ពេលគេងសម្រាប់ហ្វែលីក
អ្នកនិពន្ធរស់នៅរដ្ឋ យូថាហ៍ ស.រ.អា. ។
« ពេលណាខ្ញុំមានចិត្តល្អសប្បុរស ហើយជួយមនុស្សម្នាក់ដែលខ្ញុំឃើញ ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ ដ្បិតខ្ញុំកំពុងជួយខ្លួនខ្ញុំ » ( Children’s Songbook ល.រ.១៩៧ ) ។
អ៊ែនតុនបានមើល ពេលអេក្រង់កុំព្យូទ័របានលោតទៅកម្រិតទីប្រាំមួយនៃហ្គេមរបស់គាត់ ដែលទំនងដូចជាលើកទីមួយលានដងហើយ ។ គាត់បានដកដង្ហើមធំ ហើយបានចាប់ផ្តើមបោះជំហានឆ្លងកាត់ទីខ្វាត់ខ្វែងដែលនាំឲ្យវង្វេង ដោយហោះរំលងលើចំណុចស្រួចៗចម្រុះពណ៌ និងឆ្លងកាត់ផ្លូវរូងក្នុងដីដែលមានអណ្តាតភ្លើងឆេះ ។ គាត់បានគោះជើងរបស់គាត់កាន់តែលឿន នៅពេលគាត់កាន់តែមកដល់ជិតទីផ្តាច់ព្រ័ត្រ ។
« អ៊ែនតុន ? » វាជាសំឡេងរបស់ម៉ាក់ ។ គាត់ហៅដូចជាគាត់ត្រូវការអ្វីមួយ ។
គាត់បានគិតថា « មិនមែនពេលឥឡូវនេះទេ ! » គាត់បានលោតរំលងលើចំណុចស្រួចមួយទៀត ហើយរត់យ៉ាងលឿនឆ្លងកាត់ផ្លូវរូងក្នុងដីមួយទៀត ។ គាត់បានឆ្លើយថា « បាទ ? » ប៉ុន្តែពុំបានងាកភ្នែកគាត់ចេញពីអេក្រង់កុំព្យូទ័រឡើយ ។
« តើកូនអាចស្លៀកពាក់អាវគេងយប់ឲ្យ ហ្វែលីក ហើយអានរឿងឲ្យគាត់ស្តាប់បានទេ ? ម៉ាក់ត្រូវបញ្ចប់ការសម្អាតផ្ទះបាយសិន » ។
« អើ … » គាត់ ជិត ដល់ហើយ ! គាត់បានបត់ឆ្លងកាត់ផ្លូវដែលមានចំណុចស្រួចៗចុងក្រោយគេ លោតរំលងលើអណ្តាតភ្លើងមួយទៀត ហួសផុតពីបិសាចដែលចាប់ស៊ីទំពារដូចសត្វកាចសាហាវអញ្ចឹង ហើយ … មែនហើយ ! ឆ្លងដល់ទីផ្តាច់ព្រ័ត្រ !
កុំព្យូទ័របានលោតចូលទៅកម្រិតទីប្រាំពីរ ។ វាមើលទៅកាន់តែញាប់ ប៉ុន្តែអ៊ែនតុនអត់ទ្រាំនឹងសាកល្បងវាពុំបានឡើយ ។ គាត់បានខំលេងយ៉ាងខ្លាំងទើបមកដល់កម្រិតនេះ ។ អ៊ែនតុនបានចុចប៊ូតុងសម្រាក ហើយក្រឡេកមើលទៅម្តាយគាត់ដែលកំពុងពរប្អូនប្រុសតូចរបស់គាត់ ហ្វែលីក ។ « តើកូនសូមពេលពីរបីនាទីទៀតបានទេ ? កូនទើបតែដល់កម្រិតទីប្រាំពីរទេ ! »
ម៉ាក់បាននិយាយថា « ម៉ាក់ពិតជាត្រូវការជំនួយណាស់ ។ កូនអាចលេងមួយកម្រិតទៀត បន្ទាប់ពីកូនមើលថែហ្វែលីករួច » ។
ហ្វែលីកបានញញឹម ។ « ហ៊ឺ ? » គាត់បាននិយាយតាមរបៀបក្មេងអាយុពីរឆ្នាំ ។
អ៊ែនតុនបានសម្លឹងមើលអេក្រង់កុំព្យូទ័រ ហើយដកដង្ហើមធំ ។ « មិនអីទេ » ។ គាត់ត្រូវតែប្រញាប់ប្រញាល់ ដើម្បីគាត់អាចត្រឡប់មកលេងហ្គេមរបស់គាត់វិញ ។
គាត់បានលើកហ្វែលីកឡើង ហើយបីគាត់ឡើងជណ្តើរទៅបន្ទប់របស់ពួកគេ ។
គាត់បាននិយាយដោយគោះលើក្បាលពោះទន់ៗរបស់ហ្វែលីកតូចថា « នរណាគេជាប្អូនប្រុសគួរឲ្យស្រឡាញ់របស់បង ? » គាត់បានផ្លុំក្បាលពោះហ្វែលីក ហើយញញឹមពេលហ្វែលីកបន្លឺសំឡេងសើចកក្អឹក ។
អ៊ែនតុនបានស្លៀកខោអាវដេកយប់រូបដៃណូសើរដែលហ្វែលីកចូលចិត្ត ។ បន្ទាប់មក គាត់បានលើកហ្វែលីកដាក់លើគ្រែ ហើយបានដើរទៅរកទ្វារ ។ ម៉ាក់បានប្រាប់គាត់ឲ្យអានរឿងឲ្យហ្វែលីកស្តាប់ផងដែរ ប៉ុន្តែគាត់បានធ្វើតែផ្នែកសំខាន់ប៉ុណ្ណោះ ។ ប្រហែលឥឡូវនេះគាត់អាចទៅដល់កម្រិត ពីរ ទៀតពីមុនចូលដេក ។
ស្រាប់តែអ៊ែនតុនមានអារម្មណ៍ថា មានអ្វីមួយកន្ត្រាក់អាវរបស់គាត់ ។ គាត់បានមើលទៅក្រោម ហើយបានឃើញថា ហ្វែលីកបានចុះពីលើគ្រែ ។
ហ្វែលីកបានសួរ « ខ្លាឃ្មុំ ? » ។ គាត់បានរត់ទៅរកកន្ត្រកសៀវភៅរបស់គាត់ ហើយបានយកសៀវភៅមួយត្រឡប់មកវិញដែលមានរូបតុក្កតាខ្លាឃ្មុំទឹកកកនៅលើគម្របសៀវភៅនោះ ។
អ៊ែនតុននិយាយថា « ហា៎ ហ្វែលីក បងមានកិច្ចការត្រូវធ្វើហើយ ! » ។ ហ្វែលីកបានកាន់សៀវភៅដាក់លើក្បាលរបស់គាត់ សម្លឹងមើលទៅអ៊ែនតុនជាមួយនឹងភ្នែកពណ៌ត្នោតទាំងគូរបស់គាត់ ។
អ៊ែនតុនពុំអាចទ្រាំនឹងញញឹមបានឡើយ ។ « បងនឹងមិនឆ្លើយបដិសេធទេ មែនទេ ? មែនហើយ មិនអីទេ » ។
អ៊ែនតុនបានអង្គុយលើគ្រែរបស់ហ្វែលីក ហើយហ្វែលីកបានឡើងទៅលើភ្លៅរបស់គាត់ ។ អ៊ែនតុនបានបើកទៅទំព័រទីមួយ ហើយអានខណៈដែលហ្វែលីកគេងផ្អែកនឹងគាត់ ។ ហ្វែលីកបានចង្អុលសត្វនីមួយៗនៅលើទំព័រសៀវភៅនោះ ហើយហាត់ហៅឈ្មោះសត្វនីមួយៗ ។ « សេះ-កង់ … សត្វខៀល … សោតមុត » ។
ពេលចប់ អ៊ែនតុនបានបិទសៀវភៅ ហើយទាញភួយគ្របលើហ្វែលីក ។ គាត់បានថើបក្បាលរបស់ហ្វែលីក ហើយក្រោកចេញទៅដោយនិយាយថា« រាត្រីសួស្តី ហ្វែលីក » ។
ប៉ុន្តែពេលគាត់បានដើរទៅកាន់ទ្វារ គាត់បានឮសំឡេងដ៏តូចនោះម្តងទៀត ។ « សូមមកគេងក្បែរមក ? »
អ៊ែនតុនបានញញឹម ។ « យល់ព្រម ។ គាត់បានខិតទៅ ។ បងនឹងនៅបន្តិចទៀត » ។
អ៊ែនតុនបានទម្រេតខ្លួនលើខ្នើយ ។ យ៉ាងហោចណាស់ពេលនេះ គាត់គ្មានអារម្មណ៍ថា ចង់ធ្វើអ្វីទៀតឡើយ ។ គាត់បានញញឹម ពេលហ្វែលីកបានហាមាត់ស្ងាបយ៉ាងធំ ហើយបិទភ្នែករបស់គាត់ ។ គាត់មានអារម្មណ៍ថា មានសុភមង្គលបំផុតដែលបាននៅពេញមួយថ្ងៃ ។ គាត់ចាំលេងហ្គេមពេលក្រោយទៀត ។