ពីមួយទំព័រទៅមួយទំព័រថ្លែងទីបន្ទាល់ថា យើងជឿ
ពេលមិត្តភក្តិរបស់ខ្ញុំបាននិយាយថា ពួកមរមនពុំជឿលើព្រះគ្រីស្ទ នោះខ្ញុំបានសម្រេចចិត្តអានព្រះគម្ពីរមរមនតាមរបៀបថ្មីមួយទាំងស្រុង ។
« ពួកមរមនពុំមែនជាពួកគ្រិស្តសាសនិក » ។
សេចក្តីថ្លែងនេះមកពីមិត្តរួមថ្នាក់ម្នាក់នៅវិទ្យាល័យរបស់ខ្ញុំបានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល ។
ខ្ញុំបាននិយាយថា « ប្រាកដណាស់ ពួកយើងគឺជាគ្រិស្តសាសនិក » ។
គាត់បាននិយាយពេលគាត់បានចេញទៅ ដោយពុំទុកឱកាសឲ្យខ្ញុំបានឆ្លើយតបឡើយថា « អញ្ចឹង ហេតុអ្វីអ្នកអានព្រះគម្ពីរមរមន ? » ។
ខ្ញុំបានគិតច្រើនអំពីសំណួររបស់គាត់ ។ ប្រាកដណាស់ ចម្លើយនោះគឺថា ពួកមរមន គឺជា គ្រិស្តសាសនិក ហើយព្រះគម្ពីរមរមន គឺជា សក្ខីយបទមួយទៀតអំពីព្រះយេស៊ូវគ្រីស្ទ ។ យើងអានវាជាមួយព្រះគម្ពីរប៊ីបដើម្បីរៀនបន្ថែមទៀតអំពីព្រះអង្គសង្គ្រោះ ។
ខ្ញុំបានអានព្រះគម្ពីរមរមនកាលពីមុន ។ ខ្ញុំបានដឹងថា វាគឺជាព្រះគម្ពីរពិត ។ ប៉ុន្តែដោយសារតែសំណួររបស់មិត្តភក្តិខ្ញុំ ខ្ញុំមានអារម្មណ៍បំផុសគំនិតឲ្យសិក្សាវាតាមរបៀបថ្មីមួយ ដោយតាមដានថា តើគម្ពីរមរមនថ្លែងញឹកញាប់ប៉ុណ្ណាអំពីព្រះយេស៊ូវគ្រីស្ទ ។ ពេលខ្ញុំធ្វើបែបនោះ ខ្ញុំមានក្តីអស្ចារ្យណាស់ ។
ខ្ញុំស្ទើរតែមិនបើកគម្ពីរផង ពេលខ្ញុំអាននៅលើទំព័រចំណងជើងដែលថា ព្រះគម្ពីរមរមនត្រូវបានសរសេរឡើងដើម្បីបញ្ចុះបញ្ចូលអ្នកអាន « ថាព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះដ៏នៅអស់កល្បជានិច្ច ដែលបានសម្ដែងរូបអង្គទ្រង់ដល់គ្រប់ទាំងសាសន៍ » ។
នៅក្នុងបុព្វកថាព្រះគម្ពីរមរមន ខ្ញុំអានថា « ព្រឹត្តការណ៍ដ៏សំខាន់បំផុត ដែលមានកត់ត្រាទុកក្នុងព្រះគម្ពីរមរមន គឺជាការងារបម្រើនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទផ្ទាល់នៅក្នុងចំណោមពួកសាសន៍នីហ្វៃ បន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញ » ។ វាថ្លែងថា អស់អ្នកដែលទទួលទីបន្ទាល់មកពីព្រះវិញ្ញាណបរិសុទ្ធថា បញ្ជីនេះពិត « ក៏នឹងបានដឹងដោយសារព្រះចេស្ដាដដែលថា ព្រះយេស៊ូវគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក » ។
ខ្ញុំបានបើកទៅ « ទីបន្ទាល់នៃពួកសាក្សីបីនាក់ » ដែលបានថ្លែងថា មានទេវតាមួយអង្គបានបង្ហាញពួកគេនូវផ្ទាំងនោះដែលព្រះគម្ពីរមរមនត្រូវបានបកប្រែចេញមក ហើយថា « យើងដឹងថា ដោយសារព្រះគុណនៃព្រះដ៏ជាព្រះវរបិតា និងព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់របស់យើង យើងបានមើលឃើញ ហើយធ្វើបន្ទាល់ថា អ្វីៗទាំងអស់មានជាការពិតមែន » ។
បន្ទាប់មក « ទីបន្ទាល់នៃព្យាការីយ៉ូសែបស៊្មីធ » បានប្រាប់អំពីការយាងមកជួបរបស់ទេវតាមរ៉ូណៃ ដែលបានថ្លែងថា ព្រះគម្ពីរមរមនមាននូវភាពពោរពេញនៃដំណឹងល្អដ៏នៅអស់កល្បជានិច្ច « ដូចជាព្រះអង្គសង្គ្រោះទ្រង់បានប្រទានឲ្យប្រជាជនជំនាន់ដើម » នៅទ្វីបអាមេរិក ។
អំណាចការប្រែចិត្តជឿនៃព្រះគម្ពីរមរមន ដោយ បិន សូវួដ
ខ្ញុំមិនទាន់បានអានដល់ នីហ្វៃទី១ ផង ខ្ញុំបានរកឃើញភស្តុតាងជាច្រើនរួចទៅហើយ !
ខ្ញុំបានបន្តស្រាវជ្រាវទៀត ។ នៅក្នុងនីហ្វៃទី១ ខ្ញុំបានឃើញថា លីហៃបានដឹងអំពីការយាងមករបស់ព្រះមែស៊ី ( សូមមើល នីហ្វៃទី១ ១:១៩ ) ។ ខ្ញុំបានអានអំពីការព្យាកររបស់លោកអំពីព្រះប្រោសលោះ « ដែលនឹងលោះអំពើបាបទាំងឡាយនៃមនុស្សលោក » ( នីហ្វៃទី១ ១០:១០; សូមមើល ខទី ៤–១០ ) ។ ខ្ញុំបានអានការពិពណ៌របស់នីហ្វៃអំពីការប្រសូតរបស់ព្រះគ្រីស្ទ ការបម្រើរបស់ទ្រង់ ការសុគត ការមានព្រះជន្មរស់ឡើងវិញ និងការយាងទៅទ្វីបអាមេរិកជំនាន់បុរាណនាពេលអនាគត ( សូមមើល នីហ្វៃទី១ ១០–១២ ) ។
ខ្ញុំបានអានការព្យាករដែលថា ព្រះគម្ពីរមរមននឹងបញ្ជាក់សេចក្តីពិតនៃព្រះគម្ពីរប៊ីបថា « កូនចៀមនៃព្រះ គឺជាព្រះរាជបុត្រានៃព្រះវរបិតាដ៏នៅអស់កល្បជានិច្ច ហើយគឺជាព្រះអង្គសង្គ្រោះនៃពិភពលោក ហើយថា មនុស្សទាំងអស់ត្រូវតែមករកព្រះអង្គ បើពុំនោះសោតទេ ពួកគេនឹងពុំបានសង្គ្រោះឡើយ » ( នីហ្វៃទី១ ១៣:៤០ ) ។ ហើយខ្ញុំបានអានទីបន្ទាល់របស់នីហ្វៃថា « គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនិងគ្រប់ទាំងប្រជាជននឹងរស់នៅដោយសុខសាន្តជាមួយនឹងព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ប្រសិនបើពួកគេព្រមប្រែចិត្ត » ( នីហ្វៃទី១ ២២:២៨ ) ។
នៅថ្ងៃបន្ទាប់ខ្ញុំបានអានដល់ទំព័រទី ៥៣ ។ ខ្ញុំទើបតែអានចប់គម្ពីរ មួយ នៃព្រះគម្ពីរមរមនតែប៉ុណ្ណោះ ប៉ុន្តែមានសាក្សីដ៏មានឥទ្ធិពលអ្វីម៉្លេះដែលខ្ញុំបានទទួលរួចទៅហើយ !
នៅប៉ុន្មានសប្តាហ៍បន្ទាប់មក ខ្ញុំបានឃើញថា ពីមួយទំព័រទៅមួយទំព័រមានទីបន្ទាល់អំពីព្រះយេស៊ូវគ្រីស្ទ ការនិមិត្តដែលទ្រង់បានបង្ហាញដល់ពួកព្យាការី និងការពិពណ៌នាលម្អិតនៃការបម្រើរបស់ទ្រង់នៅក្នុងចំណោមពួកអាមេរិកកាំងបុរាណ ។ ខ្ញុំបានបញ្ចប់ការអានរបស់ខ្ញុំជាមួយនឹងទីបន្ទាល់ដ៏មានឥទ្ធិពលរបស់មរ៉ូណៃអំពីព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៩ ) ការអញ្ជើញរបស់លោកឲ្យ « សូមសួរដល់ព្រះជាព្រះវរបិតាដ៏គង់នៅអស់កល្បជានិច្ច នៅក្នុងព្រះនាមនៃព្រះគ្រីស្ទ ប្រសិនបើ [ ព្រះគម្ពីរមរមន ] ពិត » ( មរ៉ូណៃ ១០:៤ ការគូសបញ្ជាក់បានបន្ថែម ) និងការអញ្ជើញដោយទន់ភ្លន់ និងញ៉ាំងដួងចិត្តនៅទំព័រចុងក្រោយឲ្យ « មករកព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៣០, ៣២ ) ។
ខ្ញុំបានឃើញថា ព្រះគម្ពីរមរមន ផ្ទុយពីសេចក្តីថ្លែងរបស់មិត្តរួមថ្នាក់ខ្ញុំទាំងស្រុង ។ ប្រសិនបើពួកគ្រិស្តសាសនិកគឺជាបុគ្គលម្នាក់ដែលជឿលើព្រះយេស៊ូវគ្រីស្ទ នោះពីមួយទំព័រទៅមួយទំព័រនៅក្នុងព្រះគម្ពីរមរមនថ្លែងទីបន្ទាល់ថា « យើងជឿលើទ្រង់មែន ! »
ទីបំផុតខ្ញុំបានឃើញមិត្តភក្តិរបស់ខ្ញុំម្តងទៀត ។ ខ្ញុំបានប្រាប់គាត់អំពីបទពិសោធន៍របស់ខ្ញុំ ហើយអញ្ជើញគាត់ឲ្យអានព្រះគម្ពីរមរមន ។ គាត់បានបដិសេធដោយគួរសម ប៉ុន្តែបាននិយាយថា គាត់រីករាយដែលខ្ញុំទទួលយកព្រះយេស៊ូវជាព្រះអង្គសង្គ្រោះរបស់ខ្ញុំ ។ ហើយបន្ទាប់ពីការពិភាក្សារបស់យើងមក ខ្ញុំគិតថាគាត់បានយល់ច្បាស់ជាងមុននូវអ្វីដែលខ្ញុំចង់និយាយ ពេលខ្ញុំនិយាយថា « ប្រាកដណាស់ ពួកយើងគឺជាគ្រិស្តសាសនិក » ។