« ការពង្រីកពរជ័យនៃបព្វជិតភាព » លីអហូណា ខែ មិថុនា ឆ្នាំ ២០១៨
ការពង្រីកពរជ័យនៃបព្វជិតភាព
គ្រួសារមួយដើរលើបរិវេណព្រះវិហារបរិសុទ្ធ អាក្រា ហ្គាណា ជាព្រះវិហារបរិសុទ្ធមួយនៃព្រះវិហារបរិសុទ្ធទាំងប្រាំបីដែលបានប្រកាស កំពុងសាងសង់ ឬកំពុងដំណើរការនៅទ្វីបអាហ្វ្រិក ។
ព្រះគម្ពីរមរមនបង្រៀនថាគ្រប់ « មនុស្សទាំងអស់គឺដូចគ្នានៅចំពោះព្រះ » រួម « ទាំងខ្មៅ និងស ទាំងបាវគេ និងសេរី ទាំងប្រុស និងស្រី » ( នីហ្វៃទី២ ២៦:៣៣) ។ ដោយសារព្រះស្រឡាញ់ពួកយើងទាំងអស់គ្នា នោះទ្រង់បានប្រទានរបៀបមួយសម្រាប់ពួកយើងម្នាក់ៗឲ្យត្រឡប់ទៅកាន់ទ្រង់វិញ ( សូមមើល ម៉ូសេ ៥:៩; មាត្រានៃសេចក្ដីជំនឿ ១:៣) ។ នៅក្នុងប្រវត្តិសាស្ដ្រនៃសាសនាចក្រទាំងមូល មនុស្សគ្រប់អស់ទាំងសាសន៍ និងជាតិពន្ធបានជ្រមុជទឹកដើម្បីសម្រេចបាននូវគោលបំណងនោះ ហើយបានរស់នៅជាពួកបរិសុទ្ធថ្ងៃចុងក្រោយដ៏ស្មោះត្រង់ ។
ចាប់តាំងពីពាក់កណ្តាលសតវត្សរ៍ឆ្នាំ ១៨០០ សាសនាចក្រពុំបានតែងតាំងពួកបុរសស្បែកខ្មៅពូជពង្សអាហ្វ្រិកឲ្យមានបព្វជិតភាព ឬអនុញ្ញាតឲ្យពួកបុរស ឬស្ត្រីស្បែកខ្មៅចូលរួមនៅក្នុងពិធិបរិសុទ្ធនៃអំណោយទានពិសិដ្ឋ ឬពិធីផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។១ អស់ពេលជាច្រើនឆ្នាំមកហើយ ទ្រឹស្តីជាច្រើនត្រូវបានលើកឡើងពីការឈានទៅរកការបង្ហាញភស្តុតាងត្រឹមត្រូវអំពីការដាក់កំហិត ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានគូសបញ្ជាក់ថា ទ្រឹស្តីណាដែលព្យាយាមពន្យល់អំពីការដាក់កំហិតនោះគឺជា « ទម្លាប់របស់អ្នកស្រុក » ដែលយើងមិនត្រូវជឿតាមរហូតមកនោះទេ ៖ « មិនថាការពន្យល់នោះល្អប៉ុណ្ណាទេ ខ្ញុំគិតថា រឿងនោះស្ទើរតែទាំងអស់នៅខ្វះចន្លោះ និង/ឬខុសឆ្គង ។ … យើងពុំដឹងពីមូលហេតុដែលការអនុវត្តនោះ …បានកើតឡើងឡើយ » ។២
ពួកព្យាការី និងប្រធានសាសនាចក្រជាច្រើនរួមទាំង ព្រីកហាំ យ៉ង់ ផងបានសន្យាថា នឹងមានថ្ងៃមួយដែលនឹងកើតឡើង នៅពេលពួកបុរសទាំងអស់ដែលសក្តិសមនឹងទទួលបានបព្វជិតភាព ។ ការដឹងពីការសន្យាទាំងនេះ និងការមើលឃើញនូវសេចក្ដីស្មោះត្រង់របស់ពួកបរិសុទ្ធថ្ងៃចុងក្រោយស្បែកខ្មៅ នោះថ្នាក់ដឹកនាសាសនាចក្រនៅពាក់កណ្តាលសតវត្សរ៍ទី ២០ « បានទូលអង្វរយ៉ាងយូរ និងដោយស្មោះសរ … ទូលសូមព្រះអម្ចាស់នូវការណែនាំមកពីព្រះ » ។៣
វិវរណៈមកពីព្រះ
សេចក្តីណែនាំនេះបានកើតមានដល់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) « បន្ទាប់ពីធ្វើការស្មឹងស្មាធ និងការអធិស្ឋានដ៏ខ្លាំងនៅក្នុងបន្ទប់ដ៏ពិសិដ្ឋនៃព្រះវិហារបរិសុទ្ធដ៏បរិសុទ្ធ » ។ នៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ១៩៧៨ ព្រះអម្ចាស់បានបើកសម្តែងទៅកាន់ព្យាការីរបស់ទ្រង់ និងសមាជិកនៃគណៈប្រធានទីមួយ ព្រមទាំងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ថា « ថ្ងៃនៃការសន្យាដ៏យូរ [ បាន ] កើតឡើង នៅពេលបុរសស្មោះត្រង់ និងសក្តិសមគ្រប់រូបក្នុងសាសនាចក្រអាចទទួលបានបព្វជិតភាពដ៏បរិសុទ្ធ ជាមួយនឹងអំណាចដើម្បីអនុវត្តសិទ្ធិអំណាចបព្វជិតភាពនៃព្រះ ហើយរីករាយជាមួយនឹងមនុស្សជាទីស្រឡាញ់របស់គាត់នូវគ្រប់ពរជ័យទាំងអស់ដែលកើតឡើងមកពីបព្វជិតភាពនោះ រួមទាំងពរជ័យនៃព្រះវិហារបរិសុទ្ធផងដែរ » ។៤
នៅក្នុងការប្រកាសអំពីវិវរណៈនេះ គណៈប្រធានទីមួយបានថ្លែងថា « យើងសូមថ្លែងដោយម៉ឺងម៉ាត់ថា ឥឡូវនេះព្រះអម្ចាស់បានធ្វើឲ្យបុត្រាបុត្រីទាំងអស់របស់ទ្រង់នៅទូទាំងផែនដីនេះដឹងពីព្រះទ័យទ្រង់ដែលចង់ឲ្យពួកគេទទួលបានពរជ័យនោះ » ។៥
អំឡុងពេលសន្និសីទទូទៅបន្ទាប់នោះ គណៈប្រធានទីមួយបានរៀបរាប់ពីវិវរណៈនេះដល់សមាជិកសាសនាចក្រ ដែលបានទទួលយកវាថាជា « ព្រះបន្ទូល និងព្រះទ័យរបស់ព្រះអម្ចាស់ » និងគាំទ្រ សេចក្តីប្រកាសជាផ្លូវការទី ២ ថាជាផ្នែកមួយនៃបទព្រះគម្ពីរដោយឯកច្ឆន្ទ ។
លទ្ធផលនៃវិវរណៈ
យុវជនម្នាក់បង្រៀនអំឡុងពេលប្រជុំកូរ៉ុមនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាកន្លែងដែលវួដភាគច្រើនមានសមាជិកមកពីប្រទេសចម្រុះជុំវិញពិភពលោក ។
ឥទ្ធិពលនៃវិវរណៈនេះគឺអស្ចារ្យយ៉ាងខ្លាំង ។ ព្រះពុំគ្រាន់តែពង្រីកពរជ័យនៃបព្វជិតភាព និងព្រះវិហារបរិសុទ្ធដល់សមាជិកសក្តិសមគ្រប់រូបដោយមិនគិតអំពីពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់ថែមទាំងអនុញ្ញាតឲ្យពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធអាចត្រូវបានធ្វើឡើងសម្រាប់មនុស្សគ្រប់រូបដែលធ្លាប់បានរស់នៅផងដែរ ។
ជាមួយនឹងវិវរណៈនេះ ឱកាសនានាដើម្បីពង្រីកកិច្ចការផ្សព្វផ្សាយសាសនាក៏កើតមានឡើង ហើយសមាជិកភាពបានរីកសុះសាយឡើងនៅក្នុងចំណោមគ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា ហើយនិងគ្រប់ទាំងប្រជាជនជាច្រើន ។
ការបង្រៀនរបស់សាសនាចក្រ
ដោយសារកិច្ចការរបស់ព្រះអម្ចាស់បានបន្តរីករាលដាលនៅទូទាំងពិភពលោក នោះសមាជិកសាសនាចក្របានរីករាយនឹងសករាជថ្មីនៃសាមគ្គីភាពកាន់តែប្រសើរឡើង ។ នៅពេលសមាជិកសាសនាចក្រមានទំនាក់ទំនងជាមួយមនុស្សដទៃទៀតមកពីជាតិសាសន៍ និងវប្បធម៌ជាច្រើនបានកើនឡើង នោះថ្នាក់ដឹកនាំសាសនាចក្របានគូសបញ្ជាក់អំពីសារៈសំខាន់នៃការស្រឡាញ់ និងភាពរឹងមាំរវាងគ្នានឹងគ្នា ហើយលុបបំបាត់ចោលនូវការរើសអើង និងការប្រកាន់ពូជសាសន៍គ្រប់ប្រភេទ ។
ប្រធាន អិម រ័សុល បាឡឺដ ដែលជាប្រធានស្តីទីនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានបង្រៀនថា « យើងត្រូវឱបក្រសោបកូនចៅរបស់ព្រះដោយចិត្តអាណិតមេត្តា ហើយលុបបំបាត់នូវការរើសអើងគ្រប់ប្រភេទ រួមទាំងការប្រកាន់ពូជសាសន៍ ភេទ និងសញ្ជាតិ ។ ចូរឲ្យគេនិយាយថា យើងពិតជាជឿថា ពរជ័យនៃដំណឹងល្អដែលបានស្ដារឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទនេះគឺសម្រាប់កូនចៅគ្រប់រូបរបស់ព្រះ » ។៦ និយាយអំពីគ្រួសារអស់កល្បជានិច្ចរបស់ព្រះ ប្រធាន រ័សុល អិម ណិលសុន បានបង្រៀនថា ៖ « មានតែការយល់ដឹងអំពីភាពជាបិតារបស់ព្រះដ៏ពិតប៉ុណ្ណោះ ទើបអាចនាំមកនូវអំណរគុណដ៏ពេញលេញនៃភាពជាបងប្អូននៃមនុស្សពិតប្រាកដ ។ ការយល់ដឹងនោះបំផុសឲ្យមានបំណងប្រាថ្នាបង្កើតជាស្ពាននៃការសហការគ្នាជំនួសឲ្យជញ្ជាំងនៃការបែងចែកវណ្ណៈរវាងគ្នានឹងគ្នា » ។៧
ការឆ្ពោះទៅមុខជាមួយគ្នា
ខណៈដែលយើងពុំដឹងរឿងគ្រប់យ៉ាង នោះមានរឿងមួយចំនួនដែលយើងម្នាក់ៗអាចដឹងបាន ។ យើងអាចដឹងថា ព្រះស្រឡាញ់យើង ហើយទ្រង់មានផែនការសម្រាប់យើងទាំងអស់គ្នាដើម្បីជួបជុំគ្នាជាគ្រួសារដ៏អស់កល្ប ។ យើងអាចដឹងថា នេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ដែលបានស្តារឡើងវិញ ហើយថាទ្រង់ដឹកនាំសាសនាចក្រនេះតាមរយៈពួកព្យាការីរបស់ទ្រង់ ។ ការមានសាក្សីផ្ទាល់ខ្លួនអំពីសេចក្តីពិតទាំងនេះអាចជួយបាន នៅពេលយើងបន្តឆ្ពោះទៅមុខជាមួយគ្នាឆ្លងកាត់ឱកាស និងឧបសគ្គនានាដែលយើងនឹងជួបប្រទះនៅតាមផ្លូវដើម្បីប្រែក្លាយដូចជាទ្រង់នោះ ( សូមមើល មរ៉ូណៃ ៧:៤៨) ។