ខ្ញុំមិនចង់ ខុសគេនោះទេ !
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
« ចូរចាំចុះថា តម្លៃនៃព្រលឹងទាំងឡាយគឺមហិមាណាស់ចំពោះព្រះនេត្រនៃព្រះ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៨:១០ ) ។
មីកាទន្ទឹងចាំដល់ម៉ោងរៀនរាំជានិច្ច ។ នាងចូលចិត្តស្តាប់តន្ត្រីណាស់ ។ នាងចូលចិត្តហាត់រាំលោតក្បាច់មេអំបៅរបស់នាង ហើយធ្វើវាឲ្យបានត្រូវ ។ ហើយនាងពិតជាចូលចិត្ត ពេលសិស្សក្នុងថ្នាក់ទាំងអស់រាំជាមួយគ្នា ។ ពេលពួកគេរាំជាមួយគ្នា វាទំនងថា អ្នករាំទាំងអស់គឺដូចគ្នា ។ នាងមានអារម្មណ៍ថា នាងមិនមែនជាមនុស្សម្នាក់គត់ដែលមានជំងឺវិបត្តិក្រូម៉ូសូមនោះទេ ។
ថ្ងៃនេះពួកគេបានរៀនក្បាច់រាំថ្មីមួយ ។ មីកាបានមើលគ្រូបង្ហាត់នាងលោតផ្លោះទៅលើអាកាស ។ នាងបានមើលក្មេងស្រីផ្សេងៗទៀតសាកល្បងលោត ។ អ្នកខ្លះអាចលោតបានត្រូវភ្លាម ។ អ្នកខ្លះទៀតព្យាយាមពីរបីដង ។ មីកាបានព្យាយាមហើយព្យាយាមទៀត ប៉ុន្តែនាងពុំអាចធ្វើវាត្រូវបានទេ ។
មីកានិយាយថា « តើអ្នកគ្រូនឹងជួយបង្រៀនខ្ញុំដែរឬទេ ? »
ក្មេងស្រីនៅក្បែរមីកាបានមើលមកនាង ។ បន្ទាប់មក នាងបានផ្អៀងខ្លួនទៅរកមិត្តនាង ។ នាងបាននិយាយខ្សឹបថា « ម៉េចបាននាងនិយាយដូច្នេះ ? » ក្មេងស្រីទាំងពីរបានងាកមើលមីកា ។
ពេលធ្វើដំណើរតាមផ្លូវតឡប់ទៅផ្ទះវិញ មីកានៅស្ងាត់ស្ងៀមតាមផ្លូវរហូតដល់ផ្ទះ ។
នៅពេលពួកគេទៅដល់ផ្ទះវិញ ម៉ាក់កំពុងច្របាច់ម្សៅនំបុ័ងនៅក្នុងផ្ទះបាយ ។ ម្សៅប្រឡាក់ថ្ពាល់គាត់ ។ ជួនកាលការប្រឡាក់នោះធ្វើឲ្យមីកាសើច ។ ប៉ុន្តែថ្ងៃនេះ នាងគ្រាន់តែទម្លាក់កាតាបរបស់នាងទៅកម្រាលឥដ្ឋ ហើយអង្គុយចុះលើកៅអីដែលនៅឯតុបាយ ។
ម៉ាក់បានសួរថា « តើការរៀនរាំរបស់កូនយ៉ាងម៉េចដែរ ? »
មីកាបាននិយាយថា « អត់ល្អទេ ។ ខ្ញុំបានសូមជំនួយ ហើយក្មេងស្រីម្នាក់បាននិយាយថា ខ្ញុំនិយាយកំប្លែង ។ បន្ទាប់មកនាងបានសម្លឹងមើលមុខខ្ញុំ » ។ មីកាបានឈ្ងោកមុខចុះ ។ « កូនមិនចង់ទៅរៀនរាំទៀតទេ » ។
ម៉ាក់បាននិយាយថា « អូ៎ មីកា ! ម៉ាក់ស្តាយណាស់ ។ ប៉ា និងម៉ាក់ចូលចិត្តមើលកូនរាំណាស់ ។ ម៉ាក់មានមោទនភាពដែលកូនខិតខំហាត់រាំយ៉ាងខ្លាំង ! »
មីកាមានអារម្មណ៍ចាប់ផ្តើមហូរទឹកភ្នែក ។ « កូនអត់ចង់មានជំងឺវិបត្តិក្រូម៉ូសូមក្នុងខ្លួនកូនទេ ។ កូនមិនចង់មានមុខខុសពីគេទេ ។ កូនប្រាថ្នាថា វាមិនពិបាកខ្លាំងសម្រាប់កូន ដើម្បីរៀនអ្វីថ្មីទេ ។ កូនត្រូវតែរៀនហាត់និយាយផងដែរ ! »
ប៉ាបានអង្គុយក្បែរមីកា ហើយដាក់ដៃគាត់លើស្មានាង ។ « មីកាអើយ ប៉ា និងម៉ាក់ស្រឡាញ់កូន ខ្លាំងណាស់ ។ យើងពុំផ្លាស់ប្តូរក្តីស្រឡាញ់នោះទេ » ។
ប៉ុន្តែមីកាគ្រាន់តែគ្រវីក្បាលនាង ហើយឈ្ងោកមុខក្នុងរង្វង់ដៃនាង ។ « កូនមិនចង់ខុសគេនោះទេ ។ កូនចង់ឲ្យជំងឺវិបត្តិក្រូម៉ូសូមនោះចេញឆ្ងាយពីកូនទៅ ! »
ម៉ាក់ និងប៉ាបានស្ងៀមមួយសន្ទុះ ។
ម៉ាក់បាននិយាយថា « ម៉ាក់មានយោបល់មួយ ។ មីកាបានងើបមុខចេញពីរង្វង់ដៃនាង ។ « ហេតុអ្វីកូនមិនអធិស្ឋាន ហើយទូលសួរព្រះវរបិតាសួគ៌ពីព្រះទ័យ ទ្រង់ ចំពោះកូនទៅ ? »
មីកាបានគិតអំពីរឿងនោះ ។ នាងចូលចិត្តអធិស្ឋាន ។ នាងបានងក់ក្បាលយល់ព្រមដោយយឺតៗ ។ « តើម៉ាក់អាចកត់សំណួរបានទេ ដើម្បីខ្ញុំអាចចាំសំណួរដែលខ្ញុំត្រូវសួរ ? »
ម៉ាក់បានកត់សំណួរនោះ ។ បន្ទាប់មក មីកាបានយកក្រដាសនោះ ហើយទៅបន្ទប់របស់នាងដើម្បីអធិស្ឋាន ។
ពេលនាងដើរចូលទៅក្នុងផ្ទះបាយរយៈពេលពីរបីនាទីក្រោយមក ទឹកមុខរបស់មីកាបានស្រស់ស្រាយ ហើយញញឹមឡើងវិញ ។ នាងបាននិយាយថា « ព្រះវរបិតាសួគ៌បានឆ្លើយតបហើយ ! »
ម៉ាក់បានសួរ « តើទ្រង់បានមានបន្ទូលដូចម្តេចខ្លះ ? »
នាងបានតបថា « ទ្រង់មានបន្ទូលថា ‹ មីកា យើងស្រឡាញ់អ្នក ទោះអ្នកជាមនុស្សបែបណាក៏ដោយ › ។ ហើយទ្រង់មានបន្ទូលដោយព្រះសូរសៀងខ្លាំងៗ ! »
នៅសប្តាហ៍បន្ទាប់នៅពេលរៀនរាំ មីកាពុំព្រួយបារម្ភពីអ្វីដែលក្មេងស្រីផ្សេងទៀតគិតអំពីជំងឺវិបត្តិក្រូម៉ូសូមរបស់នាងឡើយ ។ ផ្ទុយទៅវិញ នាងបានសម្គាល់ឃើញក្មេងស្រីម្នាក់ទៀតឈ្មោះសារ៉ាមានទឹកមុខស្រងូតស្រងាត់ ។ សារ៉ាកំពុងតែពិបាកចិត្តរៀនក្បាច់រាំថ្មីមួយចំនួនផងដែរ ។
ពេលមីកាបានទៅដល់ផ្ទះវិញ នាងបានសម្រេចចិត្តសរសេរសំបុត្រខ្លីមួយទៅសារ៉ា ។ នាងបានគូររូបបេះដូងជាច្រើន ។ ម៉ាក់បានជួយនាងប្រកបពាក្យសរសេរ ។
មីកាបានសរសេរថា « សួស្តីសារ៉ា ឯងជាមនុស្សពូកែរាំ ។ ខ្ញុំចង់ធ្វើជាមិត្តរបស់ឯង ។ ខ្ញុំសប្បាយចិត្តដែលឯងជាសិស្សក្នុងថ្នាក់រៀនរាំជាមួយខ្ញុំដែរ » ។
មីកាទន្ទឹងរង់ចាំឲ្យសំបុត្រខ្លីនោះទៅសារ៉ា ។ នាងចង់ឲ្យសារ៉ាមានអារម្មណ៍សប្បាយរីករាយ ហើយចូលចិត្តការរាំដែរ ។