បានទទួលពរដោយការប្រកាសសេចក្តីជំនឿរបស់ខ្ញុំ
គ្រីស្ទីន ម៉ាក់អែលឌើររី រដ្ឋម៉ាស្សាឈូសេតស៍ ស. រ. អា.
ឌីលីន ម្ស៉ាស
ខ្ញុំបានជ្រមុជទឹកកាលខ្ញុំមានអាយុ ១៩ ឆ្នាំ ។ គ្រួសារ និងមិត្តភក្តិជាច្រើនរបស់ខ្ញុំពុំបានទទួលយកការសម្រេចចិត្តរបស់ខ្ញុំក្នុងការចូលជាសមាជិកព្រះវិហារឡើយ ប៉ុន្តែការណ៍នេះពុំបានបញ្ឈប់ខ្ញុំទេ ។ ពីរសប្ដាហ៍ក្រោយមក ខ្ញុំបានចាប់ផ្តើមឆ្នាំទីពីរនៅមហាវិទ្យាល័យ ។ ពេលខ្ញុំត្រឡប់ទៅបរិវេណនៃមហាវិទ្យាល័យវិញ ខ្ញុំមានការព្រួយបារម្ភអំពីសេចក្តីជំនឿថ្មីរបស់ខ្ញុំ ។
ខ្ញុំបានចាប់ផ្តើមបារម្ភថា ខ្ញុំនឹងគ្មានភាពក្លាហានដើម្បីការពារសាសនារបស់ខ្ញុំឡើយ ។ ខ្ញុំមានអារម្មណ៍ថាឯកោ ។ ខ្ញុំពុំធ្លាប់បានជួបសមាជិកសាសនាចក្រណាម្នាក់នៅមហាវិទ្យាល័យឡើយ ហើយខ្ញុំពុំដឹងថាទៅរកសាលាប្រជុំឯណាទេ ហើយក៏មិនដឹងថាមានវួដ ឬសាខាណាមួយនៅក្បែរទីនោះឬអត់ ។ ខ្ញុំបានអធិស្ឋានទៅកាន់ព្រះវរបិតាសួគ៌ទូលសូមសេចក្តីក្លាហាន ។ ខ្ញុំបានអធិស្ឋានថា ខ្ញុំនឹងមានទំនុកចិត្តដើម្បីការពារជំនឿថ្មីរបស់ខ្ញុំដែលខ្ញុំទើបរកឃើញនោះ ។
ពីរបីថ្ងៃក្រោយមក ខ្ញុំបានជួយមនុស្សមួយចំនួនប្តូរមកនៅទីនេះ ។ ខ្ញុំបានជួបយុវជនម្នាក់ឈ្មោះ ប្រែន ហើយយើងបានក្លាយជាមិត្តភក្តិនឹងគ្នា ។ នៅថ្ងៃមួយ យើងបានដើរក្នុងបរិវេណមហាវិទ្យាល័យ កាលគាត់បានសួរខ្ញុំអំពីផែនការរបស់ខ្ញុំសម្រាប់ថ្ងៃអាទិត្យ ។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងទៅព្រះវិហារ ។
គាត់បានសួរថា « តើបងទៅព្រះវិហារមួយណា ? »
ទោះបីជាខ្ញុំមានអារម្មណ៍ភ័យបុកពោះក្តី ក៏ខ្ញុំបាននិយាយដោយក្លាហានថា « ខ្ញុំទៅសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
ខ្ញុំមានមោទនភាពចំពោះខ្លួនឯងណាស់ ! ខ្ញុំក៏មានការភ័យព្រួយអំពីប្រតិកម្មឆ្លើយតបរបស់ប្រែនដែរ ។ ភ្លាមនោះ ខ្ញុំបានឃើញពួកអ្នកផ្សព្វផ្សាយសាសនា ។ ពីមុនប្រែននិយាយ នោះខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងត្រឡប់មកវិញឥឡូវហើយ ។ ខ្ញុំបានរត់ទៅរកពួកអ្នកផ្សព្វផ្សាយសាសនា ។ ពួកគេមានចិត្តរីករាយជួបខ្ញុំ ហើយប្រាប់ខ្ញុំយ៉ាងលម្អិតនូវព័ត៌មានដែលខ្ញុំត្រូវការដើម្បីទៅព្រះវិហារនៅថ្ងៃបន្ទាប់ ។
ខ្ញុំបានដើរត្រឡប់ទៅរកប្រែនវិញ ហើយបានពន្យល់គាត់នូវរឿងដែលបានកើតឡើង ។ ខ្ញុំក៏បានចែកចាយបន្តិចបន្តួចអំពីសាសនាចក្រជាមួយគាត់ផងដែរ ហើយយើងបានបន្តដើរដោយគ្មានអ្វីខុសប្លែកពីពេលមុនឡើយ លើកលែងតែឥឡូវនេះខ្ញុំមានកម្លាំងចិត្តពេញខ្លួនតែម្តង ។ ខ្ញុំក៏បានទទួលអារម្មណ៍កក់ក្តៅ និងភាពសុខសាន្តដែលមានតែព្រះវិញ្ញាណប៉ុណ្ណោះដែលអាចប្រទានឲ្យបាន ។ ខ្ញុំបានព្រួយបារម្ភពីការនៅឯកោ ហើយមិនដឹងថាព្រះវិហារនៅឯណា ។ ប៉ុន្តែខ្ញុំជឿថា អ្នកផ្សព្វផ្សាយសាសនាទាំងនោះដែលមកចំកន្លែងនៅគ្រានោះគឺជារបៀបរបស់ព្រះវរបិតាសួគ៌ប្រទានពរជ័យដល់ខ្ញុំដោយសារតែការប្រកាសសេចក្តីជំនឿរបស់ខ្ញុំ ។
រយៈពេលជាង ១០ ឆ្នាំបានកន្លងផុតទៅ ហើយចាប់តាំងពីថ្ងៃនោះមក ខ្ញុំពុំដែលភ័យខ្លាចក្នុងការនិយាយថា « ខ្ញុំគឺជាសមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយឡើយ ! »