ពុំខ្លាច ដើម្បីចែកចាយសេចក្ដីពិត
ដោយបានប្រដាប់ជាមួយនឹងទីបន្ទាល់ និងពរជ័យនៃដំណឹងល្អ ហ្វាប៊ៀនពុំបានទុកឲ្យភាពវ័យក្មេងរបស់គាត់បញ្ឈប់គាត់ពីការធ្វើជាសមាជិកអ្នកផ្សព្វផ្សាយសាសនាដ៏មានឥទ្ធិពល និងមិនភ័យខ្លាចម្នាក់ ។
ព្រះអាទិត្យបានចាប់ផ្តើមរះនៅ ឡាស តូម៉ាស ជាភូមិមួយដែលមានទីតាំងនៅលើវាលខ្សាច់នៅទីក្រុងអែនតូហ្វាហ្គាស្តា ។ ខាងក្រោមនេះ ពន្លឺភ្លើងបានចាប់ផ្តើមបំភ្លឺឡើង ពេលព្រះអាទិត្យរៀបលិចនៅផែនៃទីក្រុងក្នុងប្រទេសឈីលីភាគខាងជើង ។
វាជាយប់ថ្ងៃសៅរ៍ ហើយ ហ្វាប៊ៀន អេច ដែលមានអាយុ ១៣ ឆ្នាំ អាចរត់លេងជាមួយមិត្តភក្តិរបស់គាត់ ។ ប៉ុន្តែហ្វាប៊ៀនដែលជាសមាជិកថ្មីនៅព្រះវិហារបានជ្រើសចំណាយពេលល្ងាចនៅជាមួយពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងវិញ ។ វាដល់ពេល « ដើម្បីជួយប្រមូលផ្តុំពួកសាសន៍អ៊ីស្រាអែលហើយ » ។១
ក្នុងចំណោមសមាជិកដែលជាអ្នកផ្សព្វផ្សាយសាសនាទាំងអស់ដែល ខេលិន វ៉ានណាធើរ និង យ័រដាន់ ស្សែតុន បានធ្វើការជាមួយអំឡុងពេលបេសកកម្មពេញម៉ោងរបស់ពួកគេនៅប្រទេសឈីលី នោះហ្វាប៊ៀនគឺលេចធ្លោរជាងគេ ។
ខេលិននិយាយថា « ប្រសិនបើគាត់មានពេលទំនេរ គាត់ទៅជាមួយពួកយើងដើម្បីធ្វើកិច្ចការផ្សព្វផ្សាយសាសនា ។ ពេលវិស្សមកាលរដូវក្តៅចប់ គាត់កើតទុក្ខ មិនមែនដោយសារគាត់ត្រូវត្រឡប់ទៅរៀនវិញនោះទេ តែដោយសារគាត់ គ្មានពេលច្រើនដើម្បីទៅជាមួយយើង » ។
យ័រដាន់ដែលបានចំណាយពេលច្រើនខែធ្វើជាដៃគូរបស់ខេលិនបន្ថែមថា « ហ្វាប៊ៀនទៅបង្រៀនជាមួយយើងបួន ឬប្រាំដងក្នុងមួយសប្តាហ៍—រៀងរាល់សប្តាហ៍—ពេលយើងបម្រើជាមួយគ្នានៅអែនតូហ្វាហ្គាស្តា ។ គាត់គឺជាសមាជិកផ្សព្វផ្សាយសាសនាដ៏ល្អបំផុតដែលយើងធ្លាប់ធ្វើការជាមួយ » ។
តើអ្វីទៅដែលធ្វើឲ្យយុវជននេះមានឆន្ទៈធ្វើកិច្ចការអ្នកផ្សព្វផ្សាយសាសនា ទោះបីមិត្តរួមថ្នាក់មើលងាយគាត់ ហើយមនុស្សដទៃប្រើសម្តីទ្រគោះបោះបោកដាក់គាត់ដូច្នោះ ? សម្រាប់ហ្វាប៊ៀន ចម្លើយនោះគឺមាននៅក្នុងពរជ័យដែលគាត់ និងគ្រួសារគាត់បានទទួល ចាប់តាំងពីបានទទួលយកដំណឹងល្អ—ជាពរជ័យដែលគាត់ចង់ចែកចាយជាមួយមនុស្សដទៃ ។
« អំណរដែលមិនអាចពន្យល់បាន »
ហ្វាប៊ៀនបានចាប់ផ្តើមរៀនមេរៀនអ្នកផ្សព្វផ្សាយសាសនាភ្លាម បន្ទាប់ពីពួកអ្នកផ្សព្វផ្សាយសាសនាពេញម៉ោងបានមកគោះទ្វារផ្ទះគាត់ ។ គាត់នៅតែចាំការប្រជុំសាក្រាម៉ង់ដំបូងរបស់គាត់ ។
គាត់និយាយថា « ខ្ញុំអត់ស្គាល់នរណាទេ ពេលខ្ញុំដើរចូលក្នុងសាលាជំនុំនោះ ដូច្នេះខ្ញុំរាងភ័យបន្តិច ។ ប៉ុន្តែខ្ញុំមានអារម្មណ៍អស្ចារ្យអ្វីម៉្លេះទេ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបាននៅក្នុងសាសនាចក្រនេះអស់រយៈពេលរាប់ខែ ឬរាប់ឆ្នាំអញ្ចឹង » ។
អំឡុងពេលពីរបីសប្តាហ៍បន្ទាប់ពីបុណ្យជ្រមុជទឹករបស់គាត់មក គាត់និយាយថា « ខ្ញុំមានអារម្មណ៍នៃអំណរដែលពុំអាចពន្យល់បាន ពេលជ្រមុជចូលក្នុងទឹក ហើយងើបចេញពីទឹកឡើងមកវិញ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សថ្មីម្នាក់ ដោយដឹងថា ខ្ញុំកំពុងធ្វើតាមព្រះយេស៊ូវគ្រីស្ទ ហើយខិតខំអស់ពីសមត្ថភាពខ្ញុំដើម្បីគោរពបទបញ្ញត្តិរបស់ទ្រង់ » ។
ក្នុងនាមជាឪពុកម្តាយរបស់ហ្វាប៊ៀនដែលពុំបានរៀបការ លេអូណាដូ និង អែនជែលឡា បានចូលរួមអំឡុងពេលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនហ្វាប៊ៀន ពួកគេបានរៀនអំពីអាពាហ៍ពិពាហ៍ព្រះវិហារបរិសុទ្ធ និងក្រុមគ្រួសារអស់កល្បជានិច្ច ។ ហ្វាប៊ៀននិយាយថា « មួយសប្តាហ៍ក្រោយមក ឪពុកខ្ញុំបានកំណត់ថ្ងៃរៀបការ ។ ម្តាយខ្ញុំរីករាយខ្លាំងណាស់ » ។
បួនខែបន្ទាប់ពីហ្វាប៊ៀនបានចូលជាសមាជិកសាសនាចក្រ អែនជែលឡាបានដើរតាមគាត់ចូលទៅក្នុងទឹកនៃបុណ្យជ្រមុជទឹក ។ គាត់និយាយថា « នោះគឺជាពរជ័យមួយដ៏អស្ចារ្យ » ។
ពរជ័យផ្សេងទៀតបានកើតមានភ្លាមៗ ។ លេអូណាដូដែលបានជ្រមុជទឹកតាំងពីគាត់នៅតូច បានត្រឡប់មកសកម្មក្នុងសាសនាចក្រវិញ ។ ការសិក្សាដំណឹងល្អបានក្លាយជាសកម្មភាពចាំបាច់នៅក្នុងគេហដ្ឋានរបស់ពួកគេ ។ សមាជិកគ្រួសារបានមានភាពស្និទ្ធស្នាលគ្នាកាន់តែខ្លាំង ។ លេអូណាដូបានរកឃើញការងារមួយដែលមានលំនឹង ។ ហ្វាប៊ៀនបានទទួលបព្វជិតភាពអើរ៉ុន ។
ហ្វាប៊ៀននិយាយថា « ខ្ញុំចូលចិត្តការកាន់បព្វជិតភាពណាស់ ដូច្នេះខ្ញុំអាចចែកសាក្រាម៉ង់ដល់សមាជិកក្នុងវួដ ហើយជួយពួកគេរំឭកសេចក្តីសញ្ញារបស់ពួកគេ ។ ជាពិសេសខ្ញុំរីករាយពេលខ្ញុំបានចែកវាទៅឲ្យគ្រួសារខ្ញុំ និងចែកទៅអែលឌើរដែលបានបង្រៀនខ្ញុំ ។ ឪពុកខ្ញុំមើលមកខ្ញុំដោយការមោទនភាព ពេលគាត់ឃើញខ្ញុំចែកសាក្រាម៉ង់ វាធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ » ។
« វាជារឿងដ៏អស្ចារ្យណាស់ »
ហ្វាប៊ៀនបានចាប់ផ្តើមធ្វើកិច្ចការនៃការផ្សព្វផ្សាយសាសនា ពីមុនគាត់បានជ្រមុជទឹក ។
គាត់និយាយថា « ខ្ញុំបានប្រាប់មិត្តភក្តិខ្ញុំបីនាក់ថា ខ្ញុំនឹងទទួលបុណ្យជ្រមុជទឹក ។ ពួកគេពីរនាក់បានមកចូលរួម ។ ខ្ញុំចូលចិត្តចែកចាយដំណឹងល្អ ដូច្នេះមិត្តភក្តិខ្ញុំយល់ពីអ្វីដែលយើងជឿ និងអ្វីដែលយើងធ្វើនៅព្រះវិហារ ដូច្នេះពួកគេអាចរៀនពីដំណឹងល្អ ទទួលបុណ្យជ្រមុជទឹក ហើយដឹកនាំទៅរកជីវិតរីករាយ ។ ខ្ញុំសប្បាយចិត្តណាស់ ប្រសិនបើពួកគេណាម្នាក់ជ្រមុជទឹក ហើយក្លាយជាសមាជិកក្នុងកូរ៉ុមរបស់ខ្ញុំ ។ វាជារឿងដ៏អស្ចារ្យណាស់ » ។
ហ្វាប៊ៀនបានទុកព្រះគម្ពីរមរមនជាមួយគាត់នៅសាលារៀន ហើយគាត់បានយកកូនសៀវភៅអ្នកផ្សព្វផ្សាយសាសនាចែកមិត្តភក្តិរបស់គាត់ ។ គាត់សប្បាយចិត្តក្នុងការឆ្លើយសំណួរអំពីសាសនាចក្រ ហើយអញ្ជើញមិត្តគាត់ឲ្យទៅការប្រជុំនៅថ្ងៃអាទិត្យ និងសកម្មភាពយុវវ័យនាពេលយប់ ។ ហើយគាត់ពុំខ្លាចនឹងទៅជួបមនុស្សនៅតាមផ្លូវនៅពេលពួកអ្នកផ្សព្វផ្សាយសាសនាបង្រៀនគាត់ ហើយគាត់បានអញ្ជើញពួកគេឲ្យរៀនអំពីសាសនាចក្រ និងរៀបចំខ្លួនសម្រាប់បុណ្យជ្រមុជទឹក ។
ខេលិននិយាយថា « ហ្វាប៊ៀនពុំខ្វល់ថា គេថាគាត់ជាមនុស្សចម្លែកដោយសារតែគាត់ចែកចាយទីបន្ទាល់របស់គាត់ទេ ។ គាត់ដឹងថា គាត់កំពុងធ្វើកិច្ចការត្រឹមត្រូវ ។ គាត់ដឹងថា កិច្ចការខាងវិញ្ញាណមានសារៈសំខាន់ជាងអ្វីៗផ្សេងទៀតទាំងអស់ » ។
ពេលហ្វាប៊ៀនចែកចាយទីបន្ទាល់របស់គាត់ យ័រដាន់និយាយថា គាត់ទាញយកអំណាចពីការប្រែចិត្តជឿ សេចក្ដីស្រឡាញ់ចំពោះដំណឹងល្អ និងពរជ័យរបស់គាត់ ។
យ័រដាន់និយាយថា « គាត់បានឃើញពរជ័យដែលកើតមានដល់គ្រួសារគាត់ ជាអ្វីដែលបំផុសគំនិតគាត់ឲ្យមានភាពក្លាហាន ហើយមានភាពស្មោះត្រង់ក្នុងការចែកចាយដំណឹងល្អជាមួយមិត្តរបស់គាត់ ។ ពេលគាត់ថ្លែងទីបន្ទាល់ទៅកាន់សាសនាគន់ការីម្នាក់អំពីអ្វីដែលជាពរជ័យធំសម្រាប់ឪពុកម្តាយរបស់គាត់នោះគឺការរៀបការ ប៉ុន្តែវាមានការលំបាកចំពោះគាត់ដែលត្រូវរង់ចាំបួនខែ បន្ទាប់ពីគាត់ជ្រមុជទឹកហើយ ដើម្បីឲ្យម្តាយគាត់ជ្រមុជទឹក ។ គាត់បានរំជួលចិត្ត ហើយបានធ្វើឲ្យគាត់យំ ។ ក្រោយមកគាត់បានថ្លែងទីបន្ទាល់ថា ប្រសិនបើយើងគោរពតាមបទបញ្ញត្តិ ព្រះនឹងមើលថែយើង » ។
ខេលិនបន្ថែមថា ទីបន្ទាល់របស់ហ្វាប៊ៀនធ្វើឲ្យគាត់ក្លាយជាសមាជិកអ្នកផ្សព្វផ្សាយសាសនាម្នាក់ដ៏មានឥទ្ធិពល ។
« គាត់ពុំនិយាយអ្វីដូចជា ‹ អូ៎ ខ្ញុំបានស្តាប់ឮគេនិយាយរឿងនេះនៅព្រះវិហារ › ទេ ។ ផ្ទុយទៅវិញ គាត់តែងតែចែកចាយបទពិសោធន៍ ផ្ទាល់ ខ្លួនរបស់គាត់—ដូចជាអារម្មណ៍ដែលគាត់មាន ពេលគាត់ទៅព្រះវិហារលើកដំបូង និងអារម្មណ៍ពេលគាត់អានព្រះគម្ពីរមរមនជាដើម ។ អារម្មណ៍ទាំងនោះពិតប្រាកដ និងច្បាស់លាស់ណាស់ » ។
« ខ្ញុំមានអារម្មណ៍ប្រសើរជានិច្ច »
ចំពោះហ្វាប៊ៀនការចែកចាយដំណឹងល្អនាំមកនូវពរជ័យមួយផ្សេងទៀត ។
គាត់និយាយថា « ជួនកាលរឿងអាក្រក់បានកើតឡើងចំពោះខ្ញុំនៅសាលារៀន ប៉ុន្តែក្រោយមកពួកអ្នកផ្សព្វផ្សាយសាសនាបានមកគោះទ្វារផ្ទះខ្ញុំ ហើយសួរ ប្រសិនបើខ្ញុំមានចិត្តចង់ទៅជួយពួកគេបង្រៀន ។ បន្ទាប់ពីទៅបង្រៀនជាមួយពួកគេមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំគ្មានបញ្ហាអ្វីទាំងអស់ ។ ខ្ញុំមានអារម្មណ៍ប្រសើរឡើងជានិច្ច ពេលខ្ញុំចេញទៅបង្រៀនជាមួយពួកគេ អានព្រះគម្ពីរជាមួយពួកគេ និងជួយពួកគេចែកចាយដំណឹងល្អ ។ ការចែកចាយដំណឹងល្អ និងការប្រែចិត្តជឿរបស់ខ្ញុំពង្រឹងទីបន្ទាល់របស់ខ្ញុំ ។ ហើយការបង្រៀនដំណឹងល្អផ្តល់ឱកាសឲ្យខ្ញុំធ្វើជាគំរូដល់មនុស្សដទៃ រួមទាំងប្អូនស្រីខ្ញុំផងដែរ » ។
វាមិនគួរជារឿងភ្ញាក់ផ្អើលទេ ដែលគោលបំណងដ៏ធំបំផុតមួយរបស់ហ្វាប៊ៀនគឺ ក្លាយជាអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង បន្ទាប់ពីគាត់រៀនចប់វិទ្យាល័យ ។
គាត់និយាយថា « ខ្ញុំចង់ចែកចាយសេចក្តីពិតនេះជាមួយអ្នកដែលពុំដឹងពីវា ។ ខ្ញុំចង់អញ្ជើញពួកគេឲ្យលាងជម្រះអំពើបាបរបស់ពួកគេ ។ ខ្ញុំចង់បង្រៀនពួកគេអំពីរបៀបដែលពួកគេអាចក្លាយជាក្រុមគ្រួសារអស់កល្បជានិច្ច ។ ខ្ញុំចង់អញ្ជើញពួកគេឲ្យរីករាយក្នុងពេលនេះ ហើយរស់នៅក្នុងស្ថានភាពមួយនៃសុភមង្គលដែលមិនចេះចប់មិនចេះហើយ បន្ទាប់ពីជីវិតនេះ » ។