ជិតបង្កើយពេលអធិស្ឋាន
ប្រូឌីខ្លាចមិនហ៊ានចូលគេងវិញ ។ តើនឹងមានអ្វីកើតឡើង បើសិនគាត់មានសុបិនអាក្រក់ទៀតនោះ ?
« ចូរអធិស្ឋាន នោះទ្រង់នឹងស្តាប់អ្នក » ( សៀវភៅចម្រៀងកុមារ ទំព័រ ១២ ) ។
ប្រូឌីក្រោកអង្គុយលើគ្រែយ៉ាងលឿន ។ បេះដូងគាត់លោតញាប់ខុសចង្វាក់ ។
ដំណក់ភ្លៀងបានធ្លាក់លើដំបូលផ្ទះ ពេលគាត់ក្រោកអង្គុយក្នុងបន្ទប់ងងឹតនោះ ។ គាត់អាចស្តាប់ឮសំឡេងដំណក់ទឹកភ្លៀងធ្លាក់លើដើមល្វានៅខាងក្រៅបង្អួចគាត់ ហើយមានខ្យល់ក្តៅស្អុះស្អាប់ ។ ប្រូឌីបានដកដង្ហើមធំ ហើយព្យាយាមសម្រាកវិញ ។ វាគ្រាន់តែជាសុបិនប៉ុណ្ណោះ ។
គាត់បានងើបចេញពីគ្រែ ហើយបានចូលទៅក្នុងបន្ទប់របស់ឪពុកម្តាយគាត់ ។ ម៉ាក់ និងប៉ាកំពុងសម្រាន្តយ៉ាងស្កប់ស្កល់ ។ សេលៀយ៉ាប្អូនស្រីរបស់គាត់ចំកោងខ្លួននាងនៅលើគ្រែគេងផងដែរ ។ អ្វីគ្រប់យ៉ាងដំណើរការល្អ ។ គ្រួសារគាត់មានសុវត្ថិភាព ។
ប្រូឌីបានឡើងលើគ្រែវិញ ហើយព្យាយាមចូលគេងវិញ ។ គាត់ប្រែខ្លួនចុះឡើង ហើយគាត់រសាប់រសល់កាន់តែខ្លាំងឡើង ។ គាត់បានដឹងថា សុបិនគាត់មិនពិតទេ ប៉ុន្តែវាគួរឲ្យភ័យខ្លាចណាស់ ! ទោះបីជាគាត់មានការនឿយហត់ក្តី គាត់ខ្លាចនឹងការដេកលក់ម្តងទៀត ។ តើនឹងមានអ្វីកើតឡើង បើសិនគាត់មានសុបិនអាក្រក់ទៀតនោះ ?
ប្រូឌីបានតម្រេតខ្នងគាត់ ហើយសម្លឹងមើលពិដាន ។ គាត់បានខំគិតពីគំនិតរីករាយ ។ « ព្រះវរបិតាសួគ៌ ទ្រង់គង់ទីនោះឬ ? តើទ្រង់ឮហើយឆ្លើយការអធិស្ឋានកូនឬទេ ? ភាពកក់ក្តៅបានគ្រប់ដណ្តប់លើប្រូឌី ពេលគាត់បានគិតពីទំនុកបទនៃចម្រៀងកុមារដែលគាត់ពេញចិត្ត ។ អ្នកគ្រូគីអូស្កាបានបង្រៀនពួកគេថា ព្រះវរបិតាសួគ៌កំពុងមើលថែពួកគេជានិច្ច ។ ពួកគេអាចអធិស្ឋានទៅកាន់ទ្រង់គ្រប់ពេល គ្រប់ទីកន្លែង ។
ប្រូឌីបានដឹងពីអ្វីដែលត្រូវធ្វើ ។ គាត់បានងើបចេញពីគ្រែ ហើយបានលុតជង្គង់អធិស្ឋាន ។
គាត់បានអធិស្ឋានថា « ឱព្រះវរបិតាសួគ៌អើយ ទូលបង្គំខ្លាចណាស់ ។ សូមជួយរក្សាគ្រួសារទូលបង្គំឲ្យមានសុវត្ថិភាពផង ។ ហើយសូមជួយទូលបង្គំឲ្យចូលដេកវិញ ហើយកុំឲ្យមានសុបិនអាក្រក់ទៀត » ។
ប្រូឌីបានបញ្ចប់ការអធិស្ឋានគាត់ ហើយឡើងទៅលើគ្រែគាត់វិញ ។ គាត់បានសម្រាក ហើយចិត្តគាត់ក៏មានភាពសុខសាន្ត ។ មិនយូរប៉ុន្មានក្រោយមក គាត់បានគេងលក់ស្កប់ស្កល់ ។
ពេលព្រឹកឡើង ប្រូឌីបានភ្ញាក់ឡើងពេលពន្លឺព្រះអាទិត្យចាំងតាមបង្អួច ។ គាត់អាចស្តាប់ឮសំឡេងឆ្នាំងខ្ទរក្នុងផ្ទះបាយ ហើយបានក្រោកទៅរកម៉ាក់ ។ សេលៀយ៉ាកំពុងអង្គុយនៅឯតុបាយ ញ៉ាំដំឡូងឈើស្ងោរដែលនៅសល់ ។ ម៉ាក់កំពុងកម្តៅដំឡូងឈើស្ងោរខ្លះឲ្យប្រូឌីញ៉ាំផងដែរ ។
ម៉ាក់បាននិយាយថា « Bonjour ។ តើកូនគេងលក់ស្រួលទេ ? »
ប្រូឌីតបថា « ខ្ញុំបានសុបិនអាក្រក់ណាស់ ។ ប៉ុន្តែកូនបានអធិស្ឋាន ។ ព្រះវរបិតាសួគ៌បានជួយកូនឲ្យមានអារម្មណ៍សុវត្ថិភាព » ។
ម៉ាក់បាននិយាយថា « ម៉ាក់ស្តាយណាស់ដែលកូនសុបិនអាក្រក់ » ។ គាត់បានឱបប្រូឌីយ៉ាងណែន ហើយពុំលែងសោះអស់ពេលយ៉ាងយូរ ។ « ប៉ុន្តែម៉ាក់សប្បាយចិត្តណាស់ដែលកូនបានអធិស្ឋាន ។ ឃើញថា ព្រះវរបិតាសួគ៌ពិតជាបានជួយកូនមែន » ។
ប្រូឌីនិយាយថា « ទ្រង់បានជួយកូនមែន ។ កូនអាចគេងលក់ស្កប់ស្កល់ម្តងទៀត ហើយពុំសុបិនអាក្រក់ទៀតទេ » ។ ប្រូឌីបានឱបម៉ាក់យ៉ាងណែន ។ គាត់បានរីករាយដែលបានដឹងថា ទោះគាត់មានអារម្មណ៍ភ័យខ្លាចប៉ុណ្ណាក៏ដោយ ព្រះវរបិតាសួគ៌នឹងគង់នៅក្បែរ ប្រសិនបើគាត់អធិស្ឋាន ។