មកពីតំបន់បេសកកម្ម
ជំនួយបន្ថែម
អ្នកនិពន្ធរស់នៅរដ្ឋ អៃអូវ៉ា ស.រ.អា. ។
នៅក្នុងបេសកកម្មរបស់អ្នក អ្នកអាចជួបសាសនាគន់ការីដែលត្រូវការនរណាម្នាក់នៅខាងពួកគេ ដែលមានឆន្ទៈមុជចូលទៅក្នុងដំណើរការនោះជាមួយពួកគេ ។
ខ្ញុំបានមុជទឹកចុះទៅក្នុងល្បឿនផ្ទាល់របស់ខ្ញុំ ។ មួយម៉ែត្រកន្លះ … ខ្ញុំមានអារម្មណ៍ថា ទើបតែហែលបានបន្តិចប៉ុណ្ណោះ ។ ឥឡូវនេះបីម៉ែត្រហើយ ។ វាស្រាប់តែប្រែជាងងឹតភ្លាម ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំពិបាកដកដង្ហើម ។ មហាសមុទ្រដ៏ត្រជាក់ និងស្រអាប់នេះពុំដូចជាអាងទឹកដែលយើងបានហាត់សមទាល់តែសោះ ។ ដោយភ័យ និងខ្លាចទីចង្អៀត ខ្ញុំបានប្រញាប់ហែលឡើងទៅផ្ទៃទឹកខាងលើវិញ ។
អ្នកជំនួយការគ្រូបង្វឹកបានសួរខ្ញុំថា « តើមានរឿងអ្វីកើតឡើង ? » ខ្ញុំបានយំទាំងពាក់របាំងមុខ ។ ខ្ញុំកំពុងតែស្ថិតក្នុងការប្រឡងឲ្យជាប់ការមុជទឹកដោយពាក់អុកស៊ីស្សែន ដោយប្រកួតចុះទៅដល់ជម្រៅប្រាំបួនម៉ែត្រ ដែលជាជំនាញមួយចាំបាច់ដើម្បីប្រឡងឲ្យជាប់ ។ ជំនួយការរូបនោះបានឃើញការភិតភ័យរបស់ខ្ញុំ ហើយបានអះអាងនឹងខ្ញុំថា ខ្ញុំនឹងធ្វើវាបាន ។ គាត់បានលើកទឹកចិត្តខ្ញុំ ប៉ុន្តែគាត់ពុំបានបង្ខំខ្ញុំឡើយ ។ រហូតដល់ពេលមួយគាត់បានប្រាប់ខ្ញុំថា « អ្នកពុំចាំបាច់ត្រូវធ្វើវាឡើយ » ។ គឺនៅត្រង់ចំណុចនេះហើយដែលខ្ញុំដឹងថា ខ្ញុំចង់ប្រឡងឲ្យជាប់ ។
ខ្ញុំបានដឹងថា ទោះបីរឿងនេះពិបាកចំពោះខ្ញុំក្តី ខ្ញុំចង់សម្រេចវាឲ្យបាន ខ្ញុំចង់ទទួលបានសញ្ញាប័ត្រ ។ ដូច្នេះខ្ញុំបានទប់នូវការភ័យខ្លាចរបស់ខ្ញុំ ហើយបានបញ្ចប់នូវជំនាញដែលនៅសល់ជាមួយសិស្សផ្សេងទៀតដើម្បីជាប់ការប្រឡងនោះ ។ វាមានការលំបាក ប៉ុន្តែដោយមានការលើកទឹកចិត្តមួយចំនួន នោះខ្ញុំអាចធ្វើវាបាន ។
ជាច្រើនខែក្រោយមក ពេលខ្ញុំកំពុងបម្រើជាអ្នកផ្សព្វផ្សាយសាសនានៅប្រទេសប៉េរូ ខ្ញុំបាននឹកចាំពីបទពិសោធន៍មុជទឹកដ៏លំបាករបស់ខ្ញុំ ពេលខ្ញុំបានអញ្ជើញមនុស្សឲ្យពង្រឹងសេចក្តីជំនឿ ហើយផ្លាស់ប្តូរជីវិតរបស់ពួកគេ ។ គ្រួសារមួយដែលដៃគូខ្ញុំ និងខ្ញុំចូលចិត្តទៅជួបនោះគឺគ្រួសារ រុមេ ។ ខារីណា និង អង់រីគឹស និងកូនស្រីវ័យជំទង់ពីរនាក់របស់ពួកគាត់គឺ ខារែន និង នីកូល បានស្វាគមន៍ពួកយើងជារឿយៗ ហើយយើងបានស្រឡាញ់គ្រួសារនេះភ្លាម ។ វាមិនសូវជាយូរប៉ុន្មានទេពីមុន ខារីណា, ខារែន និងនីកូលបានទទួលយកដំណឹងល្អ ហើយធ្វើជាសមាជិកសាសនាចក្រនោះ ។
ប៉ុន្តែ អង់រីគឹស ត្រូវការជំនួយបន្ថែមបន្តិចទៀត ។ សារលិខិតរបស់ពួកយើងផ្សេងពីអ្វីដែលគាត់បានទទួលការអប់រំ ដូច្នេះវាធ្វើឲ្យយើងចំណាយពេលមួយរយៈដើម្បីទទួលបានទំនុកចិត្តពីគាត់ ។ អង់រីគឹសមានកង្វល់ជាច្រើន ។ ចំណុចដ៏ចម្បងអំពីដំណឹងល្អដែលធ្វើឲ្យគាត់អំពល់ចិត្តនោះគឺព្រះគម្ពីរមរមន ។ គាត់ពុំធ្លាប់ឮអំពីគម្ពីរនេះឡើយ ហើយគាត់ពិបាកនឹងអាន ហើយយល់ពីគម្ពីរនេះ ។ ការមិនស្គាល់គម្ពីរនេះធ្វើឲ្យ អង់រីគឹស មានអារម្មណ៍ពុំប្រាកដប្រជា ។
នៅគ្រានោះ អង់រីគឹស គឺដូចជារូបខ្ញុំដែរ ពេលខ្ញុំហែលឡើងត្រឡប់មករកផ្ទៃទឹកវិញ ៖ មនុស្សផ្សេងទៀតហាក់ដូចជាហែលចុះទឹកនោះដោយងាយស្រួល ប៉ុន្តែខ្ញុំបែរជាមានការភ័យខ្លាចទៅវិញ ។ អង់រីគឹសក៏ដូចជាខ្ញុំផងដែរ អ្វីទាំងអស់ដែលគាត់ត្រូវការដើម្បីទទួលបានជោគជ័យនោះគឺត្រូវការជំនួយបន្ថែមមួយចំនួន ។
ជំនួយនេះបានកើតមានដល់គាត់តាមរូបភាពជាច្រើន ។ គាត់មានអ្នកផ្សព្វផ្សាយសាសនាជួយគាត់ដោះស្រាយកង្វល់របស់គាត់ ហើយទទួលអារម្មណ៍ពីព្រះវិញ្ញាណ ។ គាត់ក៏មានសមាជិកវួដដែលស្វាគមន៍គាត់ ហើយបង្រៀនគាត់អំពីតួនាទីរបស់គាត់ក្នុងនាមជាឪពុក ។ ទោះជាយ៉ាងណាក៏ដោយ ជំនួយដ៏ធំបំផុតនៃជំនួយទាំងអស់គឺ គ្រួសាររបស់អង់រីគឹសផ្ទាល់ ។
សូម្បីតែពីមុនបុណ្យជ្រមុជទឹករបស់ពួកគេ គ្រួសាររុមេ បានបង្កើតទម្លាប់ក្នុងការធ្វើការអធិស្ឋាន និងការសិក្សាព្រះគម្ពីរជាគ្រួសារ ។ ពួកគេមានព្រះគម្ពីរមួយឈុតឲ្យ អង់រីគឹស ដែលមានអក្សរធំៗ និងមានព្រះគម្ពីរជាសំឡេង ដើម្បីឲ្យគាត់អាចសិក្សាព្រះគម្ពីរមរមនកាន់តែស្រួល ។ ការខិតខំសាមញ្ញៗទាំងនេះបានជួយអង់រីគឹសយ៉ាងខ្លាំង ។ គ្មានពេលណាដែលនរណាម្នាក់បានបង្ខំគាត់ឡើយ ពួកគេជ្រោមជ្រែងគាត់តាមសម្រួល ។ តាមរយៈទង្វើរបស់ពួកគេ ពួកគេបានប្រាប់គាត់ថា « ពួកខ្ញុំដឹងថា អ្នកអាចធ្វើវាបាន » ។
ជំនួយនេះបានធ្វើឲ្យអង់រីគឹសដឹងដោយខ្លួនគាត់អំពីអំណាចនៃព្រះគម្ពីរមរមន ។ ថ្ងៃមួយ គាត់បានប្រកាសថា គាត់បានស្តាប់ចប់គម្ពីរទាំងមូល ហើយគាត់បានដឹងថា គម្ពីរនោះគឺជាបន្ទូលរបស់ព្រះ ។ ប្រហែលជាបួនខែបន្ទាប់ពីបុណ្យជ្រមុជទឹករបស់ភរិយា និងកូនស្រីរបស់គាត់មក អង់រីគឹសបានអនុវត្តតាមជំហានដូចគ្នានោះ ហើយបានទទួលបុណ្យជ្រមុជទឹកផងដែរ ។
អង់រីគឹសថ្លែងថា គាត់មានអំណរគុណចំពោះជំនួយ និងការអត់ធ្មត់ដែលគាត់បានទទួល ដែលធ្វើឲ្យគាត់ឈានដល់ចំណុចដែលគាត់មានសព្វថ្ងៃនេះ ។ ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនា ខ្ញុំទទួលអារម្មណ៍ថា មានពរក្នុងការឃើញគំរូរបស់គ្រួសារនេះអំពីសេចក្តីស្រឡាញ់ដែលពួកគេបានជួយស្វាមី និងឪពុករបស់ពួកគេឲ្យឈ្នះលើមន្ទិលសង្ស័យរបស់គាត់ ។ ខ្ញុំក៏មានអំណរគុណដែល ខ្ញុំមានបទពិសោធន៍ដ៏លំបាកនៃការមុជទឹកដោយពាក់អុកស៊ីស្សែននោះ ដែលធ្វើឲ្យខ្ញុំដឹងតាមរបៀបមួយតួចតាចដើម្បីដឹងពីអារម្មណ៍របស់អង់រីគឹស និងអារម្មណ៍របស់សាសនាគន់ការីផ្សេងទៀតអំឡុងពេលនៃដំណើរការការប្រែចិត្តជឿ ។
ពេលអ្នកអញ្ជើញមនុស្សឲ្យប្រែចិត្ត និងផ្តាស់ប្តូរនៅក្នុងបេសកកម្មអ្នក សូមចាំថា ជួនកាលមនុស្សទាំងអស់ត្រូវការការលើកទឹកចិត្តមួយចំនួនបន្ថែមទៀតដើម្បីទទួលបានជោគជ័យ ។ ពួកគេអាចត្រូវការនរណាម្នាក់ដែលពួកគេទុកចិត្ត ហើយមានបទពិសោធន៍ដូចពួកគេដោយនិយាយថា « វានឹងដំណើរការទៅបាន ។ ខ្ញុំដឹងថា អ្នកអាចធ្វើវាបាន ។ ខ្ញុំពិតជាជឿជាក់លើរូបអ្នក » ។ ពួកគេអាចរំពឹងថា អ្នកគឺជាបុគ្គលនោះដែលមានចិត្តមុជទៅក្នុងដំណើរការនោះជាមួយពួកគេ ជួយពួកគេធ្វើជាម្ចាស់ការលើទម្លាប់ និងជំនាញថ្មីៗ ហើយជួយពួកគេឲ្យទទួលបានសញ្ញាប័ត្រ ដែលបានអនុមតិទាំងស្រុងដោយព្រះអម្ចាស់ ។