តើខ្ញុំគួរតែបន្តអានទៀតឬ ?
ឆ្នាំមុន ខ្ញុំបានរើសសៀវភៅនៅបណ្ណាល័យដែលសរសេរអំពីក្មេងស្រីម្នាក់ចាប់ផ្តើមសរសេរកំណត់ហេតុបណ្តាញមួយ ។ ខ្ញុំបានគិតថា វាជាសៀវភៅដ៏រីករាយមួយ ដោយសារតួអង្គសំខាន់នោះគឺមានអាយុស្របាលនឹងខ្ញុំ ហើយម្តាយខ្ញុំក៏ជាអ្នកសរសេរកំណត់ហេតុបណ្តាញដែរ ។ ដូច្នេះខ្ញុំបានគិតថា វាជាសៀវភៅដែលខ្ញុំអាចអានបាន ។
ខ្ញុំបានអានតែពីរបីទំព័រប៉ុណ្ណោះ ពេលក្មេងស្រីនោះបានប្រើព្រះនាមរបស់ព្រះអម្ចាស់ជាអសារឥតការ ។ ខ្ញុំគ្មានអារម្មណ៍ល្អសោះ បន្ទាប់ពីខ្ញុំបានអានផ្នែកនោះ ។ ប៉ុន្តែខ្ញុំបានបន្តអានទៀត ដោយសង្ឃឹមថា វាគ្រាន់តែកើតឡើងតែម្តងប៉ុណ្ណោះ ។ ខ្ញុំបានអានពីរបីទំព័របន្ថែមទៀត ហើយនាងនៅតែនិយាយពាក្យនោះដដែរ ។
ខ្ញុំបានប្រាប់ម្តាយខ្ញុំអំពីអ្វីដែលខ្ញុំបានឃើញ ។ ខ្ញុំពុំដឹងថា តើខ្ញុំគួរបន្តអានសៀវភៅនោះទៀតឬក៏អត់ទេ ។ ម្តាយខ្ញុំបានប្រាប់ខ្ញុំថា វាជាជម្រើសរបស់ខ្ញុំ ។ ប៉ុន្តែ គាត់បានយល់ស្របថា វាប្រហែលជាមិនមែនជារឿងល្អដើម្បីបន្តអានឡើយ ប្រសិនបើក្មេងស្រីនោះនិយាយពាក្យដែលយើងដឹងថា វាខុសនោះ ។ ម្តាយខ្ញុំនិយាយថា ជាពិសេសវាអត់ល្អទេ ប្រសិនបើនាងបានប្រើព្រះនាមរបស់ព្រះអម្ចាស់ជាអសារឥតការនោះ ។
ខ្ញុំបានគិតថា ខ្ញុំនឹងមើលថា តើមានពាក្យនោះច្រើនដែរឬទេ ដូច្នេះខ្ញុំបានបើកមើលពេញសៀវភៅនោះ ។ ខ្ញុំបានឃើញថា ការយកព្រះនាមព្រះជាអសារឥតការ គឺជារបៀបដែលក្មេងស្រីនោះនិយាយជារឿយៗ ។ ខ្ញុំបានសម្រេចចិត្តយកសៀវភៅនោះទៅបណ្ណាល័យវិញ ដោយមិនបន្តអានវាទៀតទេ ។
ខ្ញុំសោកស្តាយដែលអ្នកនិពន្ធសៀវភៅនេះបានប្រើព្រះនាមរបស់ព្រះអម្ចាស់ជាអសារឥតការ ។ បន្ទាប់ពីខ្ញុំបានយកសៀវភៅនោះទៅបណ្ណាល័យវិញ ខ្ញុំមានអារម្មណ៍រីករាយថា ខ្ញុំបានជ្រើសរើសធ្វើត្រឹមត្រូវ ។ ខ្ញុំដឹងថា ខ្ញុំកំពុងធ្វើតាម « បទដ្ឋានដំណឹងល្អរបស់ខ្ញុំ » ដកស្រង់មកពីសៀវភៅ សេចក្ដីជំនឿលើព្រះ ដែលចែងថា « ខ្ញុំនឹងអាន ហើយមើលតែអ្វីដែលគាប់ព្រះទ័យដល់ព្រះវរបិតាសួគ៌តែប៉ុណ្ណោះ » ។ ខ្ញុំដឹងថា យើងត្រូវប្រើព្រះនាមរបស់ព្រះវរបិតាសួគ៌ និងព្រះយេស៊ូវគ្រីស្ទ ដោយគារវភាព និងគោរពជានិច្ច ។