មួក-សសម្រាប់ ហ្វ្លរិន
អ្នកនិពន្ធរស់នៅរដ្ឋមីឈីហ្គិន ស.រ.អា. ។
ហ្វ្លរិន អនយីជែកវី អាយុដប់បីឆ្នាំបានទៅដល់កន្លែងមួយដែលនាងធ្លាប់ទៅនៅផ្សារដែលមានមនុស្សច្រើនកុះករនៅទីក្រុងអននីតស្សា ប្រទេសនីហ្សេរីយ៉ា ។ នៅផ្លូវនោះមានសុទ្ធតែអ្នកលក់ដូរស្រែកហៅអ្នកដើរទិញទំនិញដ៏មមាញឹក ។ ពួកស្ត្រីបានទូលឥវ៉ាននៅលើក្បាលរបស់ពួកគេ ពេលពួកគេដើរ ។ សាលារៀនទើបតែឈប់រៀនដោយសារបុណ្យឈប់សម្រាក ហើយហ្វ្លរិនបានដឹងថា មិត្តភក្ដិរបស់នាងរីករាយនឹងការឈប់សម្រាកពីការសិក្សា ។ ប៉ុន្តែហ្វ្លរិនបានចំណាយពេលនៃថ្ងៃឈប់សម្រាករបស់នាងលក់ត្រួយម្ទេសនៅឯផ្សារ ។ វាជាឱកាសតែមួយគត់ដែលនាងរកប្រាក់សម្រាប់បង់ថ្លៃសាលារៀនរបស់នាង ។
ទោះជាយ៉ាងណាក្តី ហ្វ្លរិនពុំត្អូញត្អែរទេ ។ លើសពីនោះទៀត ម្តាយបានចំណាយពេលច្រើនម៉ោងនៅផ្សាររៀងរាល់ថ្ងៃ លក់ដំឡូងជ្វា ដើម្បីទិញអាហារសម្រាប់គ្រួសារ ។ ម៉ាក់ខិតខំធ្វើការណាស់ ។ ឪពុកម្ដាយរបស់នាងខិតខំធ្វើការទាំងពីរនាក់ ។ ប៉ុន្តែដោយគ្មានការអប់រំច្រើន នោះគឺជារបៀបដែលពួកគេអាចធ្វើបាន ។ ហ្វ្លរិនជិតរៀនចប់ថ្នាក់បឋមសិក្សាហើយ ។ ប្រហែលនាងអាចបន្តការសិក្សារបស់នាងទៀត នាងអាចទទួលបានការងារដែលទទួលបានប្រាក់ឈ្នួលច្រើន ហើយជួយគ្រួសារនាង ។
ពេលនាងត្រឡប់ទៅផ្ទះវិញ ហ្វ្លរិនបានឃើញឪពុកម្តាយនាង ហើយបានសួរថា « តើម៉ាក់ និងប៉ាគិតថា ខ្ញុំគួរតែទៅរៀនវិទ្យាល័យដែរឬទេ ? ហើយប្រហែលជាបន្តទៅដល់សាកលវិទ្យាល័យទៀតផង ? »
ម៉ាក់បានមើលទៅ Nnam (ប៉ា) ហើយបានគ្រវីក្បាល ។ ប៉ាបាននិយាយថា « សាកលវិទ្យាល័យត្រូវបង់ថ្លៃជាងប្រាក់ចំណូលដែលយើងមាន » ។ ហ្វ្លរិនបានឈ្ងោកមុខមើលទៅស្បែកជើងរបស់ខ្លួន ។ នាងពុំចង់ឲ្យម៉ាក់ និងប៉ានាងឃើញថា នាងអន់ចិត្តខ្លាំងប៉ុណ្ណានោះទេ ។
ប៉ុន្មានថ្ងៃក្រោយមក ហ្វ្លរិនបានទៅមន្ទីរពេទ្យដើម្បីបើកថ្នាំមួយចំនួន ។ មន្ទីរពេទ្យនោះមានមនុស្សច្រើនដូចនៅផ្សារដែរ គ្រាន់តែមិនសូវឮមាត់ឡូឡាប៉ុណ្ណោះ ។ ហ្វ្លរិនបានសម្លឹងមើលទៅមួកពណ៌សរបស់គិលានុបដ្ឋាយិកា ។ នាងបានស្រមៃថា នាងពាក់ឯកសណ្ឋានដូចនោះ ជួយអ្នកជំងឺ និងថែទាំទារកនៅក្នុងមន្ទីរពេទ្យដ៏ធំមួយ ។ ប្រហែល នាង អាចក្លាយជាគិលានុបដ្ឋាយិកាម្នាក់ ។
ហ្វ្លរិនបានដឹងថា ឪពុកម្ដាយនាងនិយាយត្រូវ—ការទទួលបានការអប់រំវាពិបាកណាស់ ។ ប៉ុន្តែហ្វ្លរិនបានដឹងពីរបៀបខិតខំធ្វើការ ។ នាងបានសម្រេចចិត្តសាកល្បង ។
មិនថានាងមានការងារផ្ទះច្រើនត្រូវធ្វើរៀងរាល់ថ្ងៃក្តី ហ្វ្លរិនបានឆ្លៀតពេលសិក្សា ។ នាងបានប្រឡងជាប់សម្រាប់ថ្នាក់វិទ្យាល័យ ហើយប៉ាបានខ្ចីប្រាក់ល្មមឲ្យនាងទៅរៀន ។ ក្រោយមកទៀត នាងបានដឹងថា រដ្ឋាភិបាលនឹងជួយបង់ថ្លៃសាលាគិលានុបដ្ឋាយិកា ។ ក្តីសុបិនរបស់នាងអាចសម្រេចបាន !
ប៉ុន្តែពេលចាប់ផ្តើមសាលាគិលានុបដ្ឋាយិកា ហ្វ្លរិនមានអារម្មណ៍សង្ស័យបន្តិច ។ តើវានឹងទៅជាយ៉ាងណា ប្រសិនបើសាលាគិលានុបដ្ឋាយិកាពិបាករៀននោះ ? តើវានឹងទៅជាយ៉ាងណា ប្រសិនបើនាងឯកោនោះ ? ហ្វ្លរិនបានឱនក្បាលនាង ហើយអធិស្ឋាន « ឱព្រះអើយ សូមផ្តល់កម្លាំងឲ្យខ្ញុំម្ចាស់ ដើម្បីទៅរៀនសាលាគិលានុបដ្ឋាយិកា ហើយខិតខំធ្វើការ » ។
នៅសាលាគិលានុបដ្ឋាយិកា ហ្វ្លរិនបានរៀនរបៀបផ្តល់ថ្នាំ និងរក្សាឧបករណ៍ឲ្យបានស្អាតបាតពីមេរោគ ។ ជួនកាលអ្នកជំងឺរបស់គាត់ធូរស្បើយ ប៉ុន្តែជួនកាលពួកគេពុំបានធូរស្បើយទេ ។ ហ្វ្លរិនបានអធិស្ឋានជារឿយៗដើម្បីទូលសូមសេចក្តីក្លាហាន ។ បន្ទាប់ពីបីឆ្នាំមក ហ្វ្លរិនបានបញ្ចប់ការសិក្សា ដោយបានទទួលរង្វាន់ជាសិស្សឆ្នើមក្នុងថ្នាក់របស់នាង ។ ក្តីសុបិនរបស់នាងបានក្លាយជាការពិត ! នាងបានពាក់មួកពណ៌សរបស់គិលានុបដ្ឋាយិកា ហើយ នាងចង់រកប្រាក់ឲ្យបានគ្រប់គ្រាន់ដើម្បីជួយគ្រួសារនាង ។
ច្រើនឆ្នាំក្រោយមក ហ្វ្លរិនបានទៅលេងសាខាតូចមួយនៅបេសកកម្ម ហ្គាណា អាក្រា ។ ស្វាមីគាត់ គ្រីស្តូហ្វើ ឈុកវ៉ូរ៉ា គឺជាប្រធានបេសកកម្មនៅទីនោះ ។ ហ្វ្លរិនបានជួបកុមារមួយចំនួននៅក្នុងសាខានោះដែលពុំអាចទៅរៀនជាប់លាប់បាន ។ ពួកគេពុំដឹងប្រាកដថា តើអនាគតរបស់ពួកគេនឹងទៅជាយ៉ាងណាទេ ។ ពួកគេបានធ្វើឲ្យហ្វ្លរិននឹកឃើញកាលគាត់នៅក្មេង ។ « តើខ្ញុំអាចនិយាយអ្វីខ្លះដើម្បីជួយដល់ពួកគេ ? » ហ្វ្លរិនបានអធិស្ឋានដោយស្ងាត់ៗ ។
បន្ទាប់មក នាងបានទទួលអារម្មណ៍បំផុសគំនិតដ៏ច្បាស់លាស់មួយ ៖ ចូរប្រាប់ពួកគេពីជីវិតរបស់អ្នក ។
ហ្វ្លរិនបានគិតពីជីវិតរបស់ខ្លួន ។ គាត់បានធ្វើការនៅក្នុងមន្ទីរពេទ្យនៅប្រទេសនីហ្សេរីយ៉ា និងសហរដ្ឋអាមេរិក ។ គាត់បានរៀបការនឹងបុរសល្អម្នាក់ ហើយពួកគេបានរកឃើញសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ គាត់បានក្លាយជាម្តាយម្នាក់ ។ ឥឡូវនេះគាត់កំពុងជួយអ្នកផ្សព្វផ្សាយសាសនាឲ្យមានសុខភាពល្អ ហើយខិតខំធ្វើការ ។ ព្រះវរបិតាសួគ៌បានជួយគាត់ឲ្យក្លាយជាគិលានុបដ្ឋាយិកា ។ ទ្រង់បានជួយនាងឲ្យធ្វើកិច្ចការបានប្រសើរជាងខ្លួននាងស្រមៃដល់ទៅទៀត ។ ទ្រង់អាចធ្វើកិច្ចការដូចគ្នានេះដល់កុមារទាំងនេះ ។
ហ្វ្លរិនបានសម្លឹងមើលកុមារទាំងនោះ ហើយញញឹម ។ « តើក្មួយៗស្គាល់មួក-សដែលគិលានុបដ្ឋាយិកាពាក់ដែរឬទេ ? មីងបានឃើញមួកមួយដូចនោះ ហើយមីងបានសម្រេចចិត្តរៀនធ្វើជាគិលានុបដ្ឋាយិកា … »