សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ពួកគេបានដាំគ្រាប់ពូជមួយក្នុងចិត្តខ្ញុំ
ម៉ាថា អាលហ្គាវេ ទីក្រុង សាន់តា កាតារីណា ប្រទេសប្រេស៊ីល
រចនារូបភាពដោយ រ៉ាហ្វែល ឡូបប៉ែស
តើខ្ញុំមកពីណា ? តើខ្ញុំកំពុងធ្វើអ្វីនៅទីនេះ ? តើខ្ញុំនឹងទៅកន្លែងណា បន្ទាប់ពីជីវិតនេះ ?
កាលខ្ញុំមានអាយុ ២៩ ឆ្នាំ ខ្ញុំបានគិតពីសំណួរទាំងនេះម្តងហើយម្តងទៀត ។ ឪពុកម្ដាយខ្ញុំបានចែកឋានហើយ ។ ខ្ញុំបានកើតទុក្ខយ៉ាងខ្លាំងចំពោះការបាត់បង់កូនប្រុសតូចដំបូងរបស់ខ្ញុំ ។ ខ្ញុំមានកូនបីនាក់ផ្សេងទៀតដើម្បីចិញ្ចឹមបីបាច់ ហើយជីវិតនេះពោរពេញដោយឧបសគ្គ ។
ព្រះអម្ចាស់បានចាប់ផ្តើមឆ្លើយតបសំណួរខ្ញុំ ពេលទ្រង់បានដឹកនាំពួកអ្នកផ្សព្វផ្សាយសាសនាក្មេងៗពីរនាក់មកផ្ទះរបស់ខ្ញុំ ។ ពេលខ្ញុំបានស្វាគមន៍ពួកគេនៅក្នុងផ្ទះ ពួកគេបានសួរ ប្រសិនបើខ្ញុំមានអារម្មណ៍ខ្វះអ្វីមួយក្នុងជីវិតខ្ញុំ ។ ខ្ញុំបានប្រាប់ពួកគេអំពីឪពុកម្តាយ និងកូនប្រុសរបស់ខ្ញុំ ។ ខ្ញុំបានប្រាប់ពួកគេថា ខ្ញុំបានគិតថា វាអយុត្តិធម៌ណាស់ដើម្បីមានកូន ហើយបង្កើតក្រុមគ្រួសារ តែអ្វីៗត្រូវបញ្ចប់ត្រឹមសេចក្តីស្លាប់នោះ ។ ខ្ញុំបានសួរពួកគេ ប្រសិនបើខ្ញុំនឹងជួបឪពុកម្តាយ និងកូនប្រុសរបស់ខ្ញុំវិញ ។
ពួកគេបាននិយាយថា « ម៉ាថា អ្នកអាចនៅជាមួយគ្រួសារអ្នកជារៀងរហូត » ។
អំណរបានមានពេញដួងចិត្តខ្ញុំ ។ ខ្ញុំចង់ដឹងបន្ថែមទៀត ។ នៅពេលពួកគេមកជួបខ្ញុំលើកក្រោយទៀត ពួកគេបានបង្រៀនខ្ញុំបន្ថែមអំពីដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេបានឲ្យព្រះគម្ពីរមរមនមួយក្បាលមកខ្ញុំ ហើយបានអញ្ជើញខ្ញុំឲ្យអាន រួចទូលសួរដល់ព្រះ បើវាជាព្រះបន្ទូលរបស់ទ្រង់ ។ ខ្ញុំបានទទួលយកការអញ្ជើញនោះ ។ ពេលខ្ញុំបានអធិស្ឋាន ព្រះបានឆ្លើយតបមកខ្ញុំយ៉ាងច្បាស់ដូចថ្ងៃ ។ ខ្ញុំបានដឹងក្នុងចិត្តថា វាជាការពិត ។
ជាអកុសល ពេលខ្ញុំបានធ្វើការងារថ្មីមួយ នោះខ្ញុំបានបាត់ការទាក់ទងជាមួយពួកអ្នកផ្សព្វផ្សាយសាសនា ។ នៅអំឡុងប៉ុន្មានខែបន្ទាប់មកនោះ អាពាហ៍ពិពាហ៍របស់ខ្ញុំបានបញ្ចប់ ហើយខ្ញុំបានព្យាយាមដើម្បីចាប់ផ្តើមជីវិតថ្មីមួយជាមួយកូនៗរបស់ខ្ញុំ ។
ទីបំផុតខ្ញុំបានរៀបការម្តងទៀត ។ នៅថ្ងៃមួយស្វាមីខ្ញុំបាននិយាយថា គាត់បានខ្វះព្រះនៅក្នុងជីវិតគាត់ ។ យើងបានសម្រេចចិត្តចូលរួមព្រះវិហារដែលគាត់ធ្លាប់បានចូលរួម ។ ពេលយើងដើរចូលទៅក្នុងអគារ ខ្ញុំបានឃើញព្រះគម្ពីរមរមននៅលើតុនៅច្រកផ្លូវដើរ ។ នេះគឺជាព្រះវិហារដដែល ដែលគេបានណែនាំឲ្យខ្ញុំស្គាល់ ។ ខ្ញុំបានចូលចិត្តអារម្មណ៍ពីព្រះវិញ្ញាណដែលខ្ញុំបានទទួលនៅទីនោះ ។ នៅពេលយើងបានចេញទៅវិញ ខ្ញុំបានសួរស្វាមីខ្ញុំថា តើខ្ញុំអាចជ្រមុជទឹកបានតាមរបៀបណា ?
គាត់បាននិយាយថា « ពួកអ្នកផ្សព្វផ្សាយសាសនាត្រូវបង្រៀនអូន » ។
ខ្ញុំបានតបថា « ពួកគេបានបង្រៀនអូនកាលពីប្រាំឆ្នាំមុន ! »
ពួកគេបានបង្រៀនមេរៀនទាំងឡាយដល់កូនៗរបស់ខ្ញុំ និងខ្ញុំ ។ ថ្ងៃបុណ្យជ្រមុជទឹកយើងគឺជាថ្ងៃដ៏រីករាយខ្លាំងបំផុតក្នុងជីវិតយើង ។
ជាច្រើនឆ្នាំក្រោយមក ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរតែប្រាប់ពួកស៊ីស្ទើរថា តើនរណាដែលបានបង្រៀនខ្ញុំឲ្យចូលជាសមាជិកសាសនាចក្រ ។ នៅលើហ្វេសប៊ុក ខ្ញុំបានរកឃើញទំព័រក្រុមពួកអ្នកត្រឡប់មកពីបេសកកម្មប្រេស៊ីល សាន់តា ម៉ារៀ ។ ខ្ញុំបានឃើញស៊ីស្ទើរម្នាក់ដែលបានបង្រៀនខ្ញុំ ។ ខ្ញុំបានផ្ញើការស្នើសុំធ្វើជាមិត្តជាមួយគាត់ ហើយបានប្រាប់គាត់ពីខ្លួនខ្ញុំ របៀបដែលខ្ញុំបានក្លាយជាសមាជិកសាសនាចក្រ របៀបដែលគ្រួសារខ្ញុំបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ហើយកូនប្រុសខ្ញុំបានបម្រើបេសកកម្មពេញម៉ោង ។ ខ្ញុំបានប្រាប់គាត់ថា រឿងទាំងអស់កើតឡើងបាន ដោយសារគាត់ និងដៃគូគាត់បានដាំគ្រាប់ពូជមួយនៃដំណឹងល្អដែលស្តារឡើងវិញក្នុងចិត្តខ្ញុំ ។