បព្វជិតភាពត្រូវកាន់ដោយ ការគោរពដ៏ខ្ពង់ខ្ពស់
អ្នកនិពន្ធរស់នៅ សេនត្រល រីជិន ប្រទេស ហ្គាណា ។
របៀបដែលវិវរណៈឆ្នាំ ១៩៧៨ បានផ្តល់ពរជ័យដល់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ ។
ខ្ញុំបានឮអំពីសាសនាចក្រដំបូង កាលម្តាយខ្ញុំបានចូលរួមក្នុងក្រុមរបស់បងប្រុស យ៉ូសែប ដុប័លយូ ប៊ី ចនសុន ក្នុងឆ្នាំ ១៩៦៨ ។១ ខ្ញុំមានអាយុប្រហែល ១០ ឆ្នាំ ។ មុខជំនួញរបស់ឪពុកខ្ញុំបានធ្លាក់ចុះដោយសារតែការបះបោរនាឆ្នាំ ១៩៦៦ ហើយគ្រួសាររបស់ខ្ញុំបានឆ្លងកាត់គ្រាដ៏លំបាកមួយ ។ ដូច្នេះម្តាយរបស់ខ្ញុំបានគិតថា វាជាការឆ្លាតវៃដើម្បីស្វែងរកជំនួយខាងវិញ្ញាណ ។
ពីមុនវិវរណៈក្នុងឆ្នាំ ១៩៧៨ នោះសាសនាចក្រគ្មានជាផ្លូវការឡើយ ដោយសារបព្វជិតភាពពុំទាន់ត្រូវបានផ្តល់ឲ្យដល់ពួកស្បែកខ្មៅនៅឡើយ ។ បន្ទាប់ពីវិវរណៈនោះមក សាសនាចក្រអាចបង្កើតឡើងដោយមានសិទ្ធិអំណាចបព្វជិតភាព ។ ខ្ញុំបានជ្រមុជទឹកនៅថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ។២
ស្វាមីរបស់ខ្ញុំចំណាយពេលអស់ពីរឆ្នាំក្នុងការសិក្សា — ហើយជាមួយនឹងការឈ្លោះប្រកែកគ្នាបន្តិចបន្តួច — ដើម្បីចូលជាសមាជិកសាសនាចក្រ ។ ទីបំផុតគាត់បានជ្រមុជទឹកនៅក្នុងឆ្នាំ ១៩៨០ បន្ទាប់មកគាត់បានទទួលបព្វជិតភាព ។ គាត់បានក្លាយជាមនុស្សដែលមានចិត្តស្ងប់ខ្លាំង រហូតដល់សមាជិកគ្រួសាររបស់គាត់សឹងពុំជឿលើការផ្លាស់ប្តូរដ៏ខ្លាំងរបស់គាត់ ។ គាត់បានប្រយ័ត្នប្រយែងជាមួយបព្វជិតភាពដែលគាត់បានកាន់ ហើយគាត់ក៏ធ្វើឲ្យប្រាកដផងដែរថា គាត់កំពុងធ្វើកិច្ចការត្រឹមត្រូវចំពោះព្រះភក្ត្រព្រះអម្ចាស់ជានិច្ច ។ គាត់និយាយថា ប្រសិនបើគ្មានបព្វជិតភាពទេនោះគាត់ប្រហែលជាទៅស្វែងរកកិត្តិយស និងសិរីល្អរបស់មនុស្សជាក់ជាពុំខាន ។ ប៉ុន្តែជាមួយនឹងបព្វជិតភាព គាត់បានដឹងថា រឿងដែលសំខាន់បំផុតនោះគឺ អាពាហ៍ពិពាហ៍របស់អ្នក គេហដ្ឋានរបស់អ្នក ក្រុមគ្រួសាររបស់អ្នក និងការបម្រើដល់មនុស្សដទៃ ។
នៅក្នុងប្រពៃណីប្រទេសរបស់យើង ប្រសិនបើអ្នកគឺជាឪពុក នោះអ្វីដែលអ្នកនិយាយត្រូវតែកើតឡើង ។ ប៉ុន្តែយើងមិនប្រើប្រាស់បព្វជិតភាពតាមរបៀបនោះទេ ។ យើងអង្គុយជាមួយគ្នានៅក្នុងក្រុមប្រឹក្សាគ្រួសារ ។ ពួកឪពុកជួយភរិយា និងកូនៗរបស់ពួកគាត់ឲ្យយល់ថា អ្វីដែលគាត់កំពុងបង្រៀនដល់ពួកគេគឺត្រឹមត្រូវ ។
ពួកបុរសដែលជាសមាជិកសាសនាចក្របម្រើភរិយារបស់ពួកគេ ជាជាងឲ្យភរិយាពួកគេបម្រើខ្លួន ។ ការណ៍នេះនាំឲ្យពួកគេមានសេចក្ដីស្រឡាញ់ និងមានភាពសុខសាន្តជាមួយគ្នា ។
នៅពេលដំបូងដែលខ្ញុំបានឃើញគាត់ប្រសិទ្ធពរសាក្រាម៉ង់គឺនៅអំឡុងពេល « ការដាក់កំហិត » ដោយសារយើងបានធ្វើការប្រជុំសាក្រាម៉ង់របស់យើងនៅក្នុងផ្ទះរបស់យើងផ្ទាល់ ។៣ យើងមានអារម្មណ៍អស្ចារ្យយ៉ាងខ្លាំង ពេលគាត់បានកាន់បព្វជិតភាពនាគ្រានោះ ។ គ្មាននរណាម្នាក់មកផ្ទះរបស់យើងដើម្បីប្រសិទ្ធពរសាក្រាម៉ង់សម្រាប់យើងឡើយ គឺគាត់ជាអ្នកធ្វើពិធីនោះ ។ វាពិតជាពិសេសណាស់ ហើយយើងចូលចិត្តរឿងនោះ ។
ពេលដំបូងដែលខ្ញុំបានអានអត្ថបទស្តីពីការពុំអនុញ្ញាតឲ្យពួកស្បែកខ្មៅកាន់បព្វជិតភាពគឺនៅអំឡុងពេលនៃការដាក់កំហិតនោះ គឺជាពេលដែលអត្ថបទនៃពួកប្រឆាំងនឹងពួកមរមនបានចាប់ផ្តើមរីកសុះសាយជាសារធារណៈ ។ វាពុំរំខានចិត្តខ្ញុំខ្លាំងទេ ដោយសារខ្ញុំដឹងថា សាសនាចក្រនេះពិត ។ យើងត្រូវបានបង្រៀនមិនឲ្យពឹងផ្អែកលើនរណាម្នាក់ឡើយ ប៉ុន្តែត្រូវផ្តោតជីវិតរបស់យើងទៅលើព្រះយេស៊ូវគ្រីស្ទ និងដង្វាយធួនរបស់ទ្រង់ ។ នោះជាអ្វីដែលសេចក្តីជំនឿរបស់ខ្ញុំផ្តោតទៅលើ ។
នៅថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ១៩៩៦ យើងបានទៅព្រះវិហារបរិសុទ្ធយ៉ូហាណែសស្បើក អាហ្វ្រិកខាងត្បូង ។ ខ្ញុំមានអារម្មណ៍រំភើប ជាពិសេសពេលខ្ញុំបានឮថា កូនដំបូងរបស់យើងជាកូនប្រុសដែលបានស្លាប់បន្ទាប់ពីកើតបានពីរបីថ្ងៃនោះនឹងត្រូវផ្សារភ្ជាប់ជាមួយពួកយើង ។ ខ្ញុំបានគិតថា គាត់បានស្លាប់ ហើយទៅបាត់រហូតហើយ ទោះជាខ្ញុំបានដឹងថា គាត់គ្មានបាបក្ដី ។ ប៉ុន្តែកាលដែលយើងបានផ្សារភ្ជាប់ជាមួយនឹងគាត់នាពេលនោះគឺជាបទពិសោធន៍ខាងវិញ្ញាណមួយដែលខ្ញុំនឹងពុំភ្លេចឡើយ ។
ដូច្នេះពេលគេសួរខ្ញុំថា តើពួកយើងមានកូនប៉ុន្មាននាក់ នោះខ្ញុំប្រាប់ពួកគេថា យើងមានកូនប្រាំបីនាក់ ។ ពួកគេបានសួរថា « ប្រាំបីនាក់យ៉ាងម៉េចទៅ ? » ខ្ញុំនិយាយថា « ចាស៎ កូនច្បងរបស់យើងកំពុងរង់ចាំយើង ដូច្នេះវាស្រេចលើយើងដើម្បីគោរពតាមបទបញ្ញត្តិរបស់ព្រះ ហើយរស់នៅតាមបទបញ្ញត្តិទាំងនោះ ដើម្បីឲ្យយើងអាចត្រឡប់ទៅវិញ ហើយរស់នៅរួមគ្នាជាគ្រួសារមួយ » ។
បព្វជិតភាពគឺជាអំណាចរបស់ព្រះ ។ ខ្ញុំបានទទួលពរជាច្រើនមកពីបព្វជិតភាព ។ ខ្ញុំមានអារម្មណ៍រីករាយ និងលើកស្ទួយជានិច្ច នៅពេលកូនៗសូមការប្រសិទ្ធពរបព្វជិតភាពពីឪពុករបស់ពួកគេ ។ ដូច្នេះខ្ញុំដឹងថា ពួកគេទុកចិត្តគាត់ ហើយពួកគេទុកចិត្តថា ព្រះវរបិតាសួគ៌ធ្វើការតាមរយៈឪពុករបស់ពួកគេដែលកាន់បព្វជិតភាពនោះ ។ យើងកាន់បព្វជិតភាពដោយការគោរពដ៏ខ្ពង់ខ្ពស់នៅក្នុងផ្ទះរបស់យើង ។ ឥឡូវនេះកូនប្រុសបីនាក់របស់ពួកយើងបានរៀបការរួច ហើយពួកគេកំពុងប្រើប្រាស់បព្វជិតភាពនៅក្នុងក្រុមគ្រួសាររបស់ពួកគេ ។
ខ្ញុំដឹងថា បព្វជិតភាពគឺពិត ដោយសារវាគឺជាអំណាចរបស់ព្រះ ហើយវាជាអំណាចដ៏រស់រវើកមួយ ដោយសារព្រះវរបិតាសួគ៌មានព្រះជន្មរស់នៅ ។ ទ្រង់បានប្រទានអំណាចនោះមួយចំណែកឲ្យពួកបុរសរបស់ទ្រង់នៅលើផែនដី ។ យើងជាស្ត្រីមានចំណែកមួយនៅក្នុងបព្វជិតភាព ។ ខ្ញុំបានកាន់វាដោយការគោរពដ៏ខ្ពង់ខ្ពស់ ។ បព្វជិតភាពបានជួយគ្រួសាររបស់យើង ហើយវាបន្តធ្វើដូច្នេះ ។