តើមានសាសនាចក្រនៅទីនេះដែរឬ ?
ចុន អ៊ីវ៉ាន រដ្ឋកាលីហ្វ័រញ៉ា ស.រ.អា.
រចនារូបភាពដោយ អេលែន ហ្គានស៍
ខ្ញុំបានចូលជាសមាជិកសាសនាចក្រកាលខ្ញុំមានអាយុ ៣៦ ឆ្នាំ ហើយនៅគ្រានោះខ្ញុំទទួលអារម្មណ៍ខាងវិញ្ញាណយ៉ាងខ្លាំង ។ គ្រាផ្សេងទៀត ខ្ញុំគ្រាន់តែបណ្តែតបណ្តោយខ្លួនតាមកាលៈទេសៈប៉ុណ្ណោះ ។ រវាងកាលវិភាគដ៏មមាញឹក ភរិយារបស់ខ្ញុំបានចាប់ផ្តើមមុខរបរថ្មី ការមានសុខភាពមិនល្អ និងឧបសគ្គផ្សេងទៀត នោះខ្ញុំបានចាប់ផ្តើមមានការលំបាកខាងវិញ្ញាណ ។ ខ្ញុំបានចូលរួមសាសនាចក្រ ហើយបានជួយបង្រៀនកូរ៉ុមឌីកុន ប៉ុន្តែនោះគឺជាអ្វីដែលជំរុញខ្លួនខ្ញុំឲ្យធ្វើវាប៉ុណ្ណោះ ។ ខ្ញុំពុំអាចរកឃើញកម្លាំងបើកព្រះគម្ពីរខ្ញុំអាន ឬលុតជង្គង់អធិស្ឋានឡើយ ។
ខ្ញុំនៅតែមានការលំបាក ពេលខ្ញុំបានចាកចេញក្នុងការធ្វើដំណើរទៅធ្វើជំនួញនៅប្រទេស ឈីលី ភាគខាងជើង ។ ពីព្រលានយន្តហោះនៅ កូភៀប៉ូ យើងបានបើកឡានរយៈពេលពីរម៉ោងទៅកាន់ការដ្ឋានសម្រាប់ដំឡើងគម្រោងសូឡានៅវាលខ្សាច់ អាតាកាម៉ា ប្រទេស ឈីលី ។ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះភាពឆ្ងាយដាច់ស្រយាលរបស់តំបន់នេះ មានតែវាលខ្សាច់ពណ៌ក្រហមជាច្រើនគីឡូម៉ែត្រ ។ ភាពឯកោនៃទេសភាពនោះគឺអស្ចារ្យខ្លាំងណាស់ ។
បន្ទាប់ពីបាននៅតំបន់នោះអស់មួយសប្តាហ៍មក យើងបានបើកទៅទីក្រុងជិតបំផុតមួយដើម្បីរកគ្រឿងបរិក្ខានានា ។ នៅទីនោះ ខ្ញុំបានឃើញអគារមួយដែលខ្ញុំចាប់អារម្មណ៍ ។ ខ្ញុំបានសូមឲ្យតៃកុងឡានឈប់ ។ អគារនោះមានបរិវេណស្រស់ស្អាតដែលហ៊ុមព័ទ្ធដោយរបងដែកពណ៌ខ្មៅ ។ នៅខាងមុខអគារនោះមានស្លាកសញ្ញាដែលខ្ញុំស្គាល់ « La Iglesia de Jesucristo de los Santos de los Últimos Días » ឬ « សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ » ។
« តើសាសនាចក្រនៅទីនេះដែរឬ ?» ខ្ញុំបានគិត ។ ខ្ញុំមានការអស្ចារ្យដែលសាសនាចក្រមាននៅក្នុងតំបន់ដ៏ឆ្ងាយដាច់ស្រយាលយ៉ាងនេះនៅលើពិភពលោក ។ ខ្ញុំបានថតរូបសាលាប្រជុំនោះ ហើយផ្ញើទៅភរិយារបស់ខ្ញុំ ។ ចម្លើយរបស់គាត់មានឥទ្ធិពលយ៉ាងខ្លាំងដល់ខ្ញុំ ៖ « ព្រះវរបិតាសួគ៌ស្គាល់រាស្ត្ររបស់ទ្រង់គ្រប់ទីកន្លែង » ។
នេះគឺជាសារលិខិតផ្ទាល់មួយសម្រាប់ខ្ញុំពីព្រះវរបិតាសួគ៌ ។ នៅក្នុងសម្ពាធនៃការរស់នៅក្នុងជីវិតប្រចាំថ្ងៃ ខ្ញុំបានភ្លេចថា ព្រះវរបិតាសួគ៌ស្រឡាញ់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ហើយខ្ញុំត្រូវការការរំឭកនោះ ។ ទ្រង់ស្រឡាញ់ពួកបរិសុទ្ធនៅក្នុងទីក្រុងតូច និងឆ្ងាយដាច់ស្រយាលនៅកណ្តាលវាលខ្សាច់នោះ ហើយទ្រង់ក៏ស្រឡាញ់ខ្ញុំផងដែរ ។
នាយប់នោះ ខ្ញុំបានលុតជង្គង់ ហើយថ្លែងអំណរគុណដល់ព្រះវរបិតាសួគ៌សម្រាប់ពរជ័យ ដែលទ្រង់បានប្រទានដល់ខ្ញុំនៅថ្ងៃនោះ ។ ការដឹងថា ទ្រង់ស្រឡាញ់ខ្ញុំបានជួយខ្ញុំឲ្យស្ថាបនាខាងវិញ្ញាណរបស់ខ្ញុំវិញ ហើយវាបន្តពង្រឹងខ្ញុំរៀងរាល់ថ្ងៃ ។