នៅលើវេទិកា
រួមសាមគ្គីគ្នាក្នុងការធ្វើកិច្ចការល្អ
ចូរមានមហិច្ឆិតាក្នុងការធ្វើល្អ
[ ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ១៨៤២ ]
« ប្រធាន៣ អិមម៉ា ស្ម៊ីធ បានថ្លែងថា យើងនឹងធ្វើកិច្ចការមួយដ៏អស្ចារ្យ ។ នៅពេលទូកត្រូវបានកឿងនៅកន្លែងគ្រោះថ្នាក់ ដោយមានពួកមរមនជាច្រើននាក់កំពុងជិះទូក នោះយើងគិតថា នឹងមាននូវសម្រែកសុំជំនួយដ៏ខ្លាំងមួយ ។ យើងរំពឹងថា មានឱកាសអស្ចារ្យៗ និង ការហៅជាបន្ទាន់ទាំងនោះ ។…
« [ គាត់បាន ] ថ្លែងអំពីគោលបំណងនៃសមាគមកាតព្វកិច្ចរបស់សមាគមចំពោះអ្នកដទៃ ទំនាក់ទំនងនៃកាតព្វកិច្ចរបស់សមាគមចំពោះគ្នាទៅវិញទៅមកផងដែរ ដែលរួមមាន ស្វែងរក និងជួយដល់ជនដែលគេជិះជាន់សង្កត់សង្កិន ថាសមាជិកម្នាក់ៗគួរតែមានមហិច្ឆិតាក្នុងការធ្វើល្អ … [ និង ] ទាក់ទងគ្នាដោយស្មោះត្រង់ » ។
មានសាមគ្គីភាព
[ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ១៨៤២ ]
« ប្រធាន អ៊ី ស៊្មីធ … បានក្រោកឡើង ហើយថ្លែងថា ផែនការដើម្បីជំរុញឲ្យមានភាពសាមគ្គីគ្នានៅក្នុងសមាគមនេះត្រូវតែផ្តោតចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ។ ថាសមាជិកគ្រប់រូបគួរតែមានការទទួលខុសត្រូវក្នុងការរាប់អានគ្នាយ៉ាងពេញលេញ ។ ក្នុងសមាគម [ គាត់ ] សង្ឃឹមទុកថា ពួកគេនឹងដកចេញពីខ្លួនពួកគេនូវការច្រណែន និងអារម្មណ៍អាក្រក់ចំពោះគ្នានឹងគ្នា ប្រសិនបើមានអារម្មណ៍ទាំងនោះ ។ …
… គ្មាននរណាម្នាក់ត្រូវមានអារម្មណ៍ស្ទាក់ស្ទើរក្នុងការឆ្លើយសំណួរអំពីសមាគមនេះឡើយ ។ គ្មានអ្វីដែលសម្ងាត់ឡើយ ។ គោលបំណងនៃសមាគមនេះគឺការមានចិត្តមេត្តាដ៏បរិសុទ្ធ … គោលបំណងនៃសមាគមនេះគឺការមានចិត្តសប្បុរស ៖ គ្មាននរណាម្នាក់ប្រឆាំងទាស់នឹងការប្រាប់រឿងល្អ ហើយសេចក្តីអាក្រក់នឹងថយចេញ ។ គាត់រំពឹងទុកថា ស្ត្រីទាំងអស់គ្នានឹងទទួលអារម្មណ៍ដោយខ្លួនពួកគេថា ជាប់នឹងកាតព្វកិច្ចក្នុងការគោរពតាមច្បាប់នេះ ។ … វា [ គឺជា ] កាតព្វកិច្ចរបស់មនុស្សគ្រប់រូបក្នុងការស៊ើបអង្កេតអំពីស្ថានភាពនៃជនក្រីក្រ និងធ្វើជាតំណាងនៃស្ថានភាពពិតរបស់ពួកគេ » ។
សូមចាប់ផ្តើមពីក្នុងផ្ទះ
[ ថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ១៨៤២ ]
« បំណងប្រាថ្នា [ របស់ ] ប្រធាន អ៊ី ស្ម៊ីធ គឺដើម្បីធ្វើល្អ ។ បានប៉ងប្រាថ្នាថា សមាជិកគ្រប់រូបនៃសមាគមនេះជួយគាត់ ។ បានថ្លែងថា វាចាំបាច់ដើម្បីចាប់ផ្តើមពីក្នុងផ្ទះ ដើម្បីកម្ចាត់ចោលនូវសេចក្តីអាក្រក់ចេញពីដួងចិត្តផ្ទាល់របស់យើង ។… បានពង្រឹងដល់ភាពចាំបាច់នៃការដើរក្នុងលក្ខណៈមួយដែលព្រះអនុញ្ញាត »។
ប្រែចិត្ត ហើយលះបង់ចោល
[ ថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ១៨៤២ ]
« លោកស្រីប្រធានបានបន្តទៀតដោយនិយាយដាស់តឿនមនុស្សទាំងអស់ដែលមានកំហុសឲ្យប្រែចិត្ត ហើយលះបង់ចោលនូវអំពើបាបរបស់ពួកគេ ។ បានថ្លែងថា ឥទ្ធិពលរបស់សាតាំងគឺប្រឆាំងទាស់នឹងសាសនាចក្រនេះ » ។
ចូររស់នៅដោយត្រឹមត្រូវនៅចំពោះព្រះភក្ត្រព្រះ
[ ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៨៤២ ]
« លោកស្រីប្រធានបានថ្លែងថា គាត់រីករាយដែលឃើញសាមគ្គីភាពនៃសមាគមមានកាន់តែរឹងមាំឡើង ។ សង្ឃឹមថា យើងគប្បីរស់នៅដោយត្រឹមត្រូវនៅចំពោះព្រះភក្ត្រព្រះ ក្នុងចំណោមខ្លួនយើង និងចំពោះពិភពលោក ។ … បានថ្លែងថា យើងពុំធ្វើអ្វីឡើយ តែមានចិត្តកោតខ្លាចព្រះ និងរក្សាបទបញ្ញត្តិ ហើយតាមរយៈការធ្វើដូច្នោះ យើងនឹងចម្រុងចម្រើនឡើង »។
ពង្រឹងគ្នាទៅវិញទៅមក
[ ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ១៨៤៤ ]
« លោកស្រីប្រធាន … បានថ្លែងសុន្ទរកថាក្នុងអង្គប្រជុំស្តីពីភាពចាំបាច់នៃការមានសាមគ្គីភាពក្នុងចំណោមពួកយើង និងការពួតដៃគ្នាជាធ្លុងមួយ ដែលយើងអាចធ្វើល្អកាន់តែច្រើនឡើងក្នុងចំណោមជនក្រីក្រ ។ … យើងត្រូវបង្ហាញសេចក្តីសប្បុរស ដើម្បីធ្វើជាខែលដល់អស់អ្នកដែលនឹងប្រែចិត្ត ហើយមិនធ្វើបាបទៀតឡើយ ។ … គាត់បានទូន្មានឲ្យមនុស្សទាំងអស់ធ្វើតាមព្រះគម្ពីរមរមន និងគោលលទ្ធិ និងសេចក្ដីសញ្ញា » ។