២០១៩
តើ​ខ្ញុំ​អាច​ស្វែងរក​មិត្តភក្តិ​ដែល​មាន​បទដ្ឋាន​ល្អ​ដោយ​របៀប​ណា ?
ខែ តុលា ឆ្នាំ ២០១៩


សំណួរ និង​ចម្លើយ

« តើ​ខ្ញុំ​អាច​ស្វែងរក​មិត្តភក្តិ​ដែល​មាន​បទដ្ឋាន​ល្អ​ដោយ​របៀប​ណា ? »

សន្តាន​ចិត្ត​ល្អ​គឺជា​គន្លឹះ​

​សូមបង្ហាញ​សេចក្ដី​ស្រឡាញ់ និង​ចិត្ត​ល្អ​ចំពោះ​ពួកគេ ។ សូម​បង្ហាញ​ថា អ្នក​ខ្វល់ខ្វាយ​ពី​ពួកគេ និង​សុភមង្គល​របស់​ពួកគេ ។ ប្រសិនបើ​ពួកគេ​ពុំ​បង្ហាញ​ថា ពួកគេ​ខ្វល់ខ្វាយ​នឹង​អ្នក ហើយ​គ្មាន​សន្តាន​ចិត្ត​ល្អ​នឹង​អ្នក អ្នក​ប្រហែល​ជា​ពុំ​ចង់​បន្ត​មិត្តភាព​នោះ​ទៀត​ទេ ។

ម៉ាឌី ប៊ី អាយុ ១៥ ឆ្នាំ រដ្ឋ​អារីហ្សូណា ស.រ.អា.

រស់នៅ​តាម​បទដ្ឋាន​របស់​អ្នក

ចូរ​ធ្វើ​ជាគំរូ​ក្នុងការរស់នៅ​តាម​បទដ្ឋាន​របស់​អ្នក ។ ហើយ​ប្រសិនបើ​អ្នក​មាន​មិត្តភក្តិ​ដែល​គ្មាន​បទដ្ឋាន​ដូច​អ្នក សូម​បង្ហាញ​ថា ពួកគេ​ពិសេស​នៅ​ក្នុង​ព្រះនេត្រ​របស់​ព្រះ ។ ព្រះយេស៊ូវ​ស្រឡាញ់​មនុស្ស​គ្រប់​រូប ហើយ​បាន​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​តាម​មាគ៌ា​របស់​ទ្រង់ ។

ប៊ើណាត ប៊ី អាយុ ១៩ ឆ្នាំ ទីក្រុង​ផាឡាវ៉ាន់ ប្រទេស​ហ្វីលីពីន

ចែកចាយ​ដំណឹងល្អ

អ្នក​អាច​រក​ឃើញ​មិត្ត​ថ្មី​ដែល​មាន​បទដ្ឋាន​ល្អ តាមរយៈ​ការ​ទៅ​បង្រៀន​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពួកគេ​ស្គាល់​យុវវ័យ​មួយ​ចំនួន​ដែល​ត្រូវការ​មិត្ត​ភក្តិ​នៅក្នុង​សាសនាចក្រ ។

អែលឌើរ ឃ្វីនតានីឡា អាយុ ២០ ឆ្នាំ បេសកកម្ម បាបាដូស ប្រ៊ីដថោន

អធិស្ឋាន​ឲ្យ​មិត្តភក្តិ​របស់​អ្នក

ខ្ញុំ​អធិស្ឋាន​ច្រើន ដើម្បី​ដឹង​ថា តើ​មិត្តភក្តិ​របស់​ខ្ញុំ​គឺ​ជា​មិត្តភក្តិ​ត្រឹមត្រូវ​ដែរ​ឬ​ទេ ជា​អ្នក​ដែល​អាច​ជួយ​ខ្ញុំ​ឲ្យ​លើក​កម្ពស់​បទដ្ឋាន​ខ្ញុំ និង​ទីបន្ទាល់​ខ្ញុំ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។

អ៊ីម៉ាណុល អិម អាយុ ១៨ ឆ្នាំ ទីក្រុង​ឈីហោហោ ប្រទេស ម៉ិកស៊ិក

ព្រះ​នឹង​ជួយ​អ្នក

ខ្ញុំ​បាន​ឃើញ​ថា ប្រសិនបើ​ខ្ញុំ​ខិតខំ​ស្វែងរក​មនុស្សដែល​បង្ហាញ​ពន្លឺ​របស់​ព្រះគ្រីស្ទ ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ទាំងស្រុង ។ ព្រះវរបិតាសួគ៌​ជ្រាបដឹង​ពី​បំណង​ប្រាថ្នា​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​ធ្វើ​ផ្នែក​របស់​អ្នក នោះ​ទ្រង់​នឹង​ឆ្លើយ​តប​ការអធិស្ឋាន​ទាំង​នោះ ។

អូលីវៀ ធី អាយុ ១៨ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា