ការរៀបចំខ្លួនសម្រាប់ជីវិត
តើថ្នាក់សមាគមសង្គ្រោះនឹង គួរឲ្យធុញទ្រាន់ឬ ?
ខ្ញុំមានការភិតភ័យយ៉ាងខ្លាំងដើម្បីចូលរួមថ្នាក់សមាគមសង្គ្រោះ ប៉ុន្តែដោយសារតែពួកគាត់ស្វាគមន៍ខ្ញុំ នោះខ្ញុំបានរៀនស្រឡាញ់ថ្នាក់នេះ ។
ពេលខ្ញុំឈានដល់អាយុ ១៨ ឆ្នាំ ខ្ញុំពិតជារីករាយខ្លាំងណាស់ ។ តើវាពុំមែនជាវ័យជំទង់ទេឬអី ? ប្រាកដណាស់ ខ្ញុំរៀននៅវិទ្យាល័យនៅឡើយ នៅតែមានមុន ហើយនៅតែធ្វើកិច្ចការកំប៉ិចកំប៉ុកនៅជុំវិញផ្ទះរបស់យើងនៅរដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ប៉ុន្តែខ្ញុំគឺជាមនុស្សពេញវ័យម្នាក់ ។ ខ្ញុំបានឈានចូលដល់ដំណាក់កាលថ្មីមួយនៃជីវិត ហើយខ្ញុំរំភើបនឹងរឿងនេះណាស់ ។ អ្វីមួយដែលធ្វើឲ្យខ្ញុំមិនសូវរំភើបពិតប្រាកដនោះ គឺគំនិតដែលនៅជាមួយ « ស្ត្រីវ័យចំណាស់ទាំងនោះ » នៅក្នុងសមាគមសង្រ្គោះ ។ ពួកគាត់មានកូន និងមុខរបរ ហើយមានឆ្នាំងដាំបាយអគ្គិសនី ហើយប្រហែលជាចូលចិត្តដុតនំផាយដោយពាក់ស្បែកជើងនៅក្នុងផ្ទះផងដែរ ។ ខ្ញុំមានកិច្ចការសាលា និងការណាត់ជួបគ្នាហែលទឹក និងការលាបថ្នាំក្រចក ហើយចូលចិត្តមិនសម្អាតបន្ទប់របស់ខ្ញុំកាន់តែយូរកាន់តែល្អ ។ តើខ្ញុំអាចទាក់ទងនឹងនរណាម្នាក់នៅក្នុងថ្នាក់នោះដោយរបៀបណា ? ប្រាកដណាស់ ខ្ញុំនឹងមានអារម្មណ៍ចម្លែក ឯកោ ឬធុញទ្រាន់ ។ ហើយក្រោយមកខ្ញុំបានទៅថ្នាក់នោះ ។
ថ្នាក់សមាគមសង្គ្រោះមិនគួរឲ្យធុញទ្រាន់ទាល់តែសោះ ។ មានការញញឹម និងសើចច្រើននៅក្នុងថ្នាក់នោះ ។ ពួកគាត់បានចែកចាយគំនិតគួរឲ្យចាប់អារម្មណ៍ និងដោយស្មោះសរ ប៉ុន្តែពួកគាត់ក៏មិនខ្លាចនឹងសើចផងដែរ ។ ទីពីរ ពួកគាត់គ្មានអ្វីប្លែកពីខ្ញុំឡើយ ។ ប្រាកដណាស់ ពួកគាត់ចាស់ជាងខ្ញុំមែន ប៉ុន្តែពួកគេលេងសើចជាមួយគ្នាដូចមិត្តភក្តិខ្ញុំ និងខ្ញុំបានលេងសើចជាមួយគ្នាផងដែរ ។ ជាញយៗ មានស្ត្រីម្នាក់បានសួរសំណួរមួយដែលខ្ញុំកំពុងឆ្ងល់ ។ ហើយពេលពួកគាត់ប្រកាសអំពីកម្មវិធីការរីកចម្រើនការប្រជុំនៅសប្តាហ៍នោះ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកគេកំពុងរៀនអំពីការការពារខ្លួន ! ខ្ញុំចង់ធ្វើរឿងនោះ !
ខ្ញុំមានការបារម្ភយ៉ាងខ្លាំង ពេលបងស្រី ឡាសិន ប្រធានសមាគមសង្គ្រោះ សុំឲ្យខ្ញុំក្រោកឈរ ហើយណែនាំខ្លួនខ្ញុំ ប៉ុន្តែរឿងនោះមិនជាអ្វីឡើយ ។ ម្នាក់ៗបានសម្លឹងមើលមុខខ្ញុំដោយរីករាយ ។ បងស្រី អែតវើឌ ជាគ្រូថ្នាក់សិក្ខាសាលាឆ្នាំទីពីររបស់ខ្ញុំបានលើកមេដៃដាក់ខ្ញុំ ហើយបងស្រី រីឆាត ដែលចងចាំតាំងពីខ្ញុំនៅថ្នាក់អង្គការបឋមសិក្សាបានថ្លែងថា គាត់ពុំជឿសោះថា ខ្ញុំ « ធំពេញរូបពេញរាង » ទៅហើយ ។ ហើយពួកគាត់ពិតជាបានប្រព្រឹត្តនឹងខ្ញុំដូចខ្ញុំ « ធំពេញរូបពេញរាង » មែន ។ ខ្ញុំមានអារម្មណ៍ថា ដូចជាកូនក្មេងស្លៀកពាក់ខោអាវតុបតែងខ្លួនលេង ប៉ុន្តែចំពោះស្ត្រីស្ទើរតែគ្រប់រូបនៅថ្ងៃនោះគិតថា ខ្ញុំគឺជាស្ត្រីថ្មីម្នាក់ ។
ចាប់តាំងពីពេលនោះមក ខ្ញុំចូលចិត្តថ្នាក់សមាគមសង្គ្រោះ ទោះខ្ញុំនៅវួដណាក៏ដោយ ។ ពេលខ្ញុំដើរចូលក្នុងថ្នាក់សមាគមសង្គ្រោះ ខ្ញុំមានអារម្មណ៍ថា ៖ នោះជាចំណងនៃភាពជាបងប្អូនស្រី និងស្មារតីនៃចំណែកជាបងប្អូនស្រី ។ ខ្ញុំចូលចិត្តធ្វើកិច្ចការដោយអស់ពីសមត្ថភាព ដើម្បី លើកស្ទួយបងប្អូនស្រីថ្នាក់សមាគមសង្គ្រោះរបស់ខ្ញុំ ហើយរៀនអ្វីគ្រប់យ៉ាងដែលខ្ញុំអាចរៀនពីពួកគាត់ ។
ហើយជាលទ្ធផល ខ្ញុំមានអ្វីៗជាច្រើនដូចនឹងបងប្អូនស្រីក្នុងថ្នាក់សមាគមសង្គ្រោះផងដែរ ។