២០១៨
នំ​ថតធីឡា និង អាមីហ្គាស
ខែ មិថុនា ឆ្នាំ ២០១៨


នំ​ថតធីឡា និង អាមីហ្គាស

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

« បើសិន​អ្នក​ចង់​មាន​មិត្ត អ្នក​ត្រូវ​បង្ហាញ​ថា អ្នក​ខ្វល់ខ្វាយ » (Children’s Songbook ទំព័រ ២៦២ ) ។

Tortillas and Amigas

អាដ្រៀណា​ធុញ​ទ្រាន់ ។ គាត់​ចង់​លេង​ជាមួយ​ប្អូនស្រី​ភ្លោះ​របស់​គាត់​ដៃអាណា ។ ប៉ុន្តែ​ដៃអាណា​បាន​ទៅ​ទិញ​អាហារ​នៅផ្សារ​ជាមួយ​លោកយាយ​ហើយ ។ អាដ្រៀណា​ដកដង្ហើម​ធំ ។ មាន​អារម្មណ៍​ថា ក្នុ​ងផ្ទះ​គ្មាន​អ្វីសោះ ។ នាង​ចង់​ទៅ​ជាមួយ​នឹង​ពួកគេ ។

អាដ្រៀណា​បាន​សម្រេច​ចិត្ត​ទៅ​លេង​អ្នក​ជិតខាង​រស់​នាង​ឈ្មោះ ម៉ាហ្គារីតា ។ កូនៗ​របស់​ម៉ាហ្គារីតា​ធំៗ​អស់​ហើយ ហើយ​គាត់​ដូច​ជា​ជីដូន​របស់​អាដៀណា​ផងដែរ ។ ពួកគេ​មាន​ភាពរីករាយ​យ៉ាង​ខ្លាំង​ជាមួយ​គ្នា​ជានិច្ច ។

អាដ្រៀណា​បាន​ចេញ​ទៅ​ក្រៅ ។ ពន្លឺ​កម្តៅ​ព្រះអាទិត្យ​បាន​ចាំង​មក​លើនាង ពេល​នាង​ដើរ​ទៅ​ផ្ទះ​របស់​ម៉ាហ្គារីតា ។ នាង​បាន​ឈ្ងោក​ក្បាល​ចូល​តាម​ចម្លោះ​ទ្វារ ។ « ម៉ាហ្គារីតា តើ​លោក​យាយ​នៅផ្ទះទេ ? »

ម៉ាហ្គារីតា បាន​ឆ្លើយ « ចាស៎ យាយ​នៅ​ឯ​ផ្ទះបាយ​ឯណេះ » ។ អាដ្រៀណា​បាន​ឃើញ​គាត់​កំពុង​អង្គុយ​នៅតុ​ផ្ទះបាយ​កំពុង​ឈ្ងោក​មុខ​ចុះ​ក្រោម ។ គាត់​បាន​ងើយ​មើល​លើ​ពេល​អាដ្រៀណា​ដើរ​ចូល​មក ។

ម៉ាហ្គារីតា​ បាន​និយាយ​ថា « សួស្តី អាដ្រៀណា » ។ គាត់​បាន​ញញឹម​បន្តិច ។ ប៉ុន្តែ​ដូច​ជា​កើត​ទុក្ខ ។

អាដ្រៀណា​បានសួរ « តើ​លោក​យាយ​មាន​រឿង​អ្វី​ឬ ? »

ម៉ាហ្គារីតា​បាន​ដក​ដង្ហើម​ធំ ។ « គ្មាន​អ្វី​ដែល​ចៅ​ត្រូវ​បារម្ភ​ឡើយ » ។

អាដ្រៀណា​បាន​គិត « តើ​ខ្ញុំ​អាច​ជួយ​ឲ្យ​គាត់​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​យ៉ាង​ដូចម្តេច ? » ម៉ាហ្គារីតា​ហាក់ដូចជា​រីករាយ​ជានិច្ច​ ពេល​ពួកគេ​ចម្អិនអាហារ​ជាមួយ​គ្នា ។ « តើចៅអាចជួយលោក​យាយ​ធ្វើ​នំ​ថត​ធីឡា​បានទេ ? »

ម៉ាហ្គារីតា​បាន​និយាយ​ថា « យាយ​ទើប​តែ​ធ្វើ​បាន​មួយ​ចំនួន​អម្បាញ់​មិញ​នេះ » ។ គាត់​បាន​លើក​ក្រណាត់​ដើម្បី​បង្ហាញ​គំនរ​នំ​ថត​ធីឡា ។

« អញ្ចឹង​ឲ្យ​ចៅ​ជួយ ញ៉ាំ នំ​ថត​ធីឡា​ផង ? » អាដ្រៀណា​បាន​សួរ​ទាំង​ញញឹម ។

ម៉ាហ្គារីតា​បាន​សើច ។ « ចាស៎​បាន ។ ចាំ​យាយ​ចម្អិន​សណ្តែក​ខ្លះ​ដើម្បី​ញ៉ាំ​ជាមួយ​វា » ។

អាដ្រៀណា​បាន​ឈរ​នៅ​ក្បែរ​ម៉ាហ្គារីតា​នៅ​ឯ​ចង្ក្រាន ហើយ​កូរ​សណ្តែក​ខ្មៅ​ដែល​នៅ​ក្នុង​ឆ្នាំង ។ ពេល​សណ្តែក​បាន​ឆ្អិន​ហើយ គាត់​បាន​លើក​វា​យក​ទៅ​លើតុ ។ ម៉ាហ្គារីតា​បាន​យក​នំថតធីឡា និង​ឈីស​មក ។

អាដ្រៀណា​បាន​យក​នំថត​ធីឡា​ក្តៅឧណ្ឌៗ ហើយ​រោយ​សណ្តែក​ពីលើ​វា ។ បន្ទាប់​មក​គាត់​រោយ​ឈីស​ពីលើ ។ វា​មើលទៅ​ដូចជាឆ្ងាញ់​ណាស់ ! អាដ្រៀណា​អត់​ទ្រាំ​នឹង​ញ៉ាំពុំ​បាន​ឡើយ ។ ប៉ុន្តែ​មាន​អ្វីមួយ​ដែល​គាត់​ត្រូវ​ធ្វើ​ជាមុន​សិន ។

អាដ្រៀណា​បាន​សួរ​ម៉ាហ្គារីតាថា « តើ​ខ្ញុំ​សូមអធិស្ឋាន​បាន​ទេ ? »

« ចាស៎​បាន » ។

អាដ្រៀណា​បានបិទភ្នែក ហើយ​ឱប​ដៃ​របស់​នាង ។ « ឱ ព្រះវរបិតាសួគ៌​អើយ ពួកយើង​សូម​ថ្លែង​អំណរគុណ​ទ្រង់​សម្រាប់​អាហារ​នេះ ។ សូម​ប្រទានពរ ហើយ​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ និង​រឹងមាំ ។ ហើយ​សូម​ជួយ​ម៉ាហ្គារីតា​នូវ​អ្វី​ដែល​គាត់​ត្រូវការ ។ ខ្ញុំ​រីករាយ​ដែល​គាត់​ជា​មិត្ត​របស់​ខ្ញុំ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

អាដ្រៀណា​បាន​បើក​ភ្នែក​របស់នាង ។ ម៉ាហ្គារីតា​បាន​ញញឹម​យ៉ាង​ខ្លាំង — លើកនេះជា​ស្នាម​ញញឹម​ដ៏ពិត​ប្រាកដ ។ អំឡុង​ពេល​ពួកគេ​បរិភោគ ពួកគេ​បាន​និយាយ​អំពី​សាលារៀន និង​កីឡា​ ព្រមទាំង​អំពីសៀវភៅ​នានា ។ អាដ្រៀណា​ចូលចិត្ត​និយាយ​ជាមួយ​ម៉ាហ្គារីតា ។

ពេលពួកគេ​បរិភោគរួច អាដ្រៀណា​បាន​ឱប​ម៉ាហ្គារីតា​យ៉ាង​ណែន ។ « សូម​អរគុណ​សម្រាប់​អាហារ​សម្រន់​នេះ ខ្ញុំ​មាន​ពេលវេលា​មួយ​ដ៏អស្ចារ្យ ! »

ម៉ាហ្គារីតា​បាន​ឱប​អាដ្រៀណា​វិញ ។ « អរគុណ អាដ្រៀណា ។ ខ្ញុំ​ត្រូវការ​មិត្ត​ម្នាក់​នៅថ្ងៃ​នេះ » ។

អាដ្រៀណា​បាន​ញញឹម​ពព្រាយ ។ « ចៅ​រីករាយ​ដែល​ពួកយើង​គឺ​ជា អាមីហ្គាស» ។

ម៉ាហ្គារីតា​បាន​និយាយ​ថា « យាយ​ក៏រីករាយ​ដែរ ដែល​យើង​ជា​មិត្តភក្តិនឹង​គ្នា ។ ហេតុអ្វីចៅ​មិន​យក​នំថតធីឡា​ដែលនៅសល់​ទាំង​នេះ​ទៅ​ផ្ទះ ? ចៅ​ឆ្អែត​ខ្លាំង​ណាស់ » ។

អាដ្រៀណា​បាន​លោត​រហូត​ពេល​នាង​ដើរ​ត្រឡប់​ទៅ​ផ្ទះរបស់​នាង​វិញ ។ នាង​មាន​អារម្មណ៍​ឆ្អែត​ពេក—ហើយ​ពុំ​មែន​គ្រាន់តែ​មក​ពី​នំ​ថតធីឡា​ប៉ុណ្ណោះ​ទេ ! នាង​មាន​ភាពមិត្តភាព​ពេញ​ខ្លួន​តាំង​ពី​ចុង​សក់​រហូត​ដល់​ចុង​ជើង ។

នំ​ថតធីឡា​មិត្តភាព

នំថតធីឡា​ពោត​ដ៏ស្រួល​ទាំងនេះ​គឺ​ល្អ​បំផុត​ដើម្បី​ចម្អិន ហើយ​ចែកចាយ​ជាមួយ​មិត្តភក្តិ ! សូម​ប្រាកដ​ថា សូម​ជំនួយ​ពី​មនុស្ស​ពេញវ័យ ។

ម្សៅម៉ាសា ហ្វារីណា ២ ពែង ( ម្សៅ​ពោត )

ទឹក​ក្តៅ​ ១ ពែង​កន្លះ

  1. ច្របល់​ម្សៅម៉ាសា ហ្វារីណា​ជាមួយ​ទឹក​ក្តៅ ។ ច្របាច់​លាយ​ម្សៅ​នោះ​រហូត​ដល់​ទន់ ។

  2. មូល​ម្សៅនោះ​ជា​ដុំ​តូច ។ ដាក់​មួយ​ដុំ​នៅ​ចន្លោះ​ក្រដាស​ក្រមួន​ពីរ ។

  3. ជាមួយ​នឹង​បន្ទះដែក ឬ​ខ្ទះ​មាន​ដៃយួរ សូម​សង្កត់​លើ​ដុំ​នោះ​ឲ្យខ្លាំង​បួនប្រាំដង ។

  4. ចម្អិន​នំ​ថត​ធីឡា​នៅក្នុង​ខ្ទះឆា​ដោយ​កម្តៅ​ភ្លើង​មធ្យម ។ ពេល​ផ្នែក​ខាង​លើ​ឆ្អិន​ហើយ សូមប្រែ​វា​ដើម្បី​ចម្អិនម្ខាង​ទៀត ។

  5. ដាក់​សណ្តែក និង​ឈីស​ពី​លើ​វា ហើយ​សូម​ទទួលទាន​វា​ចុះ !