សំឡេងពួកបរិសុទ្ធថ្ងៃចុងក្រោយ
ពរជ័យបន្ថែម
រ៉ូប៊ើតូ អាតុនខា នីអេតូ ទីក្រុង លីម៉ា ប្រទេស ប៉េរូ
ភរិយាខ្ញុំខាមិន និងខ្ញុំទើបតែមានកូនលើកដំបូង ពេលខ្ញុំត្រូវបានហៅឲ្យធ្វើជាប៊ីស្សពនៃវួដយើង ។ នៅចំពេលដែលយើងមានបញ្ហាផ្នែកហរិញ្ញវត្ថុ ។ វាបានប្រែកាន់តែតានតឹងឡើងចំពោះខ្ញុំ ដើម្បីផ្គត់ផ្គង់គ្រួសារខ្ញុំ ហើយនៅគ្រាដំណាលគ្នានោះ ខ្ញុំត្រូវគ្រប់គ្រង និងមើលថែសមាជិកក្នុងវួដ ។
នៅថ្ងៃអាទិត្យមួយ ខ្ញុំបានកត់សម្គាល់ឃើញម្តាយទោលម្នាក់ជាមួយកូនតូចបួននាក់របស់គាត់នៅក្នុងការប្រជុំសាក្រាម៉ង់ ។ គាត់បានអង្គុយលើកៅអីក្រោយគេនៅក្នុងសាលាប្រជុំ ហើយបានព្យាយាមអស់ពីសមត្ថភាពគាត់ដើម្បីមើលកូនគាត់កុំឲ្យមាត់ឡូឡា ។ ខ្ញុំបានដឹងថា គាត់ក៏កំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុផងដែរ ប៉ុន្តែគាត់ពុំដែលសូមជំនួយទេ ។ ជាច្រើនសប្តាហ៍បានកន្លងទៅ ហើយគាត់បានមកព្រះវិហារជាមួយកូនៗរបស់គាត់រៀងរាល់សប្តាហ៍ ។
នៅថ្ងៃមួយខ្ញុំបានបើកប្រាក់ខែរបស់ខ្ញុំ ។ ខ្ញុំបានពរដោយបានទទួលប្រាក់រង្វាន់បន្ថែម ខ្ញុំបានសម្រេចចិត្តប្រើប្រាក់បន្ថែមនោះ ដើម្បីទិញគ្រឿងបរិក្ខារជួសជុលគ្រឿងប្រើប្រាស់នានានៅផ្ទះរបស់ខ្ញុំ ។ ប៉ុន្តែពេលខ្ញុំបានធ្វើដំណើរទៅផ្សារ នោះខ្ញុំបាននឹកឃើញបងស្រីរូបនេះ និងកូនៗរបស់គាត់ក្នុងចិត្តខ្ញុំ ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំគួរប្រើប្រាក់បន្ថែមនោះដើម្បីទិញអាហារឲ្យពួកគេ ។ ខ្ញុំបានទូរសព្ទប្រាប់ខាមិន ហើយបានប្រាប់គាត់ពីអារម្មណ៍ដែលខ្ញុំត្រូវធ្វើតាម ។ គាត់បានយល់ព្រម ។
ពេលខ្ញុំដើរទិញឥវ៉ាន់ ខ្ញុំបានសម្លឹងរកមើលនំមួយចំនួន ។ ខ្ញុំបានគិតថា ប្រហែលជាក្មេងៗចូលចិត្តបង្អែមខ្លះហើយ ។ ខ្ញុំបានទិញអាហារពីរស្បោងពេញ ហើយធ្វើដំណើរទៅផ្ទះរបស់បងស្រីនោះ ។
ខ្ញុំបានគោះទ្វារផ្ទះចាស់ដែលធ្វើពីឈើនោះបីបួនដង ។ ពេលខ្ញុំហៀបនឹងចេញទៅហើយនោះ ស្រាប់តែទ្វារបានបើកឡើង ។ បងស្រីនោះបាននិយាយថា « ប៊ីស្សព ខ្ញុំរំភើបចិត្តណាស់ដែលឃើញប៊ីស្សពមកទីនេះ » ។ ភ្លាមនោះ កូនៗរបស់គាត់បានរត់មកពីក្រោយគាត់ ។
ខ្ញុំបាននិយាយថា « ខ្ញុំបានទិញអាហារមួយចំនួនឲ្យបង » ។
កូនស្រីម្នាក់របស់គាត់បានឃើញនំ ហើយនាងបានលាន់មាត់ឡើងថា « នំ ! » ។ បងប្អូនប្រុសស្រីរបស់គាត់បានមកជួបជុំគ្នាបរិភោគនំនោះដោយក្តីរំភើប ។ កូនស្រីអាយុប្រាំពីរឆ្នាំម្នាក់បានឱបខ្ញុំ ។ គាត់បាននិយាយថា « សូមអរគុណប៊ីស្សព ! » ។
ខ្ញុំបានមើលទៅក្នុងផ្ទះពួកគេ ហើយខ្ញុំបានឃើញថា បងស្រីនេះបានបោកខោអាវនៅក្នុងចានដែកមួយនៅលើកម្រាលឥដ្ឋ ។ គ្រួសារនេះគ្មានតុ ហើយដេកលើពូកដែលនៅលើកម្រាលឥដ្ឋ ។ ខ្ញុំបានឃើញថា ពួកគេមានការខ្វះខាតខ្លាំងណាស់ ។ ខ្ញុំបានរៀបចំដើម្បីប្រាកដថា ពួកគេមានតុមួយ និងមានគ្រែដេកសម្រាប់ពួកគេម្នាក់ៗ ។
បទពិសោធន៍នេះបានជួយខ្ញុំឲ្យទទួលស្គាល់ថា ព្រះអម្ចាស់ដឹកនាំ និងប្រទានពរដល់ពួកអ្នកបម្រើរបស់ទ្រង់ ។ យើងពុំចាំបាច់ត្រូវមានការហៅបម្រើពិសេសមួយ ដើម្បីជួយបងប្អូនប្រុសស្រីយើងទេ ។ យើងគ្រាន់តែស្តាប់តាមព្រះវិញ្ញាណ ស្វែងរកមនុស្សដែលត្រូវការជំនួយយើង ហើយមានឆន្ទៈធ្វើជាឧបករណ៍ក្នុងព្រះហស្តរបស់ព្រះអម្ចាស់ប៉ុណ្ណោះ ។