២០១៨
នៅ​ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ ២០១៧
ខែ មិថុនា ឆ្នាំ ២០១៨


ដំណើរ​ទៅកាន់​ព្រះវិហារបរិសុទ្ធ​របស់​ខ្ញុំ

ដោយ ងិន សុផន សមាជិក​សាខាចំការមន

នៅ​ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ ២០១៧ ខ្ញុំ​បាទ​ឈ្មោះ ងិន សុផន និង​ភរិយាខ្ញុំ​ឈ្មោះ កែវ ចាន់ធឿន បាន​ធ្វើដំណើរ​ទៅ​ព្រះវិហារបរិសុទ្ធ​ហុងកុង ជា​មួយ​នឹង​បងប្អូន​សមាជិក​ជាច្រើន​ផ្សេងទៀត ។ ហើយ​នៅ​ថ្ងៃបន្ទាប់ គឺ​ជា​ថ្ងៃ​អង្គារ៍​ទី ៤ ខែ​កក្កដា នៅ​វេលា​ម៉ោង​ ៨ ព្រឹក នោះគឺ​ជា​គ្រា​ដំបូង​បំផុត​ដែល​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ​បោះ​ជំហានជើង​ចូល​ទៅ​កាន់​ព្រះវិហារបរិសុទ្ធ ។ ពួក​យើង​មាន​អារម្មណ៍​សប្បាយ​ផង ភ័យផង ​អរផង ។ វា​ជា​សេចក្ដីសុខសាន្ដ​ណាស់ ដែល​ខ្ញុំ​នឹង​ប្រពន្ធ​ខ្ញុំ​បាន​មក​ដល់​កន្លែង​ពិសិដ្ឋ​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធនោះ​ ។

នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​នឹង​ប្រពន្ធ​ខ្ញុំ​បាន​ចូល​ទៅព្រះវិហារបរិសុទ្ធ​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ខ្លួន​ពួក​យើងផ្ទាល់ ។ ហើយ​នៅ​ថ្ងៃ​បន្ទាប់មក​ទៀត ពួក​យើង​បាន​ចូល​ទៅ​ព្រះវិហារបរិសុទ្ធម្ដងទៀត ​​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ក្រុមគ្រួសារ​របស់​ពួក​យើង​ទាំងសង្ខាង ។

រីឯ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខ្ញុំ​នឹង​ប្រពន្ធ​ខ្ញុំបាន​ទៅ​ព្រះវិហារបរិសុទ្ធ​ទៀត​ដើម្បី​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​ជីដូនជីតា​របស់​ពួក​យើង ហើយ​នៅថ្ងៃ​សុក្រ វេលា​ម៉ោង ១០ ព្រឹក នោះ​គឺ​ជា​ថ្ងៃដ៏​សំខាន់​ដែល​ខ្ញុំ​នឹង​ប្រពន្ធ​ខ្ញុំ​ធ្វើ​ពិធី​ផ្សារភ្ជាប់​នឹង​គ្នា​សម្រាប់​ភាព​អស់កល្បជានិច្ច ។ ហើយ​ពួក​យើង​ក៏​បាន​ធ្វើ​ពិធីបរិសុទ្ធ​សម្រាប់​អ្នកដទៃទៀត​ដែល​ពុំ​មែន​ជា​គ្រួសារ​របស់​ពួកយើងផងដែរ ។ វា​គឺជា​ឱកាស​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​មានអារម្មណ៍​ល្អណាស់​នៅពេល​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ។ ​ពួក​យើង​បាន​ចងចាំ​សេចក្ដីសញ្ញា​ដែល​ពួក​យើង​បាន​ធ្វើ​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ហើយការ​ទៅព្រះវិហារបរិសុទ្ធ បាន​ជួយ​ដល់​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំអាច​ជំនះ​លើ​បញ្ហា​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​យើង ៕