ការបង្ហាញអំពីសេចក្តីជំនឿ
ដេវឡា ណេថានី
កាលីហ្វូញ៉ា ស.រ.អា.
ដេលវ៉ា និង ឃើគូម ណេថានី រីករាយចំពោះពេលវេលាដែលពួកគេនៅជាមួយកូនៗ, តេស្សា ( ស្តាំដៃ ) និង មេឡា ( ឆ្វេងដៃ ) ។1.ចាប់តាំងពីនោះមក គ្រួសាររបស់ណេថានី បានទទួលពរដោយមានកូនពីរនាក់បន្ថែមទៀត ។
ទោះបីជាការពរពោះលើកទីពីររបស់ ដេលវ៉ា មានការលំបាកក្តី ដេលវ៉ា និងឃើគូម មានអំណរគុណដល់ពរជ័យនានាដែលពួកគេបានទទួល ។ ដេលវ៉ា និយាយថា « បទពិសោធន៍នេះបានធ្វើឲ្យគ្រួសារយើងខិតកាន់តែជិតគ្នា និងខិតកាន់តែជិតព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ » ។
ដោយរំឭកពីការពរពោះដ៏លំបាកនោះ ឃើគូម និយាយថា « ខ្ញុំបានមានចិត្តច្របូកច្របល់ ។ ប៉ុន្តែភរិយាខ្ញុំ និងខ្ញុំបានបន្តរឹងមាំទៅនឹងទីបន្ទាល់របស់យើងអំពីដំណឹងល្អ ។ យើងបន្តមានសេចក្តីសង្ឃឹម ហើយយល់ព្រមថា ប្រសិនបើមានឱកាសដែលយើងអាចផ្តល់ដល់កូនស្រីយើង នោះយើងនឹងធ្វើឲ្យអស់ពីសមត្ថភាពរបស់យើង » ។
ឃើគូម និយាយថា « វាគឺជាពរជ័យមួយដែលយើងអាចលេងជាមួយមេឡារៀងរាល់ថ្ងៃ ហើយឃើញនាងញញឹម » ។ « វាគឺជាសាក្សីយ៉ាងខ្ជាប់ខ្ជួនដល់យើងថា ព្រះគ្រប់គ្រងលើយើង ហើយចម្លើយនៃការអធិស្ឋានអាចកើតមានដល់យើងកាន់តែច្បាស់លាស់ និងរស់រវើកលើសពីអ្វីដែលយើងអាចស្រមៃដល់ » ។
បួនខែនៅក្នុងការពរពោះលើកទីពីររបស់គាត់ វេជ្ជបណ្ឌិតបានប្រាប់ ដេលវ៉ា ថា កូនរបស់គាត់មានវិបត្តិក្រូម៉ូសូមដ៏កម្រមួយដែលហៅថា ទ្រីសូមី ១៣ ។ កូនរបស់គាត់មានឱកាសតិចតួចណាស់ដើម្បីមានជីវិតរស់ ហើយដោយសារជីវិតរបស់ដេលវ៉ាក៏អាចស្ថិតក្នុងហានិភ័យ នោះវេជ្ជបណ្ឌិតបានផ្តល់ដំបូន្មានម្តងហើយម្តងទៀតដល់គាត់ ឲ្យរំលូតកូននោះចោល ។ ដោយប្រឈមជាមួយនឹងលទ្ធផលដែលពុំប្រាកដប្រជា នោះដេលវ៉ាបានជ្រើសរើសទុកចិត្តលើព្រះវរបិតាសួគ៌ ទោះបីជាមានរឿងអ្វីនឹងកើតឡើងក៏ដោយ ។
គ្រីស្ទីណា ស្ម៊ីធ ជាងថតរូប
វេជ្ជបណ្ឌិតបានប្រាប់ខ្ញុំថា កូនរបស់ខ្ញុំបើមានជីវិត គឺមិនលើសពីមួយម៉ោងឡើយ ។ ហើយប្រសិនបើគាត់នៅរស់ នោះសុខភាពគាត់ក៏មិនល្អដែរ ។ វេជ្ជបណ្ឌិតរបស់ខ្ញុំបានទូន្មានខ្ញុំយ៉ាងខ្លាំងឲ្យបញ្ចប់គ៌រនោះ ។ ខ្ញុំបានទៅជួបវេជ្ជបណ្ឌិតម្នាក់ទៀត ហើយគាត់បានប្រាប់ខ្ញុំនូវរឿងដដែលនោះ ៖ គឺត្រូវបញ្ចប់គ៌រនោះ ។
ក្រោយមកខ្ញុំបានទៅជួបវេជ្ជបណ្ឌិតម្នាក់ទៀតជាមិត្តភក្តិខ្ញុំដែលជាសមាជិកសាសនាចក្រ ។ ខ្ញុំបានរំពឹងថា ព្រះវិញ្ញាណនឹងបំផុសគំនិតគាត់ឲ្យផ្តល់រោគវិនិច្ឆ័យមួយផ្សេងពីនោះ ។ គាត់បានមើលគ្រប់លទ្ធផលនៃការធ្វើតេស្តទាំងអស់ និងការពិនិត្យដោយអេកូ ហើយបានបង្ហាញនូវកង្វល់ដូចគ្នាដែលវេជ្ជបណ្ឌិតផ្សេងទៀតបានប្រាប់ផងដែរ ។ ប៉ុន្តែគាត់បានប្រាប់ខ្ញុំថា គាត់នឹងតមអាហារ និងអធិស្ឋានសម្រាប់គ្រួសារខ្ញុំ ហើយរំពឹងរង់ចាំដំណឹងដ៏ល្អបំផុត ។
ខ្ញុំបានឃើញវេជ្ជបណ្ឌិត និងអ្នកឯកទេសផ្សេងៗជាច្រើនអំឡុងពេលការពរពោះរបស់ខ្ញុំ ។ រៀងរាល់ពេល ពួកគាត់បានផ្តល់យោបល់ឲ្យបញ្ចប់គ៌រ ដោយសារពួកគាត់ខ្លាចថា គ៌រនោះនឹងធ្វើឲ្យជីវិតខ្ញុំមានគ្រោះថ្នាក់ ។ ប៉ុន្តែខ្ញុំពុំអាចស្រមៃថា នឹងធ្វើរឿងនោះឡើយ ។
ស្វាមីខ្ញុំ និងខ្ញុំបានសុខចិត្តរស់នៅជាមួយនឹងរឿងដែលនឹងកើតឡើង ។ ប្រសិនបើកូនស្រីរបស់យើងស្លាប់ នោះយើងនឹងដឹងថា នាងគឺជាវិញ្ញាណដ៏មានតម្លៃ ។ ប្រសិនបើនាងរស់នៅ ហើយវានឹងមានការលំបាក នោះយើងមានជំនឿដែលថា យើងនឹងអាចទ្រាំទ្រនឹងរឿងនោះបាន ។
វានៅតែមានការលំបាកណាស់ ។ ខ្ញុំបានព្យាយាមរក្សាអារម្មណ៍របស់ខ្ញុំនៅក្នុងចិត្ត ដោយសារខ្ញុំមានកូនស្រីអាយុពីរឆ្នាំម្នាក់ ហើយខ្ញុំពុំចង់ឲ្យនាងឃើញខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនខ្ញុំឡើយ ។ ខ្ញុំពុំដឹងថា ត្រូវធ្វើអ្វី គិតអ្វី ឬកន្លែងណាដែលខ្ញុំងាកទៅរកជំនួយឡើយ ។ ស្វាមី មិត្តភក្ដិ និងគ្រួសាររបស់ខ្ញុំមានការជ្រោមជ្រែង ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ពួកគេពុំយល់ទាំងអស់អំពីអ្វីដែលខ្ញុំកំពុងហែលឆ្លងកាត់ឡើយ ។ បុគ្គលម្នាក់គត់ដែលពិតជាអាចយល់ពីខ្ញុំនោះគឺ មានតែព្រះអម្ចាស់ប៉ុណ្ណោះ ។ ខ្ញុំបានបន្តអធិស្ឋានទូលសូមការលួងលោម និងការណែនាំ ។
ទីបំផុត ខ្ញុំបានជួបប៊ីស្សពរបស់យើង ហើយពន្យល់លោកអំពីអ្វីដែលកំពុងកើតឡើង ។ គាត់បានអញ្ជើញសមាជិកវួដទាំងអស់ឲ្យតមអាហារសម្រាប់គ្រួសាររបស់យើង ។ នេះជាគ្រាដែលខ្ញុំចាប់ផ្តើមមានសង្ឃឹមអំពីរឿងនោះ ។ ខ្ញុំបានចាប់ផ្តើមទទួលអារម្មណ៍នៃពន្លឺណែនាំពីស្ថានសួគ៌នៅក្នុងការសម្រេចចិត្តដែលខ្ញុំបានធ្វើ ។
នៅពេលគ៌រប្រាំបីខែកន្លះ ខ្ញុំបានទៅពិនិត្យដោយអេកូ 4D ។
កូនរបស់យើងនឹងកើតក្នុងរយៈពេលពីរបីសប្តាហ៍ទៀត ហើយខ្ញុំបានដឹងថា នោះអាចជាទីបញ្ចប់ហើយ ។ ខ្ញុំក៏ចង់ធ្វើការកត់ត្រានូវចង្វាក់បេះដូងរបស់កូនស្រីខ្ញុំ ដាក់រូបតុក្កតាខ្លាឃ្មុំនៅក្បែរនោះដើម្បីជាអ្វីមួយក្នុងការចងចាំអំពីនាង ។
នៅក្នុងការពិនិត្យដោយអេកូលើកមុន វេជ្ជបណ្ឌិតពុំបានឃើញលក្ខណៈពិសេសនៃរូបរាងកាយឡើយ ។ ដោយសារតែរឿងនេះ ពួកគេនិយាយថា ដៃរបស់កូនស្រីពួកយើងនឹងកំបុត ហើយមុខរបស់នាងនឹងខូចទ្រង់ទ្រាយ ។ រូបភាពនៅក្នុងអេកូ 4D គឺមានភាពលម្អិតកាន់តែខ្លាំង ដូច្នេះនៅពេលអ្នកឯកទេសនោះបានចាប់ផ្តើមធ្វើអេកូ នោះខ្ញុំបានឃើញរូបរាងដ៏ល្អឥតខ្ចោះរបស់កូនស្រីខ្ញុំគ្រវីដៃដាក់ខ្ញុំតាមកញ្ចក់អេក្រង់ ។ ខ្ញុំក៏បានឃើញភ្នែកទាំងគូដ៏ស្រស់ស្អាត និងមាត់ដ៏ល្អឥតខ្ចោះផងដែរ ។ ខ្ញុំមានអារម្មណ៍ស្មុគស្មាញណាស់ដែលថា នាងនឹងស្លាប់ ។
នៅពេលកូនស្រីរបស់យើង មេឡា បានកើតមក វេជ្ជបណ្ឌិតឯកទេសបានឈររង់ចាំជួយនៅទីនោះ ប៉ុន្តែគ្មានអ្វីចាំបាច់ឡើយ ។ មេឡាគ្មានជំងឺទ្រីសូមី ១៣ ឡើយ ។ វេជ្ជបណ្ឌិត និងអ្នកឯកទេសពុំអាចពន្យល់អំពីមូលហេតុនោះឡើយ ប៉ុន្តែស្វាមីខ្ញុំ និងរូបខ្ញុំបានដឹងថា នោះគឺជាអព្ភូតហេតុ ។
បន្ទាប់ពីមេឡាបានកើតមក វេជ្ជបណ្ឌិតបានផ្តល់អនុសាសន៍ឲ្យបន្ថែមការធ្វើតេស្តលើផ្នែកស្សែនដើម្បីកំណត់ថា តើនាងមានភាពមិនប្រក្រតីអ្វីផ្សេងទៀតដែរឬអត់ ។ លទ្ធផលតេស្តបានបង្ហាញថា នាងគ្មានលក្ខខណ្ឌកម្រណាមួយផ្នែកស្សែនឡើយ ។ អ្នកឯកទេសស្សែនមានកង្វល់ថា មេឡា នឹងខ្វាក់ភ្នែក, ថ្លង់ ហើយមិនអាចដើរ និងមិនអាចនិយាយបានឡើយ ។ ទោះជាយ៉ាងណាក្តី សព្វថ្ងៃនេះ អំឡុងពេលដែលនាងមានការអភិវឌ្ឍមួយចំនួនយឺតយ៉ាវក្តី មេឡា អាចមើលឃើញ ស្តាប់ឮ ហើយប្រើប្រាស់ឧបករណ៍បំពាក់បំពាន់ដើម្បីជួយនាងក្នុងការដើរ ។ នាងក៏អាចនិយាយបានម្តងម្កាលផងដែរ ។ នាងគឺជាក្មេងដែលមានសុភមង្គលបំផុត ។
យើងមានអំណរគុណចំពោះពរជ័យដែលយើងបានទទួល តាមរយៈដំណើរការទាំងមូលនេះ ។ យើងដឹងថាព្រះវរបិតាសួគ៌គឺជា អង្គបង្កបង្កើតដ៏អស្ចារ្យ និងជាអ្នកសម្រេចផ្តល់ជីវិតឲ្យដ៏អស្ចារ្យ ។ យើងមានពរណាស់ដើម្បីធ្វើជាផ្នែកមួយនៃកិច្ចការនេះ ។ រៀងរាល់ថ្ងៃ យើងមើលមេឡា ហើយដឹងថា នាងគឺជាអព្ភូតមួយ ។ កូនៗរបស់យើងនាំសុភមង្គលមកកាន់ជីវិតរបស់យើង ហើយរំឭកយើងថា យើងមានអ្វីៗជាច្រើនដែលត្រូវមានអំណរគុណ ។