២០១៩
ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ៖ មួយ​សតវត្សរ៍​នៃ​ការប្រមូល​ផ្តុំ
ខែ តុលា ឆ្នាំ ២០១៩


ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ៖ មួយ​សតវត្សរ៍​នៃ​ការប្រមូល​ផ្តុំ

ដោយ​បាន​ឧទ្ទិស​ឆ្លង​កាល​ពី ១០០ ឆ្នាំ​មុន នោះ​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ បាន​អនុញ្ញាត​ឲ្យ​ពួកបរិសុទ្ធ​ជួបជុំ​គ្នា​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ពេល​ដំណឹងល្អ​បាន​ចាប់ផ្តើម​ផ្សាយ​នៅទូទាំង​ពិភពលោក ។

Laie Hawaii Temple rendering

ស្ថាបត្យកម្ម​ផ្តល់​ដោយ​ស្ថាបត្យករ ហៃរ៉ុម ប៉ូប និង ហាវើត ដបុលយូរ បើរតុន ។

បេសកកម្ម​មួយ​ដ៏អស្ចារ្យ​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ផ្តល់​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដល់​មនុស្ស​នៅ​លើ​ពិភពលោក ទាំង​អ្នក​នៅ​រស់ និង​មរណជន ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « គោលបំណង​នៃ​ការប្រមូល​ផ្តុំ … រាស្ត្រ​របស់​ព្រះ​នៅ​ជំនាន់​ណាមួយនៃ​ពិភពលោក​នេះ … គឺ​ដើម្បី​សាងសង់​ដំណាក់​ថ្វាយ​ព្រះអម្ចាស់​ជា​កន្លែង​ដែល​ទ្រង់​អាច​បើក​សម្តែង​ដល់​រាស្ត្រ​ទ្រង់​នូវ​ពិធីបរិសុទ្ធ​នៃ​ដំណាក់​របស់​ទ្រង់ »

នៅ​ដើម​សតវត្សរ៍​ទី ២០ មាន​ព្រះវិហារ​បរិសុទ្ធ​តែ​បួន​ប៉ុណ្ណោះ​ដែល​មាន​នៅ​លើ​ផែនដី​នេះ ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​មាន​ទីតាំង​នៅ​រដ្ឋ​យូថាហ៍ ។ ហេតុដូច្នេះ​ហើយ ការប្រមូល​ផ្តុំ​ដោយ​ផ្ទាល់​ទៅ​រដ្ឋ​យូថាហ៍​គឺ​ជា​មធ្យោបាយ​សំខាន់​ក្នុងការ​ទទួល​បាន​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ក្នុង​ឆ្នាំ ១៩១៩ ការប្រមូល​ផ្តុំ​បាន​ផ្លាស់ប្តូរ ។ នៅ​ថ្ងៃ​ទី ២៧ ខែ វិច្ឆិកា ឆ្នាំ ១៩១៩ ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ១៨៥៦–១៩៤៥ ) បាន​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ។ ការណ៍​នេះ​គូស​បញ្ជាក់​ពី​ពេលវេលា​ផ្លាស់ប្តូរ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ការស្តារ​ឡើង​វិញ ពេល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​បាន​មាន​ដល់​ប្រជាជាតិ​ជា​ច្រើន ។

ដោយ​ការគោរព ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ គឺ​ជា​ព្រះវិហារ​បរិសុទ្ធ​អន្តរជាតិ​ដំបូង​គេ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​បាន​បម្រើ​សមាជិក​ចាប់​ពី​រដ្ឋ​ហាវ៉ៃ, នូវវែលសេឡង់, សាម័រ, តុងហ្គា, តាហៃទី, ជប៉ុន និង អូស្ត្រាលី ។ ពេល​សាសនាចក្រ​បាន​បន្ត​រីកចម្រើន​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក និង​អាស៊ី នោះ​ចំនួន​ប្រទេស​ដែល​បាន​ទទួល​ពី​ព្រះវិហារ​បរិសុទ្ធ​នេះ​បាន​បន្ត​រីកចម្រើន ។

ឆ្នាំ​នេះ​ជា​ខួប​លើក​ទី ១០០ នៃ​ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ក្នុង​ការ​ប្រមូល​ផ្ដុំ​សាសន៍​អ៊ីស្រាអែល​នៅ​ផ្នែក​សងខាង​នៃ​វាំង​នន ។

ការប្រមូល​ផ្តុំ​មក​ពី​សាម័រ

កោះ​សាម័រ​មាន​ចម្ងាយ​ប្រហែល ៤០២៣ គីឡូ​ម៉ែត្រ​ពី​រដ្ឋ​ហាវ៉ៃ ។ នៅ​ឆ្នាំ ១៩១៩ ចន ឃ្យូ អដ័ម ប្រធាន​បេសកកម្ម​នៅ​សាម័រ​បាន​មាន​ប្រសាសន៍​ថា « ពេល​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីក្រុង​ឡាអ៊ីអេ​បាន​សាងសង់​រួច ប្រជាជន​របស់​យើង​ហាក់ដូច​ជា​មាន​បំណង​ប្រាថ្នា​ភ្លាម​យ៉ាង​ខ្លាំង ដើម្បី​ប្រមូល​ផ្តុំ​គ្នា​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ឧទាហរណ៍ អូលេលីអូ អាណេ បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​ពុំ​ទទួល​បាន​ប្រាក់​កម្រៃ​អស់​រយៈពេល ២០ ឆ្នាំ ។ ដោយសារ​ការលះបង់​បម្រើ​ជាច្រើន​ឆ្នាំ​នោះ នោះ​គាត់​គ្មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​រដ្ឋ​ហាវ៉ៃ​ទេ ។ ដូច្នេះ​បងប្រុស​អាណេ​បាន​លក់​អ្វីៗ​ទាំងអស់​ដែល​គាត់​មាន ហើយ​បាន​ចាត់ចែង​ប្រមូល​ប្រាក់​ទាំងអស់​បាន ៦០០ ឬ ៧០០ ដុល្លារ​អាមេរិក ។ បងប្រុស​អាណេ និង​ប្រជាជន​សាម័រ​ដទៃ​ផ្សេង​ទៀត​បាន​លះបង់​អ្វីៗ​ទាំងអស់​ដែល​ពួកគេ​អាច​ធ្វើ​បាន ដើម្បី​ប្តូរ​លំនៅ​ទៅ​ទីក្រុង​ឡាអ៊ីអេ​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩២០ ។

គ្រួសារ​មួយ​ឈ្មោះ​លេអូ​តា បាន​ទៅ​ដល់​រដ្ឋ​ហាវ៉ៃ​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ ១៩២៣ ។ វ៉េលីន លេអូ​តា អាយុ​ប្រាំពីរ​ឆ្នាំ​បាន​ចាំ​ថា « ការ [ ទស្សនា ] ព្រះវិហារ​បរិសុទ្ធ​លើក​ដំបូង​របស់​យើង … គឺ​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​បំផុត » ។ ពីរ​សប្តាហ៍​ក្រោយ​មក ឪពុក​ម្តាយ​របស់​វ៉េលីន​គឺ អេវ៉ាអូ និង​ម៉ាតាឡា បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ ហើយ​បាន​ផ្សារភ្ជាប់​ជា​គូស្វាមី​ភរិយា និង​កូនៗ​របស់​ពួកគេ​ក៏​បាន​ផ្សារ​ភ្ជាប់​នឹង​ពួកគេ​ផងដែរ ។ គ្រួសារ​លេអូតា​បាន​បម្រើ​យ៉ាង​ស្មោះត្រង់​នៅក្នុង​ដំណាក់​របស់​ព្រះអម្ចាស់​អស់​រយៈពេល ៥០ ឆ្នាំ ហើយ​ត្រូវបាន​បញ្ចុះ « នៅក្បែរ​ព្រះវិហារ​បរិសុទ្ធ​ដែល​ពួកគេ​ស្រឡាញ់​យ៉ាង​ខ្លាំង » ។ ថ្ងៃ​នេះ ពូជពង្ស​ដ៏​ស្មោះត្រង់​របស់​ពួកគេ​រាប់រយ​នាក់​រស់នៅ​ទូទាំង​រដ្ឋ​ហាវ៉ៃ ។

កិច្ចការ​ដែល​ពុំ​អាច​ធ្វើ​បាន

ខណៈ​សមាជិក​ជា​ច្រើន​នៅ​តំបន់​ប៉ាស៊ីហ្វិក​បាន​ចេញ​ពី​ស្រុក​កំណើត​ពួកគេ ហើយ​ធ្វើ​អន្តោប្រវេសន៍​ទៅ​រដ្ឋ​ហាវ៉ៃ នោះ​មាន​វួដ និង​សាខា​ជាច្រើន​ពី​ប្រទេស​ជា​ច្រើន​បាន​រៀបចំ​ការធ្វើ​ដំណើរ​ជា​ក្រុមៗ ដែល​ហៅ​ថា​ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ទម្រង់​នៃ​ការប្រមូល​ផ្តុំ​ខាង​វិញ្ញាណ​នេះ​បាន​ផ្តល់​មធ្យោបាយ​មួយ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​ទទួល​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ ដើម្បី​ស្ថាបនា​សាសនាចក្រ​នៅក្នុង​ប្រទេស​របស់​ពួកគេ​ផ្ទាល់ ។

នៅ​ឯ​ការឧទ្ទិស​ឆ្លង ប្រធាន​ក្រាន្ត​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​ព្រះអម្ចាស់​បើក​ផ្លូវ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ប្រទេស​នូវវែលសេឡង់ និង​ពួក​អ្នក​នៅ​កោះ​ប៉ាស៊ីហ្វិក​ទាំងអស់ ហើយ​ក៏​ទូល​សូម​ឲ្យ​ការពារ​ដល់​ពង្សាវល្លី​របស់​ពួកគេ ដើម្បី​ពួកគេ​អាច​មក​ព្រះវិហារ​បរិសុទ្ធ ហើយ​ក្លាយ​ជា​អ្នក​សង្គ្រោះ​ជីដូនជីតា​របស់​ពួកគេ ។

ការធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន​ចាប់ផ្តើម​ជាមួយ​នឹង​ក្រុម​ពួក​បរិសុទ្ធ​ម៉ៅរី នៅ​ប្រទេស​នូវវែលសេឡង់​បន្ទាប់​ពី​ការឧទ្ទិស​ឆ្លង​បាន​តែ​ប្រាំមួយ​ខែ​ប៉ុណ្ណោះ ។ ទោះបី​វា​មាន​ទីតាំង​ចម្ងាយ ៨០៤៥ គីឡូម៉ែត្រ​ពី​រដ្ឋ​ហាវ៉ៃ​ក្តី ពួកបរិសុទ្ធ​ទាំង​នេះ​បាន​រីករាយ​នឹង​ដំណឹង​អំពី​ការឧទ្ទិស​ឆ្លង​នោះ ។

វ៉េម៉េត និង ហេនី អាណារុ ចង់​ចូលរួម​នៅ​ក្រុម​ដំបូង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ​កិច្ចការ​នេះ​ហាក់ដូច​ជា​ពុំ​អាច​ធ្វើ​ទៅ​បាន​ទេ ដោយសារ​តែ​សភាព​ក្រីក្រ​របស់​គ្រួសារ​នេះ ហើយ​តម្រូវ​ឲ្យ​មាន​ប្រាក់ ១២០០ ផោន នូវវែលសេឡង់ ដើម្បី​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ​នេះ—គឺ​ជា​ទឹក​ប្រាក់​ច្រើន​អនេក ។ ពួកគេ​ត្រូវការ​អព្ភូតហេតុ​មួយ ។

អស់​ពេល​ជា​ច្រើន​ឆ្នាំ គ្រួសារ​អាណារុ​បាន​ធ្វើ​តាម​ការទូន្មាន​របស់​ព្យាការី ហើយ​បាន​ប្រមូល​កំណត់ត្រា​ពង្សាវល្លី​របស់​ពួកគេ ។ កំណត់ត្រា​ទាំង​នោះ​មាន​ច្រើន​ខណៈ​ដែល​គ្រួសារ​អាណារុ​ទន្ទឹង​រង់ចាំ​អព្ភូតហេតុ​មួយ​កើត​ឡើង ។ កូន​ប្រុស​របស់​ពួកគេ វីវីនី បាន​ដឹង​ពី​សេចក្តីជំនឿ​របស់​ឪពុក​ម្តាយ​គាត់ ៖ « ម្តាយ​ខ្ញុំ​ពុំ​ធ្លាប់​អស់​សង្ឃឹម​ថា គាត់​នឹង [ ពុំ ] អាច​លុត​ជង្គង់​ជាមួយ​ឪពុក​ខ្ញុំ​នៅ​អាសនា​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ខាង​មុខ​ទេ » ។

អព្ភូតហេតុ​មួយ​បាន​កើត​ឡើង ។ វ៉េម៉េត​បាន​ឈ្នះ​ការចុះ​កុងត្រា​មួយ​ពី​រដ្ឋាភិបាល​នូវវែលសេឡង់​សម្រាប់​គម្រោង​អភិវឌ្ឍ​ដីធ្លី​ដ៏​ធំ​មួយ ។ ប្រាក់​ចំណូល​របស់​គាត់​បាន​មក​ពី​គម្រោង​នេះ​បាន​ផ្តល់​សាច់​ប្រាក់​គ្រប់​គ្រាន់​ល្មម​ដើម្បី​បង់​ថ្លៃ​ធ្វើ​ដំណើរ​នោះ​ជាមុន​ទៅ​រដ្ឋ​ហាវ៉ៃ ។ វ៉េម៉េត និង ហេនី បាន​យក​ឈ្នះ​លើ​ក្តីភ័យ​ខ្លាច​ក្នុងការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​មហាសមុទ្រ និង​ការធ្វើដំណើរ​ទៅ​រដ្ឋ​ហាវ៉ៃ​ជាមួយ​នឹង​ពួក​បរិសុទ្ធ​មួយ​ក្រុម​ដែល​មាន​គ្នា ១៤ នាក់​នៅ​ខែ​ឧសភា​ឆ្នាំ ១៩២០ ។ ពួកគេ​បាន​ទទួល​អំណោយ​ទាន​ពិសិដ្ឋ​របស់​ពួកគេ ហើយ​បាន​ផ្សារភ្ជាប់ ។ រឿង​ដែល​ពុំ​អាច​ធ្វើ​បាន​នោះ បាន​កើត​ឡើង​មែន ។

រឿង​របស់​អាណារុ​គឺ​គ្រាន់តែ​ជា​រឿង​មួយ​ក្នុង​ចំណោម​រឿង​រាប់រយ​ពាន់​អំពី​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ដើម្បី​ទទួល​ពិធីបរិសុទ្ធ ហើយ​ទទួល​បាន​ការសន្យា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​នៅក្នុង​ដំណាក់​របស់​ទ្រ​ង់ប៉ុណ្ណោះ ។ វា​តម្រូវ​ឲ្យ​មាន​ការលះបង់​ដ៏​ធំ ប៉ុន្តែ​វា​បាន​បង្កើត​ឲ្យ​មាន​ពួកបរិសុទ្ធ​រឹងមាំ​ដែល​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួកគេ​វិញ​ដើម្បី​ដឹកនាំ​សាសនាចក្រ ។

អគារ​ឡាអ៊ីអេ

កិច្ចខិតខំ​របស់​សាសនាចក្រ​ដើម្បី​បង្កើត​ឡាអ៊ីអេ​ដែល​កំពុង​មាន បាន​បន្ត​ផ្តល់​ពរ​ដល់​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ទូទាំង​តំបន់​ប៉ាស៊ីហ្វិក ។ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៥០ និង ១៩៦០ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនាមក​ពី​ហាវ៉ៃ, តុងហ្គា, សាម័រ, នូវវែលសេឡង់, តាហៃទី, កោះ​ឃុក, ហ្វីជី និង​អាមេរិក​ខាង​ជើង ត្រូវបាន​ហៅ​ឲ្យ​ផ្តល់​នូវ​ទេពកោសល្យ​នៃ​វប្បធម៌ និង​ជំនាញ​នៃ​ការសាងសង់​របស់​ពួកគេ ដើម្បី​ជួយ​សាងសង់​មហាវិទ្យាល័យ​សាសនាចក្រ​នៃ​រដ្ឋ​ហាវ៉ៃ ( ​ដែល​ឥឡូវ​នេះ​គឺជា សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–ហាវ៉ៃ ), មជ្ឈមណ្ឌល​វប្បធម៌​ប៉ូលីនីសៀន និង​មជ្ឈមណ្ឌល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​សម្រាប់​អ្នក​ទស្សនា ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​សែបសិប​ប្រាំពីរ​នាក់​មក​ពី​ប្រទេស​តុងហ្គា និង​សាម័រ បាន​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ​នៅ​ថ្ងៃ​ទី ៣ ខែ ឧសភា ឆ្នាំ ១៩៦០—គឺ​ជា​ឧទាហរណ៍​មួយ​នៃ​ពរជ័យ​ខាង​វិញ្ញាណ​ដែល​មាន​ជាមួយ​នឹង​កិច្ចការ​ខាង​សាច់​ឈាម​របស់​ពួកគេ ( សូមមើល​អគារ​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​រដ្ឋ​ហាវ៉ៃ ១៩៦០–១៩៦៣, បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ទីក្រុង សលត៍ លេក ទំព័រ ១០០ ) ។

អ្នក​ផ្សព្វផ្សាយសាសនា​ម្នាក់​ឈ្មោះ ម៉ាតេ តេអូ បាន​រង​ការរលាក​ធ្ងន់ធ្ងរ​ពីមុន​ចាកចេញ​ពី​សាម័រ ប៉ុន្តែ​គាត់​បាន​ទៅ​រដ្ឋ​ហាវ៉ៃ​ផងដែរ ។ វេជ្ជបណ្ឌិត​បាន​ខ្លាច​ថា ដៃ​រលាក​របស់​គាត់​អាច​នឹង​ត្រូវ​កាត់​ចោល ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ជា​ច្រើន​របស់​គាត់​បាន​អធិស្ឋាន​សម្រាប់​គាត់ ។ ខណៈ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ បងប្រុស​តេអូ បាន​អំពាវនាវ​ទៅ​កាន់​ព្រះអម្ចាស់ « សូម​ជួយ​ព្យាបាល​ដៃ​នេះ​ផង ។ សូម​ព្យាបាល​ដៃ​នេះ​ឲ្យ​ជា ដើម្បី​ខ្ញុំ​អាច​ជួយ​ធ្វើ​កិច្ចការ​តូចតាច​ណា​ក៏​ដោយ​ដែល​ខ្ញុំ​អាច​ជួយ​បាន » ។ គាត់​បានចាប់ផ្តើម​ជា​សះស្បើយ​ភ្លាម ។ សព្វ​ថ្ងៃ​នេះ​ដៃ​របស់​គាត់​គ្មាន​ស្លាក​ស្នាម​រលាក​ទេ ។ ឥឡូវ​គាត់​បម្រើ​ជា​អ្នក​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ហើយ​គាត់​និយាយ​ថា « ព្រះវិហារ​បរិសុទ្ធ​នេះ … មាន​ឥទ្ធិពល​ដ៏​ខ្លាំង​ក្លា​មិន​មែន​តែ​ទូទាំង​សហគមន៍​ទាំង​នេះ​ទេ ប៉ុន្តែ​ទូទាំង​ប៉ាស៊ីហ្វិក​ផងដែរ » ( នៅក្នុង Christensen Stories of the Temple in Lāʻie, Hawaiʻi ទំព័រ ៣២៨–៣៣០ ) ។

ការប្រមូល​ផ្តុំ​ខាង​វិញ្ញាណ​មក​ពី​ទ្វីប​អាស៊ី

បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​ពីរ និង​ការស្ថាបនា​សាសនាចក្រ​ឡើង​វិញ​នៅ​ប្រទេស​ជប៉ុន នោះ​ពួក​បរិសុទ្ធ​នៅ​ទីនោះ​បាន​រៀបចំ​ការ​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ជាលើក​ដំបូង​ពី​ទ្វីប​អាស៊ី ។ នៅ​ឆ្នាំ ១៩៦៥ យន្តហោះ​មួយ​ដែល​ដឹក​ពួក​បរិសុទ្ធ​ដ៏​មាន​ការ​លះបង់​ចំនួន ១៦៥ នាក់​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​តូក្យូ ទៅ​រដ្ឋ​ហាវ៉ៃ​ដើម្បី​ទទួល​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ការធ្វើ​ដំណើរ​នេះ​បាន​បង្កើត​ឲ្យ​មាន​កម្លាំង​ដ៏​ខ្លាំងក្លា​សម្រាប់​សាសនាចក្រ​នៅ​ប្រទេស​ជប៉ុន ។ កៅសិប​ប្រាំ​ភាគរយ​នៃ​សមាជិក​ទាំង​នេះ​បាន​បន្ត​សកម្ម​នៅ​ក្នុង​សាសនា​ចក្រ ។ ក្រោយ​មក​មាន​ប្រាំ​នាក់​បាន​ក្លាយ​ជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​ស្រុក​កំណើត​របស់​ពួកគេ រួមមាន​អែលឌើរ យ៉ូស្ស៊ីហ៊ីកូ គីគូឈី ដែល​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ដំបូង​គេ​មក​ពី​ប្រទេស​ជប៉ុន ។

នៅ​ឆ្នាំ ១៩៧០ សមាជិក​កូរ៉េ​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ទៅ​ឡាអ៊ីអេ ។ ឆយ វ៉ុក វ៉ាន ជា​ប្រធាន​សាខា​បាន​និយាយ​ថា « យើង​បាន​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​វា​បាន​បើក​ចិត្ត​យើង និង​ដាស់​ស្មារតី​ដល់​យើង​ពី​របៀប​ដែល​យើង​អាច​ទទួល​បាន​សេចក្តីសង្គ្រោះ ។ ផែនការ​អស់កល្ប​ជានិច្ច​បាន​ក្លាយ​ជា​ការពិត ទីបន្ទាល់​របស់​យើង​ត្រូវបាន​ពង្រឹង​យ៉ាង​ខ្លាំង ហើយ​វា​ពិបាក​ពន្យល់​ណាស់ ។ ឱ​វា​ជា​ពរជ័យ​អស្ចារ្យ​ណាស់​សម្រាប់​ប្រជាជន​កូរ៉េ ដើម្បី​មាន​ឱកាស​ចូលរួម​ព្រះវិហារ​បរិសុទ្ធ » ។

Laie Hawaii Temple at night

រូបថត​នៃ​រូប​ចម្លាក់​លើ​ជ្រុង​នៃ​ព្រះវិហារ​បរិសុទ្ធ ហាវ៉ៃ ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ រូបថត​ថត​ពេល​ល្ងាច​នៃ​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ដោយ ខាលឡា ចនសុន

ការប្រមូល​ផ្តុំ​មរណជន​ដែល​ជា​សាច់​ញាតិ​យើង

ពេល​ពិធិបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​មាន​ដល់​ប្រទេស​មួយ នោះ​ពួកគេ​បាន​នាំ​ពរជ័យ​របស់​ព្រះអម្ចាស់​ពុំ​គ្រាន់តែ​ដល់​អ្នក​ដែល​នៅ​រស់​ក្នុង​ប្រទេស​នោះ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​នាំ​ពរជ័យ​ដល់​អ្នក​ដែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំង​នន​ផងដែរ ។ សមាជិក​នៅ​ក្នុង​ប្រទេស​នៅ​អាស៊ី​បាន​ទទួល​អារម្មណ៍​នៃ​ពរជ័យ​នេះ ជា​កន្លែង​ដែល​វប្បធម៌​របស់​ពួកគេ​បាន​កត់ត្រា​ពង្សាវល្លី​របស់​ពួកគេយ៉ាង​ផ្ចិតផ្ចង់​អស់​រយៈពេលជាច្រើន​សតវត្សរ៍ ។

ឪពុក​ម្តាយ​របស់ វ៉ៃ ស្សូន ឡាំង បាន​ធ្វើ​អន្តោប្រវេសន៍​ពី​ប្រទេស​ចិន​ទៅ​រដ្ឋ​ហាវ៉ៃ ។ គាត់​បាន​កើត​នៅ​ស្រុក​កៅអ៊ី នៅ​ឆ្នាំ ១៨៩៤ ហើយ​បាន​ជ្រមុជទឹក​នៅ​ឆ្នាំ ១៩៤៤ នៅ​គម្រប់​ខួប​អាយុ ៥០ ឆ្នាំ​របស់​គាត់ ។ បងប្រុស​ឡាំង​បាន​បង្រៀន​ពង្ស​ប្រវត្តិ​នៅ​ព្រះវិហារ ហើយ​បាន​ប្រាប់​សិស្ស​ក្នុង​ថ្នាក់​គាត់​ថា « ខ្ញុំ​បាន​ឃើញ​ការនិមិត្ត​នៅ​យប់​មួយ ខ្ញុំ​បាន​ឃើញ​សាច់​ញាតិជាច្រើន​របស់​ខ្ញុំ​ដែល​បាន​ស្លាប់​ទៅ​នោះ​បក់ដៃ​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ​កិច្ចការ​សម្រាប់​ពួកគាត់ » ។ បី​ថ្ងៃ​ក្រោយ​មក​គាត់​បាន​ទទួល​ពង្សាវល្លី​របស់​គាត់​ពី​ម្តាយ​មីង​គាត់​នៅ​ប្រទេស​ចិន ៖ ចំនួន ២២ ទំព័រ​ដែល​មាន​សរសេរ​ជា​ភាសា​ចិន​បាន​បង្ហាញ​នូវ​ជីដូន​ជីតា​គាត់​រហូត​ទៅ​ដល់​ឆ្នាំ ១២២១ មុន​គ្រិស្តសករាជ ។ ជាមួយ​នឹង​ហ្គ្លិន​កូន​ប្រុស​គាត់ និង​កូន​ប្រសារ​ស្រី​គាត់​ឈ្មោះ​ជូលីណា នោះ​ពួកគាត់​បាន​បញ្ចប់​ពិធី​បរិសុទ្ធ​រាប់ពាន់​ពិធី​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​គ្រួសារ​ពួកគេ ។ ក្រោយ​មក ហ្គ្លិន និង​ជូលីណា ឡាំង បាន​បម្រើ​យ៉ាង​ស្មោះត្រង់​ជា​ប្រធាន និង​ប្រពន្ធ​ប្រធាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ព្រះវិហារ​បរិសុទ្ធ​ឡាអ៊ីអេ​ពី​ឆ្នាំ ២០០១ ដល់ ២០០៤ ។

រមូរ​ក្រដាស​ដែល​ពុំ​បាន​ឆេះ

មីឈី អ៊ីហ្គោឈី បាន​មក​ពី​ប្រទេស​ជប៉ុន​ទៅ​រដ្ឋ​ហាវ៉ៃ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ១៩០០ ហើយ​បាន​នាំ​យក​រមូរ​ក្រដាស​សូត្រ​ជា​ភាសា​ជប៉ុន​ទៅ​ជាមួយ​នាង ។ ចៅ​ស្រី​របស់​គាត់​ឈ្មោះ​កាណានី ខាស៊ី បាន​បម្រើ​បេសកកម្ម​នៅ​ប្រទេស​ជប៉ុន ហើយ​ក្រោយ​មក​បាន​ដឹង​ថា រមូរ​ក្រដាស​របស់​យាយ​នាង​បាន​កត់ត្រា​ពី​ជីដូនជីតា​របស់​គ្រួសារ​នាង​រហូត​ដល់​ទៅ​ជិត​មួយ​ពាន់​ឆ្នាំ​មុន ។

នៅ​ឆ្នាំ ២០១៣ ផ្ទះ​របស់​កាណានី​ត្រូវ​បាន​ឆេះ​ហ្មត់​ទៅ​ជា​ផេះ ។ នាង និង​គ្រួសារ​នាង​បាត់បង់​អ្វីៗ​ស្ទើរតែគ្រប់​យ៉ាង​ដោយសារ​ភ្លើង ។ ពួកគេ​បាន​រក្សា​ពង្សាវល្លី​របស់​ពួកគេ​នៅក្នុង​បំពង់​ផ្លាស្ទិច​នៅ​ក្រោម​គ្រែ​របស់​ពួកគេ ។ បន្ទាប់​ពី​ភ្លើង​ឆេះ​រួច ពួកគេ​បាន​ត្រឡប់​ទៅ​ផ្ទះ​ពួកគេ​វិញ ដោយ​បាន​ឃើញ​តែ​គំនរ​ផេះ និង​អម្រែង​ភ្លើង​ប៉ុណ្ណោះ ។

កាណានី​បាន​និយាយ​ថា « អ្វី​មួយ​ដែល​ខ្ញុំ​ពិត​ជា​សង្ឃឹម​ថា រកឃើញ​នោះ​គឺ​ច្បាប់​ចម្លង​រមូរ​ក្រដាស​ជាមួយ​ការបកប្រែ និង​ប្រវត្តិ​របស់​វា ។ ខ្ញុំ​បាន​ទទួល​ការបញ្ជាក់​ថា កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​ទាំងអស់​បាន​ធ្វើ​ចប់​សព្វ​គ្រប់​ហើយ​សម្រាប់​ជីដូនជីតា​ជប៉ុន​របស់​ខ្ញុំ ប៉ុន្តែ​ច្បាប់​ចម្លង​រមូរ​ក្រដាស​នោះ​មាន​តម្លៃ​ណាស់​សម្រាប់​ខ្ញុំ » ។

ពេល​កាណានី និង​ស្វាមី​របស់​គាត់​ប៊ីលី កាយ​មើល​ក្នុង​ផេះ​នោះ ពួកគេ​បាន​រកឃើញ​កាបូប​ផ្លាស្ទិច​ពណ៌​ខៀវ​មួយ ។ នៅក្នុង​កាបូប​នោះ ពួកគេ​រកឃើញ​ច្បាប់​ចម្លង​រមូរ​ក្រដាស​ជាមួយ​នឹង​ការបកប្រែ និង​សៀវភៅ​ពង្សប្រវត្តិ​នៅ​គង់វង្ស​ល្អ​ទាំងស្រុង ។ រមូរ​ក្រដាស​នោះ​គ្រាន់តែ​ឆេះ​គែមៗ​វា​ប៉ុណ្ណោះ ហើយ​នោះ​ជា​វត្ថុ​តែ​មួយ​គត់​ដែល​នៅសល់​នៅក្នុង​បន្ទប់​ដេក​របស់​ពួកគេ ។

កាណានី​មាន​អារម្មណ៍​ថា ព្រះអម្ចាស់​បាន​រក្សា​រមូរ​ក្រដាស​នេះ « សម្រាប់​ជា​ប្រយោជន៍​ដល់​ពូជពង្ស​របស់​ខ្ញុំ ទុក​ដូច​ជា​សញ្ញា​មួយ​នៃ​សេចក្តីស្រឡាញ់​សម្រាប់​យើង ហើយ​បង្ហាញ​សារៈសំខាន់​នៃ​ការធ្វើ​កិច្ចការ​ពង្ស​ប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ » ( នៅក្នុង Christensen Stories of the Temple in Lāʻie, Hawaiʻi, ទំព័រ ១៧២–១៧៤ ) ។

ការប្រមូល​ផ្តុំ​តាម​រយៈ​ការអប់រំ

ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ ក៏​មាន​ដល់​អ្នក​ដែល​បាន​ប្រមូល​គ្នា​ទៅ​ទីក្រុង​ឡាអ៊ីអេ ដើម្បី​ទទួល​ការអប់រំ​ជាន់ខ្ពស់​ផងដែរ ។ ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ និស្សិត​រាប់​ម៉ឺន​នាក់​បាន​មក​រៀន​នៅ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ–ហាវ៉ៃ ទូទាំង​តំបន់​ប៉ូលីនេសៀន និង​អាស៊ី ។ និស្សិត​ទាំងនេះ​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជទឹក​ឲ្យ​មរណជន ហើយ​បាន​បម្រើ​ជា​អ្នក​ធ្វើការ​ពិធី​បរិសុទ្ធ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​ឡាអ៊ីអេ​បាន​ជួយ​សិស្ស​ឲ្យ​អភិវឌ្ឍ​សេចក្តីស្រឡាញ់​ចំពោះ​កិច្ចការ​ពង្សប្រវត្តិ និង​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​ផ្តល់​ពរ​ដល់​ពួកគេ​ឲ្យ​រៀបចំ​ខ្លួន​កាន់តែ​ប្រសើរ​ឡើង ដើម្បី​បម្រើ​ពេល​ព្រះវិហារ​បរិសុទ្ធ​មាន​នៅ​ស្រុក​កំណើត​របស់​ខ្លួន ។

ជួន ចៅ ជេមស៍ មក​ពី​ប្រទេស​សិង្ហបុរី បាន​មក​រៀន​នៅ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ–ហាវ៉ៃ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០ ​ជាមួយ​ប្អូន​ស្រី​របស់​គាត់ ។ ពួកគេ​ទាំង​ពីរ​នាក់​បាន​រៀបការ​ជាមួយ​បុរស​មក​ពី​ប្រទេស​ផ្សេង​ទៀត​នៅ​ឆ្នាំ ១៩៧៨ ។ បងស្រី​ជេមស៍​បាន​ថ្លែង​ថា « អាពាហ៍ពិពាហ៍​របស់​យើង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡាអ៊ីអេ​បាន​នាំ​អ្នក​ប្រែចិត្ត​ជឿ​ពីរ​នាក់ និង​វប្បធម៌​ពីរ​ឲ្យ​នៅ​ជាមួយ​គ្នា​សម្រាប់​ពេល​នេះ និង​អស់កល្ប​ជានិច្ច—ជា​ការចាប់ផ្តើម​នៃ​អ្វី​ដែល​យើង​សង្ឃឹម​ថា នឹង​មាន​ជាមួយ​មរតក​នៃ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​គ្រួសារ​របស់​ពួកគេ ។ អាពាហ៍ពិពាហ៍​របស់​យើង​គឺ​ជា​អាពាហ៍ពិពាហ៍​ពីរ​ក្នុង​ចំណោម​អាពាហ៍ពិពាហ៍​រាប់រយ​នៃ​អាពាហ៍ពិពាហ៍​អស់កល្ប​ជានិច្ច​ទាក់ទង​នឹង​និស្សិត​នៃ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ–ហាវ៉ៃ ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡាអ៊ីអេ ដែល​ប្រហែល​ជា​មរតក​ដ៏អស្ចារ្យ​បំផុត​មួយ​ក្នុង​រយៈពេល​ជាង​ហុក​សិប​ឆ្នាំ​កន្លង​មក​នេះ​នៃ​វត្តមាន​របស់​សាកលវិទ្យាល័យ » ( នៅក្នុង Christensen ទំព័រ ២៣៦ ) ។

ការប្រមូល​ផ្តុំ​បន្ត

ដោយ​មាន​ទីតាំង​នៅ​ចន្លោះ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក រវាង​ទ្វីប​អាមេរិក និង​អាស៊ី នោះ​ព្រះវិហារបរិសុទ្ធ ឡាអ៊ីអេ រដ្ឋ ហាវ៉ៃ បាន​បើក​ទ្វារ​នៃ​ពរជ័យ​ព្រះវិហារ​បរិសុទ្ធ​ដល់​ប្រទេស​ជា​ច្រើន ។ ហេតុដូច្នេះ​ហើយ ការប្រមូល​ពួក​សាសន៍អ៊ីស្រាអែល​បាន​ក្លាយ​ជា​រឿង​សំខាន់​មួយ​នៃ​ការប្រមូល​ផ្តុំ​ខាង​វិញ្ញាណ ពេល​សមាជិក​អាច​ទទួល​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​ស្ថាបនា​សាសនាចក្រ​នៅក្នុង​ដែនដី​កំណើត​របស់​ពួកគេ ។ ឱកាស​នេះ​បាន​ជួយ​ដល់​ការពង្រីក​កិច្ចការ​ផ្សាយ​ដំណឹងល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​ទៅ​ដល់​វប្បធម៌ និង​មនុស្ស​ជាច្រើន​នៅ​ទាំង​សងខាង​វាំងនន ។

ពេល​យើង​ប្រារព្ធ​ខួប​លើក​ទី ១០០ ឆ្នាំ​នៃ​ព្រះវិហារ​បរិសុទ្ធ ឡាអ៊ីអេ ហាវ៉ៃ នោះ​យើង​មាន​ឯកសិទ្ធិ​មើល​ឃើញ​ព្រឹត្តិការណ៍​នៅក្នុង​ការស្តារ​ឡើងវិញ និង​ការបំពេញ​នៃ​ការព្យាករ​របស់​ព្យាការី​យ៉ាកុប​នៅក្នុង​ព្រះគម្ពីរ​មរមន ៖ « ពាក្យ​សន្យា​ទាំង​ឡាយ​របស់​ព្រះ​ធំ​ណាស់​ហ្ន៎ ចំពោះ​ពួក​អ្នក​ដែល​នៅ​លើ​កោះ​ទាំង​ឡាយ​ក្នុង​សមុទ្រ » ( នីហ្វៃ​ទី​២ ១០:២១ ) ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith (ឆ្នាំ 2007) ទំព័រ 416 ។

  2. សូមមើល James Adams Argyle, comp « The Writings of John Q. Adams » ទំព័រ ១៤ FamilySearch.org ។

  3. Vailine Leota Niko, in Clinton D. Christensen, comp. ( ឆ្នាំ ២០១៩ ) ទំព័រ ៧០–៧១ ។

  4. Aivao Frank Leota ( ១៨៧៨–១៩៦៦ ) FamilySearch.org ។

  5. សូមមើល Christensen, ទំព័រ ៦៤–៦៥ ។

  6. សូមមើល Christensen Stories of the Temple in Lāʻie, Hawaiʻi ទំព័រ ១១៤–១១៧ ។

  7. Choi Wook Whan នៅក្នុង « Going to the Temple Is Greatest Blessing » Church News ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ១៩៧១ ទំព័រ ១០ ។

  8. សូមមើល Christensen Stories of the Temple in Lāʻie, Hawaiʻi ទំព័រ ១១៦ ។