សារលិខិតពួកចិតសិបនាក់ប្រចាំតំបន់
ការធ្វើឲ្យគេហដ្ឋានរបស់យើងក្លាយជាទីនៃសេចក្តីជំនឿ
« យើងអាចធ្វើឲ្យគេហដ្ឋាននីមួយៗរបស់យើងក្លាយជាទីនៃសេចក្តីជំនឿដោយការជឿលើសេចក្តីល្អរបស់ព្រះ ហើយការជឿថាដោយការរស់នៅតាមគោលការណ៍ដំណឹងល្អទាំងឡាយ យើងអាចរស់នៅក្នុងភាពសុខសាន្តនិងសុវត្ថិភាពខាងវិញ្ញាណមិនថាមានឧបសគ្គខាងលោកីយ៍ប៉ុណ្ណានោះទេ ។ »
ច្រើនឆ្នាំកន្លងមកហើយ កសិករម្នាក់មានដីនៅតាមបណ្តោយឆ្នេរមហាសមុទ្រអាត្លង់ទិក ។ គាត់បានផ្សព្វផ្សាយរកជួលកម្មករដោយខ្ជាប់ខ្ជួន ។ មនុស្សភាគច្រើនមានការរារែកចិត្តក្នុងការទៅធ្វើការនៅកសិដ្ឋានតាមបណ្តោយមហាសមុទ្រអាត្លង់ទិកនោះ ។ ពួកគេខ្លាចព្យុះដ៏អាក្រក់ដែលបក់កាត់មហាសមុទ្រអាត្លង់ទិក បង្កការបំផ្លិចបំផ្លាញអគារនិងដំណាំ ។
នៅពេលដែលកសិករសម្ភាសបេក្ខជនសម្រាប់ការងារនោះ គាត់តែងតែទទួលបាននូវការបដិសេធ ។ ទីបំផុត បុរសវ័យកណ្តាលរាងទាបស្តើងម្នាក់បានចូលមក ។
កសិករបានសួរបុរសនោះថា « តើអ្នកគឺអ្នកពូកែធ្វើស្រែចំការមែនទេ ? »
« បាទ ខ្ញុំអាចគេងលក់នៅពេលខ្យល់បក់ » បុរសរាងល្អិតនោះបានឆ្លើយ ។
បើទោះជាមានចម្ងល់ចំពោះចម្លើយនេះក្តី និងដោយសារតែត្រូវការជំនួយខ្លាំង កសិករនោះបានជួលគាត់ ។
បុរសរាងល្អិតនោះធ្វើការយ៉ាងល្អនៅក្នុងកសិដ្ឋាន រវល់តាំងពីព្រលឹមដល់ព្រលប់ ហើយកសិករមានការពេញចិត្តជាមួយនិងកិច្ចការរបស់បុរសនោះណាស់ ។ បន្ទាប់មកនៅយប់មួយ ខ្យល់បក់យ៉ាងខ្លាំងពីច្រាំងសមុទ្រ ។
កសិករលោតចុះពីលើគ្រែ ដៃកាន់ចង្កៀងមួយ ហើយប្រញាប់ចេញទៅបន្ទប់ដេករបស់បុរសដែលគាត់បានជួលមកធ្វើការនោះ ។
គាត់បានដាស់បុរសរាងល្អិតនោះហើយស្រែកថា « ក្រោកឡើង ! ព្យុះមកដល់ហើយ ! ឆាប់ទៅចងរបស់របរឲ្យជាប់ពីមុនខ្យល់បក់វាទៅអស់ ! »
បុរសរាងល្អិតរមៀលខ្លួនលើគ្រែ ហើយនិយាយយ៉ាងមុតមាំថា « ទេលោក ។ ខ្ញុំបានប្រាប់លោកហើយថា ខ្ញុំអាចដេកនៅពេលខ្យល់បក់ ។ »
ដោយខឹងនឹងចម្លើយតបនោះ កសិករត្រូវបានល្បួងឲ្យបញ្ឈប់គាត់ភ្លាម ។
ប៉ុន្តែ គាត់បានប្រញាប់ចេញទៅក្រៅដើម្បីរៀបចំសម្រាប់ព្យុះនោះជំនួសវិញ ។ ប៉ុន្តែគាត់ភ្ញាក់ផ្អើល គាត់បានឃើញថា ពំនូកចំបើងទាំងអស់ត្រូវបានគ្របពីលើដោយក្រណាត់តង់រួចរាល់ហើយ ។ គោត្រូវបានដាក់ក្នុងក្រោល មាន់ត្រូវបានដាក់នៅក្នុងទ្រុងហើយទ្វារទាំងអស់ត្រូវបានបិទដាក់គន្លឹះយ៉ាងជាប់ ។ បង្ហាបង្អួចក៏ត្រូវបានបិទខ្ទាស់យ៉ាងណែនរួចហើយដែរ ។
អ្វីៗទាំងអស់គឺត្រូវបានចងយ៉ាងជាប់រួចរាល់ ។ គ្មានអ្វីដែលអាចបក់យកទៅបានទេ ។
បន្ទាប់មកកសិករបានយល់នូវអ្វីដែលកម្មកររបស់គាត់បាននិយាយ ដូច្នេះគាត់បានត្រលប់ទៅគ្រែរបស់គាត់វិញ ហើយចូលដេកនៅពេលខ្យល់បានបោកបក់ ។1
តើបងប្អូនអាចគេងលក់ក្នុងពេលខ្យល់បោកបក់ដែរទេ ? ប្រហែលមានពេលខ្លះ យើងទាំងអស់គ្នាចង់ដកខ្លួន ហើយរក្សាខ្លួនឯងឲ្យនៅឆ្ងាយពីព្យុះទាំងឡាយនៃជីវិត និងពីព្រួញពិសដ៏ខ្លាំងក្លារបស់សាតាំង ។ យើងកំពុងរស់នៅក្នុងពិភពលោកមួយដែលសាតាំងគឺកំពុងតែខ្លាំងឡើងៗ ។ ព្រះអម្ចាស់បានមានព្រះបន្ទូលថា « ទូលបង្គំមិនសូមឲ្យយកគេចេញពីលោកីយ៍ទេ គឺសូមឲ្យទ្រង់រក្សាគេ ឲ្យរួចពីសេចក្តីអាក្រក់វិញ ។ »2 តើយើងអាចរស់នៅលើលោកីយ៍ប៉ុន្តែមិនមែនជារបស់លោកីយ៍ដោយរបៀបណា ?
យើងបានអានរបាយការណ៍ជាច្រើនថា ជំងឺនៃសង្គមរបស់យើងនាសព្វថ្ងៃនេះ មានប្រភពមកពីការបែកបាក់គ្រួសារ ។ ប្រសិនបើសាតាំងអាចធ្វើឲ្យទំនាក់ទំនងដ៏ស្អិតរមួតក្នុងចំណោមសមាជិកគ្រួសារចុះទន់ខ្សោយឬបំផ្លាញបង់ នោះមានន័យថាវាអាចធ្វើឲ្យមាននូវសេចក្តីវេទនា និង អពមង្គលកាន់តែច្រើនចំពោះមនុស្សកាន់តែច្រើនលើសវិធីណាៗផ្សេងៗទៀតទាំងអស់ ។
កន្លែងដើម្បីព្យាបាលជំងឺស្ទើរតែទាំងអស់គឺនៅក្នុងគេហដ្ឋាននៃមនុស្ស ។ ការសាងសង់គេហដ្ឋានរបស់យើងខាងវិញ្ញាណឲ្យក្លាយទៅជាបន្ទាយដ៏រឹងមាំនៃសេចក្តីសុចរិតសម្រាប់ការការពារពីឥទ្ធិពលអាក្រក់នៃលោកីយ៍ត្រូវចំណាយកម្លាំងនិងការឧស្សាហ៍ព្យាយាម ។ បទគម្ពីរដែលបានផុសឡើងក្នុងចិត្តរបស់ខ្ញុំគឺ ដំបូន្មានរបស់ហេលេមិនទៅកាន់ពួកកូនប្រុសរបស់គាត់ ៖ « ហើយឥឡូវនេះ ឱកូនប្រុសទាំងឡាយរបស់ឪពុកអើយ ចូរចងចាំចុះ ចូរចងចាំចុះថា គឺនៅលើសិលានៃព្រះដ៏ប្រោសលោះនៃយើង គឺព្រះគ្រីស្ទជាព្រះរាជបុត្រានៃព្រះ ដែលកូនត្រូវសង់គ្រឹះរបស់កូន ដើម្បីកាលណាអារក្សបញ្ចេញខ្យល់ដ៏ខ្លាំងក្លារបស់វាមក មែនហើយ ព្រួញរបស់វានៅក្នុងខ្យល់កួច មែនហើយ កាលណាព្រិល និងខ្យល់ព្យុះកំណាចទាំងអស់របស់វាបោកបក់មកលើកូន នោះវានឹងគ្មានអំណាចមកលើកូនឡើយ ដើម្បីទាញកូនចុះទៅក្នុងជង្ហុកនៃសេចក្ដីវេទនា និងទុក្ខលំបាកដ៏មិនចេះចប់មិនចេះហើយ ពីព្រោះមកពីសិលាដែលកូនបានសង់នៅលើនោះ ដែលជាគ្រឹះដ៏ខ្ជាប់ខ្ជួនមួយ ជាគ្រឹះមួយបើសិនណាមនុស្សសង់នៅលើនោះ នោះពួកគេមិនអាចរលំបានឡើយ ។ »3
បងប្អូនប្រុសស្រី យើងអាចធ្វើឲ្យគេហដ្ឋាននីមួយៗរបស់យើងក្លាយជាគេហដ្ឋាននៃសេចក្តីជំនឿដោយការជឿលើសេចក្តីល្អរបស់ព្រះនិងការជឿថាដោយការរស់នៅតាមគោលការណ៍ដំណឹងល្អទាំងឡាយ យើងអាចរស់នៅក្នុងភាពសុខសាន្តនិងសុវត្ថិភាពខាងវិញ្ញាណមិនថាមានឧបសគ្គខាងលោកីយ៍ប៉ុណ្ណានោះទេ ។ យើងត្រូវមានសេចក្តីជំនឿដើម្បីប្រតិបត្តិតាម ដើម្បីបន្តការព្យាយាមនិងដើម្បីចិញ្ចឹមទស្សនវិស័យវិជ្ជមាន ។
នៅក្នុងសន្និសីទទូទៅកាលពីខែមេសា ឆ្នាំ២០១៩ អែលឌើរ ដេវីឌ អេ. បែដណា បានមានប្រសាសន៍ថា ៖
ការធ្វើឲ្យគេហដ្ឋានរបស់យើងក្លាយជាកន្លែងដែលមានសុវត្ថិភាពនិងបរិសុទ្ធ ជាកន្លែងដែលយើងអាច « ឈរនៅទីបរិសុទ្ធនានា » គឺជារឿងចាំបាច់នៅថ្ងៃចុងក្រោយនេះ ។ ហើយវាសំខាន់ដូចជា ការរៀនសូត្រដែលផ្តោតទៅលើគេហដ្ឋាន និងការគាំទ្រពីសាសនាចក្រសម្រាប់កម្លាំង និងការការពារខាងវិញ្ញាណរបស់យើងនាពេលបច្ចុប្បន្ននេះ វាក៏នឹងកាន់តែចាំបាច់សម្រាប់ពេលអនាគតដែរ ។4
អំឡុងពេលជំងឺរាតត្បាត កូវីត-១៩ យើងទាំងអស់គ្នាបានឃុំខ្លួនឯងនៅផ្ទះ ។ ខ្ញុំបានឮមកពីបងប្រុសម្នាក់ក្នុងវួដរបស់យើងនិយាយថា គាត់មិនដែលយល់នូវរបៀបដែលគេហដ្ឋានរបស់គាត់អាចជាកន្លែងបរិសុទ្ធមួយរហូតទាល់តែរឿងនេះបានកើតឡើង ។ នៅពេលយើងមិនអាចមកថ្វាយបង្គំនៅអគារព្រះវិហារឬនៅក្នុងព្រះវិហារបរិសុទ្ធ យើងអាចថ្វាយបង្គំហើយមានអារម្មណ៍សុវត្ថិភាពនៅក្នុងគេហដ្ឋានរបស់យើង ប្រសិនបើយើងធ្វើតាមការណែនាំនៃថ្នាក់ដឹកនាំព្រះវិហារដើម្បីធ្វើឲ្យគេហដ្ឋានរបស់យើងក្លាយជាទីនៃជំនឿ ។
សូមឲ្យយើងបន្តដើម្បីធ្វើរឿងនេះសម្រាប់កូនៗរបស់យើងដូច្នេះដើម្បីឲ្យពួកគេអាចធំធាត់ឡើងនៅក្នុងគេហដ្ឋានដែលពោរពេញដោយសេចក្តីអំណរនិងភាពសុខសាន្តនៃដំណឹងល្អហើយបន្តមានបទពិសោធន៍នូវឥទ្ធិពលនាំផ្លូវនិងវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធ ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ ។ អាម៉ែន ។