ការបម្រើនៅក្នុងសាសនាចក្រ
កន្លែងដែលគេត្រូវការយើង
ឥឡូវនេះអ្នកនិពន្ធរស់នៅរដ្ឋ ម៉ាស្សាឈូសេតស៍ ស.រ.អា. ។
ការបំផុសគំនិតឲ្យប្តូរទៅរស់នៅទីក្រុង ប្រូកឃ្លីន រដ្ឋ នូវ យ៉ោក បាននាំយើងទៅកាន់ការបម្រើ និងពរជ័យដែលយើងពុំដែលនឹងស្មានដល់ ។
នៅក្នុងឆ្នាំ ២០១៣ យើងកំពុងរស់នៅទីក្រុង ម៉ានហាតថិន រដ្ឋ នូវយ៉ោក ស.រ.អា. ។ យើងស្រឡាញ់វួដរបស់យើង ។ ដោយសារយើងកំពុងតែមានកូនដំបូង នោះយើងបានចាប់ផ្តើមរកមើលផ្ទះធំជាងមុនមួយនៅក្នុងតំបន់វួដយើង ។ យើងរកបានផ្ទះមួយដែលហាក់ដូចជាល្អបំផុត ប៉ុន្តែយើងគ្មានអារម្មណ៍ស្រឡះក្នុងចិត្តឡើយ ។
នៅរដូវផ្ការីកនោះ ឡរ៉ាចាប់ផ្តើមមានអារម្មណ៍ថា យើងគួរតែប្តូរទៅនៅទីក្រុង ប្រូកឃ្លីន ។ វីល ពុំប្រាកដប្រាជានឹងរឿងនោះឡើយ ។ យើងអត់ស្គាល់ ទីក្រុង ប្រូកឃ្លីនសោះ ហើយ វីល ចង់នៅក្បែរការងារគាត់ក្នុងធនាគារវិនោយោគទុន ដោយសារគាត់ធ្វើការច្រើនម៉ោង នោះគាត់មានពេលតិចក្នុងការធ្វើដំណើរទៅមក ។ យើងបានសម្រេចចិត្តអធិស្ឋានអំពីរឿងនោះ ហើយស្តាប់រកចម្លើយអំឡុងពេលសន្និសីទទូទៅ ។
ពេលយើងមើលសុន្ទរកថាតាមកុំព្យូទ័រយូរដៃនៅក្នុងផ្ទះរបស់យើង អែលឌើរ ស្ទែនលី ជី អេលីស ក្នុងពួកចិតសិបនាក់ បានចែកចាយបទពិសោធន៍ ដែលលោកមានក្នុងនាមជាសមាសជិកគណៈប្រធានស្តេក ។ លោកបានថ្លែងថា ជារឿយៗ ក្រុមគ្រួសារដែលបានប្តូរទៅនៅក្នុងស្តេករបស់លោកនៅក្នុងរដ្ឋ តិចសាស ស.រ.អា. សួរថា តើវួដណាមួយជាវួដល្អបំផុត ។ ក្នុងរយៈពេល ១៦ ឆ្នាំ មានម្តងនោះ មានគ្រួសារមួយសួរថា តើវួដមួយណាដែលត្រូវការជំនួយ ។១
រឿងរបស់លោកធ្វើឲ្យយើងរំជួលចិត្ត ។ រឿងនោះបានឆ្លើយតបការអធិស្ឋានរបស់យើង ។ ដូច្នេះ ជំនួសឲ្យការបន្តនៅក្នុងវួដដែលយើងស្រឡាញ់ ដែលយើងទទួលអារម្មណ៍សុខស្រួល ហើយដែលយើងមានថ្នាក់ទារកដ្ឋាន និងថ្នាក់អង្គការបឋមសិក្សាដ៏អស្ចារ្យ នោះយើងបានយកការទូន្មានរបស់អែលឌើរ អេលីស ដាក់ក្នុងចិត្ត ហើយអធិស្ឋានអំពីកន្លែងដែលយើងគួរតែប្តូរទៅរស់នៅ ។
នាគ្រានោះ យើងកំពុងបម្រើជាអ្នកធ្វើការពិធីបរិសុទ្ធនៅក្នុងព្រះវិហារបរិសុទ្ធ ម៉ានហាតថិន នូវ យ៉ោក ។ អ្នកធ្វើម្នាក់នៅទីនោះស្គាល់ទីក្រុង នូវ យ៉ោក ច្បាស់ ។ គាត់បានផ្តល់យោបល់នូវវួដពីរដែលគាត់គិតថា យើងអាចជួយបាន — វួដទាំងពីរនោះគឺនៅទីក្រុង ប្រូកឃ្លីន ។
វួដទីមួយនោះគឺនៅឆ្ងាយខ្លាំងពីកន្លែងធ្វើការរបស់វីល ។ វួដទីពីរនៅជិតជាង ហើយយើងទទួលអារម្មណ៏ថា យើងបានរកឃើញកន្លែងត្រឹមត្រូវហើយ ពេលយើងបានទៅការប្រជុំសាក្រាម៉ង់នៅវួដនោះ ។ សមាជិកជាច្រើនគឺជាជនជាតិហៃទីដែលបានធ្វើអន្តោប្រវេស្តន៍ ។ ដោយសារ វីល មកពីទីក្រុង ហ្គាប៊ុន ហើយនិយាយភាសាបារាំង នោះយើងបានគិតថា វួដនោះនឹងក្លាយជាផ្ទះដ៏អស្ចារ្យសម្រាប់ពួកយើង ។
បទពិសោធន៍ដ៏អស្ចារ្យ
ពីរបីសប្ដាហ៍ក្រោយមក យើងបានឃើញផ្ទះមួយ ហើយយើងបានប្តូរទៅរស់នៅទីនោះ ។ មិនយូរប៉ុន្មានក្រោយមក វីល ត្រូវបានហៅឲ្យបម្រើតាមរបៀបដ៏មានអត្ថន័យជាច្រើន ។ ការយល់ភាសាត្រូវចំណាយពេលមួយចំនួន ប៉ុន្តែគាត់ទទួលអារម្មរណ៍ថាមានពរ ដែលមានសមត្ថភាពលឿនគ្រប់គ្រាន់និយាយភាសា ហៃទី ក្រេអូឡេ ដើម្បីជួយបកប្រែឲ្យសមាជិកអំឡុងពេលប្រជុំ និងការសម្ភាសន៍នានា ។ ឡរ៉ាក៏មានពរក្នុងការបម្រើនានា ហើយយើងបានជួយក្នុងកិច្ចការអ្នកផ្សព្វផ្សាយសាសនា ។
មិត្តភក្ដិម្នាក់ដែលយើងបានរាប់អានគឺជាសាសនាគន់ការីក្មេងម្នាក់ឈ្មោះ ណរមីល រ៉ូមែឡើស ដែលមកពីប្រទេសហៃទីដើម្បីទទួលការអប់រំ ។ គាត់មកផ្ទះរបស់យើងជាមួយអ្នកផ្សព្វផ្សាយសាសនា ហើយយើងជួយបង្រៀនគាត់ជាភាសាបារាំង និងភាសា ក្រេអូឡេ ។ បន្ទាប់ពី ណរមីល បានជ្រមុជទឹករួច យើងបានឧបត្ថម្ភគាត់ក្នុងកម្មវិធី ផាតវ៉េ របស់សាសនាចក្រជាកន្លែងដែលគាត់បានជួបអនាគតភរិយារបស់គាត់ ។ វីល មានអំណរគុណដើម្បីចូលរួមអាពាហ៍ពិពាហ៍របស់ពួកគេក្នុងព្រះវិហារបរិសុទ្ធ ម៉ានហាតថិន ។
យើងក៏បានជួបប្អូនស្រីម្នាក់ដែលមកពីប្រទេសហៃទី ដែលមកកាន់ទីក្រុង នូវ យ៉ោកដើម្បីព្យាបាលជំងឺមហារីករបស់គាត់ ។ អំឡុងពេលនាងស្នាក់នៅទីនោះ ក្រុមប្រឹក្សាវួដបានធ្វើកិច្ចការគ្រប់យ៉ាងដើម្បីជួយគាត់ ហើយធ្វើឲ្យប្រាកដថា គាត់មាននូវអ្វីដែលគាត់ត្រូវការ រួមទាំងមធ្យោបាយធ្វើដំណើរទាំងទៅទាំងមកក្នុងការព្យាបាលជំងឺរបស់គាត់ ។ យើងមានពរដែលបានបម្រើ ហើយសួរសុខទុក្ខគាត់អំឡុងគ្រានោះ ។ យើងរំពឹងថា គាត់នឹងជាសះស្បើយ ប៉ុន្តែគាត់បានស្លាប់ ។
បទពិសោធន៍ទាំងពីរនោះតំណាងឲ្យអ្វីដែលសមាជិកវួដបានធ្វើសម្រាប់មនុស្ស — គឺជួយពួកគេ និងលើកស្ទួយពួកគេ ។ យើងមានអំណរគុណចំពោះបទពិសោធន៍ទាំងនេះ និងបទពិសោធន៍ដ៏អស្ចារ្យផ្សេងទៀត ។
អ្វីដែលពិតជាសំខាន់
យើងបានរៀនថា នៅពេលយើងបម្រើព្រះអម្ចាស់ និងបុត្រាបុត្រីរបស់ទ្រង់ នោះទ្រង់ថែរក្សាពួកយើង ។ បទពិសោធន៍របស់យើងនៅទីក្រុង ប្រូកឃ្លីន បានជួយយើងឲ្យរក្សាទស្សនវិស័យត្រឹមត្រូវរបស់យើង ។ បទពិសោធន៍នោះបានជួយ វីល មិនសូវឲ្យខ្វាយខ្វល់នឹងភាពមានមុខមាត់នៅ វ៉ល ស្ទ្រីត ហើយចងចាំនូវអ្វីដែលសំខាន់បំផុត ។ នៅក្នុងធនាគារវិនិយោគទុន មនុស្សស្ទើរតែគ្រប់គ្នាធ្វើការនៅថ្ងៃអាទិត្យ ។ យូរម្តងៗ វីល ត្រូវធ្វើការនៅផ្ទះដើម្បីបញ្ចប់ឲ្យទាន់ការងារ ប៉ុន្តែព្រះអម្ចាស់បានប្រទានពរដល់យើង ដូច្នោះគាត់ពុំដែលចូលការិយាល័យគាត់នៅថ្ងៃអាទិត្យឡើយ ។
ពេលយើងបានប្តូរទៅនៅប្រូកឃ្លីន យើងបានគិតថា យើងកំពុងតែក្លាយជាគ្រួសារមួយ នៃគ្រួសារពីរដែលមានកូនតូចៗនៅក្នុងវួដ ។ ប៉ុន្តែព្រំដែនរបស់វួដបានផ្លាស់ប្តូរក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ពីយើងបានប្តូរទៅរស់នៅទីនោះ ហើយមានគ្រួសារវ័យក្មេងជាច្រើនទៀតក៏បានប្តូរទៅរស់នៅទីនោះផងដែរ ។
ទីបំផុត យើងមានបំណងប្តូរទៅរស់នៅទីក្រុង ហ្គាប៊ុន ។ យើងទទួលអារម្មណ៍ថា បទពិសោធន៍របស់យើងនៅទីក្រុង ប្រូកឃ្លីន បានជួយយើងរៀបចំខ្លួនយើងឲ្យបានកាន់តែប្រសើរដើម្បីបម្រើក្នុងសាសនាចក្រ និងប្រជាជនអាហ្វ្រិក ។ យើងមានអំរណគុណដែលយើងបានធ្វើតាមការបំផុសគំនិតឲ្យប្តូរទីលំនៅ ។ ព្រះអម្ចាស់បានប្រទានពរដល់ពួកយើង — ហើយបន្តប្រទានពរដល់យើង — តាមរបៀបដែលយើងពុំដែលនឹកស្មានដល់ ។