វិវរណៈសម្រាប់ជំនាន់របស់យើង
ការចងចាំរបស់ពួកព្យាការី និងពួកសាវកអំពីវិវរណៈឆ្នាំ ១៩៧៨
ពួកឌីកុននៅក្នុងទីក្រុង មែននុស ប្រទេស ប្រេស៊ីល ចែកសាក្រាម៉ង់ ។ ដោយសារតែវិវរណៈឆ្នាំ ១៩៧៨ នោះអ្នកកាន់បព្វជិតភាពដ៏សក្តិសមមកពីសាសន៍ណាក៏អាចបម្រើនៅក្នុងពិធីបរិសុទ្ធបព្វជិតភាពបានដែរ ។
ការស្វែងរក
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ )
ប្រធានទី ១២ នៃសាសនាចក្រ
« ពីមួយថ្ងៃទៅមួយថ្ងៃ ខ្ញុំបានដើរម្នាក់ឯងដោយមានទឹកចិត្តមាំមួន និងភាពម៉ឺងម៉ាត់ទៅឯបន្ទប់ជាន់លើនៃព្រះវិហារបរិសុទ្ធ ហើយនៅទីនោះ ខ្ញុំបានថ្វាយព្រលឹងរបស់ខ្ញុំ និងបានថ្វាយការខិតខំប្រឹងរបស់ខ្ញុំដើម្បីនាំឲ្យកម្មវិធីនេះដើរទៅមុខ ។ ខ្ញុំចង់ធ្វើនូវអ្វីដែល [ ព្រះ ] សព្វព្រះទ័យ ។ …
យើងបានមានបទពិសោធន៍ដ៏រុងរឿងដែលព្រះអម្ចាស់បង្ហាញយ៉ាងច្បាស់ថា វាដល់ពេលដែលពួកបុរស និងស្ត្រីសក្តិសមទាំងអស់នៅគ្រប់ទីកន្លែងអាចក្លាយជាអ្នកទទួលមរតក និងជាអ្នកទទួលទាននូវពរជ័យដ៏ពេញលេញនៃដំណឹងល្អហើយ ។ ខ្ញុំចង់ឲ្យបងប្អូនដឹងថា ក្នុងនាមជាសាក្សីពិសេសម្នាក់របស់ព្រះអង្គសង្គ្រោះ ខ្ញុំមានអារម្មណ៍នៅជិតទ្រង់ និងព្រះវរបិតាសួគ៌យើងយ៉ាងខ្លាំង កាលខ្ញុំបានទៅបន្ទប់ជាន់លើនៅក្នុងព្រះវិហារបរិសុទ្ធជាច្រើនដង ហើយនៅថ្ងៃខ្លះខ្ញុំទៅ ហើយនៅតែឯងជាច្រើនដង ។ ព្រះអម្ចាស់បានបង្ហាញដល់ខ្ញុំយ៉ាងច្បាស់នូវអ្វីដែលត្រូវធ្វើ » ។
Teachings of Presidents of the Church: Spencer W. Kimball ( ឆ្នាំ ២០០៦ ) ទំព័រ ២៣៨, ២៣៩ ។
ការអធិស្ឋាន
ប្រធាន ថូម៉ាស អេស ម៉នសុន ( ១៩២៧–២០១៨ )
ប្រធានទី ១៦ នៃសាសនាចក្រ
« នៅពេលរៀបបញ្ចប់ការប្រជុំជាមួយគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់យើងបានមានការអធិស្ឋានពិសេសមួយនៅទីអាសនា [ នៅក្នុងព្រះវិហារបរិសុទ្ធ ] ដែលប្រធាន ឃឹមបលជាអ្នកពោលពាក្យអធិស្ឋាននោះ ។ លោកបានទូលអង្វរដល់ព្រះអម្ចាស់សូមនូវពន្លឺ និងចំណេះដឹងស្តីពីបញ្ហានេះ ដែលមានលទ្ធផលរីកចម្រើនទាក់ទងនឹងមនុស្សជាច្រើនជំនាន់ ។ វាគឺជាប្រភពមួយនៃការលួងលោមដ៏អស្ចារ្យដល់ពួកបងប្អូនប្រុសដើម្បីស្តាប់ឮការទូលអង្វរដ៏រាបសារបស់លោក ពេលលោកបានស្វែងរកការណែនាំនៅក្នុងការហៅបម្រើដ៏ឧត្តមរបស់លោក ។ …
បន្ទាប់មកគណៈប្រធានទីមួយបានបង្ហាញការដឹងគុណថា ‹ វិញ្ញាណនៃភាពសុខសាន្ត និងសាមគ្គីភាពដែលកើតមានឡើងនៅក្នុងការប្រជុំនេះ …គឺអស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមក ហើយថាវា [ គឺជា ] ភស្តុតាងថា ព្រះអម្ចាស់សព្វព្រះទ័យជាមួយនឹងការសម្រេចចិត្តរបស់ពួកយើង › ។ …
… វាគឺជាគ្រានៃអំណរ ដ្បិតយើងបានស្តាប់ឮព្យាការីរបស់ព្រះអម្ចាស់បានប្រកាសអំពីការបើកសម្តែងវិវរណៈរបស់ព្រះអម្ចាស់សម្រាប់ជំនាន់នេះ » ។
នៅក្នុង ហេឌី អេស ស្វីនតុន To the Rescue: The Biography of Thomas S. Monson ( ឆ្នាំ ២០១០ ) ទំព័រ ៣៩៣ ។
វិវរណៈ
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ១៩១៥–១៩៨៥ )
ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់
« ព្រះអម្ចាស់នៅក្នុងព្រះប្រាជ្ញារបស់ទ្រង់បានចាក់ស្រោចព្រះវិញ្ញាណបរិសុទ្ធមកលើគណៈប្រធានទីមួយ និងពួកដប់ពីរនាក់ ។ … វិវរណៈនេះបានកើតមានដល់ប្រធានសាសនាចក្រ ហើយវាក៏កើតមានដល់បុគ្គលម្នាក់ៗដែលមានវត្តមាននៅទីនោះផងដែរ ។ មានសមាជិកដប់នាក់នៃក្រុមប្រឹក្សាក្នុងពួកដប់ពីរនាក់ និងបីនាក់ក្នុងគណៈប្រធានទីមួយបាននៅទីនោះប្រជុំគ្នា ។ ជាលទ្ធផលប្រធាន ឃឹមបលបានដឹង ហើយពួកយើងម្នាក់ៗបានដឹង ដោយឯករាជ្យពីបុគ្គលផ្សេងៗតាមរយៈវិវរណៈដោយផ្ទាល់ និងផ្ទាល់ខ្លួនចំពោះពួកយើងថា ពេលនេះគឺជាពេលដែលត្រូវពង្រីកដំណឹងល្អ និងពរជ័យទាំងអស់របស់ដំណឹង និងកាតព្វកិច្ចទាំងអស់របស់ដំណឹងល្អ រួមទាំងបព្វជិតភាព និងពរជ័យនៃដំណាក់របស់ព្រះអម្ចាស់ឲ្យមានដល់អស់គ្រប់ទាំងសាសន៍ វប្បធម៌ និងពូជសាសន៍រួមទាំងពួកស្បែកខ្មៅផងដែរ ។ គ្មានចម្ងល់ចំពោះអ្វីដែលបានកើតឡើង ឬពាក្យពេចន៍ និងសារលិខិតដែលកើតមានឡើងឡើយ » ។
« All Are Alike unto God » ( ការប្រជុំធម្មនិដ្ឋាន សាកលវិទ្យាល័យ ព្រីកហាំ យ៉ង់ ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១៩៧៨ ) ទំព័រ ៤ គេហទំព័រ speeches.byu.edu ។
ការធានាអះអាង
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ )
ប្រធានទី ១៥ នៃសាសនាចក្រ
« វាគឺជាបរិយាកាសដ៏សក្ដ័សិទ្ធិ និងបរិសុទ្ធមួយនៅក្នុងបន្ទប់នោះ ។ សម្រាប់ខ្ញុំ វាមានអារម្មណ៍ដូចជាទ្វារមួយបានបើកចំហររវាងបល្ល័ង្កស្ថានសួគ៌ និងព្យាការីព្រមទាំងបងប្អូនប្រុសរបស់លោកដែលបានលុតជង្គង់ចុះអង្វរសុំ ។ ព្រះវិញ្ញាណនៃព្រះបាននៅទីនោះ ។ ហើយដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ នោះវាបានកើតឡើងដល់ព្យាការីថា មានការអះអាងមួយអំពីរឿងដែលលោកបានអធិស្ឋានសុំនោះថាជាការណ៍ត្រឹមត្រូវ ថាពេលវេលាបានមកដល់ហើយ ហើយថាឥឡូវនេះ ពរជ័យដ៏មហិមានៃបព្វជិតភាពគួរត្រូវពង្រីកដល់បុរសដ៏សក្ដិសមគ្រប់រូបនៅគ្រប់ទីកន្លែង ដោយមិនគិតពីពូជអំបូរឡើយ ។
ដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ បុរសគ្រប់រូបដែលនៅក្នុងរង្វង់នោះបានដឹងរឿងនោះដូចគ្នា ។ …
… បន្ទាប់ពីពេលនោះមក ពុំមាននរណាម្នាក់នៃពួកយើងដែលមានវត្តមាននៅក្នុងឱកាសនោះនៅដូចមុនទៀតឡើយ ។ ហើយសាសនាចក្រក៏លែងដូចមុនដែរ » ។
« Priesthood Restoration » Ensign ខែ តុលា ឆ្នាំ ១៩៨៨ ទំព័រ ៧០ ។