តើសាសនាចក្រមានទស្សនៈដូចម្តេចដែរទៅលើបរិស្ថាន ?
ពាក្យគន្លឹះនៅក្នុងការយល់ដឹងពីទស្សនៈយើងស្តីពីបរិស្ថាននោះគឺ ការទទួលខុសត្រូវ ។ វាពុំមែនមានន័យថា មនុស្សមានផែនដី ហើយអាចប្រើប្រាស់វាតាមចិត្តពួកគេចង់នោះទេ តែផ្ទុយទៅវិញគឺថា យើងមានការទទួលខុសត្រូវចំពោះរបៀបដែលយើងប្រើធនធានរបស់ផែនដី ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១៣–១៥ ) ។ ទោះជា « មានបរិបូរគ្រប់គ្រាន់ និងនៅសល់ទៀតផង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ១០៤:១៧ ) នោះព្រះសព្វព្រះទ័យឲ្យយើងប្រើប្រាស់ធនធាននានារបស់ផែនដីដោយឆ្លាតវៃ ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:២០ ) ។
ព្រះបានបង្កើតផែនដី ហើយប្រកាសពីការបង្កបង្កើតរបស់ទ្រង់ថា « ការល្អប្រពៃ » ( សូមមើល លោកុប្បត្តិ ១:១, ៣១ ) ។ ផែនដីនេះគឺត្រូវបានបង្កើតឡើងសម្រាប់បុត្រាបុត្រីរបស់ព្រះ ជាផ្នែកមួយនៃផែនការនៃសេចក្តីសង្គ្រោះរបស់ទ្រង់ ។ ផែនដីនឹងត្រូវបានបន្សុទ្ធ ហើយទទួលនូវសិរីរុងរឿងនៃសេឡេស្ទាល ( សូមមើល គោលលទ្ធិ និងសេចក្ដីសញ្ញា ៨៨:១៨–១៩ ) ។
ព្រះបានបង្កើតផែនដីពុំគ្រាន់តែមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង ។ អ្វីនៅលើផែនដី « ត្រូវបានបង្កើតឡើងសម្រាប់ផលប្រយោជន៍ និងការប្រើប្រាស់របស់មនុស្ស ទាំងដើម្បីផ្គាប់ភ្នែក និងដើម្បីធ្វើឲ្យចិត្តអរសប្បាយផង » ព្រមទាំង « ដើម្បីធ្វើឲ្យព្រលឹងមានជីវិតជីវ៉ាឡើង » ( គោលលទ្ធិ និងសេចក្ដីសញ្ញា ៥៩:១៨–១៩ ) ។
យើងគួរតែគោរពព្រះដោយការថ្លែងអំណរគុណនូវការបង្កបង្កើតរបស់ទ្រង់ បង្ហាញអំណរគុណដល់វត្ថុទាំងនោះ ហើយព្យាយាមរក្សាវាឲ្យបានស្រស់ស្អាត ។ យើងគួររក្សាធនធាននានា ការពារធម្មជាតិ ហើយចៀសវាងពីការបំពុល និងកាកសំណល់ ។