Digital Only
វិធីបីយ៉ាងដើម្បីដើរតួធ្វើជាឪពុក
តើអ្នកអាចធ្វើអ្វីខ្លះដើម្បីដើរតួធ្វើជាឪពុកដល់អស់អ្នកដែលនៅក្នុងវួដ និងសហគមន៍របស់អ្នក ?
បុរសមួយចំនួននឹងមានឯកសិទ្ធិក្នុងការធ្វើជាឪពុក ខណៈដែលបុរសផ្សេងទៀតគ្មានបទពិសោធន៍នឹងភាពជាឪពុកឡើយ រហូតបន្ទាប់ពីការរស់ឡើងវិញ ។ ទោះបីជាស្ថានភាពអ្នកបែបណាក៏ដោយ នេះគឺជារបៀបបីយ៉ាងដែលអ្នកអាចដើរតួជាឪពុកដ៏មានឥទ្ធិពលដល់អស់អ្នកដែលនៅជុំវិញអ្នក ៖
-
តម្កើងការហៅរបស់អ្នក
មិនថាអ្នកជាសមាជិកនៃគណៈប៊ីស្សព ឬជាគ្រូថ្នាក់ទារកដ្ឋាននោះទេ ការហៅរបស់អ្នកផ្តល់ឱកាសជាច្រើនដល់អ្នកឲ្យជួយដោយឧស្សាហ៍ព្យាយាម និងដោយសោមន្សរីករាយដល់អស់អ្នកដែលនៅជុំវិញអ្នក ដែលត្រូវការការណែនាំ និងសេចក្តីស្រឡាញ់ ។ អ្នកប្រឹក្សាកូរ៉ុមឌីកុនអាចលើកទឹកចិត្តពួកយុវជនដែលកំពុងមានការលំបាកនឹងបញ្ហាខាងវិញ្ញាណ ឬខាងសាច់ឈាម ។ គ្រូបង្រៀនតាមផ្ទះអាចធ្វើឲ្យជីវិតនៃក្រុមគ្រួសារដែលគាត់ទៅសួរសុខទុក្ខនោះឲ្យចម្រុងចម្រើនឡើង ។ ពេលអ្នកតម្កើងការហៅរបស់អ្នក នោះអ្នកនឹងមានឱកាសកាន់តែច្រើនដើម្បីដឹងទាំងស្រុងនូវព្រះចេស្តានៃបព្វជិតភាពរបស់ព្រះ ហើយផ្តល់ពរដល់ជីវិតមនុស្សដែលនៅជុំវិញអ្នក ( សូមមើល គ. និង ស. ៨៤:៣២–៣៣) ។
-
ឈោងទៅជួយ
សូមផ្តោតចិត្តទៅលើពួកយុវវ័យដែលមានទេពកោសល្យ និងមានចំណាប់អារម្មណ៍ដែលអ្នកធ្វើការជាមួយពួកគេ ។ សរសេរអ៊ីម៉ែល និងសំបុត្រទៅអ្នកផ្សព្វផ្សាយសាសនា ។ បង្កើតទំនាក់ទំនងជាមួយបងប្អូនបង្កើត ក្មួយស្រី ក្មួយប្រុស បងប្អូនជីដូនមួយ និងសមាជិកផ្សេងទៀតក្នុងគ្រួសារ ។ ឱកាសដើម្បីដើរតួធ្វើជាឪពុកអាចពុំកើតមកភ្លាមៗដោយខ្លួនវានោះទេ ប៉ុន្តែនៅពេលអ្នកស្ថាបនាទំនាក់ទំនង ហើយយកចិត្តទុកដាក់ជាពិសេសដល់អស់អ្នកដែលកំពុងមានការលំបាក នោះអ្នកអាចនៅក្នុងស្ថានភាពមួយ ដើម្បីជួយពួកយុវវ័យឲ្យធ្វើការសម្រេចចិត្តសំខាន់ៗនៅក្នុងជីវិត ។
-
បង្ហាញសេចក្ដីស្រឡាញ់ស្មោះត្រង់
ពួកយុវជន និងយុវនារីមួយចំនួនដែលអ្នកធ្វើការជាមួយអាចមានបញ្ហាខាងឥរិយាបថ ឬទម្លាប់អាក្រក់ដែលអាចជារឿងដ៏ស្មុគស្មាញ ។ វាអាចត្រូវបានល្បួងនៅគ្រាខ្លះឲ្យលុតដំ ឬដាក់ដែនកំណត់សម្រាប់យុវវ័យ ឬកុមារទាំងនោះ ។ ទោះបីរឿងនេះចាំបាច់នៅក្នុងករណីមួយចំនួនក្តី វាអាចជាពុំមែនជារបៀបដែលមានប្រសិទ្ធភាពបំផុតដើម្បីកែតម្រូវពួកគេនោះទេ ជាពិសេសប្រសិនបើពួកគេពុំមែនជាកូនបង្កើតរបស់យើងនោះ ។ សូមព្យាយាមធ្វើតាមគំរូរបស់ព្រះវរបិតាសួគ៌យើងដែល « ប្រកបដោយមេត្តាករុណា និងអាណិតអាសូរ ក៏ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្តីសប្បុរស និងសេចក្តីពិតត្រង់ជាបរិបូរ » (ទំនុកតម្កើង ៨៦:១៥) ។