកគេ » ។១ នេះជាអ្វីដែលព្រះអម្ចាស់បានជួយខ្ញុំឲ្យប្រព្រឹត្តជាមួយហួន និងហ្វ្រាន់ស៊ីស្កូ ។ ដោយសាររឿងនេះ ខ្ញុំមានមិត្តភក្តិដ៏អស្ចារ្យពីរនាក់ដែលខ្ញុំធ្លាប់ស្គាល់ ហើយឥឡូវនេះ យើងកំពុងធ្វើការជាមួយគ្នាដើម្បីជួយជួយជ្រោមជ្រែងនគរព្រះ ក្នុងនាមជាសមាជិកសាសនាចក្រ ។
ចូរប្រកាន់ខ្ជាប់នូវបទដ្ឋានរបស់សាសនាចក្រជានិច្ច ទោះបីអ្នកស្ថិតនៅក្នុងស្ថានភាពលំបាកដូចស្ថានភាពដែលខ្ញុំមានផងដែរ ។ ដើម្បីកម្លាំងនៃយុវជន បង្គាប់ថា « នៅពេលដែលអ្នកព្យាយាមធ្វើជាមិត្តនឹងអ្នកដទៃ ចូរកុំបន្ទាបបទដ្ឋានរបស់អ្នកឡើយ ។ ប្រសិនបើ មិត្តភក្តិរបស់អ្នកទទូចឲ្យអ្នកធ្វើនូវអ្វីដែលខុសឆ្គង ចូរធ្វើជាមនុស្សម្នាក់ដែលក្រោកឈរឡើងសម្រាប់ភាពត្រឹមត្រូវ ទោះបីជាអ្នកត្រូវឈរតែម្នាក់ឯងក៏ដោយ » ។២ ទោះបីជានរណាម្នាក់ទៀតកំពុងធ្វើអ្វីមួយដែលផ្ទុយនឹងបទបញ្ញត្តិក្តី សូមបន្តរឹងប៉ឹង ដោយសារគំរូរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់ ។ សូមធ្វើជាគំរូមួយប្រភេទដែលមិត្តរបស់អ្នកអាចគិតដល់ អំឡុងគ្រាដែលពួកគេត្រូវការ ។ នៅក្នុងករណីដូចខ្ញុំ មិត្តភាពរបស់អ្នកអាចជាអ្វីមួយដែលជួយពួកគេឲ្យរៀន ប្រែចិត្ត ហើយប្រែចិត្តជឿ ។