២០១៨
ទីកន្លែង​របស់​យើង
ខែ មិថុនា ឆ្នាំ ២០១៨


ទីកន្លែង​របស់​យើង

រំជួល​ចិត្ត​ដោយ​សារ​ប្រសាសន៍​របស់​ព្យាការី​នៅរស់​

seeing the prophet

រចនា​រូបភាព​ដោយ ជេ. ប៊េត ចិបសុន

កាល​ខ្ញុំ​អាយុ ១៥ ឆ្នាំ ខ្ញុំ​បានឃើញ​អ្នក​ផ្សព្វផ្សាយ​ពីរ​នាក់​នៅ​មុខ​ផ្សារ​ទំនើប​មួយ​ ។ មាន​អ្នក​ផ្សព្វផ្សាយ​ម្នាក់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ទៅ​ព្រះវិហារ ។ ខ្ញុំ​ពុំ​បាន​ចាប់​អារម្មណ៍​ឡើយ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា « ប្រហែល​ជា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ទៅ » ហើយ​ខ្ញុំ​បាន​ដើរ​ចេញ​ពី​ពួកគេ​ទៅ ។

នៅ​ថ្ងៃ​បន្ទាប់​មក ម្តាយ​មីង​ខ្ញុំ​បាន​ទូរសព្ទ​មក ហើយ​សូម​ឲ្យ​ម្តាយ​ខ្ញុំ​មក​ផ្ទះ​របស់​គាត់​ដើម្បី​ស្តាប់​សារ​លិខិត​ពិសេស​មួយ ។ ម្តាយ​ខ្ញុំ​ និង​ខ្ញុំ​បាន​ទៅ ហើយ​បាន​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដដែល​ ដែល​ខ្ញុំ​បាន​ឃើញ​កាលពី​មួយ​ថ្ងៃ​មុន​នោះ​អង្គុយ​នៅ​ក្នុង​ផ្ទះ​ម្តាយ​មីង​ខ្ញុំ ! ម្តាយ​របស់​ខ្ញុំ​បានចាប់​អារម្មណ៍​នឹង​សារលិខិត​របស់​ពួកគេ ហើយ​ខ្ញុំ​បាន​ចាប់ផ្តើម​ស្តាប់​ផងដែរ ។ ប៉ុន្តែ ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​សួរ​ខ្ញុំ​ ប្រសិន​បើ​ខ្ញុំ​ជឿ​លើ​ព្យាការី​នៅរស់ ខ្ញុំ​បាន​តប​យ៉ាង​ម៉ឹងម៉ាត់​ថា ខ្ញុំ​មិន​ជឿ​ឡើយ ។ អែលឌើរ​ម្នាក់​បាន​លើក​រូបភាព​របស់​ប្រធាន ថូម៉ាស អេស ម៉នសុន ហើយ​ថ្លែង​ទីបន្ទាល់​ថា ប្រធាន ម៉នសុន​គឺ​ជា​ព្យាការី ។ ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មក​សន្និសីទ​ទូទៅ​នៅ​ថ្ងៃ​បន្ទាប់ ដើម្បី​សម្រេច​ចិត្ត​ជឿ​រឿង​នោះ​ដោយ​ខ្លួន​ខ្ញុំ ។ ដោយ​ការចង់​ដឹង ខ្ញុំ​បាន​យល់​ព្រម​ទៅសន្និសីទ​នោះ ។

នៅ​ថ្ងៃ​បន្ទាប់​មក យើង​បាន​ទៅ​ដល់​សាលា​ជំនុំ ពេល​ការអធិស្ឋាន​បើក​ទើប​តែ​ចប់ ។ ពេល​ខ្ញុំ​ដើរ​ចូល​ទៅក្នុង​បន្ទប់​នោះ ខ្ញុំ​បាន​ឃើញ​ប្រធាន ម៉នសុន ផុស​ឡើង​នៅ​លើ​អេក្រង់​ទូរទស្សន៍ ។ លោក​បាន​ញញឹម ហើយ​ថ្លែង​ថា « បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ស្វាគមន៍​បងប្អូន … »

ពេល​ដែល​ប្រធាន ម៉នសុន បាន​បើក​មាត់​របស់​លោក អារម្មណ៍​ដ៏​ខ្លាំង​មួយ​បាន​ផុស​ក្នុង​ចិត្ត​ខ្ញុំ ដោយ​បញ្ជាក់​ថា លោក​គឺ​ជា​ព្យាការី​របស់​ព្រះ ។ នៅចុង​បញ្ចប់​នៃ​សន្និសីទ ខ្ញុំ​បាន​ប្រាប់​អ្នក​ផ្សព្វផ្សាយ​សាសនា​ថា « ខ្ញុំ​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក » ។ ក្រោយ​មក ខ្ញុំ​បាន​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​បាន​បង្រៀន​មនុស្ស​ដទៃ​ជា​ច្រើន​ទៀត​អំពី​សេចក្តីពិត​ដ៏អស្ចារ្យ​នៃ​ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​នោះ ។

ខ្ញុំ​ដឹង​ថា ព្រះ​ប្រទានពរ​ដល់​ពួក​យើង​ដោយ​ហៅ​ព្យាការី​សារ​ជា​ថ្មី​ម្តង​ទៀត ។ ព្រះ​ស្រឡាញ់ពួកយើង ហើយ​មានបន្ទូល​មក​កាន់​ពួកគេ​តាមរយៈ​ព្យាការី​សម័យ​ទំនើប​នេះ ។

ម៉ាយខុន ប៊ី ទីក្រុង សៅ ប៉ូឡូ ប្រទេស ប្រេស៊ីល

ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស

holding a Book of Mormon

អំឡុងពេល​ចូលរៀន​នៅ​សាលា​ដែល​ខ្ញុំ​ត្រូវ​រស់នៅ​ក្នុង​សាលារៀន ខ្ញុំ​បាន​ស្នាក់នៅ​បន្ទប់​ជាមួយ​សិស្ស​ផ្សេងៗ​ទៀត ។ ខ្ញុំបាន​ព្យាយាម​យ៉ាង​អស់​ពី​សមត្ថភាព​ដើម្បី​រស់នៅ​តាម​គោលការណ៍​នៃ​ដំណឹង​ល្អ ដោយ​អធិស្ឋាន និង​សិក្សា​ព្រះគម្ពីរ​ជា​រឿយៗ ។

នៅ​ថ្ងៃ​មួយ មិត្តភក្តិ​រួម​ថ្នាក់​របស់​ខ្ញុំ បាន​ឃើញ​ខ្ញុំ​សិក្សា​ព្រះគម្ពីរ​មរមន​នៅ​លើ​គ្រែ​របស់​ខ្ញុំ ។ គាត់​បាន​ចាប់ផ្តើម​និយាយ​ទាំង​កំហឹង​នូវ​អ្វីៗ​ទាំងអស់​ដែល​គាត់​បាន​គិត​ថា សាសនាចក្រ​របស់​ខ្ញុំ​ខុស​ឆ្គង ។ ក្រោយ​មក គាត់​បាន​ប្រាប់​មនុស្ស​ផ្សេង​ទៀត​នៅក្នុង​បន្ទប់​នោះ​អំពី​ជំនឿ « ​ចម្លែក » របស់​ខ្ញុំ ។ មិត្តភក្តិ​រួម​ថ្នាក់​មួយ​ចំនួន​បាន​ចាប់ផ្តើម​សើច​ចំអក​ដល់​ខ្ញុំ និង​សាសនា​របស់​ខ្ញុំ អ្នក​ផ្សេង​ទៀត​បាន​គេច​មុខ​មិន​ចង់​ជួប​ខ្ញុំ ។ ទីបំផុត​ខ្ញុំ​បាន​លាក់​គម្ពីរ​មរមន​នៅ​ក្រោម​ប្រអប់​សម្លៀក​បំពាក់​ខ្ញុំ ហើយ​សិក្សា​តែ​ព្រះគម្ពីរ​ប៊ីប ដើម្បី​ឲ្យ​មិត្តរួម​ថ្នាក់​របស់​ខ្ញុំ​ឈប់​ចំអក​ឡកឡឺយ​ដាក់​ខ្ញុំ​ទៀត ។

ខ្ញុំ​បាន​សិក្សា​ព្រះគម្ពីរ​ប៊ីប​រហូត​ដល់​ខ្ញុំ​អានចំ រ៉ូម ១:១៦ ដែល​ប្រកាស​ថា ៖ « ដ្បិត​ខ្ញុំ​គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ ពី​ព្រោះ​ជា​ព្រះចេស្តា​នៃ​ព្រះ សម្រាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ណា​ដែល​ជឿ » ។ ខ្ញុំ​បាន​ដឹង​ថា ការលាក់ព្រះគម្ពីរ​មរមន​ គឺ​ខ្ញុំ​កំពុងបង្ហាញ​មិត្តរួមថ្នាក់​របស់​ខ្ញុំ​ថា ខ្ញុំ​កំពុង​ខ្មាស​អំពី​សេចក្តីជំនឿ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ដកយក​ព្រះគម្ពីរ​មរមន​ខ្ញុំ​មក​វិញ ហើយ​ទូល​សូម​ការអភ័យទោស​ពី​ព្រះវរបិតាសួគ៌ ។ បន្ទាប់​មក ខ្ញុំ​បាន​ទៅ​រក​មិត្តភក្តិ​របស់​ខ្ញុំ ហើយ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។ ពួកគេ​ស្ទើរតែ​ទាំងអស់​គ្នា​បាន​ឈប់​និយាយ​មើល​ងាយ​ខ្ញុំ ហើយ​បាន​ក្លាយ​ជា​មិត្ត​នឹង​ខ្ញុំ​ម្តង​ទៀត ។

ខ្ញុំ​ដឹង​ថា ព្រះ​យល់​ពី​ការសាកល្បង​ដែល​យើង​ជួប ។ នៅពេល​យើងការពារ​ជំនឿ​របស់​យើង ហើយ​បង្ហាញ​ថា យើង​ « គ្មាន​សេចក្តី​ខ្មាស ចំពោះ​ដំណឹង​ល្អ​នៃ​ព្រះគ្រីស្ទ​ទេ » នោះ​ទ្រង់​នឹង​ប្រទាន​ព្រះចេស្តា​ ការការពារ និង​ការណែនាំ​របស់​ទ្រង់​ដល់​យើង ។

ប៉ាមេឡា អូ អាប៊ូហា ប្រទេស នីហ្សេរីយ៉ា

ការបម្រើ​តាមរយៈ​ភាសា​កាយវិការ

service through signing

កាល​ខ្ញុំ​អាយុ​ប្រាំមួយ​ខែ ភាសាកាយវិការដំបូង​របស់​ខ្ញុំ​នោះ​គឺ « ទឹក​ដោះ​គោ » ហើយ​បួន​ប្រាំ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាននិយាយ​ពាក្យ​ថា « ខ្លាឃ្មុំ » ។ ខ្ញុំ​អាច​ស្តាប់​ឮ​បាន ប៉ុន្តែ​ភាសា​ដំបូង​របស់​ខ្ញុំ​គឺ​ភាសា​គ​អាមេរិកកាំង ។ ម្តាយ​របស់​ខ្ញុំ​បាន​បម្រើ​នៅ​ក្នុង​បេសកកម្ម​ដែល​ប្រើ​ ភាសា​គ​អាមេរិកកាំង ហើយ​បន្ទាប់​មក​បន្ត​សិក្សា​ភាសា​សម្រាប់​មនុស្ស​គ​នៅក្នុង​សាលា ហើយ​គាត់​ចង់​ឲ្យ​ខ្ញុំ​ចេះ​ភាសា​នោះ​ដែរ ។

ភាសា​សម្រាប់​មនុស្ស​គ​គឺ​ជា​ពរជ័យ​ដ៏​អស្ចារ្យ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ។ វា​ធ្វើ​ឲ្យ​ខ្ញុំ​យល់ និង​រៀន​បាន​កាន់តែ​ច្រើន​ជាង​ដោយសារ​តែ​ភាសា​នោះ ។ វា​នាំ​ឲ្យ​មនុស្ស​ជួបជុំ​គ្នា ។ ខ្ញុំ​ចូលចិត្ត​បង្រៀន​មនុស្ស​នូវ​អ្វី​ដែល​ខ្ញុំ​ដឹង​តាមរយៈ​ការបង្រៀន​ម្នាក់​ម្តងៗ និង​ផ្តល់​បទបង្ហាញ​នៅក្នុង​សាលា និង​ព្រះវិហារ ។ វា​ក៏​ជា​រឿង​រីករាយ​មួយ​ផងដែរ​ដើម្បី មើល​សន្និសីទ​ទូទៅ និង​វីដេអូ​ផ្សេង​ទៀត​របស់​សាសនាចក្រ​ដែល​មាន​ភាសា​សម្រាប់​មនុស្សគ​ជាមួយ​ម្តាយ​របស់​ខ្ញុំ ។

ការ​មាន​ភាសា​សម្រាប់​មនុស្ស​គ​នៅ​ក្នុង​ជីវិត​ខ្ញុំ​ បាន​ស្ថាបនា​ទីបន្ទាល់​របស់​ខ្ញុំតាម​របៀប​ដ៏អស្ចារ្យ ។ ខ្ញុំ​អាច​ស្គាល់​បុត្រាបុត្រី​របស់​ព្រះ​កាន់តែ​ច្រើន​ដោយ​សារ​ខ្ញុំ​ចេះ​ភាសា​នេះ ហើយ​វា​ក៏ជា​ឧបករណ៍​ដ៏អស្ចារ្យ​ដើម្បី​ប្រើ​វា​ជា​ការបម្រើ​ដល់មនុស្ស​ដទៃ ។ ខ្ញុំ​មាន​អំណរគុណ​សម្រាប់​ពរជ័យ​នេះ​នៅក្នុង​ជីវិត​ខ្ញុំ និង​សម្រាប់​មនុស្ស​ដ៏អស្ចារ្យ​ដែល​ខ្ញុំ​អាច​ជួប ហើយ​រៀន​ពី​ពួកគេ ។​

អ៊ីស្រាអែល អេច រដ្ឋ អូរីហ្គិន ស.រ.អា.