ការការពារកុមារ
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីការពារ និងផ្តល់អំណាចដល់កុមារនៅក្នុងជីវិតរបស់យើង ?
រចនារូបថតដោយ លីនដា លី
ក្រៅពីក្រុមមនុស្សទាំងអស់ដែលព្រះយេស៊ូវបានបង្រៀន យើងដឹងថា ទ្រង់ពិតជាបានស្រឡាញ់កុមារជាខ្លាំង ។ ទ្រង់បានយកព្រះទ័យទុកដាក់លើកុមារ ទោះបីវាពុំសូវងាយស្រួលក្តី ។ ទ្រង់បានអញ្ជើញកុមារឲ្យទទួលពរជ័យពីទ្រង់រៀងៗខ្លួន ។ ទ្រង់បានកាត់ទោសអ្នកដែលធ្វើបាបកុមារ ។ ហើយទ្រង់បានបង្រៀនថា យើងត្រូវតែក្លាយឲ្យកាន់តែដូចកុមារ ដើម្បីចូលក្នុងនគរស្ថានសួគ៌ ។១
ទ្រង់បានមានបន្ទូលប្រាប់អ្នកនៅទ្វីបអាមេរិកបន្ទាប់ពីទ្រង់បានមានព្រះជន្មរស់ឡើងវិញថា « មើលកូនតូចរបស់អ្នករាល់គ្នា ។ ស្ថានសួគ៌បានបើកចំហរ ហើយពួកទេវតាដែលពោរពេញដោយក្តីស្រឡាញ់ ការការពារបានយាងចុះមក ហើយបង្កើតជារង្វង់នៅជុំវិញកុមារ ព័ទ្ធជុំវិញពួកគេដោយភ្លើង ។ ( សូមមើល នីហ្វៃទី៣ ១៧:២៣–២៤ ) ។
ជាមួយនឹងគ្រោះថ្នាក់ទាំងអស់នៅក្នុងពិភពលោកបច្ចុប្បន្ននេះ យើងអាចចង់ឲ្យកូនៗរបស់យើងត្រូវបានហ៊ុមព័ទ្ធជុំវិញដោយភ្លើងសួគ៌ាជានិច្ច ។ គេបានវាយតម្លៃថា មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់នៅទូទាំងពិភពលោកត្រូវបានគេធ្វើបាបកាលនៅកុមារ ហើយចំនួនជាមធ្យមនោះបានកើនឡើង ពេលអ្នកក្រឡេកមើលក្រុមជាក់លាក់ដែលគ្មានការគាំពារ ដូចជាក្រុមជនពិការជាដើម ។២ ដំណឹងល្អនោះគឺថា មានអ្វីជាច្រើនដែលយើងអាចធ្វើ ដើម្បីមាននូវវិធីសាស្ត្រទុកជាមុនក្នុងការការពារកុមារ ។
ស៊ីស្ទើរ ចយ ឌី ចូនស៍ ប្រធានអង្គការបឋមសិក្សាទូទៅ បានមានប្រសាសន៍ថា « សូមគិតក្នុងចិត្តអ្នកពីកូនម្នាក់ដែលអ្នកស្រឡាញ់ ។ ពេលអ្នកប្រាប់កូននោះថា ‹ ខ្ញុំស្រឡាញ់អ្នក › តើវាមានន័យយ៉ាងណា ?… យើងផ្តល់ការការពារ ដើម្បីយើងអាចជួយអ្នកដែលយើងស្រឡាញ់ ដើម្បីឲ្យពួកគេក្លាយជាមនុស្សល្អបំផុត ហើយប្រឈមមុខនឹងឧបសគ្គក្នុងជីវិតបានល្អបំផុត » ។៣
ប្រហែលការក្រឡេកមើលកាន់តែច្បាស់អំពីគំរូរបស់ព្រះអង្គសង្គ្រោះ នឹងបំផុសគំនិតអំពីរបៀបដែលយើងអាចការពារកុមារក្នុងជីវិតយើងឲ្យបានកាន់តែប្រសើរឡើង ។
ព្រះយេស៊ូវបានចំណាយពេលជាមួយពួកគេ
មើលន៎ កូនតូចៗរបស់អ្នករាល់គ្នា ដោយ ដេវីឌ លីនស្លី © 1983
ព្រះយេស៊ូវបានចំណាយពេលផ្តោតចិត្តទុកដាក់ដល់កុមារ និងមនុស្សខ្វះខាត ( សូមមើល ម៉ាថាយ ១៩:១៤ ) ។ យើងក៏អាចឆ្លៀតពេលស្តាប់កូនៗយើង ហើយព្យាយាមយល់ពីឧបសគ្គរបស់ពួកគេ ។
ស៊ីស្ទើរចូនស៍មានប្រសាសន៍ថា « កាលណាកុមារទទួលអារម្មណ៍នៃសេចក្តីស្រឡាញ់កាន់តែច្រើន នោះវាកាន់តែងាយស្រួលឲ្យពួកគេបើកដួងចិត្ត… យើង ត្រូវចាប់ផ្តើមការសន្ទនា ហើយកុំរង់ចាំរហូតទាល់តែកុមារមករកយើងឡើយ » ។៤
ម្តាយម្នាក់បានរកឃើញថា វាមានប្រយោជន៍ដើម្បីសួរកូនៗរបស់គាត់រៀងរាល់ល្ងាចថា « តើកូនស្តាប់ឮពាក្យអ្វីដែលកូនមិនយល់ទេថ្ងៃនេះ ? »
សភាវគតិដំបូងរបស់កូនយើងអាចរកមើលពាក្យនោះនៅតាមអ៊ិនធើរណែតដើម្បីទទួលបានចម្លើយ ដោយសារអ៊ិនធើរណែតផ្តល់ជំនួយបានភ្លាមៗ ហើយពុំកាត់ទោសគេទេ ប៉ុន្តែយើងត្រូវធ្វើឲ្យគេជឿថា យើង គឺជាប្រភពព័ត៌មានដ៏គួរឲ្យទុកចិត្តជាង ។ ហើយនោះរួមមានទាំងការមិនមានប្រតិកម្មច្រឡោត ពេលកូនៗយើងប្រាប់នូវរឿងអ្វីមួយដែលធ្វើឲ្យមិនស្រណុកចិត្ត ។ ឧទាហរណ៍ ប្រសិនបើយើងមានកំហឹងច្រឡោតភ្លាមៗពេលកូនយើងសារភាពថា ពួកគេបានមើលការណ៍អាសគ្រាម នោះពួកគេអាចនឹងពុំត្រឡប់មករកជំនួយពីយើងទៀតទេ ។ ប៉ុន្តែបើយើងឆ្លើយតបដោយសេចក្តីស្រឡាញ់ នោះយើងមានឱកាសដើម្បីផ្ញើសារលិខិតដ៏ច្បាស់លាស់មួយ—ថា យើងចង់ឲ្យពួកគេនិយាយប្រាប់យើងពី អ្វីគ្រប់យ៉ាង ។
ស៊ីស្ទើរចូនស៍បានសង្កេតឃើញថា « ការនិយាយអំពីបញ្ហាតូចៗក្នុងលក្ខណៈនៃក្តីស្រឡាញ់ បង្កើតជាគ្រឹះមួយនៃការឆ្លើយតបដ៏ល្អ ដូច្នេះពេលបញ្ហាធំៗកើតឡើង នោះទំនាក់ទំនងគឺនៅតែបន្តមាន » ។៥
រឿងសំខាន់បំផុតមួយចំនួននៃការសន្ទនាប្រកបដោយការការពារដែលឪពុកម្តាយអាចមានជាមួយកុមារនោះគឺអំពីរូបកាយរបស់ពួកគេ ។ ការសន្ទនាទាំងនោះគួរតែរួមបញ្ចូលនូវពាក្យពេចន៍ច្បាស់លាស់សម្រាប់ផ្នែកនានានៃរាងកាយ ព័ត៌មានអំពីអនាម័យ និងការផ្លាស់ប្តូរនានាដែលរំពឹងថាកើតមាននៅប៉ុន្មានឆ្នាំខាងមុខទៀត ។ យើងគួរតែនិយាយអំពីបញ្ហាផ្លូវភេទ និងរបៀបដែលការស្និតស្នាលខាងរូបកាយ និងអារម្មណ៍គឺជាផ្នែកសំខាន់មួយនៃផែនការរបស់ព្រះវរបិតាសួគ៌សម្រាប់យើង ។ យើងក៏អាចនិយាយអំពីប្រធានបទនានាដូចជា ការរំលោភបំពាន និងការណ៍អាសគ្រាម ។ ការសន្ទនាទាំងនេះត្រូវតែសមស្របតាមអាយុ ហើយដឹកនាំដោយសំណួរនានាដែលកូនរបស់យើងមាន ។ មែនហើយ យើងចង់មានការសន្ទនាជាច្រើននៅពេលក្រោយទៀត ដោយផ្តល់ព័ត៌មានបន្ថែមពេលកូនៗយើងធំឡើង ហើយការយល់ដឹងរបស់គេកើនឡើង ។ ( សូមមើលធនធានដ៏មានប្រយោជន៍នានានៅចុងបញ្ចប់នៃអត្ថបទនេះ ) ។
ព្រះយេស៊ូវបានធ្វើជាគំរូដល់ពួកគេ
ព្រះយេស៊ូវបានធ្វើជាគំរូដ៏ល្អឥតខ្ចោះដល់មនុស្សគ្រប់រូប ( សូមមើល យ៉ូហាន ៨:១២ ) ។ ក្នុងនាមជាមនុស្សពេញវ័យ យើងក៏មានឱកាស និងការទទួលខុសត្រូវដើម្បីធ្វើជាគំរូផងដែរ ។ វិធីដ៏ល្អបំផុតមួយដែលយើងអាចជួយកូនៗរបស់យើងឲ្យមានសុវត្ថិភាពនោះ គឺតាមរយៈការធ្វើជាគំរូក្នុងការជ្រើសរើសដោយសុវត្ថិភាពរបស់យើង ។ កូនៗមើលពីរបៀបដែលឪពុកម្តាយប្រព្រឹត្តចំពោះមនុស្សដទៃ និងរបៀបដែលមនុស្សដទៃប្រព្រឹត្តចំពោះពួកគេ ។ ប្រសិនបើអ្នកកំពុងនៅក្នុងទំនាក់ទំនងមួយ ឬមានការលំបាកនឹងការញៀនមួយ ដែលធ្វើឲ្យអ្នក ឬគ្រួសារអ្នកស្ថិតក្នុងភាពគ្រោះថ្នាក់ សូមស្វែងរកជំនួយ ។ សូមឈោងទៅរកអាជ្ញាធរស៊ីវិល និងការប្រឹក្សាពីអ្នកមានវិជ្ជាជីវៈ ព្រមទាំងប៊ីស្សព ឬប្រធានសមាគមសង្គ្រោះរបស់អ្នក ដែលអាចជួយអ្នកទាក់ទងនឹងធនធាននានាដែលសមស្របនៅក្នុងព្រះវិហារ និងក្នុងសហគមន៍ ។ អ្នកស័ក្តិសមក្នុងការទទួលបានសុវត្ថិភាព និងការគោរព ។
យើងក៏គួរតែធ្វើជាគំរូក្នុងការមើលថែកម្លាំងខាងវិញ្ញាណរបស់យើងផងដែរ ។ តើកូនៗយើងឃើញយើងអធិស្ឋានដែរឬទេ ? តើពួកគេដឹងថា យើងអានព្រះគម្ពីរដែរឬទេ ? តើពួកគេបានស្តាប់ឮទីបន្ទាល់របស់យើងដែរឬទេ ? តើយើងបានពាក់ « គ្រប់គ្រឿងសឹករបស់ព្រះ » ជាក្រុមគ្រួសារនៅពេលព្រឹក ពីមុនចេញទៅកាន់ពិភពលោកខាងក្រៅដែរឬទេ ? ( សូមមើល អេភេសូរ ៦:១១–១៨; គោលលទ្ធិ និងសេចក្ដីសញ្ញា ២៧:១៥–១៨ ) ។
ព្រះយេស៊ូវបានថ្លែងការពារពួកគេ
ព្រះអង្គសង្គ្រោះបានថ្លែងទាស់នឹងអ្នកដែលធ្វើបាបកុមារ ( សូមមើល ម៉ាថាយ ១៨:៦ ) ។ យើងក៏អាចនិយាយគាំពារកុមារនៅក្នុងជីវិតរបស់យើងផងដែរ ។
ប្រធាន ដាល្លិន អេក អូក ទីប្រឹក្សាទីមួយក្នុងគណៈប្រធានទីមួយបានបង្រៀនថា « កុមារត្រូវការមនុស្សដទៃនិយាយគាំពារពួកគេ ហើយពួកគេត្រូវការអ្នកសម្រេចចិត្តឲ្យ ដែលដាក់សុខុមាលភាពរបស់ពួកគេសំខាន់ជាងចំណាប់អារម្មណ៍ដ៏អាត្មានិយមរបស់មនុស្សពេញវ័យនោះ » ។៦
ខណៈដែលយើងមិនត្រូវខ្លាច ឬសង្ស័យហួសហេតុដល់មនុស្សដទៃ នោះយើងគួរតែដឹងពីការគំរាមកំហែងដែលអាចកើតមាន ហើយធ្វើការសម្រេចចិត្តដោយសុវត្ថិភាពប្រកបដោយភាពវៃឆ្លាត ។ ថ្នាក់ដឹកនាំអង្គការបឋមសិក្សាគួរតែធ្វើតាមសេចក្តីណែនាំរបស់សាសនាចក្រស្តីពីការបង្ការការរំលោភបំពាន៧—គឺជាការការពារ ដោយមានគ្រូបង្រៀនពីររូបនៅក្នុងថ្នាក់រៀននីមួយៗ ហើយទីប្រឹក្សាម្នាក់ក្នុងគណៈប្រធានត្រួតពិនិត្យថ្នាក់ ។
ឪពុកម្តាយ និងថ្នាក់ដឹកនាំគួរតែប្រឹក្សារួមគ្នា ហើយសម្រេចថា តើមានការប្រុងប្រយ័ត្នជាមុនអ្វីបន្ថែមទៀតដែលពួកគេអាចធ្វើដើម្បីកាត់បន្ថយការគំរាមកំហែងជាក់លាក់នានា ។ ឧទាហរណ៍ អគារសាសនាចក្រជាច្រើនមានបង្អួចក្នុងបន្ទប់រៀន ។ ប្រសិនបើអគាររបស់អ្នកគ្មានបង្អួចក្នុងបន្ទប់រៀន អ្នកអាចបើកទ្វារបន្តិចអំឡុងពេលម៉ោងរៀន ហើយប្រឹក្សាជាមួយអ្នកតំណាងគ្រប់គ្រងអាគារក្នុងមូលដ្ឋាន ដើម្បីដឹងថា តើត្រូវដាក់បង្អួចក្នុងបន្ទប់រៀនដែរឬទេ ។ មិនថា ពួកគេមានការហៅបម្រើជាអ្វីឡើយ មនុស្សពេញវ័យទាំងអស់អាចផ្តោតចិត្តទុកដាក់ពេលនៅឯព្រះវិហារ ហើយជួយពេលត្រូវការ ដូចជាការស្វាគមន៍ភ្ញៀវ ដែលដើរតាមសាល ឬលើកទឹកចិត្តកុមារដែលដើរប្រសេចប្រសាចឲ្យត្រឡប់ទៅថ្នាក់រៀនវិញ ។
គួរឲ្យស្តាយណាស់ ជួនកាលកុមារៗត្រូវបានធ្វើបាបដោយកុមារផ្សេងទៀត ។ ប្រសិនបើយើងឃើញមានការសម្លុតគំរាម ឬការប៉ះពាល់មិនសមរម្យណាមួយនៅឯព្រះវិហារ ឬនៅកន្លែងផ្សេងទៀត យើងត្រូវតែធ្វើអន្តរាគមន៍ភ្លាម ។ ប្រសិនបើយើងជាអ្នកដឹកនាំ យើងត្រូវតែមានឆន្ទៈនិយាយជាមួយគ្រួសារដែលពាក់ព័ន្ធ—ទោះបីជាការសន្ទនានោះពុំងាយស្រួលក្តី—ដើម្បីប្រាកដថា កុមារទាំងអស់មានសុវត្ថិភាព ។ សូមនិយាយដោយសេចក្តីអាណិតអាសូរ និងច្បាស់លាស់ ដើម្បីជួយស្ថាបនាវប្បធម៌នៃការមានសន្តានចិត្តល្អ ។
ប្រសិនបើយើងជឿថា មានគេបានធ្វើបាបកុមារណាម្នាក់ យើងគួរតែរាយការណ៍កង្វល់ទាំងនោះទៅអាជ្ញាធរស៊ីវិលជាបន្ទាន់ ។ នៅក្នុងប្រទេសជាច្រើន មានលេខទូរសព្ទទាក់ទងបន្ទាន់ដើម្បីផ្តល់ការអន្តរាគមន៍ពេលមានវិបត្តិ ផ្តល់ព័ត៌មាន និងផ្តល់សេវកម្មគាំទ្រ ។ យើងក៏គួរតែប្រាប់ប៊ីស្សពអំពីការរំលោភបំពានដែលសង្ស័យនោះ ជាពិសេសទាក់ទងនឹងបុគ្គលដែលអាចប៉ះពាល់កុមារតាមរយៈសាសនាចក្រ ។ ក្រៅពីការចាត់វិធានការដើម្បីការពារឧក្រិដ្ឋជនមិនឲ្យទាក់ទងនឹងកុមារនៅពេលខាងមុខទៀត ប៊ីស្សពអាចផ្តល់ការលួងលោម និងការជួយជ្រោមជ្រែងដល់ជនរងគ្រោះ ហើយជួយពួកគេឲ្យទាក់ទងនឹងធនធានបន្ថែមទៀតមកពីសេវាកម្មគ្រួសារ ។
ព្រះយេស៊ូវបានប្រទានពរដល់ពួកគេម្ដងម្នាក់ៗ
រចនារូបថតដោយ ស្សាណេ ជេនេស៊ី អាសេប៊ិល
ព្រះយេស៊ូវបានស្គាល់ ហើយបានប្រទានពរដល់កុមារម្តងម្នាក់ៗ ( សូមមើល នីហ្វៃទី៣ ១៧:២១ ) ។ ដូចគ្នានេះផងដែរ យើងគួរតែស្គាល់កុមារម្នាក់ៗ ហើយជាពិសេសព្យាយាមជួយពួកគេ ។
តើយើងអាចធ្វើឲ្យព្រះវិហារកាន់តែមានសុវត្ថិភាពដល់កុមារជាមួយនឹងផ្នែកវេជ្ជសាស្ត្រតាមរបៀបណា ? តើយើងមានផែនការដើម្បីជួយកុមារថ្នាក់អង្គការបឋមសិក្សាដែលពិការដែរឬទេ ? តើមេរៀនថ្នាក់អង្គការបឋមសិក្សាដែលយើងបង្រៀនវាប៉ះពាល់ដល់ស្ថានភាពផ្សេងៗគ្នានៅក្នុងផ្ទះពួកគេដែរឬទេ ? តើយើងអាចធ្វើអ្វីខ្លះដើម្បីជួយពួកគេឲ្យចូលរួមកាន់តែសកម្មនោះ ?
យោបល់ដែលប្រកាន់ពូជសាសន៍ វាចាដែលបន្ទាបដល់វប្បធម៌ដទៃទៀត និងឥរិយាបថកាត់ទោសដល់សមាជិកនៃអ្នកមានជំនឿផ្សេងទៀត ពុំគួរមាននៅក្នុងសារលិខិតដែលយើងចែកចាយឡើយ ។ នៅក្នុងថ្នាក់អង្គការបឋមសិក្សាមួយ កុមារាម្នាក់ពុំអាចនិយាយភាសាដូចគ្នាដែលកុមារដទៃទៀតនិយាយបានល្អនោះទេ ។ ដើម្បីជួយឲ្យគាត់មានអារម្មណ៍ថា គេស្វាគមន៍ នោះគ្រូបង្រៀនត្រូវប្រាកដថា បានបោះពុម្ពក្រដាសចែកទាំងពីរភាសានោះ ។ ទង្វើសាមញ្ញនៃការចេះគិតគូរបង្ហាញកុមារថា យើងដឹង ហើយខ្វល់ខ្វាយពីពួកគេម្នាក់ៗ ហើយទង្វើទាំងនេះអាចក្លាយជាគំរូឲ្យពួកគេធ្វើតាម ។
យើងអាចឃើញថា កុមារខ្លះត្រូវការជំនួយបន្ទាន់មួយ ។ ឧទាហរណ៍ ទោះបីជាការផ្លាស់ប្តូរអារម្មណ៍មួយចំនួនគឺជាផ្នែកមួយសាមញ្ញនៃការធំលូតលាស់ក្តី ប្រសិនបើកុមារម្នាក់ខឹង ផ្តាច់ខ្លួនចេញពីមនុស្សដទៃ ឬកើតទុក្ខអស់ជាច្រើនសប្តាហ៍ នោះប្រហែលជាមានបញ្ហាធ្ងន់ធ្ងរដែលត្រូវការជំនួយពីអ្នកមានវិជ្ជាជីវៈ ។ ខណៈដែលទម្លាប់នៃភាពសុចរិតដូចជាការអធិស្ឋាន និងការសិក្សាព្រះគម្ពីរសំខាន់ក្តី ជារឿយៗ ការគាំទ្របន្ថែមគឺចាំបាច់ដល់កុមារដែលពាក់ព័ន្ធនឹងជំងឺផ្លូវចិត្តដែលទើបតែមាន ឬកំពុងតែពុះពារនឹងការប៉ះទង្គិចផ្លូវចិត្តដ៏សម្ងាត់មួយ ។ ការព្រងើយកន្តើយនឹងស្ថានភាពនោះនឹងពុំធ្វើឲ្យស្ថានភាពនោះបានប្រសើរឡើង ។ នៅក្នុងតំបន់ជាច្រើន ប៊ីស្សពអាចផ្តល់ជំនួយហិរញ្ញវត្ថុដល់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារ សម្រាប់ការប្រឹក្សាតាមរយៈសេវាកម្មគ្រួសារ ឬអ្នកផ្តល់សេវាដទៃផ្សេងទៀត ។
ព្រះយេស៊ូវបានប្រទានអំណាចដល់ពួកគេ
រចនារូបថតដោយ អែនហ្គាលី ចាកសុន
ពេលការពារកុមារ ព្រះយេស៊ូវក៏បានប្រទានអំណាចដល់ពួកគេផងដែរ ។ ទ្រង់បានលើកពីកុមារទុកជាគំរូ ( សូមមើល ម៉ាថាយ ១៨:៣ ) ។ បន្ទាប់ពីការយាងទៅទ្វីបអាមេរិករបស់ទ្រង់ កុមារតូចៗអាចបង្រៀនមនុស្សពេញវ័យបាននូវ « ការណ៍ដ៏អស្ចារ្យទាំងឡាយ » ( នីហ្វៃទី៣ ២៦:១៦ ) ។
យើងអាចផ្តល់អំណាចដល់កុមារដែលយើងស្គាល់ តាមរយៈការបង្រៀនពួកគេឲ្យទទួលស្គាល់របៀបដែលព្រះវិញ្ញាណមានបន្ទូលមកកាន់ពួកគេ ហើយបន្ទាប់មកធ្វើតាមព្រះវិញ្ញាណពេលពួកគេធ្វើការសម្រេចចិត្ត—គឺការជួយកុមារឲ្យអភិវឌ្ឍតម្រងផ្ទៃក្នុងដើម្បីដឹកនាំទង្វើរបស់ពួកគេ ។ ដូចស៊ីស្ទើរចូនស៍បានបង្រៀនថា « ការជួយកុមារឲ្យបង្កើតហេតុផលក្នុងចិត្តពួកគេផ្ទាល់សម្រាប់ការចង់ [ ធ្វើការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ] គឺចាំបាច់ណាស់ » ។៨ នេះជាយោបល់មួយចំនួនដែលផ្តល់អំណាចដល់ក្រុមគ្រួសារដទៃទៀត ៖
-
ម្តាយមួយរូបបង្រៀនកូនៗរបស់គាត់ឲ្យយកចិត្តទុកដាក់លើ « អារម្មណ៍គួរឲ្យសង្ស័យ » របស់ពួកគេ ហើយមានភាពប្រុងប្រយ័ត្នចំពោះមនុស្សដែលហាក់ដូចជាមាន « ល្បិចកល » ។ ការណ៍នេះមានភាពជោគជ័យ ពេលមនុស្សមួយចំនួនបានព្យាយាមបញ្ចុះបញ្ជូលកូនប្រុសគាត់ឲ្យធ្វើតាមពួកគេចូលទៅក្នុងបន្ទប់ទឹកមួយ ហើយកូនប្រុសនោះបានស្តាប់តាមអារម្មណ៍នៃការព្រមានរបស់គាត់ ហើយបានបដិសេធមិនធ្វើតាមពួកគេ ។
-
ក្រុមគ្រួសារមួយចំនួនបង្កើតផែនការវាងជាមុនដើម្បីប្រើប្រាស់ ពេលពួកគេជួបនឹងអ្វីមួយដែលគ្រោះថ្នាក់ ។ ឧទាហរណ៍ ផែនការវាងរបស់គ្រួសារមួយត្រូវបានហៅថា « បិទ និងប្រាប់ » ហើយរួមមានការបិទអេក្រង់កុំព្យូទ័រ និងការប្រាប់ឪពុកម្តាយភ្លាម ប្រសិនបើរូបភាពអាក្រក់មួយបានផុសឡើងមកនោះ ។ កូនៗរបស់ពួកគេពុំដែលសង្ស័យពីរបៀបទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយមិនល្អឡើយ—ពួកគេបានដឹងពីអ្វីដែលត្រូវធ្វើ !
-
គ្រួសារមួយទៀតបានបង្កើតពាក្យសម្ងាត់មួយដែលកូនៗរបស់ពួកគេអាចផ្ញើសារទៅកាន់ឪពុកម្តាយគេ ឬនិយាយតាមទូរសព្ទ ប្រសិនបើពួកគេត្រូវការឲ្យឪពុកម្តាយទៅទទួលយកភ្លាមៗ ។
-
អ្នកអាចជួយកូនៗរបស់អ្នកអនុវត្តការនិយាយ « បដិសេធ ! » ពេលនរណាម្នាក់ព្យាយាមបញ្ចុះបញ្ចូលពួកគេឲ្យធ្វើអ្វីមួយដែលធ្វើឲ្យពួកគេមានអារម្មណ៍ពុំល្អ ។ កុមារគ្រប់រូបគួរដឹងថា ពួកគេអាចសូមជំនួយបាន ហើយពួកគេគួរបន្តសូមជំនួយរហូតដល់ពួកគេមានសុវត្ថិភាព ។
តួនាទីរបស់យើងជាមនុស្សពេញវ័យ
សូមយើងរំឭកម្តងទៀតពីឈុតឆាកនៅក្នុង នីហ្វៃទី៣ ១៧ ពេលព្រះយេស៊ូវ « បានយកកូនក្មេងរបស់ពួកគេ ម្ដងម្នាក់ៗហើយបានប្រទានពរដល់ពួកវា ហើយបានអធិស្ឋានដល់ព្រះវរបិតាសម្រាប់ពួកគេ ។ … រីឯភ្លើងក៏ព័ទ្ធជុំវិញពួកវា ហើយពួកទេវតាបានធ្វើការងារបម្រើដល់ពួកកូនក្មេង » ( ខទី ២១, ២៤ ) ។ ប្រហែលចំណុចសំខាន់មួយនៃរឿងនេះគឺពុំគ្រាន់តែបង្រៀនយើងអំពីសារៈសំខាន់របស់កុមារនោះទេ វាក៏បង្ហាញពីតួនាទី របស់យើង ដែលគួរធ្វើ ក្នុងនាមជាមនុស្សពេញវ័យផងដែរ ។ យើងគឺជាអ្នកមើលថែមនុស្សនៅជំនាន់បន្ទាប់ទៀត។ យើង គួរតែធ្វើជាពួកទេវតាដែលព័ទ្ធជុំវិញ ហើយធ្វើការងារបម្រើដល់កុមារ ។ សូមបន្តសម្លឹងមើលទៅព្រះយេស៊ូវទុកជាគំរូដ៏ល្អឥតខ្ចោះរបស់យើង ហើយបន្ទាប់មកធ្វើកិច្ចការឲ្យអស់ពីសមត្ថភាពដែលយើងអាចធ្វើបាន ដើម្បីហ៊ុមព័ទ្ធកុមារតូចៗរបស់យើងដោយសេចក្តីស្រឡាញ់ និងការការពារ ។