ការមានភាពទៀងត្រង់ជាមួយខ្លួនឯង — និងជាមួយព្រះ
អ្នកនិពន្ធរស់នៅរដ្ឋយូថាហ៍ ស.រ.អា. ។
អំនួតរបស់ខ្ញុំបានរារាំងខ្ញុំពីការទទួលយកការស្តីប្រដៅរបស់ប៊ីស្សពដែលជាសេចក្តីពិត — ប៉ុន្តែ តើខ្ញុំពិតជាអាចឈ្លោះប្រកែកជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដែរឬ ?
នៅអំឡុងពេលពាក់កណ្តាលនៃបេសកម្មរបស់ខ្ញុំ ដៃគូខ្ញុំ និងខ្ញុំមានការលំបាកក្នុងការធ្វើការបានល្អជាមួយនឹងថ្នាក់ដឹកនាំបេសកកម្មវួដរបស់យើង ។ មានការជំទាស់ជាច្រើន ដូច្នេះយើងបានសម្រេចចិត្តនិយាយជាមួយប៊ីស្សពដើម្បីដឹងថា យើងគួរធ្វើបែបណា ។ ក្នុងជម្រៅនៃដួងចិត្តរបស់ខ្ញុំខ្ញុំសង្ឃឹមថា ប៊ីស្សពនឹងនិយាយជាមួយគាត់ ហើយសម្រួលបញ្ហាឲ្យពួកយើង ។
ប៉ុន្តែផ្ទុយទៅវិញ ប៊ីស្សពបានប្រាប់ខ្ញុំថា ខ្ញុំមានអំនួត និងរិះគន់ខ្លាំងក្លាពេកចំពោះអ្នកដទៃ ។ ខ្ញុំបានទៅផ្ទះវិញទាំងខឹងសម្បារ មានអារម្មណ៍ថា គេបានយល់ខុសអំពីរូបខ្ញុំ និងមានភាពស្មុគស្មាញចិត្ត — តើគាត់អាចនិយាយពាក្យទាំងនោះថា ឲ្យខ្ញុំយ៉ាងដូចម្តេច ? តើគាត់ធ្លាប់ខ្វល់ខ្វាយពីឧបសគ្គរបស់ពួកយើងដើម្បីចែកចាយដំណឹងល្អដែរឬទេ ?
នៅពេលយើងកំពុងដើរ នោះខ្ញុំបានប្រាប់អារម្មណ៍នោះដល់ដៃគូរបស់ខ្ញុំ ។ ប៉ុន្តែភ្លាមនោះមានឃ្លាមួយបានផុសក្នុងគំនិតខ្ញុំ ៖ « អ្នកណាដែលមានទោស រាប់សេចក្ដីពិតទុកជាការពិបាក » ( នីហ្វៃទី១ ១៦:២ ) ។ វាធ្វើឲ្យខ្ញុំឈប់គិតបែបនោះទៀត ។ វាប្រាកដណាស់ចំពោះខ្ញុំថា គំនិតនោះកើតមកពីព្រះវិញ្ញាណ ។ អំនួតរបស់ខ្ញុំអាចរារាំងខ្ញុំពីការទទួលយកការស្តីប្រដៅរបស់ប៊ីស្សពដែលជាសេចក្តីពិត — ប៉ុន្តែ តើខ្ញុំពិតជាអាចឈ្លោះប្រកែកជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធដែរឬ ?
ខ្ញុំមានទោស ហើយព្រះកំពុងឲ្យខ្ញុំដឹងអំពីកំហុសនោះ ។
ការកម្ចាត់ចោលនូវការគិតថាខ្លួនមានភាពសុចរិត
នៅគ្រានោះ វាជាពេលនៃការល្បួងយ៉ាងខ្លាំងឲ្យព្រងើយនឹងរឿងដែលខ្ញុំកំពុងធ្វើខុស ។ អែលឌើរ ឌៀថើរ អេហ្វ អុចដូហ្វ ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថ្លែងថា « គ្មានពួកយើងណាម្នាក់ចូលចិត្តសារភាពឡើយ ពេលយើងម្នាក់ៗរអិលចេញពីផ្លូវត្រឹមត្រូវនោះ ។ … ជាលទ្ធផល ពេលយើងពិនិត្យមើលពីជីវិតពិតយើង នោះយើងធ្វើដូច្នេះដោយប្រើគំនិតផ្ទាល់ខ្លួន ការដោះសារ និងរឿងនានាដែលប្រាប់ខ្លួនឯង ដើម្បីការពារគំនិត និងទង្វើមិនសក្ដិសម » ។១
នៅក្នុងករណីរបស់ខ្ញុំ ខ្ញុំបានជឿលើខ្លួនខ្ញុំថា ខ្ញុំបានរអ៊ូរទាំសម្រាប់សេចក្តីល្អនៃកិច្ចការអ្នកផ្សព្វផ្សាយសាសនានៅក្នុងតំបន់របស់យើង ។ ហើយជាជាងទទួលយកការបម្រើដោយស្មោះត្រង់របស់អ្នកដឹកនាំបេសកកម្មវួដរបស់យើង — ដែលវាហាក់ដូចជាមិនល្អឥតខ្ចោះចំពោះខ្ញុំ — ភ្លាមនោះខ្ញុំបានឃើញថា ខ្ញុំគ្មានអំណរគុណ, គ្មានក្តីអំណត់ និងឥតទៀងត្រង់ ឥតសប្បុរស ។ ដោយសារតែការបំផុសគំនិតពីព្រះវិញ្ញាណ ខ្ញុំអាចយល់ពីទង្វើពិតប្រាកដរបស់ខ្ញុំ ។
ការភ្ញាក់រឭកខាងវិញ្ញាណ
ការទទួលការស្តីប្រដៅដោយផ្ទាល់បែបនោះពីព្រះវិញ្ញាណគឺមានការឈឺចាប់ណាស់ ប៉ុន្តែជារបៀបដ៏ល្អបំផុត ។ វាបានធ្វើឲ្យខ្ញុំដឹងថា ខ្ញុំត្រូវតែទៀងត្រង់ជាមួយខ្លួនឯងអំពីភាពទន់ខ្សោយរបស់ខ្ញុំ ។
ខ្ញុំបានដឹងជាមុនថា ព្រះវិញ្ញាណអាចក្លាយជាសម្ព័ន្ធមិត្តដ៏អស្ចារ្យរបស់ខ្ញុំនៅក្នុងដំណើរការនោះ ។ ខ្ញុំមានអារម្មណ៍ថា អែលឌើរ លែរី អរ ឡរិន ក្នុងពួកចិតសិបនាក់បានថ្លែងដោយផ្ទាល់ប្រាប់ខ្ញុំ ពេលលោកបានអញ្ជើញឲ្យសមាជិកសាសនាចក្រ « បន្ទាបខ្លួន ហើយទូលសួរព្រះអម្ចាស់នូវសំណួរដូចតទៅនេះ ៖ ‹ តើមានអ្វីកំពុងរារាំងខ្ញុំ មិនឲ្យរីកចម្រើនបាន ? › … លោកបានថ្លែងថា បើអ្នកសួរដោយស្មោះ ចម្លើយនឹងផ្ដល់ឲ្យយ៉ាងច្បាស់ក្នុងពេលឆាប់ៗ ។ វានឹងជាវិវរណៈដែលបម្រុងទុកសម្រាប់អ្នក » ។២ ខ្ញុំបានដឹងថា ខ្ញុំមានអំណាចមិនគ្រាន់តែដើម្បីទទួលការបំផុសគំនិតអំពីភាពទន់ខ្សោយរបស់ខ្ញុំទេ តែខ្ញុំក៏អាចកែលម្អវាបានប្រសើរឡើងផងដែរ ។
ចេញពីភាពទន់ខ្សោយឆ្ពោះទៅរកភាពរឹងមាំ
បទពិសោធន៍របស់ខ្ញុំបានបង្រៀនខ្ញុំថា « បើភាពទន់ខ្សោយ និងកំហុស [ របស់ខ្ញុំ ] បន្តលាក់ទុក នោះព្រះចេស្ដាដ៏ប្រោសលោះនៃព្រះអង្គសង្គ្រោះមិនអាចព្យាបាលវា ហើយធ្វើឲ្យវារឹងមាំបានឡើយ ។៣
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើខ្ញុំមានភាពក្លាហានល្មម ហើយសារភាពភាពទន់ខ្សោយរបស់ខ្ញុំដោយរាបសា នោះព្រះអាចជួយយើងឲ្យបែរភាពទន់ខ្សោយទាំងនោះឲ្យទៅជាភាពខ្លាំងវិញតាមរយៈព្រះគុណទ្រង់ ( សូមមើល អេធើរ ១២:២៧, ពេត្រុសទី១ ៥:៥ ) ។
លើសពីអ្វីៗទាំងអស់ ការទទួលស្គាល់ភាពទន់ខ្សោយរបស់យើងដោយទៀងត្រង់ — ឬស្គាល់ខ្លួនយើងពិតប្រាកដ — វាជាជំហានដំបូងដែលនៅលើផ្លូវឆ្ពោះទៅរកការផ្លាស់ប្តូរវិជ្ជមាន ។ ពេលខ្ញុំបន្តមានភាពទៀងត្រង់ ហើយស្វែងរកការណែនាំពីព្រះវិញ្ញាណ នោះព្រះវរបិតាសួគ៌នឹងជួយខ្ញុំឲ្យដឹងនូវអ្វីដែលចាំបាច់ដើម្បីផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ។ ហើយនៅពេលខ្ញុំបានពឹកផ្អែកលើព្រះយេស៊ូវគ្រីស្ទ ដង្វាយធួនរបស់ទ្រង់ និងអំណាចនៃការបន្សុទ្ធរបស់ទ្រង់ នោះខ្ញុំនឹងឃើញពីភាពរីកចម្រើនៅក្នុងខ្លួនខ្ញុំ ។
ទោះបីជាខ្ញុំពុំរីករាយដើម្បីសារភាពកំហុសរបស់ខ្ញុំនៅក្នុងពេលនៃការស្តីប្រដៅនោះក្តី ខ្ញុំដឹងថា ពេលខ្ញុំជ្រើសរើសដើម្បីបន្ទាបខ្លួន ហើយទៀងត្រង់ជាមួយខ្លួនឯង និងជាមួយព្រះ នោះខ្ញុំកាន់តែរីករាយ ហើយកាន់តែទទួលយកអ្វីដែលជាខ្លួនឯង ។ ខ្ញុំដឹងថា ទោះបីជាខ្ញុំមានកំហុសក្តី ខ្ញុំមានតម្លៃដ៏ទេវភាពចំពោះព្រះវរបិតាសួគ៌ខ្ញុំ — ប៉ុន្តែទ្រង់នៅតែចង់ឲ្យខ្ញុំរីកចម្រើន ។ តាមរយៈព្រះចេស្តារបស់ព្រះបុត្រាទ្រង់ព្រះយេស៊ូវគ្រីស្ទ និងការប្រែចិត្តដោយស្មោះសរ នោះខ្ញុំអាចក្លាយខ្លួនកាន់តែប្រសើរឡើង ជាងអ្វីដែលខ្ញុំអាចគិតស្រមៃដល់ទៅទៀត ។