គោលការណ៍នៃការងារបម្រើ
រឿងប្រាំយ៉ាងដែលអ្នកស្ដាប់ដ៏ល្អធ្វើ
ការស្ដាប់ដ៏ពិតប្រាកដនឹងជួយអ្នកដឹងរបៀបជួយបំពេញសេចក្ដីត្រូវការខាងវិញ្ញាណ និងខាងសាច់ឈាមរបស់មនុស្សដទៃទៀត ដូចជាព្រះអង្គសង្គ្រោះនឹងធ្វើ ។
អែលឌើរ ជែហ្វ្រីអ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានមានប្រសាសន៍ថា « ប្រហែលអ្វីមួយដែលកាន់តែសំខាន់ជាងការនិយាយនោះ គឺការស្តាប់ ។ … ប្រសិនបើយើងស្តាប់ដោយសេចក្តីស្រឡាញ់ នោះយើងពុំត្រូវការគិតអំពីអ្វីដែលត្រូវនិយាយឡើយ ។ វានឹងប្រទានដល់យើង — តាមរយៈព្រះវិញ្ញាណ » ។១
ការស្ដាប់គឺជាជំនាញមួយដែលយើងអាចរៀនសូត្រ ។ ការស្ដាប់បង្ហាញសេចក្ដីស្រឡាញ់របស់យើងចំពោះមនុស្សដទៃ វាជួយបង្កើតទំនាក់ទំនងដ៏រឹងមាំ ហើយយាងអញ្ជើញព្រះវិញ្ញាណឲ្យប្រទានពរយើងជាមួយនឹងអំណោយទាននៃការយល់ដឹង ដើម្បីជួយយើងឲ្យយល់អំពីសេចក្ដីត្រូវការរបស់មនុស្សដទៃទៀត ។២ នេះគឺជាវិធីប្រាំយ៉ាងដែលយើងអាចកែលម្អរបៀបដែលយើងស្ដាប់ ។
១. ទុកពេលឲ្យពួកគេ
មនុស្សជាច្រើនត្រូវការពេលវេលាដើម្បីប្រមូលផ្ដុំគំនិតពីមុននិយាយ ។ សូមទុកពេលឲ្យពួកគេដើម្បីគិតទាំងពីមុននិងក្រោយពួកគេនិយាយអ្វីមួយ ( សូមមើលយ៉ាកុប ១:១៩ ) ។ ដោយសារតែពួកគេបញ្ចប់ការនិយាយពុំមែនមានន័យថា ពួកគេបាននិយាយអ្វីៗដែលពួកគេចង់និយាយនោះទេ ។ សូមកុំខ្លាចនឹងភាពស្ងៀមស្ងាត់ ( សូមមើលយ៉ូប ២:១១–៣:១ និង អាលម៉ា ១៨:១៤–១៦ ) ។
២. ផ្ដោតយកចិត្តទុកដាក់
យើងគិតលឿនជាងមនុស្សដទៃនិយាយទៅទៀត ។ សូមទប់ខ្លួនកុំឲ្យធ្វើការសន្និដ្ឋាន ឬគិតទុកជាមុនទៅលើអ្វីដែលអ្នកនឹងនិយាយ នៅពេលពួកគេនិយាយចប់ឡើយ ( សូមមើល សុភាសិត ១៨:១៣ ) ។ ផ្ទុយទៅវិញ សូមស្ដាប់ដោយមានបំណងចង់យល់ដឹង ។ ចម្លើយរបស់អ្នកនឹងបានប្រសើរឡើង ដោយសារវាទទួលបានព័ត៌មានតាមរយៈការយល់ដឹងដ៏ស៊ីជម្រៅ ។
៣. បញ្ជាក់ឡើងវិញ
សូមកុំខ្លាចដើម្បីសួរសំណួរបញ្ជាក់អំពីអ្វីមួយដែលអ្នកមិនយល់ ( សូមមើលម៉ាកុស ៩:៣២ ) ។ ការបញ្ជាក់ឡើងវិញកាត់បន្ថយការយល់ខុស ហើយវាបង្ហាញចំណាប់អារម្មណ៍របស់អ្នកលើអ្វីដែលបានលើកឡើង ។
៤. សញ្ជឹងគិត
សូមនិយាយឡើងវិញនូវអ្វីដែលអ្នកស្ដាប់ឮ និងរបៀបដែលអ្នកយល់អំពីអារម្មណ៍របស់មនុស្សដទៃទៀត ។ ការណ៍នេះជួយពួកគេឲ្យដឹងថាតើមានមនុស្សយល់អំពីពួកគេ ហើយផ្ដល់ឱកាសឲ្យពួកគេបញ្ជាក់ឡើងវិញដែរឬទេ ។
៥. ស្វែងរកចំណុចរួម
អ្នកប្រហែលជាមិនយល់ស្របនឹងអ្វីៗដែលបានលើកឡើងឡើយ ប៉ុន្តែយល់ស្របនឹងអ្វីដែលអ្នកធ្វើបាន ដោយគ្មានការបង្ហាញខុសអំពីអារម្មណ៍របស់អ្នក ។ ការយល់ស្របអាចជួយរំសាយនូវការព្រួយបារម្ភ និងការការពារខ្លួន ( សូមមើលម៉ាថាយ ៥:២៥ ) ។
ប្រធានរ័សុល អិម ណិលសុន បានបង្រៀនថា យើងគួរ « រៀនស្ដាប់ ហើយស្ដាប់ដើម្បីរៀនពីគ្នាទៅវិញទៅមក » ។៣ នៅពេលអ្នកស្ដាប់ដោយមានចេតនាចង់រៀនអំពីមនុស្សដទៃទៀត អ្នកនឹងស្ថិតនៅក្នុងកន្លែងដ៏ប្រសើរមួយដើម្បីយល់អំពីសេចក្ដីត្រូវការរបស់ពួកគេ ហើយស្ដាប់ការបំផុសគំនិតអំពីរបៀបដែលអ្នកអាចមើលថែដល់មនុស្សនៅជុំវិញខ្លួនអ្នក ដូចជាព្រះអង្គសង្គ្រោះនឹងធ្វើដែរ ។
ការស្ដាប់គឺជាសេចក្ដីស្រឡាញ់
ដំណើររឿងមួយមកពីអែលឌើរ ហូឡិន បានឆ្លុះបញ្ចាំងអំពីអនុភាពនៃការស្ដាប់ ៖
« មិត្តរបស់ខ្ញុំ ត្រយ រ៉ាស់សល បានបើកឡានរបស់គាត់យឺតៗចេញពីយាន្តដ្ឋានរបស់គាត់ … គាត់មានអារម្មណ៍ថាកង់ក្រោយរបស់គាត់កិនអ្វីមួយ ។ … នោះគាត់បានចុះទៅក៏ឃើញកូនប្រុសអាយុប្រាំបួនឆ្នាំដ៏មានតម្លៃរបស់គាត់ ឈ្មោះ អូស្ទីន ដេកផ្កាប់មុខនៅលើផ្លូវដើរ … អូស្ទីន ស្លាប់ទៅហើយ ។
« ត្រយ ពុំស្រណុកចិត្ត មិនអាចដេកលក់ ឬមានភាពសុខសាន្ដឡើយ ។ … ប៉ុន្តែនៅក្នុងការរងទុក្ខដ៏ឈឺចាប់នោះ មានកម្លាំងប្រោសលោះបានកើតឡើង … ចន ម៉េននីង ។
« ខ្ញុំពិតជាមិនដឹងថា ចន និងដៃគូវ័យក្មេងរបស់គាត់ដាក់កាលវិភាគយ៉ាងណាដើម្បីទៅសួរសុខទុក្ខផ្ទះគ្រួសារ រ៉ាស់សល ទេ ។ … អ្វីដែលខ្ញុំដឹងគឺថា កាលពីនិទាឃរដូវមុន បងប្រុស ម៉េននីង បានឈោងទៅជួយ ត្រយរ៉ាស់សល ឡើងចេញពីសោកនាដកម្មនៅច្រកផ្លូវនោះ ដូចជាគាត់លើកកូនប្រុសតូច អូស្ទីន ដោយខ្លួនគាត់ដែរ ។ ដូចជា … បងប្រុសក្នុងដំណឹងល្អ ចន បានធ្វើការមើលថែខាងបព្វជិតភាព ហើយថែរក្សាត្រយ រ៉ាស់សល ។ គាត់បានចាប់ផ្ដើមដោយនិយាយថា ‹ ត្រយ, អូស្ទីន ចង់ឲ្យអ្នកក្រោកឡើង — ទៅកន្លែងលេងបាល់បោះ — ដូច្នេះខ្ញុំនឹងមកទីនេះរាល់ព្រឹកនៅម៉ោង ៥:១៥ នាទីព្រឹក។ ចូរត្រៀមខ្លួនឲ្យស្រេច …› ។
« ក្រោយមក ត្រយ បានប្រាប់ខ្ញុំថា ‹ ខ្ញុំមិនចង់ទៅទេ ព្រោះខ្ញុំតែងតែនាំអូស្ទីន ទៅជាមួយរាល់ព្រឹក ។ … ប៉ុន្ដែចន នៅតែទទូច ដូច្នេះខ្ញុំបានទៅ ។ ចាប់ពីថ្ងៃដំបូងនោះមក យើងបាននិយាយគ្នា — ឬខ្ញុំនិយាយ ហើយចន បានស្ដាប់ ។ … ដំបូងវាមានការលំបាក ប៉ុន្តែយូរៗទៅ ខ្ញុំបានដឹងថា ខ្ញុំទទួលបានកម្លាំងនៅក្នុងទម្រង់ជា [ ចន ម៉េននីង ] ដែលស្រឡាញ់ខ្ញុំ ហើយស្ដាប់ខ្ញុំ រហូតដល់ព្រះអាទិត្យបានរះឡើងក្នុងជីវិតខ្ញុំសារជាថ្មី › » ។៤